26 C
Phnom Penh

មន្ត្រី​​​មូល​​​ដ្ឋាន​​​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​​​គូស​សន្លឹក​ឆ្នោត​​​​សាក​​​ល្ប​​ង​​​សម្រាប់​ CPP

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​បោះ​​​ឆ្នោត​​​នៅ​​​ក្នុង​​​ខេត្ត​​​យ៉ាង​​​តិច​​​ចំនួន​​​ពីរ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា មន្ត្រី​​​មូល​​​ដ្ឋាន​​​បាន​​​ធ្វើ​​​ដំណើរ​​​ពី​​​ផ្ទះ​​​មួយ​​​ទៅ​​​ផ្ទះ​​​មួយ​​​ស្នើ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​គូស​​​ និង​​​បោះ​​​ឆ្នោត​​​គាំទ្រ​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន នៅ​​​លើ​​​សន្លឹក​​​ឆ្នោត​​​​សាក​​​ល្បង​​​ ដែល​​​ពួក​​​គេ​​​អះ​​​អាង​​​ថា ជា​​​ការ​​ហាត់​សមសម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នាថ្ងៃទី​​​២៨ ​ខែ​​​កក្កដា។

បណ្តា​អ្នក​​​ឃ្លាំ​​​មើល​​​ការ​​​បោះ​​​ឆ្នោត​​​ និង​​​សមា​​​ជិក​​​សភា​​​មក​​​ពី​​​គណ​​​បក្ស​​​ប្រឆាំង​​​បាន​​​លើក​​​ឡើង​​​ថា សកម្ម​​​ភាព​​​របស់​​​មន្ត្រី​​​មូល​​​ដ្ឋាន​​​គឺ​​​ជា​​​ការ​​​គំរាម​​​កំហែង​​​ ហើយ​​​ក៏​​​ជា​​​ការ​​​​​​បំពាន​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ដែរ​​​ ដែល​​​គួរ​​​តែ​​​ធានា​​​ឲ្យ​​​បាន​​​​ថា មន្ត្រី​​​រដ្ឋា​​​ភិបាល​​​ដែល​​​ភាគ​​​ច្រើន​​​ជា​​​សមា​ជិក​​​​របស់​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​រក្សា​​​អព្យា​​​ក្រឹត​​​​ភាព​​​។ មន្ត្រី​​មួយ​រូប​មកពី​​​​គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ មិន​​​បាន​​​ឯក​​​ភាព​​​ឡើយ ​ដោយ​​​លើក​​​ឡើង​​​ថា ការ​​​ឲ្យ​​​គូស​​​លើ​​​សន្លឹក​​​ឆ្នោត​​​សាក​​​ល្បង​​​នេះ វាគ្មាន​អ្វី​លើស​ពី​​​​ការ​ហាត់សម​​​អ្នក​​​បោះ​​​ឆ្នោត​​​ឡើយ។

ស្ត្រី​​​ម្នាក់​​​នៅ​​​ក្នុង​​​ស្រុក​​​កណ្តាល​​​ស្ទឹង ខេត្ត​​​កណ្តាលបាន​​​និយាយថា មន្ត្រី​​​ឃុំ​​​សៀម​​​រាប​​​ម្នាក់​បាន​​​ទៅ​ជាមួយ​​​សកម្ម​​​ជនគណ​​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​មួយ​​​ក្រុម​​​ ដែល​​​បាន​​​ធ្វើ​​​ដំណើរ​​​ពី​​​ផ្ទះ​​​មួយ​​​ទៅ​​​ផ្ទះ​​​មួយ​​​កាល​​​ពី​​​សប្តាហ៍​​​មុន ដោយ​​​មាន​​​សន្លឹក​​​ឆ្នោត​​​សាក​​​ល្បង​​​ជា​​​ច្រើនទៅ​ជា​មួយ​​​​​ដើម្បី​​​ណែ​​​នាំ​​​ប្រជា​​​ពល​​​រដ្ឋ​​​​​​ពី​​​របៀប​​​បោះ​​​ឆ្នោត​​​គាំ​ទ្រ​​​​គណ​​​បក្ស​​​កាន់​​​អំណាច​​​។

ជំនួស​​​ឲ្យ​​​ការ​​​អនុញ្ញាត​​​ឲ្យប្រជា​​​ពល​​​រដ្ឋ​​​គូស​​​​ក្នុង​ប្រអប់​​​លេខ​រៀង​គណ​​​បក្ស​​​នយោ​​​បាយ​​​ណា​​​មួយ​​​ក្នុង​​​ចំណោម​​​គណ​​​បក្ស​​​នយោ​​​បាយ​​​ទាំង​​​ប្រាំ​​​បី​​​ ដែល​​​មាន​​​នៅ​​​ក្នុង​​​សន្លឹក​​​ឆ្នោត​​​សាក​​​​ល្បង សកម្ម​​​ជន​​​បក្ស​​​កាន់​​​អំណា​​ច​​​ និង​​​មន្ត្រី​​​ថ្នាក់​​​​ឃុំ​​​បាន​​​ណែ​​​នាំ​​​ស្ត្រី​​​រូប​​​នេះ​​​គូស​ក្នុង​ប្រអប់​​​លេខ​រៀង​ទី​​​៤​​​សម្រាប់​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា។

ស្ត្រី​​​រូប​​​នេះ​​​ដែល​​​និយាយ​​​ក្នុង​​​លក្ខខណ្ឌ​​​អនាមិក ​​​ព្រោះ​​​ខ្លាច​​​មាន​​​ការ​​​ធ្វើ​​​ទុក្ខ​​​បុក​​​ម្នេញ​​​ពី​​​មន្ត្រី​​​មូល​​​ដ្ឋាននោះ​​​បាន​​​លើក​​​ឡើង​​​ថា “ សន្លឹក​​​​ឆ្នោត​​​មាន​​​ស្លាក​​​សញ្ញា​​​គណ​​​បក្ស​​​ទាំង​​​អស់​​​ចាប់​​​ពី​​​លេខរៀង​ទី​​​១​​​រហូត​ដល់​​​លេខរៀង​ទី​​​៨ ​ហើយ​​​ពួក​​​គេ​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ឲ្យ​​​គូស​​​លេខរៀងទី​​​៤​ដែល​​​មាន​​​​​​សញ្ញា​​​រូប​​​ទេវតា​​​របស់ [​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា]។ ហើយ​​​បន្ទាប់​​​មក​​​ពួក​​​គេ​​​បាន​​​យក​​​ [សន្លឹក​​​ឆ្នោត​​​] ត្រឡប់​​​ទៅ​​​វិញ​​​ពេល​​​ដែល​​​ខ្ញុំ​​​គូស​​​​​រួច”។

គាត់​​​​​​និយាយ​​​បន្ត​​​ថា “ មុន​​​ពេល​​​ខ្ញុំ​​​គូស​​​លើ​​​​​​សន្លឹក​​​ឆ្នោត​​​ ខ្ញុំ​​​ងឿង​​​ឆ្ងល់​​​ ហើយ​​​ក៏សួរ​​​ពួក​​​គេ​​​ថា ​ហេតុ​​​អី្វបាន​​​ជា​​​ពួក​​​គេ​​​​​​ឲ្យ​​​ខ្ញុំ​​​គូស​​​លេខ​​​៤។​ ​ពួក​​​គេ​​​​​​និយាយ​​​ថា គ្រាន់​​​តែ​​​គូស​​​​​​ទៅ​​​បាន​​​ហើយ​​​។​ ​​យើង​​​គូស​​​លើវា​​​ ពីព្រោះ​​​យើង​​​បារម្ភ​​​​​ពី​​​សន្តិ​​​សុខ​​​​របស់​​​យើង​​​ ប្រសិន​​​បើ​​​យើង​​​បដិសេធ​​”។

បុរស​​​ម្នាក់​​​នៅ​​​ក្នុង​​​ស្រុក​​​ស្វាយ​​​ជ្រំ ខេត្ត​​​ស្វាយ​​​រៀង ដែល​​​និយាយក្នុង​​​លក្ខខណ្ឌ​​​អនា​មិក​ដែរ ព្រោះ​​​ខ្លាច​​​មាន​​​ការ​​​ធ្វើ​​​ទុក្ខ​​​បុក​​​ម្នេញ​​​ពី​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​នោះ​​​បាន​​​និយាយ​​​ថា គាត់​​​ក៏​​​ទទួល​​​បាន​​​ការ​​​ណែ​​​នាំ​​​ឲ្យ​​​គូស​​​លើ​​​សន្លឹក​​​ឆ្នោត​​​ដូច​​​គ្នានេះ​​​ដែរ​​​។ បុរស​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​​ថា អនុ​​​ប្រធាន​​​ភូមិ​​​របស់​​​​​​ខ្លួន​​​​នៅ​​​ក្នុង​​​ឃំុគោក​ព្រីង បាន​​​ធ្វើ​​​ដំណើរ​​​ពី​​​ផ្ទះ​​​មួយ​​​ទៅ​​​ផ្ទះ​​​មួយ​​​ជាមួយ​​​​សកម្ម​​​ជន​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជាមួយ​​​ក្រុម​​​កាលពី​​​ថ្ងៃ​​​សុក្រ ដោយ​​​ណែ​​​នាំ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​គូស​​​លើ​​​សន្លឹក​​​ឆ្នោត​​​សាក​​​ល្បង​​​ ហើយ​​​សន្លឹក​​​ឆ្នោត​​​នេះ​​​ក៏​​​ត្រូវ​​​បាន​​​យក​​​ទៅ​​​វិញ​​​​​ដែរ​​​បន្ទាប់​​​ពី​​​គូស​​​រួច។

បុរស​​​រូប​​​នេះ​​​បាន​​​និយាយ​​​បន្ត​​​ថា “ ​​​ពួក​​​គេ​​​បាន​​​យក​​​សន្លឹក​​​ឆ្នោត​​​ដែល​​​មាន​​​ស្លាក​​​សញ្ញា​​​របស់​​​គណ​​​បក្ស​​​ទាំង​​​អស់​​​ ប៉ុន្តែ ស្លាក​​​សញ្ញា​​​ទេវតា​​​របស់​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ឃើញ​​​ច្បាស់​​​ជាង​​​គេ​​​ ហើយ​​​ស្លាក​​​សញ្ញា​​​របស់​​​គណ​​​បក្ស​​​​ផ្សេងៗ​​​ឃើញ​​​ព្រាលៗ។នៅ​​​ពេល​​​ពួក​​​គេ​​​បាន​​​ចូលតាម​​​ផ្ទះ​​​នីមួយៗ​​​របស់​​​អ្នក​​​ភូមិ​​​ពួក​​​គេណែ​​​នាំ​​​ឲ្យ​​​អ្នក​​​ភូមិ​​គូស​​​​​​លេខរៀង​ទី​​​៤ ​ហើយ​​​​បន្ទាប់​​​មក​​​ពួក​​​គេ​​​ក៏​​​យក [​​​សន្លឹក​​​ឆ្នោត]​​​ នោះត្រឡប់​​​ទៅ​​​វិញ​​”។ បុរសរូប​​​នេះ​​​បាន​​​បន្ថែម​​​ថា  “ ប្រពន្ធ​​​ និង​​​កូន​​​ស្រី​​​របស់​​​ខ្ញុំ​​​បាន​​​គូស​​​លើ​​​សន្លឹក​​​ឆ្នោត​​​នេះ ​ប៉ុន្តែ ខ្ញុំ​​​បាន​​​បដិសេធ​​​ ពី​​​ព្រោះ​​​ខ្ញុំ​​​ដឹង​​​ពី​​​របៀប​​​គូស​​​​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​ហើយ​​​ ហើយ​​​វា​​​គឺ​​​ជា​​​ការ​​​ដាក់​​​សម្ពាធ​​​ នៅ​​​ពេល​​​ពួក​​​គាត់​​​បង្គាប់​​​ឲ្យ​​​គូស​​​លេខរៀងទី៤​​​នោះ”។​​​

ស្ត្រី​​ម្នាក់​ទៀតនៅ​​​ក្នុង​​​ស្រុក​​​រមាស​​​ហែក ​ខេត្ត​​​ស្វាយ​​​រៀងបាន​​​និយាយ​​​ថា អាជ្ញាធរ​​​ថែម​​ទាំង​បាន​​​អញ្ជើញ​​ប្រ​ជា​ពលរដ្ឋ​មូលដ្ឋាន​ជា​​​ច្រើន​​​​ក្រុម​​​ឲ្យទៅ​​​​​​កាន់​​​សាលាឃុំគគីរទៀត​ផង​កាល​​​ពី​​​សប្តាហ៍​​​មុន ហើយ​​​បាន​​​ណែ​​​នាំ​​​ពួក​​​គាត់​​​​ឲ្យគូស​​លើ​លេខ​រៀង​​​ទី៤​​​ ដែល​​​ជា​​​ប្រអប់​​​របស់​​​​​​​បក្ស​​​កាន់​​​អំណាច​​​នៅ​​​លើ​​​សន្លឹក​​​ឆ្នោត​​​​សាក​​​ល្បង​​​ ជា​ការ​អះអាង​មួយ​ដែល​មេឃុំ​ជា​អ្នក​រៀប​ចំ​ពិធី​នេះ​ឡើង​បញ្ជាក់​ថា​មាន​ពិត​មែន។

លោក​ស្រី ទេព សមុនី មេឃុំគោក​ព្រីង​បាន​​​លើក​​​ឡើង​​​ថា លោក​ស្រីមាន​​​សន្លឹក​​​ឆ្នោត​​​​សាក​​​ល្បង​​​១.០០០សន្លឹក​​​សម្រាប់​​​បង្រៀន​​​អ្នក​​​បោះ​​​ឆ្នោត​​​ដែល​​​គាំ​​​ទ្រ​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ ប៉ុន្តែ លោក​​​ស្រី​​​បាន​​​បដិសេធ​​​​​​ការ​​​អះ​​​អាងដែល​​​ថា ប្រជា​​​ពល​​​រដ្ឋនៅ​​​ក្នុង​​​ពិធី​នេះ​​​ត្រូវ​​​បាន​​​បង្គាប់​​​ឲ្យ​​​គូស​​ ឬក៏អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​បាន​​​សហ​ការ​​​ជាមួយ​​​សកម្ម​​​ជន​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ដើម្បី​​​ធ្វើ​​​រឿង​​​នេះ​​​។

លោក​​​ស្រី​​​បាន​​​មាន​​​ប្រសាសន៍ថា​ “ យើង​​​បាន​​​ឲ្យ​​​សន្លឹក​​​ឆ្នោត​​​សាក​​​ល្បង​​​ទៅ​​​អ្នក​​​ភូមិ​​​រៀន​​​​គូ​​ស​​​ ប៉ុន្តែ យើង​​​មិន​​​បាន​​​ប្រាប់​​​ពួក​​​គាត់​​​ថា ​គណ​​​​បក្ស​​​ណា​​​ដែល​​​ពួក​​​គាត់​​​គួរ​​​តែ​​​គូស​​​នោះ​​​ឡើយ​​​ពី​​​ព្រោះ​​​នេះ​​​ជា​​​សិទ្ធិ​​​របស់​​​ពួក​​​គាត់​​​ក្នុង​​​ការ​​​ជ្រើស​​​​រើស​​​គណ​​​បក្ស​​​ដែល​​​ខ្លួន​​​ស្រឡាញ់”។ លោក​​​​ស្រី​​​បាន​​​បន្ត​​​ថា “ វា​​​មិន​​​មែន​​​ជា​​​ការ​​​បោក​​​ប្រាស់​​​ ឬជាការ​​​ដាក់​​​សម្ពាធ​​​លើ​​​អ្នក​​​ភូមិ​​​​​​ឡើយ​​​ ពី​​​ព្រោះ​​​នៅ​​​ពេល​​​ពួក​​​គាត់​​​ទៅ​​​បោះ​​​ឆ្នោត​​​​នៅ​តាម​ការិយា​ល័យ​​​​បោះ​​​ឆ្នោត​​​ យើង​​​មិន​​​ដឹង​​​ថា ​​​ពួក​​​គាត់​​​បោះ​​​ឆ្នោត​​​ឲ្យគណ​បក្ស​ណា​មួយ​​​​នោះ​​​ទេ”។

លោក ទេព នីថា អគ្គលេខា​​​ធិការ​​​គណៈ​​​កម្មា​​​ធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​បាន​​​លើក​​​​ឡើង​​​ថា គ្មាន​​​អ្វី​​​ខុស​​​ទេ​ដែល​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​​អម​​​ដំណើរ​​​សកម្ម​​​ជន​​​បក្ស​​​ទៅ​​​បង្រៀន​​​អ្នក​​​បោះ​​​ឆ្នោត​​​ឲ្យចេះ​​​គូស​​​លើ​​​សន្លឹក​​​ឆ្នោត​​​សាក​​​ល្បង​​​នោះ​​​។​​​​​​​​​​​​​​​ លោក ទេព នីថា ក៏​​​​​​មាន​​​ប្រសា​សន៍​​​ដែរ​​​​ថា ​លោក​​​មិន​​​បាន​​​ឃើញ​​​អ្វី​​​ខុស​​​នោះ​​​ទេ ​ចំពោះ​​​ការ​​​គូស​​​លើ​​​សន្លឹក​​​ឆ្នោត​​​សាក​​​ល្បង​​​ដែល​​​​ប្រ​​​ជា​​ពល​​​រដ្ឋ​​​បាន​​តវ៉ា​​​កាលពី​​​ម្សិល​​​មិញ​នោះ។ លោកបាន​​​ថ្លែង​​​ថា “ ខ្ញុំ​​​មិន​​​ដឹង​​​ថា តើ​​​វា​​​ដាក់​​​​សម្ពាធ​​​​​លើ​​​ប្រជា​​​ពល​​​រដ្ឋ​​​យ៉ាង​​ម៉េចទេ។ ពួក​​​គេ​​​ទៅ​​​ដើម្បី​​​ទាក់​​​ទាញ​​​អ្នក​​​គាំទ្រ និង​​​បង្ហាញ​​​ប្រជា​​​ពលរដ្ឋ​​​ឲ្យ​​​​​ពី​​​របៀប​​​គូស​​​លើ​​​សន្លឹក​​​ឆ្នោត​​​ឲ្យ​បាន​ត្រឹម​ត្រូវ”។

លោក​​​មាន​​​ប្រសាសន៍​​​ថា “ វា​​​ខុស​ប្រសិន​​​​បើ​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​ទៅ​​​ជាមួយ​​​សមាជិក​​​គណ​​​​បក្ស​​​នយោ​​​បាយ​​​ ហើយ​​​ជំរុញ​​​អ្ន​​ក​​​ភូមិឲ្យ​​​​គូស​​​លើ​​​សន្លឹក​​​ឆ្នោត​​​សាក​​​ល្បង​​។ ប៉ុន្តែវា​​​មិន​អីទេ ប្រសិន​​​បើ​​​ពួក​​​គេ​​​ឈប់​​​សម្រាក​​​ ហើយ​​​ចុះ​តាម​មូលដ្ឋាន​​​ដូច​​​​មនុស្ស​​​ធម្មតា​​​នោះ”។

លោក គល់ បញ្ញា នាយក​​​គណៈ​​​កម្មា​​​ធិការ​​​ដើម្បី​​​​ការ​​​បោះ​​​ឆ្នោត​​​ដោយ​​​សេរី និង​​​យុត្តិធម៌​​​នៅ​​​កម្ពុជា ហៅ​កាត់ថា ខុមហ្វ្រែល មិន​​​​​​យល់​​​ស្រប​​​តាម​​​ការ​​​វាយ​​​តម្លៃ​​​នេះ​​​ឡើយ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ភាព​​​គ្រោះ​​​ថ្នាក់​​​នៃ​​​ការ​​​គូ​​ស​​​សន្លឹក​​​ឆ្នោត​​​សាក​​​ល្បង​​​​​​គឺថា ​ហេតុការណ៍​​​បែប​​​នេះ​​​​​​ដាក់​​​សម្ពាធ​​​លើ​​​ប្រជា​​​ពល​​​រដ្ឋ​​​​ច្បាស់​ណាស់ឲ្យ​​​បោះ​​​ឆ្នោត​​គាំ​ទ្រ​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​នៅ​​​ថ្ងៃ​​​បោះ​​​ឆ្នោត​​​ជាតិ​​​មក​​​ដល់​​​ ជា​​​ពិសេស​​​ប្រសិន​​​បើ​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​ ដែល​ជា​ការ​​​បំពាន​​​ច្បាប់​​​បោះ​​​ឆ្នោត​​​។

លោក គល់ បញ្ញា បាន​​​ថ្លែង​​​ថា “ ប្រសិន​​​បើ​​​ ​[សកម្ម​​​ជន​​​បក្ស] ចូល​រួម​ជា​​មួយ​មេ​​​ភូមិនោះ​​​ជា​​​បញ្ហា ពីព្រោះ​​​ពួក​​​គេ​​គួរ​​​​តែ​​​នៅ​អព្យាក្រឹត​​​។​ច្បាប់​​​បោះ​​​ឆ្នោត​​​ចែង​​​ថា ពួក​​​គេ​​​ [អាជ្ញាធរ​​​មូល​​​​ដ្ឋាន] ត្រូវតែ​​​នៅអព្យា​​​ក្រឹត​​​ ហើយ​​​វា​ជះ​​​ឥទ្ធិ​ពល​​​​លើ​​​អ្នក​​​បោះ​​​ឆ្នោត ពីព្រោះ​​​មេភូមិ​​​ភាគ​​​ច្រើន​​​មក​​​ពី​​​គណ​​​បក្ស​​​ប្រ​​​ជា​​​ជន​​​កម្ពុជា​​​ ហើយ​​​ពួក​​​គេ​​​ជា​​​អ្នក​​​ឃ្លាំ​​​មើល​​​ការ​​​បោះ​​​ឆ្នោត”។

លោក​​​បានបន្ថែម​​​ថា “ មេភូមិ​​​មាន​​​ឥទ្ធិ​​​ពល​​​​ខ្លាំង។​វាបង្ក​ឲ្យ​មាន​​​បញ្ហា​​​មួយ​​​ចំនួន និង​​​ធ្វើ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​ភ័យ​​​ខ្លាច”។ លោក គល់ បញ្ញា បាន​​​មាន​​​ប្រសាសន៍​​​ថា ​ខុមហ្វ្រែល​​​ទទួល​​​បានពាក្យ​​​​បណ្តឹង​​​មួយ​​​ចំនួន​​​ពី​​​អ្នក​​​បោះ​​​ឆ្នោត​​​ដែល​​​មាន​​​ការ​​​ព្រួយ​​​បារម្ភ​​​នៅ​​​​ទូទាំង​​​ប្រទេស​​​ ដូចជា​​​នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម​ព្រៃវែង និង​​​ខេត្ត​​​សៀម​​​រាប ជា​​​ពិសេស​​​អ្នក​​​ដែល​​​គូស​​​​​​លើ​​​សន្លឹក​​​ឆ្នោត​​​សាក​​​ល្បងតែ​ម្តង។

លោក សុន ឆ័យ ដែល​​​កំពុង​​​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​តំណាង​រាស្ត្រ​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​មណ្ឌល​​​​ភ្នំ​​​ពេញ ​​​បាន​​​លើក​​​ឡើង​​​ថា ការ​​​គូស​​​លើ​​​សន្លឹក​​​ឆ្នោត​​​សាក​​​ល្បង​​​នេះ កើត​​​មាន​​​ជា​​​ច្រើន​​​កន្លែង ហើយ​​​កំពុង​​​តែ​​​ត្រូវ​​​បាន​​​ដឹក​​​នាំធ្វើ​​​​ដោយ​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​។ លោក​​​បាន​​​ថ្លែង​​​ថា “ ខណៈ​ពេល​​​ពួក​​​គេ​​ធ្វើ​​ពុត​ជាបង្រៀន​​​ប្រជា​​​ពលរដ្ឋ​​​អំពី​​​របៀប​​​បោះ​​​ឆ្នោត ពួក​​​គេ​​​ក៏​​​បង្ខំ​​​ប្រជា​​​ពលរដ្ឋ​ឲ្យ​​​​ចង​​​ចាំ​​​លេខ​រៀង​របស់​​​ [​​​គណ​​​បក្សប្រជា​​​ជនកម្ពុជា] ​ដែរ ​ហើយ​​​​​​បង្ខំ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​សន្យា​​​នឹង​អាជ្ញា​​​ធរ​ថា នឹង​​​បោះ​​​ឆ្នោត​​​គាំ​ទ្រ​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា។ នោះ​ជា​បញ្ហា​​​ដែល​កំពុង​កើត​​​មាន​​​ឡើង​​​នៅគ្រប់​​​ទី​​​កន្លែង​​​។ពួក​​​គេ​​​ប្រាប់​​​ប្រជា​​​ពលរដ្ឋ​​​ថា ត្រូវតែ​​​បោះ​​​ឆ្នោត​​​ឲ្យ​​​លេខ​​​៤។ ​នេះ​​​មិន​​​មែន​​​ការ​​​បង្រៀន​​​​​ទេ”។

លោក សុន ឆ័យ បាន​​​មាន​​​ប្រសាសន៍​​​ថា ​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅគណៈ​​​កម្មា​​​ធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ ពាក់​ព័ន្ធ​នឹងការ​​​បង្រៀន​​​ប្រជា​​​ពល​​​រដ្ឋ​​​ឲ្យ​​​ចេះ​​​គូស​លើ​ស្លឹក​ឆ្នោត​​​​នេះ ប៉ុន្តែ ​​ទទួល​បាន​​​​​មក​​​វិញ​​​ត្រឹម​​​តែ​​​លេស​​​​ប៉ុណ្ណោះ​នៅ​​​ក្នុង​​​ការ​​​ឆ្លើយ​​​តប​​​។ លោក​​​បាន​​​ថ្លែង​​​​​​ថា គណៈ​​​កម្មាធិការ​​​ជាតិរៀប​ចំ​ការ​បោះ​ឆ្នោត​​​​ទទូច​ឲ្យ​​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​ កុំ​ចូល​រួម​ពាក់​​​ព័ន្ធ​។​​​ លោក​​​ សុន ឆ័យ បាន​​​បន្ថែមថា “ គណៈ​​​កម្មការ​​​បោះ​​​ឆ្នោត​​​ថ្មី​នេះ​មិន​​​សូវ​អើ​ពើនឹង​បណ្តឹង​​​នេះ​​​ឡើយ”៕

ប្រែសម្រួលដោយ ស៊ា សុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស