33 C
Phnom Penh

នួន​ ជា ច្រាន​ចោល​រាល់​ឯក​សារ​​​ជា​ភ័ស្តុ​តាងសម្រាប់​​ដាក់​បន្ទុក​លើ​ខ្លួន​នៅ​សាលា​ក្ដីខ្មែរ​ក្រហម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ​ ជន​ជាប់​​ចោទ​ពីបទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម នួន ជា ​​បានថ្លែង​យ៉ាង​ក្បោះ​ក្បាយ​​​​ប្រាប់​សាលា​ក្ដីខ្មែរ​ក្រហម​​ថា ការ​ជម្លៀស​ប្រជា​​​ជន​​យ៉ាង​ព្រៃផ្សៃ​ចេញពីទីក្រុង​​ភ្នំពេញ​ និង​ទីក្រុង​ផ្សេងៗទៀត​ក្នុង​ឆ្នាំ​១៩៧៥​ មិន​មែន​ធ្វើ​ឡើង​ដោយ​​បង្ខំ​ទេ ហើយ​ថា រាល់​ឯក​សារ​ជាភ័ស្តុតាង​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ដាក់​បន្ទុក​លើ​រូប​លោក​នៅ​តុលាការ​គឺ​ជាការ​បំផ្លើស​អំពី​តួនាទី​របស់​លោក​ក្នុង​របប​នេះ​។

អង្គុយ​នៅ​ចុង​គ្រែ​ក្នុង​បន្ទប់​ឃុំ​ខ្លួន​​ ចុង​ចោទ​ក្នុង​វ័យ៨៧​ឆ្នាំរូប​នេះ បាន​ចោទ​សួរ​អំពី​ការ​យក​​ទស្សនាវដ្ដី​ទង់​ជាតិ​បដិវត្ត​ន៍​​ (Revolutionary Flag) ដែល​ជា​ទស្សនាវដ្ដី​ផ្លូវ​ការ​ក្នុង​របប​កម្ពុជា​ប្រជា​ធិតេយ្យ​ និង​សៀវ​ភៅ​​​និពន្ធ​ដោយ​ជន​បរទេស​មក​ធ្វើ​ជា​ភ័ស្តុតាង​​បញ្ជាក់​ពី​តួនាទី​របស់​លោក​ក្នុង​របប​នោះ​។

ជន​ជាប់​​ចោទ​ នួន​ ជា បានចំណាយ​ពេល​៣០​នាទី​អាន​លិខិត​ត្រៀម​ទុក​ជា​មុន​​ថា “ ខ្ញុំ​យល់​ល្មម​នឹង​ជឿថា អ្វី​ដែល​​ព្រះរាជ​អាជ្ញា​​បាន​លើក​ឡើង​គឺ​មិន​ត្រឹម​ត្រូវ​ផង​ និង​មិន​ឆ្លុះ​បញ្ចាំង​ពីហេតុការណ៍​ពិត​ប្រាកដ​ដែល​បាន​កើត​ឡើង​អំឡុង​ពេល​នោះ​ផង​”។
នួន ជា និយាយ​ថា ខ្លួន​បាន​ថ្លែង​បែប​នេះ​ដើម្បី​ឲ្យ​ុុតុលាការ​បាន​យល់​ច្បាស់​ ​និង​ដើម្បី​តវ៉ា​ចំពោះ​ខ្លឹម​សារ​ និង​ទម្រង់​ឯកសារ​ដែល​ព្រះរាជអាជ្ញា​បាន​បង្ហាញ​។

នួន ជា​ បាន​ប្រាប់​តុលាការថា ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​ទីក្រុង​ភ្នំពេញ​​ និង​ទីក្រុង​ផ្សេងៗទៀត​បាន​ធ្វើ​ឡើង​ដោយសារ​កង្វះ​ស្បៀង​អាហារ​នៅ​ទូទាំង​ប្រទេស និងដោយ​​​​សារ​ការ​ព្រួយ​បារម្ភ​ខ្លាច​យន្តហោះ​អាមេរិក​ទម្លាក់​គ្រាប់​បែក​​សម្លាប់​មនុស្ស​មិន​រើស​មុខ​នៅ​ប្រទេស​នេះ​ម្ដង​ទៀត​ ដូច​ដែល​ខ្លួន​ធ្លាប់​បាន​ធ្វើ​ក្រោម​ការ​ដឹក​នាំ​របស់​រដ្ឋាភិ​បាល​យោធា​ លន់ នល់។

នួន ជា បាន​ប្រាប់​តុលាការ​ថា “ ការ​បំផ្លិច​បំផ្លាញ​បង្ក​ឡើង​ដោយការ​ទម្លាក់​គ្រាប់បែក​​បាន​ធ្វើ​ឲ្យ​មានការ​ខ្លោច​ផ្សា​ក្នុង​​ចិត្ត​ណាស់​នៅ​ពេល​ទ្រព្យ​សម្បត្តិ​ ផ្ទះសំបែង​​ វត្តអារ៉ាម និង​សត្វពាហនៈ​រង​ការ​ប៉ះពាល់​ ហើយ​ជីវិត​របស់​ជន​ស្លូត​ត្រង់​រាប់​ពាន់​នាក់​បានបាត់​បង់​។ ដោយ​បាន​គិត​ដល់​សោកនាដកម្ម​ដែល​ទំនង​បំផុត​ថា​នឹង​កើត​ឡើង​ម្ដង​ទៀត​ និង​ដើម្បី​ធានា​សុវត្ថិ​ភាព និង​សន្តិសុខ​សម្រាប់​ប្រជា​ជន​ ថ្នាក់​ដឹក​នាំ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ ជា​ពិសេស​គឺ​ ប៉ុល ពត បាន​សម្រេច​ចិត្ត​ជម្លៀស​ប្រជា​ជន​​​​​​​ចេញពីទីក្រុង​​”។

នួន ជា បាន​អះអាង​ថា ការ​ជម្លៀស​​នេះ​ត្រូវ​បាន​ “ ធ្វើ​ឡើង​ដោយ​ស្ម័គ្រ​ចិត្ត​គ្មាន​ការ​បង្ខិត​បង្ខំ​ ការ​ប្រើ​អំពើ​ហិង្សា​ ឬការ​សម្លាប់​ប្រជា​ជន​ឡើយ​”។ ផ្ទុយ​ពីការ​អះអាង​របស់​ នួន ជា សាក្សី​​ដែល​ស្ថិត​នៅក្នុង​ហេតុការណ៍​ឆ្នាំ​១៩៧៥​នេះ​បាន​ប្រាប់​តុលាការ​ម្ដង​ហើយ​ម្ដង​ទៀត​ថា ប្រជា​ជន​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​ទីក្រុង​ដោយ​កង​ទ័ព​ខ្មែរ​ក្រហម​ប្រដាប់​អាវុធ​ ដែល​មួយ​ចំនួន​ក្នុង​ចំណោម​ពួកគេ​បាន​បាញ់​សម្លាប់​ប្រជា​ជន​ដែល​ហា៊ន​ប្រឆាំង​។ អ្នក​ជំងឺ​ និង​មនុស្ស​ជិត​ស្លាប់​ក៏ត្រូវ​បាន​បង្ខំ​ឲ្យ​ចាក​ចេញ​ពី​មន្ទីរ​​ពេទ្យ​នានា​​ឲ្យ​អស់​ដែរ​។

ក្នុង​ខែ​ឧសភា នួន ជា ខ្លួន​ឯង​បាន​សម្ដែង​វិប្បដិសារី​ដ៏​​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​ ហើយថា​ គាត់​មាន​មន​សិការទទួល​ខុស​​ត្រូវ​​ចំពោះ​​អ្វី​ដែល​បាន​កើត​ឡើង​ក្នុង​របប​នោះ។ នួន ជា បាន​និយាយ​ប្រាប់​តុលាការ​នៅ​ពេល​នោះ​ថា “ ខ្ញុំ​ទទួល​ខុស​​ត្រូវ​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​អំឡុង​សម័យ​កម្ពុជា​ប្រជា​ធិបតេយ្យ​។ ខ្ញុំ​មិន​គេច​វេះ​​ពី​ការ​ទទួល​ខុសត្រូវ​របស់​ខ្លួន​ឯង​ទេ​។ ខ្ញុំ​ទទួល​ខុស​​ត្រូវ​ដោយ​​សុទ្ធចិត្ត​។ ខ្ញុំ​​និយាយ​ដោយ​ស្មោះ​ត្រង់​។ ក្នុង​នាម​ជា​សមាជិក​នៃ​របប​កម្ពុជា​ប្រជា​ធិប​តេយ្យ​ ខ្ញុំ​ទទួល​យក​ការ​ទទួល​ខុស​ត្រូវ​នេះ”​។

ទោះ​ជាយ៉ាង​ណា​ នួន ជា ហាក់​ដូច​ជា​បាន​ផ្លាស់​ប្ដូរ​ចិត្ត​កាលពីម្សិលមិញ​ ដោយ​បាន​រិះ​គន់​ព្រះរាជអាជ្ញា​ចំពោះ​ការយក​​អត្ថបទ​ថត​ចម្លង​នៃ​ទស្សនាវដ្ដី​ទង់​ជាតិ​បដិវត្តន៍​របស់​របប​នេះ​មក​ធ្វើ​ជា​ភ័ស្តុតាង​បញ្ជាក់​ពី​តួនាទី​របស់​លោក​ក្នុង​របប​នេះ​ ដោយ​បាន​អះអាងយ៉ាង​ច្បាស់​​ថា ខ្លឹម​​សារ​​​នៅ​ក្នុង​​ទស្សនាវដ្ដី​នោះ​គឺ​ជា​ស្នាដៃ​របស់​ ប៉ុល ពត។

នួន ជា និយាយ​​​ថា “ តាម​ពិត​​ [ទស្សនាវដ្ដី] ទង់​ជាតិ​បដិវត្តន៍​​គ្មាន​អ្វី​ពាក់​ព័ន្ធ​ជាមួយ​ខ្ញុំ​ទេ​​។ គឺ ប៉ុល ពត តែម្នាក់​ឯង​ទេ ​ដែល​ធ្វើ​សេចក្ដី​សម្រេច​មុន​ពេល​អត្ថបទ​ណាមួយ​អាច​​​ចេញ​ផ្សាយ​បាន​។ និយាយ​រួម​ទៅ ​វា​មិន​មែន​​ជា​សេច​ក្ដី​សម្រេច​រួម​ទេ វា​គឺ​ជា​សេចក្ដី​សម្រេច​របស់​ ប៉ុល ពត តែ​ម្នាក់​ ដែល​មាន​​អំណាច​ទាំង​​ស្រុង​។អ្វី​ដែល​គាត់​ហា៊ន​និយាយ​គឺ​គាត់ហ៊ាន​​​ធ្វើ​​”។

នួន ជា និយាយ​បន្ត​ថា ខ្លួន​នឹងប្រឆាំង​​កា​រ​រាប់​បញ្ចូល​​អត្ថបទ​ដក​ស្រង់​ចេញ​ពី​សៀវ​ភៅ​និពន្ធ​ដោយ​​លោក​ ហ្វីលីព ឆត​ (Philip Short) លោក ដេវិ​ដ ឆាណ្ឌល័រ (David Chandler) និង​​លោក ហ្វ្រង់ស័រ ប៉ុនឆូត (Francois Ponchaud)។ នួន ជា ​បាន​និយាយ​ថា “ តាម​ពិត​ សៀវ​ភៅ​​ទាំង​នេះ ​បើ​ទោះ​ជាមាន​ឯកសារ​នៅ​ខាង​ក្នុង​​ក៏​វាមិន​ពិត​​១០០​ភាគរយ​ដែរ​”។

​នួន ជា បាន​ស្វះស្វែង​បំភ្លឺ​ថា គាត់​មិន​ដែល​មាន​មុខ​តំណែង​ជា​​នាយក​រដ្ឋមន្ត្រី​ស្ដីទី​​ពេល​ ប៉ុល ពត អវត្តមាន​ទេ​​ ហើយ​បាន​ប្រាប់​​អង្គ​ជំនុំជម្រះ​ថា សម្ដី​របស​់​ខ្លួន​គឺ​មាន​ “ សារៈ​សំខាន់​​សម្រាប់​ការ​ទទួល​បាននូវ​​ការពិត​ និង​យុត្តិធម៌​​”។

ឆន្ទៈ​របស់​ នួន ជា ក្នុង​ការ​បន្ត​ស្រាយ​បំភ្លឺ​ផ្ទាល់​មាត់​នៅ​ចំពោះ​មុខ​តុលាការ​ គឺ​ផ្ទុយ​គ្នា​ពី​សហចុង​ចោទ​របស់​ខ្លួន​គឺ​ ខៀវ សំផន​ ដែល​បាន​ប្រាប់​តុលាការ​ថា ខ្លួន​នឹង​បន្ត​រក្សាភាព​ស្ងប់​ស្ងាត់​រហូត​ដល់​ចប់​សវនាការ​ជំនុំជម្រះ​​ទោស​របស់​ខ្លួន​។

ខៀវ សំផន បាន​ប្រាប់​តុលាការ​ថា “ ខ្ញុំ​សូម​ជម្រាប​លោក​ចៅក្រម​ថា ខ្ញុំ​មាន​មូលហេតុ​​ក្នុង​ការ​ប្រើ​សិទ្ធិ​​រក្សា​ភាព​ស្ងាត់ស្ងៀម”។
ខៀវ សំផន និយាយ​ដោយ​មិន​បរិយាយ​​លម្អិត​ថា “ មូល​ហេតុ​គឺ​ដោយសារ​តុលាការ​មិន​បាន​គោរព​សិទ្ធិ​របស់​ខ្ញុំ និង​សិទ្ធិ​របស់​មេធាវីចុង​ចោទ​។ ដំបូង​ឡើយ​ខ្ញុំ​មាន​ជំនឿ​លើ​តុលាការ​នេះ​ ប៉ុន្តែ​ក្រោយ​មក​ គឺ​នៅ​នាទី​​ចុង​ក្រោយ ​ខ្ញុំ​លែង​មាន​ជំនឿ​លើ​តុលាការ​ទៀត​ហើយ​”។

ព្រះរាជអាជ្ញារង​ជាន់​ខ្ពស់​ លោក​ តារីក អាប់​ឌុលហាក់ (Tarik Abdulhak) បាន​និយាយ​ថា លោកមាន​ភាព​​ “ ស្រឡាំង​កាំង​” ចំពោះ​​ការ​សម្រេច​ចិត្ត​របស់​ ខៀវ សំផន ព្រោះ​ចុង​ចោទ​រូប​នេះ​តែ​ង​បាន​បង្ហាញ​ពី​ចេតនា​របស់​ខ្លួ​ន​ក្នុង​ការ​ឆ្លើយ​សំណួរ​​។
លោក​បាន​ធ្វើ​ការ​កត់​សម្គាល់​ថា ភាព​ស្ងាត់​ស្ងៀម​របស់​ ខៀវ សំផន អាច​មាន​ផល​អាក្រក់​​ចំពោះ​គាត់​ខ្លួ​ន​ឯង​ ពេល​ចៅក្រម​​ពិចារណា​ចេញ​សេចក្ដី​សម្រេច​។

លោក ស្តេហ្វិន ហ៊ែតឌើ (Stephen Heder)​អតីត​ទីប្រឹក្សា​នៅការិយាល័យ​សហចៅក្រម​ស៊ើប​អង្កេត​ និង​ជា​អ្នក​ស្រាវជ្រាវ​ប្រវត្តិ​សាស្ត្រ​​ខ្មែរ​ក្រហម​ដ៏លេច​ធ្លោរ​មួយ​រូប​​ ក៏បាន​ចូល​រួម​ក្នុង​សវនាការ​ដែរ​កាលពីម្សិលមិញ​។

លោក ហ៊ែតឌើ ដែល​បាន​បដិសេធ​​ការ​អញ្ជើញ​ឲ្យ​មក​ធ្វើ​ជា​​សាក្សី​ជំនាញ​​កាលពីខែ​ឧសភា បាន​លាលែង​ពីតុលាការ​នេះ​ក្នុង​ឆ្នាំ​២០១១ ដោយ​បាន​លើក​ឡើង​អំពី​ “ បរិយា​កាស​អាប់​អួរ” ។ ការ​ផ្ដល់​សក្ខីកម្ម​របស់​លោកនឹង​បន្ត​នៅ​ថ្ងៃ​នេះ​៕

ប្រែសម្រួល​ដោយ ភួន ច័ន្ទសេរីវុធ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស