29 C
Phnom Penh

ក្រសួងការ​បរទេសនិយាយ​អំពី​គម្រោងរបស់​លោក សម រង្ស៊ី​ ​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ ក្រសួង​ការ​បរ​ទេស​បាន​​លើក​ឡើង​ថា លោក សម រង្ស៊ី មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​ដែល​និរទេស​ខ្លួន​ឯង នឹង​ត្រូ​វ​បានអនុញ្ញាត​ឲ្យ​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​​វិញ ប៉ុន្តែ​ ត្រូវ​ប្រឈម​​ទោស​ជាប់​ពន្ធ​នា​គារ​រយៈពេល​១១ឆ្នាំតាម​ការ​ចោទ​ប្រកាន់​​ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ និងបំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណៈ។

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​​ជាតិ​បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​សៅរ៍​ថា លោក​នឹ​ង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​នៅមុន​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា។ លោក​បាន​ចាកចេញ​ពី​ប្រទេស​កម្ពុជា​ចាប់​តាំងពី​ឆ្នាំ២០០៩មក​ ដើម្បីគេ​ច​ពី​ការ​ផ្តន្ទា​ទោស​ដែល​លោក​បានមាន​ប្រសា​សន៍​ថា ជា​រឿង​នយោបាយ។

ថ្លែង​ទៅកាន់​ក្រុម​អ្នក​យក​ព័ត៌​​មាន​នៅ​​ពិធី​​ចុះ​ហត្ថ​លេខា​លើ​ប្រាក់​​កម្ចី​ថ្មី​​មានទឹក​ប្រាក់​២០០​លាន​ដុល្លារ​ពី​ប្រទេស​កូរ៉េ​ខាង​ត្បូង​​ ដែល​មាន​ការ​ចូលរួម​ពីលោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដែរ​នោះ លោក​ ហោ ណាំ​ហុង ​រដ្ឋមន្ត្រីក្រសួង​ការ​បរទេស​បាន​មាន​ប្រសា​សន៍​យ៉ាង​ខ្លី​ពី​គម្រោង​​វិល​ត្រឡប់​​មកវិញ​របស់​មេដឹកនាំ គណបក្ស​ប្រឆាំ​ង​​រូប​នេះ។

លោក​ ហោ ណាំហុង​ គ្រាន់​តែ​បាន​មាន​ប្រសាសន៍​ថា “ នៅ​ពេល​លោក សម រង្ស៊ី​ ចាកចេញ គ្មាន​នរណា​ដេញ​គាត់ទេ​។ ហើយ​នៅ​ពេល​​លោក​ សម រង្ស៊ី ត្រឡប់​មក​វិញ ក៏​គ្មាន​នរណា​ម្នាក់​ហាម​ឃាត់​គាត់ដែរ”។

លោក កុយ គួង​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​ក៏បាន​ថ្លែង​ទៅកាន់​អ្នក​យក​ព័ត៌មាន​ដែរ​ថា ច្បាប់​នឹង​ត្រូវ​អនុវត្ត​ចំពោះ​លោក សម រង្ស៊ី នៅ​ពេល​​លោក​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ។ លោក​បាន​មាន​ប្រសាសន៍​ថា “ យើង ក្នុង​នាម​​រដ្ឋាភិបាល តែងតែ​អនុវត្ត​តាម​ច្បាប់​របស់​​កម្ពុជា។ ដូច្នេះ​អ្វី​ដែល​តុលាការ​បាន​សម្រេច​ហើយ យើង​នឹង​អនុវត្ត​តាម”។

ការ​ផ្តន្ទា​ទោស​លោក​ សម រង្ស៊ី កាលពី​ឆ្នាំ ២០១០ឲ្យ​ជាប់​ព​ន្ធនា​គារ​​​ពីបទ​ដក​បង្គោល​តម្រុយ​ព្រំដែន និង​ពីបទ​ក្លែង​ឯក​សារនិង​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ទាក់ទិន​​នឹង​ផែនទី​ព្រំដែន​កម្ពុជា​-វៀត​ណាម សរុប​​១១ឆ្នាំ។

លោក កុយ គួង​ ក៏បាន​មាន​ប្រសា​សន៍​​ដែរ​ថា វត្ត​មាន​របស់​លោក សម រង្ស៊ី នៅ​ក្នុង​ប្រទេស​មិន​ជា​ការ​ចាំបាច់​សម្រាប់​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​ឡើយ។ លោក​ កុយ គួង​ បាន​មាន​ប្រសា​សន៍​ថា “ វា​ជា​បញ្ហា​បុគ្គល វា​មិនមែន​ជា​បញ្ហា​បក្ស​ទេ។សមាជិក​បក្ស​របស់​លោក​សកម្ម និង​ក្លាហាន​ក្នុង​ការ​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​នៅ​ក្នុង​​ប្រទេស​អំឡុង​យុទ្ធនាការឃោស​នាបោះ​ឆ្នោត។​វត្ត​មាន ឬ​​អវត្តមាន​របស់​លោក​ សម រង្ស៊ី​ មិន​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ឡើយ។ សូម្បីតែ​គណ​បក្ស​របស់​លោក​ក៏​កំពុង​​ដំណើរ​ការ​ដោយ​រលូន​និង​សកម្ម​ដែរ”។

ចាប់​តាំងពី​ការ​ប្រកាស​នោះ​​មក លោក សម រង្ស៊ី រហូត​មក​ដល់​ពេល​នេះ​បាន​បដិសេធ​​មិន​បញ្ជាក់​ពី​កាល​បរិច្ឆេទ​ជាក់​លាក់​នៃ​ការ​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​ទេ។ លោក គីមសួរ ភីរិ​​ទ្ធ បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសា​សន៍​ថា លោក​មិន​អាច​និយាយ​ឲ្យ​ប្រាកដ​បាន​ថា​ ​លោក​ សម រង្ស៊ី នឹង​ត្រឡប់​មក​វិញ​នៅ​ពេល​ណា​​ទេ ប៉ុន្តែ​បាន​លើក​ឡើង​ថា វា​ប្រហែល​ជា​ក្រោយ​ថ្ងៃទី​២០ ខែ​កក្កដា។

លោក ភីរិទ្ធ បាន​មាន​ប្រសាសន៍​ថា “ ខ្ញុំ​មិន​​ប្រាកដ​ថា​ នៅ​ពេល​ណា​ជាក់​លាក់​ទេ វា​ប្រហែលជា​ក្រោយ​ថ្ងៃ​ទី​២០”។  លោក​បាន​​បន្ថែម​ថា គណបក្ស​ប្រ​ឆាំង​រៀប​ចំ​គម្រោង​រួច​​ហើយ​សម្រាប់​ប្រធាន​របស់​ខ្លួន​ចូលរួម​ក្នុង​យុទ្ធនាការ​ឃោសនា ដែល​រហូត​មកដល់​ពេល​​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ លោក កឹម សុខា ប្រធាន​ស្តី​ទី​គណ​បក្ស​សង្គ្រោះ​ជាតិ។

លោក ភីរិទ្ធ ក៏បាន​មាន​ប្រសាសន៍​​ដែរ​ថា លោក សម រង្ស៊ី នឹង​មិន​ព្យាយាម​គេច​វេះពី​អាជ្ញាធរ​ឡើយ ​នៅ​ពេល​លោក​វិល​ត្រឡប់​មក​វិញ​។ លោក​​មាន​ប្រសាសន៍​ថា “ លោក​ស្ម័គ្រ​ចិត្ត​វិល​ត្រឡប់មកវិញ ហើយ​ប្រសិន​បើ​នគរ​បាល​ចង់​ចាប់​លោក​ដាក់​ពន្ធនាគារ​ លោក​នឹង​ដើរ​ចូល​ពន្ធនាគារ​ដោយ​ខ្លួន​ឯង​”៕

  ប្រែ​សម្រួល​ដោយ សោម សារុន​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស