38 C
Phnom Penh

ប្រទេស​ថៃ​ធ្វើ​បត្យាប័ន ជនជាតិ​​​អង់គ្លេស​​​ដែលរួម​​​ភេទ​​​ជា​​​មួយ​​​កុមារ​​​​មក​ប្រទេស​​​កម្ពុជា​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នគរ​បាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​​​ម្នាក់​​​​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​​ថា ​គេ​រាយ​ការណ៍​មក​ថា តុលាការ​ថៃ​បាន​យល់​ព្រម​ធ្វើ​បត្យាប័ន​ ជន​​​ជាប់​​​ចោទ​​​ឈ្មាះ​​​ ដេវីដ ចន​​​ហេ្លត​​​ឆឺ ( David JohnFletcher) ​អាយុ​៦៧​ឆ្នាំ មក​កាន់​​​ប្រទេស​​​កម្ពុជា​វិញ​ ដែល​នៅ​ទី​នេះ​ គាត់​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់​ទោស​កំបាំង​មុខ​ពី​បទ​ចាប់​រំលោភ​ក្មេង​ស្រី​អាយុ​១៦​ឆ្នាំ​ម្នាក់​ និង​ត្រូវ​បាន​ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​១០​ឆ្នាំ​។

ជន​​​ជាប់​​​ចោទ​​​ឈ្មោះ ដេវីដ ចន​​​ហេ្លតឆឺ ​​​ជា​​​ជន​​​ជាតិ​​​អង់គ្លេស​​​បាន​រត់​គេច​ខ្លួន​ពី​ប្រទេស​​​​​កម្ពុជា​ទៅ​ប្រទេស​ថៃ​ក្នុង​ឆ្នាំ​២០១០​ដោយ​​​មាន​ការ​ចោទ​ប្រកាន់​ជា​ច្រើន​ក្នុង​​សារ​​​ព័ត៌មាន​​​​ចក្រភព​អង់គ្លេស​ដែល​ថា គាត់​បាន​រៀប​ចំ​ជំនួយ​សប្បុរស​​​ធម៌​​​​សម្រាប់​កុមារ​ ដើម្បី​ល្បួង​​ជន​រង​គ្រោះ​មិន​ទាន់​គ្រប់​អាយុ​​​​ដើម្បីរួម​ភេទ​។​គាត់​ត្រូវ​បាន​ចាប់​ខ្លួន​នៅចុង​ឆ្នាំ​ដដែល​​​នោះ​ ហើយ​សាលា​ដំបូង​ថៃ​បាន​អនុម័ត​ឲ្យ​ធ្វើ​បត្យា​​​ប័ន​ជន​​​នេះ​មកប្រទេស​​​កម្ពុជា​​​​វិញ ប៉ុន្តែ​ជន​​​ជាប់​​​ចោទ​​​រូប​​​នេះ​បាន​ដាក់​ពាក្យ​បណ្ដឹង​ឧទ្ធរណ៍។

កាលពី​ម្សិល​មិញ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​មួយ​បាន​រាយ​ការណ៍​ថា តុលាការ​ថៃ​បាន​ច្រាន​ចោល​បណ្ដឹង​ឧទ្ធរណ៍​របស់​គាត់​ ប៉ុន្តែ​ មន្ត្រី​កម្ពុជា​និង​​​​ថៃ​មិន​បាន​ដឹង​ច្បាស់​អំពី​បញ្ហា​នេះ​ទេ។​

​លោក កែវ សុធា នាយ​ការិយាល័យ​នគរ​បាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​បាន​មាន​​​ប្រសាសន៍​ថា “ ខ្ញុំ​គ្រាន់​តែ​ឮថា តុលាការ​ថៃ​បាន​ចេញ​បញ្ជា​ឲ្យ​ធ្វើ​បត្យាប័ន​ជន​​​នេះឲ្យ​​​មក​ទទួល​ទោស​នៅ​កម្ពុជា​វិញ”។ ​​​​​​​​​​​​​​លោក​បាន​មាន​​​ប្រសាសន៍​​​បន្ថែមទៀត​​​​ថា គាត់​មិន​ទាន់​ទទួល​បាន​សេចក្ដី​ប្រកាស​ជា​ផ្លូវ​ការ​នៅ​ឡើយ​ទេ។

​លោក កុយ គួង អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ក៏បាន​មានប្រសាសន៍​ផង​ដែរ​ថា ​លោក​ពុំ​បាន​ទទួល​ព័ត៌មាន​អំពី​ការ​ធ្វើ​បត្យា​​​ប័ន​នេះ​ទេ​។​ ចំណែក​លោក វ៉ារ៉ាប៉ូល​ ចិន​សាវ៉ា​ឌី​ចៃ (Varapol Chen savasdijai) អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ថៃ​បាន​មាន​​​ប្រសាសន៍​​​​អំពី​បញ្ហា​​នោះ​កាល​ពី​ល្ងាច​ម្សិល​មិញ​ថា “ ក្រសួង​មិន​ទាន់​ទទួល​សេចក្ដី​ជូន​ដំណឹង​​​ជា​ផ្លូវ​ការ​អំពី​សេចក្ដី​សម្រេច​របស់​តុលាការ​នៅ​ឡើយ​ទេ ដូច្នេះយើង​ពុំ​មាន​តួ​នាទី​ក្នុង​ការ​បញ្ជាក់​ថា តើ​សំណើ​របស់​គាត់​ត្រូវ​បាន​យល់​ស្រប​ឫ​អត់​នោះឡើយ”៕

ប្រែ​សម្រួល​ដោយ​ ហម សុផាណ្ណា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស