26 C
Phnom Penh

ក្នុង​សម័យ​ប្រជុំសភា​អាមេរិក​មាន​ការជំរុញ​ឲ្យ​មាន​ការ​កាត់​​ផ្តាច់​ជំនួយ​សម្រាប់​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អំឡុង​សម័យ​ប្រជុំ​សភា​ដែល​មាន​ការ​រិះគន់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​គណបក្ស​ប្រជា​ជន​កម្ពុជា​របស់​លោក​យ៉ាង​ខ្លាំង​ក្នុង​រដ្ឋធានីវ៉ាស៊ីន​តោន​ កាលពីថ្ងៃ​អង្គារ​សមាជិក​សភា​ម្នាក់​​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​​អនុម័ត​ច្បាប់​កាត់​បន្ថយ​ជំនួយ​របស់​សហ​រដ្ឋ​អាមេរិកសម្រាប់​ប្រទេស​កម្ពុជា​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិនៅ​ថ្ងៃ​ទី​២៨ ខែកក្កដា​ខាង​មុខ​នេះ​។

លោក ស្ទីវ ឆាបុត (Steve Chabot) ដែល​បាន​ដឹកនាំ​សម័យ​ប្រជុំ​របស់​អនុគណៈកម្មា​ធិ​ការ​សភា​ទទួល​បន្ទុក​តំបន់​អាស៊ី និង​ប៉ាស៊ីហ្វិក​​ ស្ដីពីការ​បោះ​ឆ្នោត​នាពេល​ឆាប់​ៗ​​របស់​កម្ពុជា​​​​បាន​លើក​ឡើង​ថា សេចក្ដី​ព្រាង​ច្បាប់​របស់​លោក​នឹង​បំពេញ​បន្ថែម​សេចក្ដី​សម្រេច​កាលពីខែ​មុន​របស់​ព្រឹទ្ធសភា​ ដែល​អំពាវ​នាវ​ឲ្យ​មាន​ការ​កាត់​បន្ថយ​ជំនួយ​ប្រសិន​បើ​ការ​បោះ​ឆ្នោត​ត្រូវ​បាន​ចាត់​ទុក​ថា “ មិន​គួរ​ឲ្យ​ជឿជាក់​ និង​គ្មាន​ការ​ប្រកួត​ប្រជែង​” និង​​ឲ្យប្រទេស​ជា​ម្ចាស់​ជំនួយ​ផ្សេងៗ​ទៀត​ធ្វើ​តាម​ខ្លួន​។

លោក ឆាបុត បាន​ថ្លែង​ថា “ នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា កម្ពុជា​នឹង​រៀប​ចំ​ការ​បោះឆ្នោត​ជាតិ​លើក​ទី​៥ ក្រោម​ស្លាក​ប្រជា​ធិបតេយ្យ​​ក្លែង​​ក្លាយ​ ដែលនៅ​​ពេល​នោះ​ ហ៊ុន សែន​ និង​ឈ្នះ​អាណត្តិ​នាយក​រដ្ឋមន្ត្រី​ទី​៤ តាម​រយៈ​ការ​ញុះ​ញង់​​​ឲ្យ​មាន​អំពើ​ហិង្សា​នយោបាយ អំពើ​ពុក​រលួយ​ និង​បក្ខ​ពួក​និយម​”។

លោក ឆាបុត បាន​បន្ថែម​ថា “ ទង្វើ​គាប​សង្កត់​ និង​បំភិត​បំភ័យ​របស់​គណបក្ស​ប្រជា​ជន​​កម្ពុជា​គឺ​មាន​ច្រើន​ណាស់​” ដោយ​លោក​បាន​លើក​ឧទាហរណ៍​អំពីការ​បណ្ដេញ​​សមា​ជិក​​សភា​គណបក្ស​ប្រឆាំង​ទាំង​អស់​ចេញ​ពី​សភា​កាលពីពេល​ថ្មីៗនេះ និង​ការ​បដិសេធ​របស់​រដ្ឋាភិបាល​មិន​ឲ្យ​មេដឹក​នាំ​គណបក្ស​ប្រឆាំង ​គឺ​លោក សម រង្ស៊ី​ ឈរ​ឈ្មោះ​បោះ​ឆ្នោត​ដោយសារ​បទ​ចោទ​ប្រកាន់​ព្រហ្មទណ្ឌ​។

លើសពីនេះ​ទៅ​ទៀត​ ក្រុម​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​បាន​ព្រមាន​ថា បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​​​​មិន​ប្រក្រតី​​​អាច​ធ្វើ​ឲ្យ​បាត់​បង់​សិទ្ធិ​របស់​អ្នក​បោះឆ្នោត​ម្នាក់​ក្នុង​ចំណោម​១០​នាក់ ហើយ​រដ្ឋាភិបាល​​បាន​ដក​បម្រាម​រយៈ​ពេល​មួយ​ខែ​លើ​ការ​ចាក់​ផ្សាយ​កម្មវិធី​វិទ្យុ​បរទេស​ទាំង​អស់​ ដែល​ជា​ប្រភព​តែ​មួយ​គត់​នៃ​ព័ត៌មាន​ឯក​រាជ្យ​សម្រាប់​ប្រជា​ពល​រដ្ឋ​​កម្ពុជា​ភាគ​ច្រើន​បន្ទាប់​ពីមាន​ការ​ថ្កោល​ទោស​​ជា​អន្តរជាតិ​​ភ្លាម​ៗ​យ៉ាង​ខ្លាំង​។

លោក ឆាបុត បាន​កោត​សរសើរ​បណ្ដា​ប្រទេស​ដែល​មិន​បញ្ជូន​ក្រុម​អ្នក​សង្កេត​ការណ៍​​ទៅកម្ពុជា​ ដែល​អាច​នឹង​បាន​ត្រឹមតែ​​​ “ ធ្វើ​ឲ្យ​​ជ័យ​ជម្នះ​មិន​ស្រប​ច្បាប់​របស់​ ហ៊ុន​ សែន​ មាន​ភាព​ស្រប​ច្បាប់​”។ លោក​បាន​មាន​ប្រសាសន៍​ថា “ ប៉ុន្តែ​ការ​ប្រកាស​ថា ការ​បោះ​ឆ្នោត​នោះ​គ្មាន​លក្ខណៈ​សេរី​ និង​យុត្តិធម៌​គឺ​មិន​​ទាន់​គ្រប់​គ្រាន់​ទេ​។​គោល​នយោបាយ​របស់​សហរដ្ឋអាមេរិក​ចំពោះ​ប្រទេស​កម្ពុជា​ចាំ​បាច់​ត្រូវ​មានការ​ផ្លាស់​ប្ដូរ​ ហើយ​រដ្ឋាភិបាល​របស់​លោក អូបាម៉ា ចាំបាច់​ត្រូវ​ចាត់​វិធានការ​ឲ្យ​បាន​តឹង​រ៉ឹង​ខ្លាំង​ជាង​បច្ចុប្បន្ន​ចំពោះ​ជន​ផ្ដាច់​ការ​កាន់​អំណាច​យូរ​បំផុត​នៅ​តំបន់​អាស៊ី​នេះ”។

លោក​ ឆាបុត បាន​ថ្លែង​បន្ត​ថា “ ការ​កាត់​ផ្ដាច់​ជំ​នួយ​ដោយ​ផ្ទាល់​សម្រាប់​រដ្ឋាភិបាល​កម្ពុជា​ ជាពិសេស​គឺ​​ការ​ផ្ដល់​ជំនួយ​យោធា​បរទេស​ និង​ការ​អប់​រំ​យោធា​អន្តរជាតិ​ ព្រម​ទាំង​ការ​ផ្ដល់​មូលនិធិ​សម្រាប់​ការ​បណ្ដុះ​បណ្ដាល​ គឺ​ជា​វិធានការ​ជាក់​ស្ដែង​មួយ​ដែល​សហរដ្ឋ​អាមេរិក​អាច​ចាត់​ដើម្បី​បង្ហាញ​ពីការ​ថ្កោល​ទោស​របស់​ខ្លួន​​ចំពោះ​ការ​បោះ​ឆ្នោត​ក្លែង​បន្លំ​ និង​គ្មាន​លក្ខណៈ​ប្រជា​ធិបតេយ្យ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​”។

នៅ​ក្នុងចំណោម​ជំនួយ​ប្រចាំ​ឆ្នាំ​ប្រហែល​៧០​លាន​ដុល្លារ​របស់​អាមេរិក​សម្រាប់​កម្ពុជា​​ ប្រហែល​៦លាន​ដុល្លារ​ គឺ​បាន​ទៅ​លើ​ការ​ផ្ដល់​ជំនួយ​យោធា​ក្នុង​ឆ្នាំ​២០១១​។ ជា​ផ្នែក​នៃ​ផែន​ការ​ផ្ដល់​ជំនួយ​យោធា​សម្រាប់​តំបន់​អាស៊ី​​ ដើម្បី​ទប់​ទល់​នឹង​ឥទ្ធិពល​​កំពុង​កើន​ឡើង​របស់​ចិន​នៅ​ក្នុង​តំបន់​អាស៊ី​ ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក​កំពុងតែ​​ស្នើ​ឲ្យ​មាន​ការ​ផ្ដល់​ជំនួយ​យោធា​រឹត​តែ​ច្រើន​ទៀត​​ក្នុង​ឆ្នាំ​២០១​៤។

​លោក ចន សីហ្វតុន (John Sifton)ប្រធាន​ផ្នែក​តស៊ូមតិ​របស់អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​តំបន់​អាស៊ី​ ដែល​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​​ផ្ដល់​ព័ត៌មាន​អំពី​កម្ពុជា​នោះ​ បាន​សម្ដែង​ការ​គាំ​ទ្រ​​ចំពោះ​សំណើ​របស់​លោក ឆាបុត ឲ្យ​មាន​ការ​កាត់​ផ្ដាច់​ជំនួយ​យោធា​អាមេរិក​សម្រាប់​កម្ពុជា​។ លោក​បាន​អំពាវ​នាវ​ឲ្យ​ទីភ្នាក់​ងារ​អាមេរិក​សម្រាប់​ការ​អភិវឌ្ឍអន្តរជាតិ​​​​ហៅ​កាត់​ថា ​ USAid ​បង្កើន​ការ​ឧបត្ថម្ភ​គាំ​ទ្រ​សម្រាប​់​បណ្ដា​អង្គការ​ដែល​កំពុង​​បំពេញ​ការ​ងារ​ផ្នែក​កំណែ​ទម្រង់​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​កម្ពុជា​​​ ហើយ​បាន​ជំរុញ​ឲ្យ​សហ​រដ្ឋ​អាមេរិក​​​ជួយ​ដល់​ក្រុម​ប្រឆាំង​​ជាចំហ​។

លោក ស៊ីហ្វតុន បាន​បន្ត​ថា បន្ទាប់ពីបាន​កាន់​អំណាច​អស់​​រយៈ​ពេល​២៨​ឆ្នាំ​ លោក ហ៊ុន សែន និង​គណបក្ស​ប្រជា​ជន​ឥឡូវ​នេះ​ក្ដោប​ក្ដាប់​ “ អំណាច​ស្ទើរ​ទាំង​ស្រុង​នៅ​ក្នុង​ប្រទេស​កម្ពុជា​​”។ លោក ស៊ីហ្វតុន បាន​លើក​ឡើង​អំ​ពី​ការ​បោះឆ្នោត​កន្លង​មក​ក្នុង​ប្រទេស​កម្ពុជា​​ ក្នុង​នោះ​មាន​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣​ ពេល​លោក​ ហ៊ុន សែន ទទួល​បរាជ័យ​ ក៏​ប៉ុន្តែ​បាន​បដិសេធ​មិន​ទទួលស្គាល់​ ការ​បោះឆ្នោត​ឆ្នាំ​១៩៩៨​ ពេល​លោក​ទទួល​ជ័យ​ជម្នះ​បន្ទាប់​ពី​បាន​​ទម្លាក់​សហនាយក​រដ្ឋមន្ត្រី​ពី​អំណាច​បន្ទាប់​ពី​កង​កម្លាំង​ផ្ទាល់​របស់​អ្នក​ទាំង​ពីរ​បាន​ប៉ះទង្គិច​គ្នា​នៅ​ក្នុង​រាជធានីភ្នំពេញ​ និង​កា​រ​បោះ​ឆ្នោត​​ពីរ​លើក​ទៀត​ គឺ​ការ​បោះ​ឆ្នោត​​ឆ្នាំ​២០០៣ និង​២០០៨​ពេល​គណបក្ស​ប្រជា​ជន​កម្ពុជា​ឈ្នះការ​បោះឆ្នោត​ដោយ​បាន​ទទួល​អាសនៈ​កាន់​តែ​ច្រើន​។

លោក​បាន​ថ្លែង​ថា“ ពេល​នោះពួកគេ​បាន​គ្រប់​គ្រង​ការ​តែង​តាំង​ ការ​បង្កើត​​សមា​ជិក​ភាព​ក្នុងជួរ​គណៈកម្មាធិការជាតិ​​រៀប​ចំការ​បោះ​ឆ្នោត​ [​ហៅកាត់​ថា គ.ជ.ប.] និង​តុលា​ការ​ដូច​ជា​ពេលនេះដែរ​។ ពេល​នោះ​គឺ​វាអ៊ីចឹង​ហើយ​ឥឡូវ​ក៏អ៊ីចឹង​ដែរ​”។

លោក​ ប៉ាទ្រីក មើឡូ (Patrick Merloe) ​ប្រធាន​កម្មវិធី​បោះឆ្នោត​នៅ​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ​ហៅកាត់​ថា NDI បាន​លើក​ឡើង​ថា ការ​ធ្វើ​សវនកម្ម​របស់​វិទ្យាស្ថាន​នេះ​លើ​បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​របស់​គ.ជ.ប. សម្រាប់​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ​នេះ​បាន​រក​ឃើញ​គុណវិបត្តិ​ដែល​ “ ​អាច​បង្កើត​ឱកាស​សម្រាប់​ការ​បោះឆ្នោត​ដោយ​មិន​ស្រប​ច្បាប់​ផង​ និង​ធ្វើ​ឲ្យ​បាត់​បង់​សិទ្ធិ​របស់អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ជាច្រើន​នាក់ផង​”។

វិទ្យាស្ថាន​ NDI បាន​លើ​ក​ឡើង​ថា​ បញ្ជី​ឈ្មោះ​នេះគឺ​មាន​គុណវិបត្តិ​ជាង​បញ្ជី​ឈ្មោះ​ដែល​ គ.ជ.ប. បាន​ធ្វើ​សម្រាប់​ការ​បោះឆ្នោត​ជាតិ​កាលពីប្រាំ​ឆ្នាំ​មុន​ទៅ​ទៀត​ ដែល​ពេល​នោះ​អ្នក​មាន​សិទ្ធិបោះឆ្នោត​ម្នាក់​ក្នុង​ចំណោម​ប្រាំបួន​នាក់​បាន​បាត​់ឈ្មោះ ហើយ​ឈ្មោះ​របស់​អ្នក​បោះឆ្នោត​ម្នាក់​ក្នុង​ចំណោម​១០​នាក់​បែរ​ជាក្លាយ​ជា​ឈ្មោះ​ខ្មោច​ទៅ​វិញ​។ លោក មើឡូ ​បាន​មាន​ប្រសាសន៍​ថា “ ជា​ថ្មី​ម្ដង​ទៀត​ ដំណើ​រ​ការ​បោះឆ្នោត​នៅ​កម្ពុជា​គឺ​មិន​ស្រប​តាម​បទ​ដ្ឋាន​អន្តរជាតិ​ឡើយ​”។

លោកស្រី​ អេវី ស្គូលើ​​​ (Evi Schueller) ​ទីប្រឹក្សា​ច្បាប់​នៅ​អង្គការ​សិទ្ធិមនុស្សលីកាដូ​​​​ ដែល​បានចូល​រួម​ក្នុង​សម័យ​ប្រជុំ​នេះដែរ​នោះ​​បាន​លើក​ឡើង​ថា អង្គការ​របស់​លោក​ស្រី​បាន​កត់​ត្រា​ទុក​អំពីករណី​បំភិត​បំភ័យ​ផ្នែក​នយោបាយ​ចំនួន​១៨ករណី​ចាប់​តាំ​ងពី​ដើម​ឆ្នាំ​មក​។ លោកស្រី​បាន​ចោទ​ប្រកាន់​រដ្ឋា​ភិបាល​របស់​លោក​ ហ៊ុន សែន​ ថា បាន​​ចាប់​យក​ដី​របស់​ប្រជា​ជន​រាប់​សែន​នាក់​​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ​​ឲ្យ​ក្រុម​ហ៊ុន​កសិវប្បកម្ម​ ដែល​មាន​ទំនាក់​ទំនង​នយោ​បាយ​ និង​ថាបាន​បិទបាំង​ការ​បាញ់​ប្រហារ​​ជា​បន្ត​បន្ទាប់​ក្នុង​ពេល​ថ្មីៗនេះពាក់​ព័ន្ធ​នឹង​រឿង​ចាប់​យក​ដី​នេះ​​។ លោកស្រី​បាន​ចោទ​កង​ទ័ព​រដ្ឋាភិបាល​ថា បាន​សម្រួល​ឲ្យ​មាន​ការ​ចាប់​យក​ដី​ទាំង​នោះ​ ហើយ​លោកស្រី​បាន​អំពាវ​នាវ​ឲ្យមាន​ការ​ពិនិត្យ​ឡើង​វិញ​នូវ​ជំនួយ​យោធា​អាមេរិក​សម្រាប់​កម្ពុជា​។

ប៉ុន្តែ​ក្នុង​ចំណោម​ការ​រិះគន់​ដូច​បាន​រៀប​​រាប់​ខាង​ដើម​ក៏មាន​ការ​កោត​សរសើរ​ដ៏កម្រ​ខ្លះដែរ​ចំពោះលោក ហ៊ុន សែន ពីសំណាក់​​លោក​ ដានីញែល មីតឈែល (Daniel Mitchell) អគ្គ​​នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​វិនិយោគ​​ដែ​ល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​រាជធានីភ្នំពេញ​​ គឺក្រុម​ហ៊ុន​ SRP International Group ។

លោក មីតឈែល បាន​លើក​ឡើង​ថា រាល់​ការ​និយាយ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​​​​​ក្នុង​ប្រទេស​កម្ពុជា​​ គឺ​មិន​បាន​គិតទៅ​​ដល់​កត្តា​ប្រឈម​ពិត​ប្រាកដ​​របស់​ប្រទេស​នេះទេ នោះគឺ​ការ​ងារ​សម្រាប់​កម្លាំង​ពលកម្ម​ដែ​ល​កំពុង​មាន​ការ​កើន​ឡើង​​ ប៉ុន្តែ​ដែល​ខ្វះការ​បណ្ដុះ​បណ្ដាល​។

លោក​បាន​ថ្លែង​ថា “ បញ្ហា​យុវជន​ដែល​ខ្វះ​ជំនាញ​និង​ការ​ងារ​ធ្វើ​ទើប​ជា​បញ្ហា​ដែល​រឹត​តែ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ និង​អាច​បង្ក​ឲ្យ​មាន​វិបត្តិ​សង្គម​រយៈ​ពេល​វែង​ជាង​បញ្ហា​សិទ្ធិ​មនុស្ស​ដែលកំពុង​ត្រូវ​បាន​ចុះផ្សាយ​នៅ​លើ​ទំព័រ​មុខ​របស់​សារព័ត៌មាន​​នានា​ទៅ​ទៀត​”។

លោក​បាន​បន្ត​ថា ដោយ​សារ​មាន​មនុស្ស​៣០០.០០០​នាក់ ចូល​ក្នុង​ទីផ្សារ​ងារ​ជារៀង​រាល់​ឆ្នាំ​នោះ​ ប្រទេស​កម្ពុជា​ចាំបាច់​គឺ​ត្រូវតែ​​រក្សា​កំណើន​ផលិត​ផល​ក្នុង​ស្រុក​សរុប​ក្នុង​អត្រា​ពី​៧​ទៅ​៨​ភាគរយ​​​ក្នុង​មួ​យ​ឆ្នាំ​ប្រសិន​បើ​ខ្លួ​​ន​ចង់​ឲ្យ​កម្រិត​ជីវភាព​រស់​នៅ​របស់​ប្រជា​ជន​បន្ត​​កើន​ឡើង​។

លោក​បាន​មាន​ប្រសាសន៍​ថា “ កំណើន​នោះ​តម្រូវ​ឲ្យ​មាន​វិនិយោគ​មូល​ធន​ច្រើន​” ដោយ​បន្ថែម​ថា ជា​ជាង​បោះ​ជំហាន​ថយ​ក្រោយ​ សហរដ្ឋអាមេរិក​គួរ​បោះជំហាន​ទៅ​មុខ​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​វិញ​។

លោក​បាន​ថ្លែង​ថា “ ឥរិយាបថ​របស់​យើង​​​គឺ​ជា​គំរូផ្ទុយ​ស្រឡះ​ពី​វិនិយោគិន​ចិន​ដែល​បាន​បង្ក​ឲ្យមាន​បញ្ហា​ជា​ច្រើន​សម្រាប់​ប្រជា​ជន​ក្នុង​ស្រុក​។ ប៉ុន្តែ​បើ​គ្មាន​វត្តមាន​របស់​យើង​ទេ​​​នោះ ភាគី​ចិន​​​​នឹង​ត្រៀម​ផ្ដល់​ទាំង​ជំនួយ​និង​វិនិយោគទុន​”។

គួរ​បញ្ជាក់​ថា ប្រាក់​កម្ចី​និង​ជំនួយ​ឥត​សំណង​​របស់​ប្រទេស​ចិន​សម្រាប់​កម្ពុជា​បាន​កើន​ឡើង​ដល់​២,​៧​ពាន់​លាន​ដុល្លារ នៅ​ក្នុង​រយៈ​ពេល​​ពីរ​ទស​វត្សរ៍​ចុង​ក្រោយ​នេះ​ធៀប​នឹ​ង​ចំនួន​១,២​ពាន់​លាន​ដុល្លារ​របស់​រដ្ឋាភិបាលសហរដ្ឋ​​អាមេរិក​ ហើយ​​កន្លងមក​លោក ហ៊ុន សែន​​ បាន​កោត​សរសើរ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​​ ចំពោះ​ការ​ “ និយាយ​តិច” ហើយ​មិន​ភ្ជាប់​លក្ខខណ្ឌ​ជាមួយ​កញ្ចប់​ជំនួយ​​​របស់​ខ្លួន​។ ប៉ុន្តែ​លោក មីតឈែល មិន​មែន​ជា​មនុស្ស​តែ​ម្នាក់​ដែល​​​បាន​និយាយ​ល្អ​អំពី​នាយក​រដ្ឋ​មន្ត្រី​រូប​នេះ​ទេ​។

នៅ​ក្នុង​ឆ្នាំ​១៩៩៧​ គឺ​រយៈពេល​ប៉ុន្មាន​ខែ​បន្ទាប់​ពី​លោក​ ហ៊ុន សែន​ បាន​ទម្លាក់​សហ​នាយក​រដ្ឋមន្ត្រី​របស់​ខ្លួន​ពី​អំណាច​តាម​រយៈ​កង​កម្លាំង​ផ្ទាល់​ខ្លួន ​សមាជិក​សភា​អាមេរិក​លោក អេនី ហ្វាឡេម៉ាវ៉េហ្គោ (Eni Faleoma- vaego) បាន​ចុះ​ហត្ថលេខា​លើ​សេចក្ដី​សម្រេច​គាំទ្រ​ការ​កាត់​ផ្ដាច់​ជំនួយ​ឲ្យ​ប្រទេស​ណា​ដែល​​រដ្ឋាភិបាល​ជាប់​ឆ្នោត​ត្រូវ​បាន​ផ្តួល​រំលំ​​តាម​រយៈ​រដ្ឋប្រហារ​។ ប៉ុន្តែ​ក្នុង​​សម័យ​ប្រជុំ​កាល​ពី​ថ្ងៃ​អង្គារ​ លោក​ ហ្វាឡេម៉ាវ៉េហ្គោ បាន​និយាយ​ល្អ​ខ្លះ​អំពី​លោក ហ៊ុន សែន។

លោក​បាន​បន្ទោស​ថា បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​គឺ​បង្ក​ឡើង​ដោយ​អាមេរិក​ ដែល​បាន​គាំ​ទ្រ​រដ្ឋ​ប្រហារ​ទម្លាក់​អតីត​​ព្រះ​អង្គ​ម្ចាស់​ នរោត្ដម សីហនុ ក្នុង​ឆ្នាំ​១៩៧០ និង​ការ​ដាក់​នឹម​​អាណានិគម​​របស់​បារាំង​អស់​រយៈ​ពេល​​​​១០០​ឆ្នាំ​។

លោក​បាន​លើក​ឡើង​ថា ការ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​អាមេរិក​លើ​តំបន់​អាស៊ី​គួរ​តែ​គិត​ដល់​វិស័យ​​​​យោធា​ផង​ និង​សេដ្ឋ​កិច្ច​ផង ហើយ​បាន​អំពាវ​នាវ​ឲ្យ​មាន​ការ​លុប​ចោល​បំណុល​សម័យ​សង្គ្រាម​ចំនួន​៤៦០​លាន​ដុល្លារ​គិត​ទាំង​ការ​ប្រាក់​​ដែល​កម្ពុជា​បាន​ជំពាក់​អាមេរិក​​ និង​ដែល​លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​លុប​ចោល​ជា​យូរ​ណាស់​មក​ហើយ​នោះ។

​លោក​បាន​ថ្លែង​បន្ត​ថា ប្រសិនបើ​សហ​រដ្ឋ​​អាមេរិក​ពិត​ជា​ចង់​ធ្វើ​ឲ្យ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​ភាព​ប្រសើរ​ឡើង​មែន​  ខ្លួន​គួរ​តែ​លើក​ស្ទួយ​ការ​វិនិយោគ​ “​ មូល​ធន​ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​”។ លោក​បាន​សង្កត់​ធ្ងន់​ថា “​ នេះទើប​​ជា​ការ​បោះជំហាន​ទៅ​មុខ​”។

នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ឯណេះ​វិញ​ មន្ត្រី រដ្ឋាភិបាល​កម្ពុជា​បាន​ច្រាន​ចោល​សម័យ​ប្រជុំ​នេះ​ដោយ​មិន​បង្អង់​ឡើយ​។ រយៈ​ពេល​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​សម័យ​ប្រជុំ​សភា​នេះ​បា​ន​បញ្ចប់​​នៅ ក្នុ​ងរដ្ឋ​ធានី​វ៉ាស៊ីនតោន លោក ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ផ្ដល់​ប្រាក់​កម្ចី​ថ្មី​ចំនួន​២០០​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ពី​រដ្ឋា​ភិបាល​​កូរ៉េខាង​ត្បូង​សម្រាប់​គម្រោង​​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​​ជា​ច្រើន​​ក្នុង​ប្រទេស​នេះ​​។

លោក​ ហោ ណាំហុង បាន​មាន​ប្រសាសន៍​​​អំពី​ការ​រិះ​គន់​ខ្លាំង​ៗ​របស់​សមាជិក​សភា​អាមេរិក​អំឡុង​សម័យ​ប្រជុំ​នេះ​​ថា “ អនាគត​របស់​​ប្រទេស​កម្ពុជា​គឺ​ស្ថិត​នៅ ក្នុង​ដៃ​​របស់​ប្រជា​ជន​កម្ពុជា​។ នេះ​គឺ​ជា​សិទ្ធិ​អធិបតេយ្យ​របស់​យើង​ ពោល​គឺ​ជា​សិទ្ធិ​ក្នុង​ការ​កំណត់​ជោគ​វាសនា​របស់​ប្រទេស​ជាតិ​ដោយ​មិន​ខ្វល់​ថា អ្នក​ណា​និយាយ​អ្វី​ទេ​៕

ប្រែសម្រួលដោយ ភួន ច័ន្ទសេរីវុធ

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស