31.8 C
Phnom Penh

ការ​រៀប​ចំ​សម្រាប់​គម្រោងសាងសង់​សួន​ថ្មី​នៅ​មុខ​ព្រះ​បរម​រាជ​វាំង​កំពុង​តែ​ដំណើរ​ការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​សាលា​​រាជធានី​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា សាលា​រាជ​ធានី​ភ្នំពេញ បាន​បណ្ដេញ​អ្នក​លក់​ដូរ​ទាំង​អស់​ចេញ​ពី​សួន​មុខ​ព្រះ​បរម​រាជ​វាំង ដើម្បី​បើក​ផ្លូវ​សម្រាប់​ការ​សាង​សង់​សួន​ថ្មី​មួយ​ដោយ​ក្រុម​ហ៊ុន​​​ដែល​គ្រប់​គ្រង​ដោយ​​​​កូន​ស្រី​របស់​រដ្ឋ​មន្ត្រី​ព្រះ​បរម​រាជវាំង​។

លោក ឃួង ស្រេង អភិបាល​រង​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា ​​​គម្រោង​​សាង​សង់​សួន​ថ្មី​នេះ​​ស្ថិត​នៅ​លើ​ដី​មួយ​កន្លែង​នៅ​ចន្លោះ​តីរវិថី​ស៊ីសុវត្ថិ​ និង​មហាវិថី​សុធារស​ និង​ដី​នេះ​គ្រប់​គ្រង​ដោយ​សា​លា​រាជ​ធានី​ភ្នំពេញ និង​ព្រះ​បរម​រាជវាំង​ ហើយ​​កិច្ច​ព្រម​ព្រៀង​​នៃ​ការ​សាង​សង់​សួន​ថ្មី​នេះ​ ត្រូវ​បាន​ផ្ដល់​ឲ្យ​ក្រុមហ៊ុន​វីស្ប៉ាន​​​ដែល​​គ្រប់​គ្រង​ដោយ​លោក​ស្រី គង់ ប៉ាន់យ៉ា ជា​កូន​ស្រី​របស់​លោក គង់ សំអុល​ រដ្ឋ​មន្រ្តី​ព្រះ​បរម​រាជ​វាំង​។

លោក ឃួង​ ស្រេង​ បាន​មាន​ប្រសាសន៍​បន្ត​ថា “ ព្រះ​បរម​រាជ​វាំង​មាន​គម្រោង​សាង​សង់​សួន​ថ្មី​នេះ​ជា​យូរ​មក​ហើយ​ ប៉ុន្តែ​​​គម្រោង​នេះ​ទើប​តែ​​ចាប់​ផ្ដើម​ដំណើរ​ការ​បន្ទាប់​ពី​រដ្ឋាភិបាល​បាន​យល់​ព្រម​​” លោក​​បដិ​សេធ​​​មិន​និយាយ​ថា​ គម្រោង​សាង​សង់​សួន​នេះ​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប៉ុន្មាន​​​ ឬ​សួន​​នេះ​មាន​លក្ខណៈ​ដូច​ម្ដេច​នោះ​ឡើយ​។

លោក សុខ សម្បត្តិ​ អភិបាល​ខណ្ឌ​ដូន​ពេញ​ បាន​បញ្ជាក់​ថា ​អ្នក​លក់​ដូរ​​រាប់​រយ​​នាក់​នៅ​ជុំវិញ​​​​សួន​នៅ​មុខ​ព្រះ​បរម​រាជវាំង​​ត្រូវ​បាន​បណ្តេញ​ចេញ​រួច​ហើយ​​ដើម្បី​បើក​ផ្លូវ​សម្រាប់​​ការ​សាង់​សង់​សួន​នេះ​។ លោក​បាន​បន្ត​ថា “ យើង​​សាង​សង់​សួន​ថ្មី​នេះ​​ដើម្បី​​ធ្វើ​ឲ្យ​មាន​សោភ័ណភាព​ដល់​​ព្រះ​បរម​រាជ​វាំង​។ អ្នក​លក់​ដូរ​ និង​រថយន្ត​នានា​នឹង​​មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​សួន​នេះ​ឡើយ”។

កម្មករ​នៅ​​សួន​ថ្មី​នេះ​ កាល​ពី​ម្សិលមិញ​បាន​បញ្ជាក់​ថា សួន​នេះ​នឹង​ត្រូវ​សាង​សង់​ដោយ​ក្រុមហ៊ុន​វីស្ប៉ាន​ ប៉ុន្តែ​បាន​បង្វែរ​សំណួរ​​ផ្សេង​ទៀត​ទៅ​លោក​ ព្រំ ពិសុទ្ធ ជា​ប្រធាន​ក្រុមហ៊ុន​​វិញ​។ លោក ពិសុទ្ធ បាន​មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន​វីស្ប៉ាន​ត្រូវ​បាន​ជ្រើស​រើស​ដោយ​ព្រះ​បរម​រាជ​វាំង ដើម្បី​សាង​សង់​សួន​នេះ​ ប៉ុន្តែ​បាន​បដិសេធ​មិន​ធ្វើ​សេចក្ដី​អត្ថាធិប្បាយ​បន្ថែម​ទៀត​ឡើយ​។

កាល​ពី​កន្លង​មក​ក្រុមហ៊ុន​វីស្ប៉ាន​ក៏​បាន​សាង​សង់​ខុទ្ទកាល័យ​​លោក​​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដែល​គេ​ហៅ​ថា វិមាន​សន្តិភាព​ ហើយ​ក្រុមហ៊ុន​នេះ​​ក៏​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​សាង​សង់​ព្រះ​មេរុ​​សម្រាប់​ថ្វាយ​ព្រះ​ភ្លើង​​ព្រះ​បរម​សព​​ព្រះ​បរម​រតន​កោដ្ឋ​សម្ដេច​ឪ​ នរោត្ដម​ សីហនុ ផង​ដែរ​។ អាជ្ញាធរ​បាន​ទទួល​រង​នូវ​ការ​រិះ​គន់​ក្នុង​ការ​​ផ្តល់​កិច្ច​ព្រម​ព្រៀង​ គម្រោង​សាង​សង់​ទាំង​ពីរ​​ដល់​ក្រុម​ហ៊ុន​នេះ​​​ដោយ​មិន​បាន​​ធ្វើ​ការ​ដេញ​ថ្លៃ​​ត្រឹមត្រូវ​​ឡើយ។

អំឡុង​ពេល​​សាង​សង់​ព្រះ​មេរុ​ សម្រាប់​ថ្វាយ​​ភ្លើង​ព្រះ​បរម​សព​ព្រះ​បរម​រតន​កោដ្ឋ​ សម្តេច​ឪ នរោត្តម សីហ​នុ ព្រះអង្គម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ​ កាល​ព្រះ​អង្គ​គង់​នៅ​ជា​អ្នក​​នាំ​ពាក្យ​ខុទ្ទកាល័យ​ព្រះ​​បរម​រាជ​វាំង​ បាន​​មាន​​បន្ទូល​ថា​ គម្រោង​សាងសង់​ព្រះ​មេរុ​មាន​​​​តម្លៃ​ ​៥​​លាន​ដុល្លារ​ ការ​អះអាង​នេះ​ក្រោយ​មក ​ត្រូវ​បាន​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន បាន​​បដិសេធ​ដោយ​​​បាន​ថ្លែង​ថា ​គម្រោង​នោះ​មាន​​តម្លៃ​ត្រឹម​តែ​១,២​លាន​ដុល្លារ​ប៉ុណ្ណោះ​។

កញ្ញា អ៊ុក ស្រីល័ក្ខ អាយុ​១៩​ឆ្នាំ ជា​អ្នក​លក់​​ផ្កា​ បាន​និយាយ​ថា អាជ្ញាធរ​ខណ្ឌ​បាន​ប្រាប់​នាង​ និង​អ្នក​លក់​ផ្សេង​ទៀត​ឲ្យ​ចាក​ចេញ​ពី​ទីតាំង​នេះ​មួយ​ខែ​កន្លង​មក​ហើយ​។ ស្រីល័ក្ខ បាន​និយាយ​បន្ត​ថា “ ​អាជ្ញាធរ​បាន​ប្រាប់​យើង​ទាំង​អស់​គ្នា​ឲ្យ​ចាក​ចេញ​រយៈ​ពេល​បី​ខែ​ ដើម្បី​សាង​សង់​សួន​ថ្មី​នេះ​​​​ ហើយ​ពួក​គេ​ប្រាប់​ថា ពួក​គេ​នឹង​អនុញ្ញាត​ឲ្យ​​យើង​ត្រឡប់​មក​វិញ​​​នៅ​ពេល​​​ពួក​គេ​​សាង​សង់​​ស្តង់​ត្រឹម​ត្រូវ​​រួចហើយ​​”៕

ប្រែសម្រួល​ដោយ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស