ស្រុកពាមជរ ខេត្តស្វាយរៀង-មេដឹកនាំកំពូលៗរបស់គណបក្សប្រជាជនមកពីខេត្តព្រៃវែង បានប្រមូលផ្ដុំតាមបណ្តោយច្រាំងទន្លេមេគង្គ កាលពីព្រឹកថ្ងៃអង្គារ ខណៈពេលមេឃចាប់ផ្តើមភ្លៀងខ្លាំងស្រោចស្រប់ទីនោះដែលព័ទ្ធជុំវិញដោយចម្ការពោត។
នៅម៉ោង៨និង៤៥នាទីព្រឹក លោក ជាម យៀប សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជា និងក្រុមការងាររបស់លោកបានបង្ហាញវត្តមាននៅលើទូកលឿនមួយគ្រឿងប្រវែង១៥ម៉ែត្រហើយបានចូលចត និងបានដើរប្រវេប្រវាលើផ្លូវដីឥដ្ឋរអិលទៅកាន់វេទិកាមួយដែលគេរៀបចំឡើងនៅចម្ងាយប្រមាណពីរបីរយម៉ែត្រ នៅខាងមុខសាលាស្រុក ក្នុងឃុំស្វាយភ្លោះ។
ពេលកំពុងឈរលើវេទិកា លោក ជាម យៀប ដែលធ្លាប់ធ្វើជាអភិបាលខេត្តព្រៃវែងនៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ពីឆ្នាំ១៩៨១ដល់ឆ្នាំ១៩៨៧ មកនោះ បានរៀបរាប់ពីការរីកចម្រើនរបស់គណបក្សប្រជាជនកម្ពុជា ចាប់តាំងពីការបោះឆ្នោតតាមបែបប្រជាធិបតេយ្យត្រូវបានរៀបចំឡើងលើកដំបូងក្នុងឆ្នាំ១៩៩៣មក។
លោកបានមានប្រសាសន៍ថា “ ពេលនេះ គណបក្សប្រជាជនកម្ពុជាមានសមាជិកចំនួន៤៧០.០០០នាក់នៅក្នុងខេត្តព្រៃវែង និងមានសមាជិកចំនួន៥,៧លាននាក់នៅទូទាំងប្រទេស”។
លោក ជាម យៀប ប្រធានគណៈកម្មការហិរញ្ញវត្ថុ នៅរដ្ឋសភាបានថ្លែងទៅកាន់អ្នកចូលរួមទៀតថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសន្យាដោយផ្ទាល់ថា លោកនឹងផ្ដល់ថវិកាចំនួន១៥ពាន់លានរៀល ឬក៏ប្រហែល៣,៧៥លានដុល្លារ ដើម្បីបញ្ចប់ការស្ថាបនាផ្លូវដ៏សំខាន់នៅក្នុងស្រុកនេះ ដែលមិនមានក្រាលកៅស៊ូ និងលំបាកធ្វើដំណើរឆ្លងកាត់ជាខ្លាំងអំឡុងរដូវវស្សា ។
លោកក៏បានសន្យាដែរថា ការស្ថាបនាផ្លូវដែលតភ្ជាប់ពីស្រុកពាមជរ ទៅព្រំដែនប្រទេសវៀតណាម នឹងត្រូវចប់រួចរាល់ត្រឹមដំណាច់ឆ្នាំ២០១៤។ ការសន្យាស្ថាបនាផ្លូវ និងការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ដែលសុទ្ធតែចាំបាច់ខ្លាំងសម្រាប់សេដ្ឋកិច្ចដែលពឹងផ្នែកលើវិស័យកសិកម្មនៅក្នុងខេត្តព្រៃវែង គឺជាចំណុចស្នូលនៃគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជាតិដែលនឹងមកដល់ក្នុងពេលឆាប់ៗនេះ។
ប៉ុន្តែ នៅពេលសាកសួរបន្ទាប់ពីសុន្ទរកថារបស់លោកថា តើហេតុអ្វីបានជាគណបក្សប្រជាជនកម្ពុជានៅតែមានប្រជាប្រិយភាពខ្លាំងនៅក្នុងខេត្តព្រៃវែងនោះ លោក ជាម យៀប បានមានប្រសាសន៍ថា រចនាសម្ព័ន្ធបក្សបានធ្វើឲ្យគណបក្សប្រជាជនកម្ពុជានៅតែមានប្រជាប្រជាប្រិយភាពខ្លាំងនៅពេលបោះឆ្នោត គឺមិនមែនដោយសារការសន្យាធ្វើឲ្យរចនាសម្ព័ន្ធប្រសើរឡើងនោះឡើយ។
លោកបានថ្លែងថា “ ខ្ញុំគិតថា ប្រជាពលរដ្ឋភាគច្រើនស្រឡាញ់ចូលចិត្តគណបក្សប្រជាជនកម្ពុជា ពីព្រោះយើងមានរចនាសម្ព័ន្ធថ្នាក់ភូមិ ឃុំ ស្រុក និងខេត្ត”។ លោកបានបន្ថែមថា គណបក្សប្រជាជនកម្ពុជាមានក្រុមការងាររបស់ខ្លួន ដែលមានសមាជិកបក្សបីរូបរបស់បក្ស មានតួនាទីផ្សព្វផ្សាយគោលនយោបាយបក្សទៅកាន់អ្នកជិតខាងរបស់ខ្លួន នៅក្នុងភូមិសរុបទាំងអស់ចំនួន១.១៦៧ភូមិក្នុងខេត្តព្រៃវែង។
រចនាសម្ព័ន្ធបក្សរបស់គណបក្សប្រជាជនកម្ពុជា ដែលស៊ីគ្នាទៅនឹងរចនាសម្ព័ន្ធរបស់រដ្ឋាភិបាល បង្កើតបានស្ថានភាពមួយដែលធ្វើឲ្យអ្នកបោះឆ្នោតពឹងផ្អែកខ្លាំងលើរចនាសម្ព័ន្ធបក្សដើម្បីទទួលបានប្រយោជន៍ពីរដ្ឋាភិបាល ហើយយោងតាមអ្នកបោះឆ្នោត និងអ្នកឃ្លាំមើលការបោះឆ្នោតបានឲ្យដឹងថា មានការដាក់សម្ពាធខ្លាំងឲ្យប្រជាពលរដ្ឋគាំទ្រគណបក្សកាន់អំណាច។
លោក គ្រី សាន អាយុ៦៤ឆ្នាំ បានធ្វើជាមេឃុំនៅក្នុងឃុំស្វាយភ្លោះ អស់រយៈពេលប្រមាណ៣០ឆ្នាំមកហើយ។ លោក គ្រី សាន មានសិទ្ធិតែងតាំងមេភូមិ ដូចមេឃុំ-ចៅសង្កាត់ចំនួន១.៦៣៣រូបផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា ដែល៩៧ភាគរយជាមន្ត្រីរបស់គណបក្សកាន់អំណាច អ៊ីចឹងដែរ។
លោក គ្រី សាន ក៏ស្ថិតនៅក្នុងចំណោមក្រុមការងារថ្នាក់ឃុំរបស់គណបក្សប្រជាជនកម្ពុជាដែរ។ លោកបានពន្យល់ថា គោលដៅរបស់ក្រុមការងារថ្នាក់ភូមិ និងថ្នាក់ឃុំ គឺត្រូវផ្សព្វផ្សាយព័ត៌មានអំពីបក្ស និងដោះស្រាយរាល់បញ្ហាដែលអ្នកបោះឆ្នោតរបស់ខ្លួនកំពុងប្រឈម។
លោកបានមានប្រសាសន៍ថា “ យើងផ្សព្វផ្សាយសាររបស់យើង ហេតុដូច្នេះហើយ អ្នកភូមិនឹងយល់ដឹងពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ហើយពួកគាត់ក៏ចូលរួមជាមួយយើងដែរ”។ លោកបានបន្ថែមថា គណបក្សប្រជាជនកម្ពុជាតែងតែចេញមុខដោះស្រាយនៅពេលមណ្ឌលបោះឆ្នោតរបស់លោកជួបបញ្ហា។
លោកបានមានប្រសាសន៍បន្តថា “ នៅពេលអ្នកភូមិជួបគ្រោះមហន្តរាយដូចជាទឹកជំនន់ និងព្យុះជាដើម ពេលនោះគឺមានតែគណបក្សប្រជាជនកម្ពុជាទេ ដែលតែងតែទៅជួយប្រជាពលរដ្ឋបានទាន់ពេលវេលា”។
លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថា ខុមហ្វ្រែល បានលើកឡើងថា មុខងារពីររបស់អាជ្ញាធរមូលដ្ឋាននេះ ដែលធ្វើជាមេដឹកនាំបក្សតាមមូលដ្ឋានផង បានជួយឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានការគាំទ្រពីសាធារណជន ដោយធ្វើឲ្យគេគិតថា គណបក្សប្រជាជនកម្ពុជាជាអ្នកផ្ដល់សេវាចាំបាច់នានា មិនមែនរដ្ឋាភិបាលឡើយ។
លោកបានបន្ថែមថា “ ពួកគេ [គណ បក្សប្រជាជនកម្ពុជា] បានព្យាយាមច្របាច់បញ្ចូលគ្នារវាងមន្ត្រី [រដ្ឋាភិបាល] និងរចនាសម្ព័ន្ធស៊ីសង្វាក់ជាមួយគណបក្សប្រជាជនកម្ពុជា។ ពួកគេព្យាយាមកាត់បន្ថយរចនាសម្ព័ន្ធរបស់អាជ្ញាធរដែលមានស្រាប់នៅគ្រប់លំដាប់ថ្នាក់ ឲ្យក្លាយជាក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា”។
លោកបានថ្លែងថា “ វាធ្វើឲ្យប្រជាពលរដ្ឋយល់ច្រឡំជាខ្លាំង។ពួកគាត់មិនដឹងថា អ្វីចេញពីគណបក្សប្រជាជនកម្ពុជា ឬក៏រដ្ឋាភិបាលឡើយ។ វាបង្កបញ្ហាជាច្រើននៅថ្នាក់មូលដ្ឋាន ជាពិសេសសម្រាប់អ្នកមិនគាំទ្រគណបក្សប្រជាជនកម្ពុជា”។ លោកបានបន្ថែមថា មេភូមិ និងមេឃុំមានសិទ្ធិអំណាចសម្រេចអ្វីៗទាំងអស់ចាប់ពីកិច្ចសន្យារដ្ឋបាលដូចជាការលក់ដូរដីធ្លីជាដើម រហូតដល់ការចុះលិខិតអាពាហ៍ពិពាហ៍ និងបញ្ជីឈ្មោះអ្នកបោះឆ្នោត។
លោក គ្រី សាន បានលើកឡើងថា ទាំងលោក និងមេភូមិរបស់លោកមិនមែនជួយតែអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាហើយមិនជួយសមាជិកគណបក្សប្រឆាំងនោះទេ ប៉ុន្តែយោងតាមអ្នកភូមិមួយចំនួនក្នុងតំបន់នោះបានឲ្យដឹងថា តួនាទីរបស់មន្ត្រីមូលដ្ឋានក្នុងនាមជាសកម្មជនបក្ស បានធ្វើឲ្យមានបញ្ហាចំពោះអ្នកណាដែលគាំទ្រគណបក្សប្រឆាំងដោយបើកចំហ។
បើប្រៀបធៀបស្លាកសញ្ញា និងខិត្តប័ណ្ណផ្សព្វផ្សាយរបស់គណបក្សប្រជាជនកម្ពុជា ដែលបានបិទស្ទើរតែគ្រប់ផ្ទះតាមបណ្ដោយផ្លូវលំតភ្ជាប់ភូមិមួយចំនួនក្នុងឃុំស្វាយភ្លោះវិញ គេឃើញថា សូម្បីតែស្លាកសញ្ញាធម្មតារបស់គណបក្សសង្គ្រោះជាតិ គឺពុំសូវមានឡើយ។ ប៉ុន្តែនៅខាងមុខផ្ទះរបស់លោក អាត ខ្នា វិញ មានស្លាកសញ្ញារូបព្រះអាទិត្យរះរបស់គណបក្សសង្គ្រោះជាតិ ទ្រដោយបង្គោលឫស្សីកម្ពស់បីម៉ែត្រ។
លោក អាត ខ្នា អាយុ៤៥ឆ្នាំ ជាកសិករបានលើកឡើងថា នៅពេលគណបក្សប្រជាជនកម្ពុជាបានចុះមកជួយប្រជាពលរដ្ឋនៅក្នុងភូមិរបស់លោក អំឡុងពេលមានព្យុះ និងទឹកជំនន់ ផ្ទះឈើដ៏កំសត់របស់លោកតែងតែត្រូវគេរំលង ដោយសារតែទំនាក់ទំនងដោយបើកចំហរបស់លោក ជាមួយគណបក្សប្រឆាំង។
លោកបាននិយាយថា “ សម្រាប់ពួកយើងដែលគាំទ្រគណបក្សប្រឆាំងយ៉ាងខ្លាំង ពួកយើងមិនដែលទទួលបានជំនួយពីអាជ្ញាធរមូលដ្ឋានឡើយ នៅពេលយើងជួបប្រទះគ្រោះមហន្តរាយ ទោះបីជាពួកយើងក្រដល់ថ្នាក់នេះក៏ដោយ”។ លោកបានបន្ថែមថា អង្គការដូចជា កាកបាទក្រហមកម្ពុជា ជាដើម “ បានផ្ដល់អំណោយដល់ប្រជាពលរដ្ឋណាដែលគាំទ្រ [គណបក្សប្រជាជនកម្ពុជា] ប៉ុណ្ណោះ”។
អ្នកស្រី ចេង គួង អាយុ៣៧ឆ្នាំ ដែលជាសមាជិកមួយរូបនៅក្នុងក្រុមការងាររបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងភូមិបឹងឯក កន្លែងដែលលោក អាត ខ្នា រស់នៅ បានបដិសេធថា មិនមានការផ្ដល់អំណោយណាមួយសម្រាប់តែអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាទេ ប៉ុន្តែអ្នកស្រីបានលើកឡើងថា អ្នកស្រីចូលរួមយ៉ាងសកម្មជាមួយគណបក្សកាន់អំណាច “ពីព្រោះ [គណបក្សប្រជាជនកម្ពុជា] ស្ថាបនាផ្លូវ សាងសង់សាលារៀន និងមន្ទីរពេទ្យសម្រាប់យើង”។
នៅលើដើមឈើជុំវិញផ្ទះរបស់លោក ឈឹម លាប និងនៅលើសរសផ្ទះរបស់លោក មានបិទសុទ្ធតែស្លាកសញ្ញារបស់គណបក្សប្រជាជនកម្ពុជា ប៉ុន្តែកសិករអាយុ៣៩ឆ្នាំរូបនេះ បាននិយាយថា គាត់មិនបានបិទស្លាកសញ្ញាទាំងនេះទេ។
គាត់បាននិយាយថា“ ខ្ញុំមិនច្បាស់ថា អ្នកភូមិទាំងអស់ពិតជាគាំទ្រគណបក្សប្រជាជនកម្ពុជានោះឡើយ ប៉ុន្តែយើងបានអនុញ្ញាតឲ្យអាជ្ញាធរមូលដ្ឋានបិទស្លាកសញ្ញាទាំងនេះ ពីព្រោះយើងមិនចង់មានជម្លោះជាមួយពួកគេ”។ គាត់បានបន្ថែមថា គាត់ព្រួយបារម្ភថា ខ្លួនអាចនឹងបាត់បង់ភាពស្និទ្ធស្នាលជាមួយអាជ្ញាធរមូលដ្ឋាន ប្រសិនបើគាត់មិនបង្ហាញថា គាត់គាំទ្រគណបក្សប្រជាជនកម្ពុជាទេនោះ។ គាត់បាននិយាយបន្តទៀតថា “ យើងនៅស្ងាត់ស្ងៀម ប៉ុន្តែនៅពេលថ្ងៃបោះឆ្នោតមកដល់ យើងអាចបោះឆ្នោតឲ្យនរណាក៏បានតាមចិត្តចង់”៕
ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង