យោងតាមការស្ទង់មតិរបស់អង្គការតម្លាភាពអន្តរជាតិបានឲ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាដឹងថា ប្រទេសរបស់ខ្លួនជាប្រទេសមួយពុករលួយបំផុតក្នុងចំណោមប្រទេសពុករលួយចំនួន១០ដែលពុករលួយបំផុតនៅក្នុងពិភពលោក និងជាប្រទេសពុករលួយបំផុតនៅក្នុងតំបន់អាស៊ីដោយប្រជាពលរដ្ឋជិត៦០ភាគរយត្រូវបានស្ទង់មតិដោយអង្គការតម្លាភាពអន្តរជាតិក្នុងឆ្នាំនេះបានសារភាពថា ធ្លាប់ បានផ្ដល់សំណូក កាលពី១២ខែកន្លងមក។
យោងតាមរបាយការប្រឆាំងនឹងអំពើពុករលួយជាសាកលរបស់អង្គការតម្លាភាពអន្តរជាតិសម្រាប់ឆ្នាំ២០១៣ ដែលផ្អែកលើការសម្ភាស ជាមួយប្រជាពលរដ្ឋចំនួន១១៥.០០០នាក់ ក្នុងប្រទេសចំនួន១០៧ហើយបានចេញផ្សាយកាលពីម្សិលមិញបានឲ្យដឹងថា មានតែប្រជាពលរដ្ឋនៃប្រទេសយេម៉ែន និងប្រទេសចំនួនប្រាំពីរក្នុងតំបន់អាហ្វ្រិក ដូចជាប្រទេសស៊ីមបាវ៉េ កាមេរូន និងម៉ូសំប៊ិក ប៉ុណ្ណោះបានរកឃើញថា ប្រទេសទាំងនេះមានចំណាត់ថ្នាក់ទាបជាងប្រទេសកម្ពុជា។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពអន្តរជាតិកម្ពុជាមានប្រសាសន៍ក្នុងពិធីចេញរបាយការណ៍ក្នុងរាជធានីភ្នំពេញថា “ ប្រទេសជិតខាងរបស់យើងបានដើរទៅមុខជាច្រើនជំហានរួចហើយ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ និងការសូកប៉ាន់”។ នៅទូទាំងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ប្រព័ន្ធតុលាការនៅប្រទេសកម្ពុជា គឺពុករលួយដូចកម្លាំងនគរបាលដែរ។
យោងតាមរបាយការណ៍ដដែលនេះឲ្យដឹងថា ប្រជាពលរដ្ឋចំនួន៦៥ភាគរយធ្លាប់បានផ្ដល់សំណូកឲ្យនគរបាលនិងប្រព័ន្ធតុលាការ កាលពី១២ខែកន្លងទៅ។ លោក ព្រាប កុល បន្តថា “ នៅក្នុងតុលាការមេធាវីគ្រប់ៗរូបយកថ្លៃលើសេវាកម្ម។ការដាក់ពាក្យបណ្ដឹងទៅក្រឡាបញ្ជី ការចុះកំណត់ហេតុលើពាក្យបណ្ដឹងគឺមានយកថ្លៃដែលមិនបានកំណត់ដោយច្បាប់ ដូច្នេះ បញ្ហាបែបនេះគឺត្រូវចាត់ថា ជាការទទួលសំណូក។ តាមរយៈប្រព័ន្ធតុលាការគឺមិនមានឱកាសគេចចេញពីអំពើពុករលួយបានឡើយ”។
យោងតាមរបាយការណ៍ដដែលបានឲ្យដឹងទៀតថា ប្រជាពលរដ្ឋចំនួន១៥ភាគរយដែលបានសម្ភាសបានលើកឡើងថា ពួកគាត់បានផ្ដល់សំណូក ដើម្បីទទួលបានសេវាកម្ម។តួលេខនេះ មានចំនួន២៣ភាគរយបើធៀបទៅនឹងប្រជាពលរដ្ឋ ដែលបានឆ្លើយសំណួរនៅក្នុងប្រទេសម៉ាឡេស៊ី និង២៦ភាគរយនៅក្នុងប្រទេសវៀតណាម។តាមច្បាប់របស់អង្គភាពប្រឆាំងអំពើពុករលួយប្រទេសកម្ពុជាដែលបានអនុម័តកាលពីឆ្នាំ២០១០ បានបញ្ជាក់ថា ការបង់ថ្លៃ “ ការសម្របសម្រួល” ទៅឲ្យមន្ត្រីរដ្ឋាភិបាលគឺអាចមានទោសដាក់ពន្ធនាគារចាប់ពី៥ឆ្នាំ រហូតដល់១០ឆ្នាំ។ ច្បាប់ថ្មីនេះក៏តម្រូវឲ្យក្រុមហ៊ុនបរទេសដែលប្រតិបត្តិការនៅកម្ពុជាស្ថិតនៅក្រោមច្បាប់ប្រឆាំងនឹងអំពើពុករលួយនេះផងដែរ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានច្រានចោលនូវរបាយការណ៍នេះ ហើយលោកបានថ្លែងថា រដ្ឋាភិបាលបានបង្កើតច្បាប់ប្រឆាំងនឹងអំពើពុករលួយ និងនិម្មិតកម្មនៃអង្គភាពប្រឆាំងអំពើពុករលួយគឺជាភ័ស្តុតាងបញ្ជាក់ពីការតាំងចិត្តរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់អំពើពុករលួយ។
លោកបន្តទៀតថា “ ប្រទេសកម្ពុជាមានមោទនភាពក្នុងការទប់ស្កាត់អំពើពុករលួយ…ហើយយើងបានធ្វើការងារនេះជាច្រើនមកហើយ និងយើងបានបង្កើតយន្តការ ដើម្បីទប់ស្កាត់នឹងអំពើពុករលួយ។យើងកំពុងដើរលើផ្លូវត្រូវ…. អំពើពុករលួយបានកើតឡើងនៅគ្រប់ទីកន្លែងក្នុងពិភពលោក។ ខ្ញុំនឹងមិនស្ដាប់របាយការណ៍ [ដែលបង្ហាញ] ថា មានភាពលម្អៀងប្រឆាំងចំពោះប្រទេសកម្ពុជា និងគណបក្សប្រជាជនកម្ពុជា នោះឡើយ”។
របាយការណ៍ដដែលបានឲ្យដឹងថា ប្រទេសជាង៨០នៅលើពិភពលោកមានអំពើពុករលួយកាន់តែអាក្រក់ទៅៗ ប៉ុន្តែ កម្ពុជាស្ថិតក្នុងចំណោមប្រទេសចំនួន១១ដែលប្រជាពលរដ្ឋរបស់ខ្លួនយល់ដឹងប្រសើជាងមុន៕
ប្រែសម្រួលដោយ ឃិន ណៃ