31.8 C
Phnom Penh

បញ្ហា​ប្រឈម​ថ្មី​ទាក់ទង​ប្រជា​ប្រិយភាព​របស់​គណបក្ស​ប្រជា​ជន​ស្ថិត​ក្នុង​ចំណោម​ព្រះសង្ឃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​ប្រជា​ជន​កម្ពុជា​មាន​​ឥទ្ធិពល​យូរ​មក​ហើយ​​លើ​ព្រះ​ពុទ្ធ​សាសនា​​នា​​​ក្នុង​ប្រទេស​​​​កម្ពុជា ដោយ​ព្រះ​សង្ឈ​ជា​ច្រើន​អង្គ​ រួម​ទាំង​សម្តេចសង្ឃ​​ ទេព​ វង្ស ដែល​ជា​សម្តេច​អគ្គ​មហា​​សង្ឃរាជ​ត្រូវ​គេ​ដឹង​ជាទូទៅ​ថា គាំទ្រ​គណ​​​​បក្ស​​​​កំពុង​កាន់​អំណាច។

ប៉ុន្តែ តាម​ការ​សម្ភាស​ជាមួយ​ព្រះ​សង្ឃ​ជាង​១២អង្គនៅ​វត្ត​សំខាន់​ៗ​ចំនួន​​បួន​នៅ​កណ្តាល​រាជ​ធានី​ភ្នំពេញ​កាលពី​ម្សិលមិញ ព្រះ​សង្ឃ​ទាំង​នេះ​បាន​បង្ហាញ​ពី​ព្រះទ័យ​របស់​ខ្លួន​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រឆាំង​គឺ​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅ​ពេល​បោះ​ឆ្នោត​​ជាតិ​នៅ​ខែ​នេះ។ នៅ​វត្ត​ឧណ្ណាលោម វត្ត​បទុម វត្ត​​​លង្កា និង​​​​វត្ត​ស្រះ​ចក​ ព្រះ​សង្ឃ​ដែល​ត្រូវ​បាន​សម្ភាស​ទាំងនោះ​បាន​មាន​សង្ឃ​ដីកា​ថា ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ ការ​ចាប់​យក​ដីធ្លី និង​អំពើ​ហិង្សា​ពី​សំណាក់​នគរ​បាល​បាន​ធ្វើ​ឲ្យ​ព្រះ​សង្ឃ​ជា​ច្រើន​អង្គ​គាំទ្រ​គណបក្ស​ប្រឆាំង។

ព្រះ​សង្ឃ​មួយ​អង្គ​ព្រះ​ជន្ម​២៨ព្រះ​វស្សា​គង់​នៅ​វត្ត​ឧណ្ណាលោម បាន​មាន​សង្ឃ​ដីកា​ថា “ ព្រះ​សង្ឃ​ភាគ​ច្រើន​មាន​និន្នាការ​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ឥឡូវ​នេះ​ ពីព្រោះ​ព្រះ​អង្គ​យល់​ដឹង​អំពី​ស្ថាន​ភាព​​នៅ​ក្នុង​ប្រទេស​កម្ពុជា” ដោយ​ព្រះ​អង្គ​ពន្យល់​​ថា ព្រះ​អង្គ​ពេញ​ចិត្ត​គណ​បក្ស​សង្គ្រោះ​ជាតិ​​​ ដោយ​សារ​ផែន​ការ​របស់​គណបក្ស​នេះ​ការ​ពារ​សិទ្ធិ​របស់​ប្រ​ជា​ពល​រដ្ឋ និង​មានការ​ដំឡើង​ប្រាក់​ខែ​​​។“ ប្រជា​​​ពល​រដ្ឋ​ និង​ព្រះ​សង្ឃ​បាន​ដឹង​ហើយ​ថា មេ​ដឹក​នាំ​ប្រទេស​​មិន​បាន​ប្រព្រឹត្ត​មក​លើ​ប្រ​ជា​ពល​រដ្ឋ​ឲ្យ​បាន​ល្អ​ឡើយ ពួក​គេ​ធ្វើ​បាប​ប្រជា​ពល​រដ្ឋទៅវិញ”។

​​​នៅ​វត្ត​បទុម​កាល​ពី​ម្សិល​មិញ ព្រះ​សង្ឃ​មួយ​អង្គ​ព្រះ​ជន្ម២១ព្រះ​វស្សា​ ដែល​បាន​មាន​សង្ឃដីកា​ក្នុង​លក្ខ​ខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ដើម្បី​រក្សា​ភាព​សម្ងាត់​ខាង​នយោបាយ​របស់​ព្រះ​អង្គ​បាន​មាន​សង្ឃ​ដីកា​ថា ព្រះ​អង្គ​បាន​សម្រេច​គាំ​ទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​បន្ទាប់​​​ពី​បាន​ដឹងពី​គោល​នយោបាយ​តាម​រយៈ​បណ្តាញ​ផ្សព្វ​ផ្សាយ​សង្គម និង​ពី​ព្រះ​សង្ឃ​ដែល​ព្រះ​អង្គ​បាន​សិក្សា​ និង​គង់​នៅ​ជាមួយ​​​។

​​​​ព្រះ​អង្គ​បាន​មាន​សង្ឃ​ដីកា​ថា “ គណ​​​បក្ស​សង្គ្រោះ​ជាតិ​ស្មោះ​ត្រង់​នឹង​ប្រទេស​ជាតិ។ ពួកគេ​នឹង​ផ្លាស់​ប្តូរ​ភាព​អ​យុត្តិ​ធម៌” ដោយ​បង្ហាញ​ពី​អសមត្ថ​ភាព​របស់​គណបក្ស​ប្រជា​ជន​​កម្ពុជា​មិន​អា​ច​បញ្ឈប់​ការ​ចាប់​យក​ដី​ធ្លី​ ដែល​ជា​កង្វល់​នយោបាយ​របស់​ព្រះ​អង្គ។ ព្រះអង្គ​មាន​សង្ឃដីកា​ទៀត​ថា “ ពី​មុន អាត្មា​មិន​បាន​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ប៉ុន្តែ​ក្រោយ​ពី​មិត្ត​ភក្តិ​អាត្មា​បាន​បង្រៀន​អាត្មា​អំពី​​​រឿង​នេះ​មក អាត្មា​បាន​ចាប់​ផ្តើម​​គាំទ្រ​គណបក្ស​នេះ​”។

ព្រះ​សង្ឃ​មួយ​អង្គ​ទៀត​ព្រះ​ជន្ម​២៩​ព្រះ​វស្សា​ ដែល​ក៏បាន​សុំ​មិន​ឲ្យ​បង្ហាញ​អត្ត​សញ្ញា​​​ណ​ដោយ​ភ័យ​ខ្លាច​ពី​សុវត្ថិភាព​របស់​ព្រះ​អង្គ​ដែរ​នោះ​បាន​មាន​សង្ឃដីកា​ថា ព្រះ​អង្គ​នឹង​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជា​លើក​ដំបូង​​នៅ​ការ​បោះឆ្នោត​នេះ ពីព្រោះ​ព្រះ​អង្គ​ជឿ​ថា គណបក្ស​នេះ​អាច​លុប​បំបាត់​ភាព​អយុត្តិធម៌​ដូ​ច​ជា​ការ​ចាប់​យក​ដីធ្លី និង​វប្បធម៌​និទណ្ឌ​ភាព​​នៅ​ក្នុង​​​ប្រព័ន្ធ​តុលាការ​ជាដើម។

ព្រះ​អង្គ​បាន​មាន​សង្ឃដីកា​ថា “ អាត្មា​បាន​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​ពី​រលើក​ហើយ គឺ​លើក​ទី​១នៅ​ពេល​បោះ​ឆ្នោត​ឃុំ-សង្កាត់​ [កាលពី​ឆ្នាំមុន]​​​ និង​មួយ​លើក​​ទៀត​នៅ​ពេល​បោះ​ឆ្នោត​ជាតិ​កាលពី​ឆ្នាំ​២០០៨”។ ព្រះ​អង្គ​បាន​មាន​សង្ឃដីកា​សំដៅ​ដល់​ការ​បាញ់​សម្លាប់​សកម្ម​ជន​បរិស្ថាន​ពីសំណាក់​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​កាលពី​ឆ្នាំមុន​ និង​ការ​បាញ់​សម្លាប់​មេ​ដឹកនាំ​សហ​​ជី​ព​សេរី​កម្ម​​​ករ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​​​ឆ្នាំ​​​២០០៤​​​ថា “ រដ្ឋា​ភិបាល​បច្ចុប្បន្ន​បាន​ប្រព្រឹត្ត​មក​លើ​ប្រជា​ពលរដ្ឋ​មិន​ល្អ​ទាល់​តែ​សោះ​ ហើយ​​មិន​អាច​ស្វែង​រក​យុត្តិធម៌​ជូន​អ្នក​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​បាន​ឡើយ​រួមមាន​លោក ឈុត វុទ្ធី និង​លោក ជា វិជ្ជា​ ជាដើម”។

ព្រះ​សង្ឃ​ជាង​៥០.០០០​អង្គ​នៅក្នុង​ប្រទេស​កម្ពុជា​ ​អាច​មាន​ឥទ្ធិពល​ខ្លាំង​ដល់​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​។ប៉ុន្តែ​ការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​មិន​បាន​កើត​មាន​គ្រប់​ព្រះ​សង្ឃ​ទាំង​អស់​ឡើយ​​​។ នៅ​វត្ត​ឧណ្ណាលោម កាល​ពី​ម្សិល​មិញ ព្រះ​សង្ឃ​មួយ​អង្គ​ព្រះ​ជន្ម​ជាង​៥០ព្រះ​វស្សា​មាន​កាន់​ទូរស័ព្ទ​ស្មាត​ហ្វូន​ទំនើប​ពី​រគ្រឿង​បាន​ពន្យល់​ថា កុដិ​ព្រះសង្ឃ​នៅ​ជិត​ព្រះ​វិហារ​​​​មាន​បិទ​ផ្ទាំង​ផ្សព្វផ្សាយ​របស់​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​ធំៗ​ពីរ​ផ្ទាំង​ ពី​ព្រោះ​កូន​សិស្ស​របស់​ព្រះ​អង្គ​បាន​ប្រើ​ប្រាស់​សិទ្ធិ​របស់​ខ្លួន​ក្នុង​ការ​បិទ​នៅ​ទីនេះ។

ព្រះសង្ឃ​ព្រះ​ជន្ម​៣០ព្រះ​វស្សា​មួយ​អង្គ​ទៀត​មាន​សង្ឃ​ដី​កា​ក្នុង​លក្ខ​ខណ្ឌ​អនាមិក​ថា  “ ព្រះ​សង្ឃ​មួយ​ចំនួន​គាំទ្រ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ពីព្រោះ​ព្រះ​សង្ឃ​ទាំងនោះ​ជា​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់”។ ព្រះសង្ឃ​ព្រះ​ជន្ម​៥០ព្រះ​វស្សា​មួយ​អង្គ​ដែល​គង់​នៅ​ក្បែរ​នោះ​ដែរ​បាន​មាន​សង្ឃ​ដីកា​ថា ពីមុន​ព្រះ​អង្គ​បោះ​ឆ្នោត​គាំទ្រ​គណ​​​បក្ស​ហ៊្វុន​​ស៊ិន​​ប៉ិច និង​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុង​ពេល​កន្លងមក​ ពេលនេះ​ព្រះ​អង្គ​មិន​ទាន់ប្រាកដ​ថា នឹង​​​បោះ​ឆ្នោត​ឲ្យ​គណ​បក្ស​​ណា​ឡើយ។

ព្រះ​អង្គ​បាន​មាន​សង្ឃ​ដី​កាថា “ ឥឡូវ​​​នេះ​ ព្រះសង្ឃ​ជាច្រើន​ស្រឡាញ់​ គណបក្ស​សង្គ្រោះ​ជាតិ​ ប៉ុន្តែ​វា​ជា​ការ​លំបាក​ណាស់​សម្រាប់​ព្រះ​អង្គ​ក្នុង​ការ​មាន​សង្ឃដីកា​អំពី​រឿង​នេះ”។ នៅ​វត្ត​ស្រះ​ចក​ឯណោះ​វិញ រូបថត​លោក​ ​​​ហ៊ុន សែន និង​ភរិយា​របស់​លោក គឺ​លោក​​​ស្រី ប៊ុន​ រ៉ានី​ ​ព្យួរ​នៅ​លើ​ជញ្ជាំ​ង​នៃ​បន្ទប់​មួយ​របស់​សមាជិក​គណៈកម្មាធិការ​វត្ត​នេះ។

ប៉ុន្តែ ព្រះ​សង្ឃ​ក្មេង​ៗ​គង់​នៅ​វត្ត​ស្រះ​ចក​មិន​ស្ទាក់​ស្ទើរ​ឡើយ នៅ​ពេល​ព្រះ​អង្គ​បង្ហាញ​​​​ការ​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ ដោយ​ព្រះ​សង្ឃ​ក្មេង​មួយ​អង្គ​មាន​សង្ឃដីកា​ជា​ភាសា​អង់​គ្លេស​ថា ព្រះ​អង្គ​គាំទ្រ​គណ​បក្ស​នេះ​ “១០០ភាគរយ”។ ព្រះ​សង្ឃ​ព្រះ​ជន្ម​៣០ព្រះ​វស្សា​មួយ​អង្គ​គង់នៅ​វត្ត​នេះ​ដែរ​បាន​សម្តែង​​ការ​គាំទ្រ​ដោយ​​មាន​សង្ឃ​ដីកា​ថា ព្រះ​អង្គ​ក៏​មាន​និន្នាការ​ដូច​ព្រះសង្ឃ​ដែល​ព្រះ​អង្គ​គង់នៅ​ជាមួយ​ដែរ ដោយ​ងាក​ទៅ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​​​។

ព្រះ​អង្គបាន​មាន​សង្ឃ​ដីកា​ថា “ ព្រះ​​​សង្ឃ​ស្ទើរតែ​៩៩ភាគរយ​គង់​នៅ​ទី​នេះ​ដែល​មិន​មែ​ន​ជា​មន្ត្រី​សង្ឃ​ជាន់​ខ្ពស់​បោះឆ្នោត​គាំទ្រ​គណបក្ស​ផ្សេងៗ [ក្រៅ​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា]​​។ អាត្មា​ពិត​ជា​ចង់​ឃើញ​ការ​ផ្លាស់​ប្តូរ​ ពីព្រោះ​តែ​បញ្ហា​សង្គម ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់ និង​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស”​​​។ព្រះ​អង្គ​បាន​មាន​សង្ឃ​ដីកា​បន្ថែម​ថា “អាត្មា​មិន​បាន​បោះ​ឆ្នោត​ទេ​កាលពី​មុន ពី​​​ព្រោះ​អាត្មា​គិត​ថា វា​មិន​សំខាន់។ ឥឡូវ​​​នេះ​​​​អាត្មា​សម្រេច​បោះឆ្នោត​ ពីព្រោះ​អ្វី​ដែល​​​​រដ្ឋា​​ភិបាល​បច្ចុប្បន្ន​កំពុង​ធ្វើ​គឺ​ខុស​។ អាត្មា​នឹង​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ”៕

ប្រែ​សម្រួល​ដោយ សោម សារុ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស