31 C
Phnom Penh

លោក ហ៊ុន សែន ចូលរួម​ជាមួយ​ព្រះ​មហាក្សត្រ​​ប្រារព្ធ​ទិវា​ដាំ​ដើម​ឈើក្នុង​ខេត្ត​ព្រះ​សី​ហនុ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​​មិន​ដល់​បី​សប្ដាហ៍ទៀត​ទេដល់​ការ​​​បោះ​​ឆ្នោត​ជាតិនា​​ថ្ងៃ​ទី​២៨ ខែ​កក្កដា ​​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​មាន​​វត្តមាន​​អម​​ព្រះ​មហា​ក្សត្រ​ នរោត្តម សីហមុនី ​អំឡុង​ពិធី​ជា​ហូរ​ហែ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ ដើម្បី​ប្រារព្ធ​ទិវា​ដាំ​ដើមឈើ​។

យោង​តាម​លោក តាក់ វន្ថា ស្នង​ការ​នគរ​បាល​ខេត្ត​ព្រះ​សីហនុបាន​ឲ្យ​ដឹង​ថា ព្រះ​មហា​​ក្សត្រ និង​លោក ហ៊ុន សែន កំពុង​ចំណាយ​ពេល​ពីរ​ថ្ងៃ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ ដើម្បី​ប្រារព្ធ​ទិវា​ដាំ​ដើម​ឈើ​នេះ។

លោក ហ៊ុន សែន​ បាន​បន្ត​រក្សា​ភាព​ស្ងៀម​​ស្ងាត់​តាម​ការ​ប្តេជ្ញារបស់​លោក អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​រយៈ​ពេល​​មួយ​ខែ មុនការ​បោះ​ឆ្នោត​ជាតិ​នាថ្ងៃ​ទី​២៨ ខែ​កក្កដា ប៉ុន្តែ វត្តមាន​របស់​លោក​អម​ព្រះ​មហា​ក្សត្រ​ នរោត្តម សីហ​មុនី ត្រូវ​បាន​ចាក់​ផ្សាយ​តាមស្ថានីយ​​ទូរទស្សន៍​ជាច្រើន​កាលពី​ម្សិល​មិញ។

លោក លូ គឹម​ឈុន អគ្គនាយក​កំពង់​ផែ​ស្វយ័ត​ក្រុង​ព្រះ​សីហនុ​បាន​មាន​ប្រសាសន៍​ថា ព្រះ​មហា​ក្សត្រ នរោត្តម សីហ​មុនី បាន​យាង​​សួរ​សុខ​ទុក្ខ​បុគ្គលិក​កំពង់​ផែ​​ជាង​១.០០០​​​នាក់​ កាលពី​ម្សិលមិញ។

លោក តាក់ វន្ថា បាន​មាន​ប្រសាសន៍​ថា ព្រះមហាក្សត្រ នឹង​មាន​បន្ទូលសួរ​សុខ​ទុក្ខ​​ទៅ​​កាន់​ប្រជា​រាស្ត្រ​ប្រហែល​៦.០០០​​នាក់​ មក​ពី​ទូទាំង​ខេត្ត​នេះនៅ​ថ្ងៃ​នេះ។

លោក ម៉ុង ឫទ្ធី មហា​សេដ្ឋី​កសិកម្ម​ដែល​មាន​ដី​ធំ​ល្វឹង​ល្វើយ​នៅ​ក្នុង​ខេត្ត​ព្រះ​សីហនុ​ និង​ដែល​បាន​ចូលរួម​នៅ​ក្នុង​ពិធី​កាលពី​ម្សិល​មិញ​នេះ​ដែរ​​បាន​មាន​ប្រសាសន៍​ថា លោក ហ៊ុន សែន ក៏​នឹង​មាន​វត្តមាន​អម​​ព្រះ​មហា​ក្សត្រ​ នរោត្តម សីហ​មុនី ដែរ អំឡុង​សុន្ទរកថា​របស់​ព្រះ​អង្គ​​នៅ​ថ្ងៃស្អែក​នេះ​។ លោក ម៉ុង ឫទ្ធី បាន​បន្ថែម​ថា ព្រះ​មហា​ក្សត្រ នរោត្តម សីហមុនី ​ក៏បាន​យាង​ដាំ​ដើម​ដូង​​​មួយ​ដើម​ដែរ ​ក្នុង​ចម្ការ​មួយ​ក្នុង​ចំណោម​​​ចម្ការ​ជាច្រើន​របស់​លោក​នៅក្នុង​ខេត្ត​នេះ​កាលពី​ម្សិលមិញ៕

ប្រែសម្រួលដោយ ហម សុផាណ្ណា​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស