29 C
Phnom Penh

សកម្មភាព​នាំ​ចេញ​សម្លៀក​បំពាក់​កើន​ឡើង​​ទោះបី​ជា​​មាន​ការ​បារម្ភ​អំពី​ស្ថានភាព​វិស័យ​នេះ​ក៏ដោយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តាម​តួលេខ​ចេញ​ផ្សាយ​ដោយ​រដ្ឋា​ភិបាល​ បាន​បង្ហាញ​ថា ទោះបី​ជា​មាន​សំឡេង​រិះគន់​អំពី​សុវត្ថិភាព​ ហេតុការណ៍​នៃ​អំពើ​ហិង្សា​ និង​កម្រិត​កើន​ឡើង​នៃ​ប្រាក់​ឈ្នួល​អប្បបរមា​ ហើយ​កត្តា​ទាំង​នេះ​អាច​ជំរុញ​ឲ្យ​ចំនួន​សហគ្រាស​ផលិត​កម្ម​ថយ​ចុះ​ក៏ដោយ​ ក៏វិស័យ​កាត់​ដេរ​នៅ​ក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​ ​កម្ពុជា​កំពុង​តែ​រីក​ចម្រើនដែរ​។

ទី​ភ្នាក់​ងារ​​សារព័ត៌មាន​កម្ពុជា​ (AKP) ​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​ថា ​សកម្មភាព​នាំចេញ​សម្លៀក​បំពាក់​ និង​វាយ​ន​ភ័ណ្ឌ​ ដែល​​ជា​វិស័យ​ជួយ​ចូល​រួម​ចំណែក​ក្នុង​ការ​បង្កើន​អត្រា​កំណើន​​របស់​ប្រទេស​កម្ពុជា​ ​ក្នុង​សេដ្ឋកិច្ច​​សាកល​លោក​​ បាន​កើន​ឡើង​​ជិត​​១ភាគ​៣ បើ​គិត​ពី​ទំហំនាំ​ចេញ​សរុប​ សម្រាប់​​​រយៈ​ពេល​ប្រាំមួយ​ខែ​ដើម​ឆ្នាំ​នេះ​។

​ទី​ភ្នាក់​ងារ​សារព័ត៌មាន​កម្ពុជា​ បាន​ដក​ស្រង់​​ស្ថិតិ​ពី​ក្រសួង​ពាណិជ្ជកម្ម​ ដែល​បាន​បង្ហាញ​ថា ក្នុង​រយៈ​ពេល​មួយ​ឆមាស​ដំបូង​នៃ​ឆ្នាំ​នេះ​ ទំហំ​នាំ​ចេញ​សម្លៀក​បំពាក់​ និង​វាយនភ័ណ្ឌ​មាន​១,៥៥៨​ពាន់​លាន​ដុល្លារ​ ពោល​គឺ​បាន​កើន​ឡើង​៣២​ភាគរយ​ បើ​ធៀប​នឹង​រយៈ​ពេល​​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។

ស្ថិតិ​​ដដែល​បាន​បង្ហាញ​ទៀត​ថា សហ​ភាព​អឺរ៉ុប​ (E.U.) ដែល​មាន​លក្ខខណ្ឌ​​ពាណិជ្ជ​កម្ម​អនុគ្រោះ​ជាមួយ​ប្រទេស​កម្ពុជា​នៅ​​ក្នុង​​គម្រោង​​​អ្វី​ៗ​គ្រប់​យ៉ាង​ លើក​លែង​តែ​សព្វាវុធ​​ (Everything But Arms) កំពុង​តែ​នាំ​ចូល​ទំនិញ​នាំ​ចូល​ប្រភេទ​សម្លៀក​បំពាក់​កាន់​តែ​ច្រើន​ឡើង​​ៗ​ពី​ប្រទេស​កម្ពុជា​ ពោល​គឺ​​ឈាន​ដល់​បរិមាណ​នាំ​ចូល​មួយ​ជិត​បរិមាណ​នាំ​ចូល​ពី​ប្រទេស​កម្ពុជា​ទៅ​សហ​រដ្ឋ​អាមេរិក​ ដែល​ជា​ប្រទេស​នាំ​ចូល​សម្លៀក​បំពាក់​ច្រើន​ជាង​គេ​ពី​ប្រទេស​កម្ពុជា​។

ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​​បាន​រាយ​ការណ៍​បន្ថែម​ទៀត​ថា ក្នុង​រយៈ​ពេល​ប្រាំមួយ​​ខែ​ដើម​ឆ្នាំ​នេះ​ ទំហំ​នាំ​ចេញ​ទៅ​សហភាព​អឺរ៉ុប​មាន​៥៣២​លាន​ដុល្លារ​ ពោល​គឺ​កើន​ឡើង​ប្រហែល​៤៥​ភាគរយ​ ​បើ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាល​ពី​ឆ្នាំ​មុន​។ ទីភ្នាក់ងារ​នេះ​បាន​រាយការណ៍​បន្ត​ទៀត​ថា ទំហំ​នាំ​ចេញ​​ទៅ​សហ​រដ្ឋ​អាមេរិក​​​បាន​កើន​ឡើង​១៧​​ភាគរយ​ ដល់​៦៦៦​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​ប្រាំមួយ​ខែ​ដំបូង​នេះ​​​។

លោក គង់ ពុទ្ធារ៉ា​ ប្រធាន​នាយកដ្ឋាន​ស្ថិតិ​​នៃ​ក្រសួង​ពាណិជ្ជកម្ម​ បាន​​ឲ្យ​ដឹង​ថា ទោះ​បី​ជា​លោក​មិន​អាច​បញ្ជាក់​បន្ថែម​ពី​តួលេខ​​សម្រាប់​រយៈ​ពេល​​​ប្រាំមួយ​ខែ​ដំបូង​​ដែល​ទី​​​ភ្នាក់​ងារ​សារព័ត៌មាន​កម្ពុជា​បាន​ចុះ​ផ្សាយ​នេះ​​​ក៏ដោយ ក៏កំណើន​នៃ​ទំហំ​នាំ​ចេញ​ទាំង​នេះ​ គឺ​ជា​លទ្ធផល​នៃ​ស្ថិរភាព​បរិមាណ​តម្រូវ​ការ​មក​ពី​ទី​ផ្សារ​សហ​រដ្ឋ​អាមេរិក​ និង​តំបន់​អឺរ៉ុប​។

លោក ពុទ្ធារ៉ា ​បាន​មាន​ប្រសាសន៍​ថា “ ​កំណើន​​នៃ​ចំនួន​បញ្ជា​ទិញ​ពី​ទី​ផ្សារ​ខាង​ក្រៅ​បាន​ជំរុញ​​ឲ្យ​ទំហំ​នាំ​ចេញ​​​សម្លៀក​បំពាក់​កើន​ឡើង​ ពី​ព្រោះ​ទី​ផ្សារ​អន្តរជាតិ​ចាប់​ផ្ដើម​មាន​ស្្ថិរភាព​ឡើង​វិញ​ ហើយ​ប្រជា​ជន ​[នៅ​លោក​ខាង​លិច​] កំពុង​តែ​រក​បាន​ប្រាក់​ចំណូល​ច្រើន​ជាង​មុន​​នាពេល​បច្ចុប្បន្ន​​”។

លោក​ ស្រី ចន្ធី ប្រធាន​​បណ្ដោះ​អាសន្ន​នៃ​​សមាគម​សេដ្ឋកិច្ច​កម្ពុជា​ បាន​មាន​ប្រសា​សន៍​ថា ស្ថាន​ភាព​នៅ​ក្នុង​តំបន់​ ក៏​កំពុង​តែ​ផ្ដល់​ភាព​អំណោយ​ផល​ដល់​រោង​ចក្រ​កាត់​ដេរ​​សម្លៀក​បំពាក់​នៅ​​ប្រទេស​កម្ពុជា​​ផង​ដែរ​។ លោក​ ស្រី ចន្ធី បាន​លើក​ឡើង​បន្ថែម​ទៀត​​ទាក់​ទង​នឹងក្ដី​កង្វល់​​អំពី​សុវត្ថិ​ភាព​ ដោយ​​សារ​តែ​មាន​ហេតុការណ៍​ដួល​រលំ​​អគារ​រោង​ចក្រ​កាល​ពី​ខែ​មេសា​​ឆ្នាំ​នេះ​ ដែល​បាន​បណ្ដាល​​ឲ្យ​មនុស្ស​​ជាង​១.០០០​នាក់​បាត់​បង់​ជីវិត​ នៅ​ទីក្រុង​ដាកា ប្រទេស​បង់​ក្លាដែស។ លោក​បាន​និយាយ​បន្ត​ទៀត​ថា​ បញ្ហា​នេះ​ ជា​មូល​​ហេតុ​ជំរុញ​ឲ្យ​​ប្រទេស​នេះ​ប្រឈម​មុខ​នឹង​ការ​​លប់​​​​ចោល​លក្ខខណ្ឌ​​អនុគ្រោះ​ពាណិជ្ជ​កម្ម​​ ពី​​ប្រទេស​មហា​អំណាច​សេដ្ឋ​កិច្ច​សហ​​​​រដ្ឋ​អាមេរិក​ ​ហើយ​ប្រហែល​​ជា​អាច​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​មាន​លទ្ធភាព​កាន់​តែ​ច្រើន​​ក្នុង​ការ​ទាក់​ទាញ​វិនិ​យោគ​ផ្នែក​ផលិត​កម្ម​។

លោក ចន្ធី​ បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​យល់​ឃើញ​ថា វា​ជា​បញ្ហា​នៅ​ប្រទេស​បង់ក្លាដែស​ និង​ប្រទេស​ចិន​ផង​ដែរ​ ពីព្រោះ​ថ្លៃ​ដើម​កម្លាំង​ពលកម្ម​នៅ​ប្រទេស​ទាំង​នេះ​ មាន​កម្រិត​ខ្ពស់​នា​ពេល​បច្ចុប្បន្ន​។ រោង​ចក្រ​ថ្មីៗ​​ជា​​ច្រើន​បាន​មក​បោះ​ទុន​វិនិយោគ​នៅក្នុង​​ប្រទេស​​យើង​ ក្នុង​រយៈ​ពេល​ប្រាំមួយ​ ឬ​ប្រាំ​ពីរ​​ខែ​ចុង​ក្រោយ​នៃ​ឆ្នាំ​នេះ​។ ពួក​គេ​បាន​រៀប​​ចំ​ដំណើរ​ការ​យ៉ាង​លឿន​ ហើយ​ចាប់​ផ្ដើម​នាំ​ចេញ​តែ​ម្ដង​”។

ក៏​ប៉ុន្តែ កាល​ពី​ខែ​ឧសភា​ ប្រទេស​​កម្ពុជា​​មាន​ហេតុការណ៍​ដួល​រលំ​អគារ​រោងចក្រ​ពីរ​កើត​ឡើង​ ហើយ​រោង​ចក្រ​ទាំង​នេះ​បាន​ផ្គត់​ផ្គង់​សម្លៀក​បំពាក់​យីហោ​លំដាប់​អន្តរជាតិ​។ រោងចក្រ​ទាំង​នេះ​មាន​ឈ្មោះ​ វីង ស្ដា​ ស៊ូ (Wing ​Star Shoes) នៅ​ខេត្ត​កំពង់​ស្ពឺ​​​​ ហើយ​ហេតុ​ការណ៍​ដួល​រលំ​អគារ​​រោង​ចក្រ​នេះ​​បាន​សម្លាប់​កម្មករ​ពីរ​នាក់​ និង​បណ្ដាល​ឲ្យ​កម្មករ​១១​នាក់​ផ្សេង​ទៀត​រង​របួស​ ហើយ​រោង​ចក្រ​​​មួយ​ទៀត​នៅ​ក្នុង​ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ​ ហើយ​ហេតុការណ៍​ដួល​រលំ​កន្លែង​​ទទួល​ទាន​អាហារ​​ក្នុង​រោង​ចក្រ​នេះ​ បាន​បណ្ដាល​ឲ្យ​កម្មករ​២០​នាក់​រង​របួស​។

ឧប្បត្តិហេតុ​ទាំង​នេះ​បាន​ជំរុញ​ឲ្យ​មាន​ចម្ងល់​កាន់​តែ​ច្រើន​ ជុំ​វិញ​បញ្ហា​សុវត្ថិភាព​នៅ​ក្នុង​វិស័យ​នេះ​ និង​ភាព​សក្ដិ​​សិទ្ធិ​នៃ​កម្មវិធី​ត្រួត​ពិនិត្យ​​រោងចក្រ​របស់​អង្គការ​ពល​កម្ម​អន្តរជាតិ​ (International Labor Organization)   ហៅ​កាត់​ថា ILO ពោល​គឺ​គម្រោង​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​កម្ពុជា​ (Better Factories Cambodia)។

តួលេខ​ដែល​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​បាន​ចេញ​ផ្សាយ​កាល​ពី​ម្សិលមិញ បាន​បង្ហាញ​ថា ចំនួនវិវាទ​ការ​ងារ​ដែល​ទាម​ទារ​ឲ្យ​មាន​​ដំណោះ​​ស្រាយ​អំឡុង​រយៈ​ពេល​​ប្រាំមួយ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​​ប្រែ​ប្រួល​បន្តិច​បន្តួច​ ពោល​គឺ​រយៈ​ពេល​នេះ​មាន​វិវាទ​ការ​ងារ​១១១​ករណី​​
បានកើត​ឡើង​ ចំណែក​ឯ​រយៈ​​ពេល​មួយ​ឆមាស​ដំបូង​​នៃ​ឆ្នាំ​២០១២​មាន​វិវាទ​ការងារ​១១៤​ករណី​បាន​កើត​ឡើង​។ ចំនួន​កូដកម្ម​ដែល​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​បាន​កត់​ត្រា​ទុក​​សម្រាប់​រយៈ​ពេល​ប្រាំមួយ​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៣​មាន​៣០​កូដកម្ម​​ ចំណែក​ឯ​ក្នុង​រយៈ​ពេល​​ប្រាំមួយ​ខែ​ដំបូង​នៃ​ឆ្នាំ​២០១២​ មាន​២៦​កូដកម្ម​។

លោក​ ដេវីត វែល (David Welsh) នាយក​ប្រចាំ​ប្រទេស​នៃ​មជ្ឈមណ្ឌល​​សាមគ្គី​ភាព​ (Solidarity Center) ដែល​មាន​មូលដ្ឋាន​​នៅ​សហ​រដ្ឋ​អាមេរិក​ ដែល​ជា​ប្រទេស​មហា​អំណាច​សេដ្ឋ​កិច្ច​លំដាប់​ទី១​នៅ​លើ​ពិភព​លោក​ បាន​លើក​ឡើង​ផង​ដែរថា កំណើន​ប្រាក់​​ឈ្នួល​ចំនួន​១៤​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​កម្មករ​រោងចក្រ​កាត់​ដេរ​​​មិន​មាន​ផល​ប៉ះ​ពាល់​​អវិជ្ជមាន​ ដូច​ដែល​ភាគី​ជំទាស់​​បាន​ព្រមាន​ នៅ​ក្នុង​កិច្ច​ចរចា​អំពី​ការ​ដំឡើង​ប្រាក់​​ឈ្នួល​អប្បបរមា​ទេ​។

លោក​នាយក​មជ្ឈមណ្ឌល​រូប​នេះ​បាន​មាន​ប្រសា​សន៍​ថា “ រដ្ឋាភិបាល​ និង​ [សមា​គម​​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (Garment ​Manufacturers Association in Cambodia)​] បាន​អះអាង​ថា​ នៅ​ពេល​ប្រាក់​ឈ្នួល​កើន​ឡើង​ វិនិ​យោគិន​ក្នុង​វិស័យ​កាត់​ដេរ​ នឹង​ចាក​ចេញ”​។

លោក​ ដេវីត វែល បាន​​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ក៏​ប៉ុន្តែ នា​ពេល​បច្ចុប្បន្ន​នេះ​ វិនិយោគិន​ទាំង​នោះ​កំពុង​តែ​នាំ​គ្នា​ទៅ​​ស្វែង​រក​ឱកាស​វិនិយោគ​ និង​បោះ​ទុន​របស់​ខ្លួន​​នៅ​កម្ពុជា​”។ លោក​បាន​លើក​ឡើង​បន្ត​ទៀត​ថា កំណើន​ប្រាក់​ឈ្នួល​នេះ​​មិន​ទាន់​ឈាន​ដល់​កម្រិត​ប្រាក់​ឈ្នួល​សម​រម្យ​សម្រាប់​កម្មករ​កាត់​ដេរ​នៅ​ឡើយ​ទេ​។

អ្នក​វិភាគ​រូប​នេះ​បាន​មាន​ប្រសាសន៍​ដូច្នេះ​​ថា “ វិស័យ​កាត់​ដេរ​នៅ​កម្ពុជា​កំពុង​មាន​ភាព​រីក​ចម្រើន​ ក៏​ប៉ុន្តែ កម្មករ​ត្រូវ​ការ​ចំណែក​មួយ​ប្រកប​ដោយ​ភាព​យុត្តិធម៌​ពី​ទំហំ​នៃ​ភាព​រីក​ចម្រើន​នេះ​”៕

ប្រែ​សម្រួល​ដោយ កង សុធា

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស