កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះទោសអតីតមន្ត្រីនគរបាលពីរនាក់ ត្រូវបានចោទប្រកាន់ពីបទបាញ់ប្រហារបុរសអាយុ២៩ឆ្នាំម្នាក់ ដែលបដិសេធមិនផ្តល់ប្រាក់ឲ្យខ្លួននៅកុងត្រូលជជុះមួយកន្លែងកាលពីខែមករា។ លោក សួស សំអាត ប្រធានក្រុមប្រឹក្សាជំនុំជម្រះ ឲ្យដឹងថា ឈ្មោះ យូ សុខគា អាយុ៣០ឆ្នាំនិង គង់ ដារ៉ា អាយុ៤៤ឆ្នាំ កំពុងប្រឈមនឹងការចោទប្រកាន់ពីបទប៉ុនប៉ងជំរិតទារប្រាក់ និងប្រើប្រាស់អាវុធខុសច្បាប់។
នៅក្នុងសវនាការ ឈ្មោះ យូ សុខគា បានបដិសេធថា មិនបានបាញ់ជនរងគ្រោះឈ្មោះ ឌី វិចិត្រ ដែលត្រូវរបួសដោយគ្រាប់កាំភ្លើងមួយគ្រាប់ចំទ្រូងខាងឆ្វេងក្រោយកើតមានហេតុការណ៍នៅផ្លូវលេខ៥៩៨ នៅក្នុងខណ្ឌឫស្សីកែវទេ ប៉ុន្តែបានសារភាពថា ខ្លួនបានរាលកៃកាំភ្លើងនិងបានទារប្រាក់នោះមែន។
ចម្លើយរបស់ យូ សុខគា គឺផ្ទុយគ្នាពីការអះអាងរបស់ជនរងគ្រោះ បាននិយាយនៅមន្ទីរពេទ្យថា ខ្លួនគ្រាន់តែបដិសេធមិនផ្តល់ប្រាក់តាមការទាមទាររបស់មន្ត្រីនគរបាលពាក់ព័ន្ធទាំងពីរនាក់ ដែលបានឃាត់រថយន្ដរបស់គាត់ពេលកំពុងដឹកម្ទេស។លោកបាននិយាយថា “ ខ្ញុំបានឃើញអ្នកបើកបរនេះចេញពីរថយន្ត ហើយដើរសំដៅមករកខ្ញុំដោយមានកាន់ដំបងដែកក្នុងដៃផង ឃើញដូច្នេះ ខ្ញុំក៏បានដកកាំភ្លើងខ្លីចេញ”។ លោកបន្តថា ខ្លួនបានបាញ់កាំភ្លើងឡើងលើ ដើម្បីព្រមានលោក វិចិត្រ។
សុខគា សារភាពថា ខ្លួនទៅឈរជើងនៅលើផ្លូវលេខ៥៩៨ដោយគ្មានការអនុញ្ញាតជាប្រចាំ ដើម្បីជំរិតទារប្រាក់ពីអ្នកបើកបរផ្សេងៗ ហើយថា ខ្លួនបានធ្វើដូច្នេះអស់រយៈពេលប្រហែលពីរឆ្នាំមកហើយ។ សុខគា បន្តថា “ ខ្ញុំមិនមែនជានគរបាលចរាចរទេ ប៉ុន្តែខ្ញុំបានសម្រេចចិត្តធ្វើបែបនេះ ដើម្បីផ្គត់ផ្គង់ជីវភាពខ្វះខាតរបស់គ្រួសារខ្ញុំ។ ខ្ញុំសំណូមពរឲ្យលោកចៅក្រមមេត្តាកុំផ្តន្ទាទោសឲ្យខ្ញុំជាប់ពន្ធនាគារយូរពេក”។
ចំណែក គង់ ដារ៉ា អះអាងថា ខ្លួនពុំមានវត្តមាននៅកន្លែងកើតហេតុទេ ពេលមានការបាញ់ប្រហារនោះ។ គាត់បន្តថា “ ខ្ញុំបានឃើញមន្ត្រីនគរបាលម្នាក់ដេញតាមរថយន្តមួយគ្រឿងពេលខ្ញុំកំពុងស្ថិតនៅស្ថានីយប្រេងឥន្ធនៈមួយកន្លែងឆ្ងាយពីទីនោះ។ ខ្ញុំមិនបានដឹងថា មានការបាញ់ប្រហារនេះទេ”។
ចៅក្រម សំអាត ថ្លែងថា ទង្វើរបស់ជនសង្ស័យទាំងពីរនេះធ្វើឲ្យ “ ប៉ះពាល់យ៉ាងខ្លាំងដល់សាធារណជន និងកិត្តិយសរបស់មន្ត្រីនគរបាលផ្សេងទៀត”។សាលក្រមនឹងត្រូវប្រកាសនៅថ្ងៃទី២៥ ខែកក្កដា ខាងមុខនេះ៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ