29 C
Phnom Penh

គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ប្ដឹងគ្នា​​​ទៅវិញ​​​ទៅ​​​មក​​​​​​នៅ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​លោក ទេព នីថា ​អគ្គលេខា​ធិការ​​​គណៈកម្មាធិការ​​​ជាតិ​​​​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត ហៅ​​​កាត់ថា គ.ជ.ប. បាន​​​មាន​​​ប្រសាស​​​ន៍ថា រយៈពេល​​​ជាង​​​ពីរ​​​សប្ដាហ៍​​​ទៀត​​​នៅ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ជ្រើសរើស​​​សមាជិក​​​សភា​​​គ.ជ.ប. បាន​​​ទទួល​​​ពាក្យ​​​បណ្ដឹង​​​ជាង​​​១៥០​​​ករណី ​ដែល​​​បាន​​​ប្ដឹង​​ជុំវិញ​​​ការ​​​រំលោភ​​​បំពាន​​​ច្បាប់​​​​​​ធ្វើ​​​យុទ្ធ​នា​​​ការ​​​ឃោសនា​​​រក​​​សំឡេងឆ្នោត​​​​នៅ​​​កម្ពុជា ពាក្យ​​​បណ្ដឹង​​​ជាង​​​៦០​​​ភាគ​រយ​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ជា​​​គណបក្ស​​​ប្រឆាំង។

នៅក្នុង​​​សន្និសីទ​​​សារព័ត៌មាន​​​មួយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ ដែល ​​​គ.ជ.ប.​​​ធ្វើ​​​ការ​​​ត្រួត​​​ពិនិត្យ​​​​​​បញ្ជី​​​ឈ្មោះ​​​អ្នក​​​បោះ​​​ឆ្នោត​​​ជា​​​ផ្លូវការ​​​របស់​​​ខ្លួន​​​ជា​​​ចុង​​​ក្រោយ​​​នោះ ​លោក ​ទេព នីថា បាន​​​មាន​​​ប្រសាសន៍​​​អំពី​​​ការទទួល​​​ពាក្យ​​​បណ្ដឹង​​​នេះ ហើយ​​​ពាក្យ​​​បណ្ដឹងចំនួន​​​២២​​​ករណី​​​ មិន​​​អាច​​​ដោះ​​​ស្រាយ​​​​​​នៅ​​​ថ្នាក់ ​​​ឃុំ​​​-សង្កាត់បាន​​​ទេ​​​ ហើយពាក្យ​​​បណ្ដឹង​​​នោះ​​​ត្រូវ​​​បញ្ជូន​​​មក​​​កាន់​​​គណៈកម្មាធិការ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ខេត្ត​​​ និងមាន​​​ពាក្យ​​​បណ្ដឹង​​​តែបួន​​​ករណី​​​ប៉ុណ្ណោះ​​​ ត្រូវ​​​បាន​​​បញ្ជូន​​​មក​​គ.ជ.ប.​​​ដោយ​​​ផ្ទាល់ ហើយ​​​ពាក្យ​​​បណ្ដឹង​​​ពីរ​​​ ក្នុង​​​ចំណោម​​​​ពាក្យ​​​​បណ្ដឹង​​​ទាំង​​​បួន​​​នេះ​​​នៅ​​​តែមិន​​​អាច​​​ដោះ​​​ស្រាយ​​​បាន​ទេ​​។

​​​លោក  ហឿ រ៉ុង នាយក​​​ប្រតិ​​​បត្តិ​​​នៅក្នុង​នាយក​​​​​ដ្ឋាន​​​​ប្រតិ​​​បត្តិ​​​ការ​​​របសគណៈកម្មាធិការ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ ​​​មាន​ប្រសាសន៍​​​ថា លោក​​​មិន​​​ទាន់​​​ដឹង​​​ច្បាស់​​​ថា បណ្ដឹង​​​ណា​មួយ​​​ដែល​​​មិន​​​អាច​​​ដោះ​​​ស្រាយ​​​បាន​​​នោះទេ​​​ ប៉ុន្ដែ​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា បណ្ដឹង​​​ជា​​​ច្រើន​​​ផ្សេង​​​ទៀត ពាក់​​​ព័ន្ធ​​​នឹង​​​ទី​​​តាំង​​​នៃ​​ការដង្ហែ​​​ក្បូន​​​​ឃោ​​​សនារក​​​សំឡេង​​​ឆ្នោត​​​ និង​​​ការ​​​ដក​​​ប័ណ្ណ​​​ឃោស​​​នាបោះឆ្នោត​​​របស់​​​គណបក្ស​​​។

​​​លោក ហឿ រ៉ុង ​បាន​​​មានប្រសាសន៍​​​ថា​ “គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ច​ំនួន​​​៩៩​​​ករណី​​​ រី​​​ឯគណបក្ស​​​ប្រជាជន​​​វិញ​​​បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹងចំនួន​​​៣៣​​​ករណី។​​​ រីឯ​​​ពាក្យ​​​បណ្ដឹង​​​ ផ្សេង​​​ទៀត​​​​មកពី​​​គណបក្ស​​​ផ្សេង​​​ៗ​​​​​​​​​ និង​​​ពី​​​អាជ្ញាធរ​​​មូល​​​ដ្ឋាន”។​​​លោក​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា អាជ្ញាធរ​​​មូល​​​ដ្ឋាន​​​បាន​​​ប្ដឹង​​​គណបក្ស​​​ជា​​​ច្រើន​​​អំពី​​​ការ​​​ដាក់​​​ប័ណ្ណ​​​ឃោស​​​នា​​​របស់​​​គណបក្ស​​​នានា​​​ នៅ​​​តាម​​​បង្គោលភ្លើង​​​ឬ នៅ​​​ទី​​​កន្លែង​​​ហាម​​​ឃាត់ផ្សេងៗ​​​ទៀត​​​។

​​​​​​កាល​​​ពី​​​ថ្ងៃ​​​ទី២ ខែ​កក្កដា ​គណៈកម្ម​ាធិការ​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​រាជធានី​​​ភ្នំពេញ​​​ បាន​​​ប្រាប់​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ថា  ការ​​​ប្រើ​​​បង្គោល​​​​​​​ភ្លើង​​​​​​ ​​​គឺ​​​ជា​​​ការ​​​ប្រឆាំង​​​នឹង​​​ច្បាប់​​​បោះ​​​ឆ្នោត​​​ ដែល​​​ហាម​​​មិន​​​ឲ្យ​​​ប្រើ​​​ប្រាស់​​​ទ្រព្យ​​​សម្បត្តិ​​​រដ្ឋ​​​សម្រាប់​​​ធ្វើ​​​យុទ្ធ​​​នាការរក​​​សំឡេង​​​​​​ឆ្នោត។​​​ទោះ​​​ជា​​​យ៉ាង​​​ណា​​​ក៏​​​ដោយ ក៏ប័ណ្ណ​​​ឃោស​​​នា​​​បោះ​​​ឆ្នោត​​​ជា​​​ច្រើន​​​របស់​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​នៅ​​​តែ​​​មាន​​​នៅតាម​​​បង្គោល​​​ភ្លើង​​​ផ្សេង​​​ទៀត​​​នៅ​​​ទូទាំង​​​រាជធានី​​​។ គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ប្ដឹង​​​ថា ​​​គណ​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​មិន​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​មាន​ការ​​​ចូល​​​ឃោស​​​នា​​​​​​រក​​​សំឡេង​​​​​​ឆ្នោត​​​ដោយ​​​ស្មើ​​​ភាព​​នៅសួនមុខ​​​​​​វត្តបទុម ជា​​​កន្លែង​​​សាធារ​ណៈ​​​​ដ៏​​​ធំមួយ​​​ ក្នុង​​​ចំណោម​​​កន្លែង​​​សាធារណៈ​​ធំៗ​​​ផ្សេង​​​ទៀត​​​ នៅ​​ចំ​​​​កណ្ដាល​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​ និង​​​មិន​​​មាន​​​ការ​​​​ពន្យល់​​ឲ្យ​​​បានត្រឹម​​​ត្រូវ​​​ពី​​​គណៈកម្មា​​​ធិការ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​រាជ​ធានីនោះ​​​ទេ។​​​​​​

សាលា​​​រាជ​​​ធានីភ្នំពេញ បាន​​​ការពារ​​​​​​ចំពោះ​​​​ការ​​​ផ្ដល់​​​ទីតាំង​​​​​​​​​​​​សួននៅ​​​មុខ​​​វត្ត បុទុម​​​ឲ្យ​​​គណ​បក្ស​​​​ប្រជាជន​​​កម្ពុជា​​​ ជាគណ​​​បក្ស​​​កាន់​​​អំណាច​ដោយ​​​អះអាង​​​ថា ​​​​​គណបក្ស​​​នេះ បាន​​​ស្នើ​​​សុំ​​​សាលា​​​រាជធានី​​​ដើម្បីប្រើ​​​សម្រាប់​​​ធ្វើការ​​​ឃោសនា​រក​​​សំឡេង​​​ឆ្នោត​​​បាន​​​​​​មុន​​​គណបក្ស​​​ប្រឆាំង។

លោក យ៉ែម បុញ្ញា​​​ រិទ្ធ អ្នក​​​នាំពាក្យ​​​គណ​​​បក្ស​​​ប្រឆាំង ​​​​មាន​​​ប្រសាស​​​ន៍​​​កាល​​​ពី​​​ម្សិល​មិញ​ថា គណបក្ស​​​របស់​​​លោក បាន​​​ប្ដឹង​​​គណបក្ស​​​ប្រជាជន​កម្ពុជា​​អំពី​​​ការ​​​ប្រើ​​​ប្រាស់​​​អ្នកផ្ដាច់​​​ខ្លួន​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ ចុះ​​​ចូល​​​ជា​​​មួយ​​​នឹង​​​គណបក្ស​​​ប្រជា​​​ជន​​​ឲ្យវាយ​​​ប្រហារមេដឹក​​​នាំគណបក្សគឺលោកកឹម សុខា និង លោក សម រង្ស៊ីដោយ​​​ផ្ទាល់ ដោយ​​​ធ្វើ​​​មិន​​​ដឹង​​​មិន​​​ឮ​​​អំពី​​​​​​ការ​​​ស្នើ​​​សុំពី​​​ គ.ជ.ប. កាល​​​ពី ខែ​​​មុន ឲ្យ​​​ភាគី​​​នានា​​​​​​បញ្ឈប់​​​ការ​​​វាយ​​​​ប្រហារ​ជាលក្ខណៈបុគ្គល​​​អំឡុង​​​ពេល ធ្វើ​​​យុទ្ធនាការ​​​ឃោស​​​នា​​​រក​​​សំឡេង​​​​​​​ឆ្នោត នេះ​​​។

ក្នុងរយៈពេល​​​ប៉ុន្មាន​​​សប្ដាហ៍​​​​​​ខាង​​​មុខ​​​នេះ​​​នៅ​​​មុន​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ ដែល​​​ប្រព្រឹត្ត​​​ទៅ​នៅថ្ងៃ​​​ទី​​​២៨ ខែ​​​កក្កដា គណបក្ស​​​ប្រជាជន​​​កម្ពុជា​​​បាន​​​ប្រើ​​ប្រាស់ ឧត្ដមសេនីយ៍​​​ទោ​​​នគរ​បាល​​​ជាតិ លោក កឹម សុខុន ប្អូន​​​ប្រុស​​​របស់​​​លោក កឹម សុខា និង​​​ជា​​​អតីត ​អ្នក​នយោ​បាយ​​​ប្រឆាំង​​​ដោយ​​​ផ្ទាល់​​​នោះ បាន​​​បង្ហាញ​​​ខ្លួន​​​​នៅ​​​ក្នុង​​​ការ​​​ដង្ហែរក្បួន​​​ឃោសនារក​​​សំឡេង​​​ឆ្នោត​​​និង​​​នៅ​​​តាម​​​បណ្ដាញ​​​ទូរទស្សន៍​​​ និង​​​ស្ថានីយ​​​វិទ្យុ​​​ដែល​​​គាំទ្រ​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ធ្វើ​​​ការ​​​វាយ​​​ប្រហារ​​​បង​​​ប្រុស​​​របស់​​​ខ្លួន​​​ និង​​​លោក​ សម រង្សុី ដោយ​​​ឥត​​​សំចៃ។

លោក ឈាង វុន សមាជិក​​​សភាមក​​​ពី​​​គណ​​បក្ស​​​ប្រជាជន​​​កម្ពុជា​​​ និង​​​ជា​​​អ្នក​​​នាំ​​​ពាក្យ​​​រដ្ឋសភា​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថា​​​ធិប្បាយ​​អំពីពាក្យបណ្ដឹង​​​​​​ដែល​​​គណបក្ស​​​ប្រជាជន​​កំពុង​​​កាន់​​​អំណាច​​​​​​បាន​​​ប្ដឹង​​​នោះ​​​ឡើយ។ លោក ហឿ រ៉ុង បាន​​​មាន​​​ប្រសាសន៍​​​ថា ​​ពាក្យ​​​​បណ្តឹង​​​នៅ​​​ឆ្នាំ​​​នេះ​​​មានចំនួន​​​ស្មើនឹង​​ឆ្នាំ​​​២០០៨​​​ផង​​​ដែរ។

លោក ទេព នីថា ក៏​​​បានមាន​​​ប្រសាស​​​ន៍​​​នៅ​​​ឯ​​​សន្និសីទ​​​សារព័ត៌មាន​​​កាលពី​​​ម្សិល​​​មិញ​​​ថា អ្នក​​​សង្កេត​​​ការ​​​បោះ​​​ឆ្នោត​​​ក្នុងស្រុក​​ជាង​​​២០.០០០នាក់​​​ ហើយ​​​អ្នក​​​សង្កេត​​​ការ​​​អន្តរ​​​ជាតិ​​​ចំនួន​​​៤១រូប​​​ នឹង​​​ចូល​​​រួម​​​ឃ្លាំ​​​មើល​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​​​​តាម​​​មណ្ឌល​​​នានា​​​នៅ​​​ថ្ងៃ​​​បោះ​​​​ឆ្នោត​​ខាង​​​មុខ​​​​នេះ។ សហភាព​​​អឺរ៉ុប​​​​​​បាន​​​បញ្ចូល​​​អ្នក​​សង្កេត​​​ការ​​​រាប់​​​រ​​យ​នាក់ឲ្យ​​​មក​​​ឃ្លាំមើល​​​ការ​​​បោះ​​​ឆ្នោត​​​កាលពី​​​ឆ្នាំ​​​២០០៨ បាន​​​បដិសេធ​​​មិន​​​ចូល​​​រួមឃ្លាំ​មើល​​​ការ​​​បោះ​​​ឆ្នោត​​​នៅ​​​ឆ្នាំ​នេះ​​​ទេ។

អង្គការ​​​តម្លាភាព​​​អន្តរជាតិ​​​ក៏​​​បាន​​​ជូន​​​ដំណឹង​​​កាលពី​​​ម្សិល​​​មិញផង​​​ដែរថា ខ្លួន​​​នឹង​​​ដាក់​​​ពង្រាយ​​​អ្នក​​​សង្កេតការ​​​បោះ​​​ឆ្នោត​​​របស់​​​ខ្លួន​​​ចំនួន​​​៨២២នាក់​​​នៅ​​​តាម​​​មណ្ឌល​​​បោះ​​​ឆ្នោត​​​ចំនួន​​​៤១១កន្លែង​​​នៅ​​​ទូទាំង​​​ប្រទេស​​​កម្ពុជា​​​៕​​​​​​

ប្រែសម្រួលដោយស៊ុំ សុខ​​​ភុំ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស