29 C
Phnom Penh

ទោះ​បី​ពន្យារ​ពេល​សវនាការ អ្នក​តវ៉ា​និយាយ​ថា បទចោទ​ប្រកាន់មក​លើ​សកម្មជន​ដីធ្លី​ជា​រឿង​មិន​ពិត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញសាលាដំបូង​ខេត្ត​ពោធិ៍​សាត់​បាន​ពន្យារ​ពេល​ជំនុំ​ជម្រះ​រឿង​ក្ដី​សកម្ម​ជន​សិទ្ធិ​មនុស្ស​មួយ​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​​ពី​បទ​ឆបោក​ ដោយ​សារ​តែ​សំណើ​សុំ​នៅ​ក្រៅ​​ឃុំ​របស់​គាត់​មិន​ទាន់​​មាន​ការ​ដោះ​ស្រាយ​នៅឡើយ។

ទោះ​បី​ជា​មាន​ការ​ពន្យារ​ពេល​សវនា​ការ​ក្តី ក៏​ប្រជាពលរដ្ឋ​ប្រហែល​៣០០​នាក់​បាន​នាំ​គ្នា​តវ៉ា​នៅ​ខាង​ក្រៅ​តុលាការ​ ​ដោយ​ខឹង​ចំពោះ​​អ្វី​ដែល​ពួក​គេ​និយាយ​ថា ​ជាការ​ចោទ​ប្រកាន់​ប្រឌិត​ឡើង​ក្នុង​គោល​បំណង​ដាក់​កម្រិត​សកម្មភាព​របស់​សកម្ម​ជន​ គុច វេ៉ង ដែល​ត្រូវ​គេ​ចោទ​ប្រកាន់​នោះ​។

យោង​តាម​ព្រះ​រាជអាជ្ញា តាន់ សីហៈ​តេជៈ​​ ​ដែល​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​ក្រុម​អ្នក​តវ៉ា​ថា ករណី​នេះត្រូវ​បាន​ចោទ​ប្រកាន់​ដោយ​សារ​ហេតុ​ផល​នយោ​បាយ​​នោះ បាន​ឲ្យ​ដឹងថា លោក ម៉ៅ សីុណា ចៅ​ក្រម​​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំជម្រះ​បាន​ប្រកាស​​នៅ​ក្នុង​តុលាការ​ថា សវនាការ​ “ ត្រូវ​បាន​ពន្យារ​ពេល” ដោយ​សារ​តែ​សំណើ​សំុ​នៅ​ក្រៅ​ឃុំ​របស់​ចុង​ចោទ​ត្រូវ​មិន​ទាន់​មាន​ការ​សម្រេច​​នៅ​ឡើយ​​នៅ​ឯ​សា​លា​ឧទ្ធរណ៍​។ លោក​បាន​មាន​ប្រសាសន៍​ថា “ គាត់​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ពាក់​ព័ន្ធ​នឹង​ការ​ឆបោក​ ​មិន​មែន​ពាក់​ព័ន្ធ​នឹង​វិវាទដីធ្លី​​​ទេ​”។

ការ​ចាប់​ខ្លួន​លោក វ៉េង កាលពី​ខែ​ឧសភា​ កើត​មាន​ឡើង​រយៈពេល​ពីរ​ថ្ងៃ​បន្ទាប់​ពី​គាត់​បាន​​អន្តរាគមន៍​នៅ​ក្នុង​វិវាទ​​ដី​ធ្លី​​មួយ ជួស​មុខ​​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​១១​គ្រួសារ​ នៅ​ក្នុង​ស្រុក​​ក្រគរ ដែល​បាន​អះអាង​ថា ប័ណ្ណ​កម្ម​សិទ្ធិ​ដី​ធ្លី​ដែល​រដ្ឋាភិបាល​ចែក​ឲ្យ​ពួកគាត់​នោះ​ បញ្ជាក់​ពី​​ទំហំ​ដី​តូច​ជា​ង​ដី​ជាក់​ស្តែង​ដែល​ពួក​គាត់​មាន។

យោង​តាម​ សុទ្ធ កុសល អ្នក​តវ៉ា​ម្នាក់​ក្នុង​ចំណោម​អ្នក​តវ៉ា​នៅ​ខាង​ក្រៅ​តុលាការ​បាន​ឲ្យ​ដឹង​ថា ដើមបណ្ដឹង​​ឈ្មោះ ឱម សុធារី បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ដោយ​ចោទ​ប្រកាន់​ថា លោក គុច វេ៉ង បាន​បោក​យក​ប្រាក់​​ពី​គាត់​ចំនួន​៤.៥០០ដុល្លារ​។

អ្នកស្រី លន ស៊ីវី អ្នក​តវ៉ា​ម្នាក់​ផ្សេង​ទៀត​ បាននិយាយថា “ បទចោទ​ប្រកាន់​ពី​បទ​ឆបោក​​នេះត្រូវ​បាន​ប្រឌិត​​ឡើង​ដើម្បី​ចាប់​ខ្លួន​លោក​  ​គុច វេ៉ង ដោយ​សារតែ​គាត់​ជា​សកម្មជន​ការ​ពារ​សិទ្ធិ​ដី​ធ្លី និងប្រ​ឆាំង​ការ​កាប់​ឈើ​​ដ៏​លេច​ធ្លោ​ម្នាក់​”៕

ប្រែសម្រួលដោយ ហម សុផាណ្ណា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស