កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសនារីម្នាក់ឈ្មោះ ស៊ុន គឹមហេង អាយុ២៣ឆ្នាំឲ្យជាប់ពន្ធនាគារអស់មួយជីវិត បន្ទាប់ពីរកឃើញពិរុទ្ធភាពរបស់នាងពីបទមនុស្សឃាតគិតទុកជាមុនលើនារីអាយុ១៩ឆ្នាំម្នាក់ ដែលនាងបានស្គាល់តាមហ្វេសប៊ុក។
លោក សួស សំអាត ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានមានប្រសាសន៍ថា នាង គឹមហេង តែម្នាក់ឯងប៉ុណ្ណោៈជាអ្នកទទួលខុសត្រូវចំពោះការចាប់ជំរិត និងការធ្វើឃាត លឹម ស្រីពេជ្រ កាលពីខែតុលា ទោះបីជានាងបានអះអាងថាមានមនុស្សបីនាក់ទៀតពាក់ព័ន្ធក្នុងផែនការនេះក៏ដោយ។
ចៅក្រម សំអាត មានប្រសាសន៍ថា “ តាមមាត្រា២០០ [នៃក្រមព្រហ្មទណ្ឌ] តុលាការផ្ដន្ទាទោសនាង គឹមហេង ឲ្យជាប់ពន្ធនាគារអស់មួយជីវិត និងបង្គាប់ឲ្យនាងបង់ប្រាក់សំណងជំងឺចិត្ត២៨.០០០ដុល្លារដល់ដើមចោទពីបទឃាតកម្មគិតទុកជាមុនលើ លឹម ស្រីពេជ្រ”។ លោកបន្ថែមថា តុលាការបានច្រានចោលសក្ខីកម្មរបស់នាង គឹមហេង ថាមានមនុស្សបីនាក់ទៀតពាក់ព័ន្ធក្នុងឃាតកម្មនេះ។
លោក លឹម អ៊ឹងស ឪពុករបស់ជនរងគ្រោះនិយាយថា លោកជឿថា មានមនុស្សលើសពីម្នាក់ជាប់ពាក់ព័ន្ធក្នុងការសម្លាប់កូនស្រីរបស់លោក ដោយកាលពីខែតុលា លោកបានអះអាងថា អ្នកធំមានអំណាចនៅពីក្រោយឃាតកម្មនេះ ហើយកាលពីម្សិលមិញលោកក៏នៅតែលើកឡើងបែបនេះដែរ។ លោកបានលើកឡើងទៀតថា “ ខ្ញុំដឹងថា នគរបាលបានចាប់ខ្លួនមនុស្សបីនាក់ទៀត ប៉ុន្តែនិយាយថា ពួកគេមិនពាក់ព័ន្ធក្នុងរឿងក្ដីនេះទេ។ប្រាកដជាមានពាក់ព័ន្ធនឹងមនុស្សច្រើនទៀត។ខ្ញុំមិនជឿថា ស្ត្រីម្នាក់អាចប្រព្រឹត្តឧក្រិដ្ឋកម្មនេះបានតែម្នាក់ឯងទេ”។
អំឡុងការស៊ើបអង្កេតរបស់ខ្លួនអំពីឃាតកម្មនេះកាលពីឆ្នាំមុន នគរបាលបាននិយាយថា នាង គឹមហេង បានស្គាល់ លឹម ស្រីពេជ្រ តាមហ្វេសប៊ុក ហើយថា អ្នកទាំងពីរបានពិភាក្សាគ្នាអំពីការបើកហាងលក់សម្លៀកបំពាក់ជាមួយគ្នា។
នៅថ្ងៃទី២៣ ខែតុលា លឹម ស្រីពេជ្រ បានទៅដល់ផ្ទះរបស់ គឹមហេង ដើម្បីពិភាក្សាអំពីគម្រោងរកស៊ីនេះ ប៉ុន្តែបែរជាត្រូវឃាតករយកខ្សែរឹតកដល់សន្លប់ រួចដឹកឆ្ពោះទៅស្រុកគងពិសី ក្នុងខេត្តកំពង់ស្ពឺ កន្លែងដែលគេទម្លាក់សាកសពនាងចោលក្នុងត្រពាំងទៅវិញ។ ក្រោយមកនាង គឹមហេង បានទូរស័ព្ទទៅឪពុកម្តាយរបស់ លឹម ស្រីពេជ្រ ដែលមិនដឹងថា កូនស្រីរបស់ខ្លួនបានស្លាប់ទៅហើយនោះ ដោយប្រាប់ពួកគេថា ស្រីពេជ្រ ត្រូវបានគេចាប់ជំរិត និងទារប្រាក់លោះខ្លួនចំនួន១៦.០០០ដុល្លារសម្រាប់ការវិលត្រឡប់របស់នាងដោយសុវត្ថិភាព។
នៅថ្ងៃបន្ទាប់ ត្រង់ចំណុចដូចដែលបានព្រមព្រៀងគ្នាដើម្បីប្រគល់ប្រាក់តាមមហាវិថីព្រះមុនីវង្ស នគរបាលបានចាប់ខ្លួននាង គឹមហេង រួមជាមួយមនុស្សបីនាក់ទៀត ដែលមិនដែលត្រូវបានបង្ហាញអត្តសញ្ញាណសោះ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី