អភិបាលបណ្ដោះអាសន្នដែលទទួលបន្ទុកការត្រួតពិនិត្យដំណើរការរម្លាយក្រុមហ៊ុន អឹមហ្វូន (Mfone) បានមានប្រសាសន៍កាលពីម្សិលមិញថា ក្រុមហ៊ុនប្រតិបត្តិករទូរស័ព្ទចល័តក្ស័យធននេះ កំពុងរៀបចំផែនការដាក់ពាក្យប្តឹងក្រុមហ៊ុនទូរគមនាគមន៍ចំនួនប្រាំមួយ ទៅសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមហ៊ុន អឹមហ្វូន បានឲ្យដឹងថា ក្រុមហ៊ុនទាំងនេះមិនបានសងប្រាក់ជាងមួយលានដុល្លារ ដែលជាបំណុលមិនទាន់ទូទាត់ឲ្យខ្លួន។
យោងតាមលោក អ៊ុក រី ដែលជាអភិបាលបណ្ដោះអាសន្នចាត់តាំងដោយតុលាការ ក្រុមហ៊ុន មិត្តហ្វូន (Metfone) ម៉ូប៊ីថែល (MobiTel) វីង (WING Co., Ltd.) តែលខូតិច(Telcotech Ltd.) រ៉ូយ៉ាល់ តេលេខេម អីុនធើណេសិនណល ខូ អិលធីឌី (Royal Telecam International Co., Ltd.) និងក្រុមហ៊ុន អេធូ ខំម្ញូនីខេសិន ខូ អិលធីឌី (A2 Communications Co., Ltd.) ជំពាក់ប្រាក់ក្រុមហ៊ុន អឹមហ្វូន។ ក្រុមហ៊ុន អឹមហ្វូន ត្រូវការប្រាក់ទាំងនេះដើម្បីយកទៅទូទាត់បំណុលឲ្យម្ចាស់បំណុលជាង១.០០០នាក់ ដែលកំពុងទាមទារសំណងពីខ្លួន។
លោក អ៊ុក រី មានប្រសាសន៍ថា “ យើងនឹងដាក់ពាក្យប្តឹងទៅតុលាការនាពេលឆាប់ៗនេះ ពីព្រោះយើងត្រូវការប្រាក់យកទៅសងម្ចាស់បំណុលរបស់យើង”។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “ ពួកគេត្រូវតែទូទាត់បំណុលឲ្យយើង ទោះបីជាក្រុមហ៊ុន [អឹមហ្វូន] ក្ស័យធនក៏ដោយ។ លោកបានអះអាងថា ក្រុមហ៊ុន មិត្តហ្វូន មកពីប្រទេសវៀតណាមជំពាក់៥៥២.៤៥២ដុល្លារ និងក្រុមហ៊ុន ម៉ូប៊ីថែលជំពាក់៣៥៩.០៨៣ដុល្លារ ថ្លៃសេវាទូរស័ព្ទផ្សេងៗ ដូចជា សេវាឆ្លងប្រព័ន្ធជាដើម។ ក្រុមហ៊ុន អឹមហ្វូន មានតម្លៃ១០៧លានដុល្លារ ក៏ប៉ុន្តែ ម្ចាស់បំណុល រួមទាំងអតីតបុគ្គលិករបស់ខ្លួនផងដែរនោះ បានទាមទារសំណងគិតជាទឹកប្រាក់សរុបចំនួនជាង១៦០លានដុល្លារ៕
ប្រែសម្រួលដោយ កង សុធា