38 C
Phnom Penh

សវនកម្ម​របស់​គ.ជ.ប. ​លើក​ឡើង​ថា ៩​ភាគរយ​នៃ​ឈ្មោះ​របស់​​អ្នក​បោះ​​​​​ឆ្នោត​បាន​បាត់​​​ពី​ប​ញ្ជី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅកាត់ថា គ.ជ.ប. បាន​ចេញ​ផ្សាយ​លទ្ធផល​សវនកម្ម​ផ្ទៃ​ក្នុង​នៃ​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​​របស់​ខ្លួន​ ហើយ​បាន​រក​ឃើញ​ថា ប្រជា​ពល​រដ្ឋ​៩​ភាគរយ​​ដែល​​​បាន​ចុះ​ឈ្មោះ​ដើម្បី​បោះ​ឆ្នោត​ នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា រក​ឈ្មោះ​របស់​ខ្លួនមិន​ឃើញ​​នៅ​ក្នុង​បញ្ជីបោះ​ឆ្នោត​​ឡើយ។

លទ្ធ​ផល​​សវនកម្ម​នេះ​ស្រដៀង​ទៅ​នឹង​ការ​ស្ទាបស្ទង់​មតិ​ដោយ​ឡែក​មួយ​ចំនួន​ផ្សេង​ទៀតធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិធម៌​​នៅ​កម្ពុជា​ ហៅ​កាត់​ថា ខុមហ្វ្រែល​  និង​វិទ្យា​ស្ថាន​​ជាតិ​ប្រជាធិបតេយ្យ ដែល​មាន​មូល​ដ្ឋាន​នៅ​ក្រុង​វ៉ាស៊ីនតោន​ ដោយបាន​​រក​ឃើញ​ថា ក្នុង​ចំណោម​អ្នក​បោះ​ឆ្នោត​​​១០​នាក់ មាន​ម្នាក់​អាច​​​ត្រូវ​បាន​ដក​សិទ្ធិ​ចេញ​ពី​ការ​បោះ​ឆ្នោត​ក្នុង​ខែ​នេះ​។

យោងតាមសវនកម្ម​របស់​គណៈ​កម្មា​ធិការ​ជាតិ​ររៀប​ចំ​ការ​បោះ​ឆ្នោត​ ដែល​ធ្វើ​ឡើង​ដោយក្រុម​ហ៊ុន​ស្រាវ​ជ្រាវ Business and Marketing Research Solutions Asia (BMRS) បាន​រក​ឃើញ​ថា ១៣​ភាគរយ​​នៃ​ឈ្មោះ​​ទាំង​អស់​នៅ​ក្នុង​បញ្ជី​អ្នក​បោះ​ឆ្នោត​​ត្រូវ​បាន​ចុះ​ដោយ​មិន​ត្រឹម​ត្រូវ​។

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​​​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​សង្ខេប​នៃ​សវនកម្ម​នេះ​ ដែល​បាន​ចេញ​នៅ​ទី​ស្នាក់​ការ​កណ្ដាល​របស់​ខ្លួនក្នុង​រាជ​ធានី​ភ្នំ​ពេញ​ថា “ ទោះ​បី​ជា​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ខិត​ខំ​ប្រឹង​ប្រែង​ និង​ប្តេជ្ញា​ចិត្ត​​យ៉ាង​ណា​ក្តី ក៏បញ្ជី​ឈ្មោះអ្នក​បោះ​ឆ្នោត​មិន​អាច​ត្រឹម​ត្រូវ​១០០​ភាគរយ​​ដែរ”។

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​បន្ថែម​ថា “ ​ពាក់​ព័ន្ធ​នឹង​បញ្ហា​ដែល​លើក​ឡើង​អំពី​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ គណៈ​​​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត នឹង​​​ពិនិត្យ​មើល​​ដំណោះ​ស្រាយ​ផ្អែក​លើ​បទ​ពិសោធ ការ​លើក​ឡើងមួួយ​ចំនួនកន្លង​មក និង​ស្ថាប័ន​ពាក់​ព័ន្ធ​នានា​ ព្រម​ទាំង​សន្និសីទ​ក្រោយ​ការ​បោះ​ឆ្នោត​ដែល​នឹងធ្វើ​ឡើង​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣”។

សវនកម្ម​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ​បានរក​ឃើញ​ថា ក្នុង​ចំណោម​​​​ប្រជា​ពល​​រដ្ឋ​១០​នាក់​ ដែល​បាន​ចុះ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​២៨ខែ​កក្កដា មានលើស​ពី​​ម្នាក់​ដែល​ទំនង​ជា​អត់​មាន​នៅ​ក្នុង​បញ្ជីឈ្មោះ​បោះ​ឆ្នោត ហើយ​ថា ៩​ភាគ​​​រយ​នៃ​អ្នក​បោះ​ឆ្នោត​លើក​មុនៗ​ត្រូវ​បាន​កាត់​​​​ចេញ​ពី​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​​​តាម​មូលដ្ឋាន​ដោយ​មិន​ត្រឹម​ត្រូវ​។ ការ​ស្ទង់​មតិ​របស់អង្គ​ការ​ខុមហ្វ្រែល បាន​ប៉ាន់​ប្រមាណ​ថា អ្នក​បោះ​ឆ្នោត​១,២៥​លាន​នាក់​អាចនឹង​បាត់​បង់​សិទ្ធិ​របស់​ខ្លួន​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នេះ​។

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​រិះ​គន់​យ៉ាង​ខ្លាំង​ចំពោះ​លទ្ធ​ផល​នៃ​​​សវន​​​កម្ម​ទាំង​នោះ ហើយ​មិន​ពេញ​ចិត្ត​ចំពោះ​វិធី​សាស្ត្រ​ដែល​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ  និង​អង្គការខុមហ្វ្រែល​ បានប្រើ​ប្រាស់​នោះ​ទេ​​​។ សម្រាប់​សវនកម្ម​របស់​ខ្លួន​ ក្រុមហ៊ុន​​ស្រាវ​​​​ជ្រាវ​ BMRS បាន​ប្រើ​ប្រាស់​​គំរូ​នៃ​ការ​ស្ទាប​ស្ទង់​មួយ​ធ្វើ​ឡើង​ទៅ​លើ​ប្រ​ជា​ពល​រដ្ឋ​​ចំនួន​២.៤៧២​នាក់​ទូទាំង​២៤​ខេត្ត​-រាជ​​​ធានី​​​។​ក្រុមហ៊ុន​នេះ​​បាន​រក​ឃើញ​ថា ៩១​ភាគរយ​នៃ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ បាន​ចុះ​ឈ្មោះ​បោះ​​ឆ្នោត​រួច​ហើយ។​ក្នុង​ចំណោម​នោះ​មាន​​៩​ភាគ​រយ ឬស្មើ​នឹង​ចំនួន​ប្រជា​ពល​រដ្ឋ​​១៩៨​នាក់​ ​រក​ឈ្មោះ​របស់​ខ្លួន​នៅ​ក្នុង​បញ្ជី​មិន​ឃើញ​​​ទេ​។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ គណៈ​​​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ បាន​ប្រើ​ប្រាស់អ្វី​ដែល​ខ្លួន​ហៅ​ថា “សមត្ថភាព​ខ្ពស់​​” ក្នុងការ​តាម​ដាន​ឈ្មោះ​ប្រជា​ពល​រដ្ឋ​​​១៣១​នាក់​​ក្នុង​ចំណោម​​អ្នក​ដែល​ត្រូវ​សម្ភាស​​​​​​​ទាំង​នោះ​ ដើម្បី​ដោះ​ស្រាយបញ្ហា​របស់​ពួក​គេ ដោយ​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​​​៩​ភាគរយ​​​មក​នៅ​ត្រឹម​៣ភាគ​រយ​នៃអ្នក​ដែល​ត្រូវ​បាន​សម្ភាស​និង​ដែល​ឈ្មោះ​របស់​ខ្លួនមិនអាច​រក​ឃើញ។

របាយការណ៍​នេះ​មិន​បាន​លើក​ឡើង​ថា​​​ហេតុ​អ្វី​បាន​ជាមានការ​ព្យាយាម​​ស្រដៀង​ដើម្បី​​​​ដោះស្រាយ​​ភាព​មិន​ប្រក្រតី​សម្រាប់​ប្រជា​ពលរដ្ឋ​ទូទៅ​នោះទេ​។ ថ្លែង​នៅ​​ក្នុង​សន្និសីទ​កាសែត​មួយ​កាល​ពី​ម្សិលមិញ​ លោក អឹម សួរ​ស្ដី ប្រធាន​គណៈ​​​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ បាន​​មាន​ប្រ​សាសន៍សម្រាល​ពាក់​ព័ន្ធ​នឹង​ការ​សន្និដ្ឋាន​ថា ​អ្នក​បោះ​ឆ្នោត​ចំនួន​៩​ភាគរយ​​រក​ឈ្មោះ​របស់​ខ្លួន​នៅ​ក្នុង​បញ្ជី​ឈ្មោះ​អ្នក​បោះ​ឆ្នោត​​​មិន​ឃើញ​។

លោក​បាន​មាន​ប្រសាសន៍​ថា  “ មុន​ពេល​យើង​និយាយ​ថា ឈ្មោះ​របស់​ពួក​គាត់​​បាត់​ពី​បញ្ជី យើង​គួរ​តែ​គិត​ពិចារណា​ឲ្យ​បាន​ល្អិត​ល្អន់​។ ​ឧទាហរណ៍​ឈ្មោះ​ យ៉ន ថេង ជួន​កាល​​​​គេ​សរសេរ​ថា យឿន ថេង។ នៅ​ក្នុង​បញ្ជី​គឺ​ឈ្មោះ​ យ៉ន ថេង ប៉ុន្តែ​មាន​ថ្ងៃ​ខែ​ឆ្នាំ​កំណើត និង​អាសយដ្ឋាន​ដូច​គ្នា​ ហេតុ​ដូច្នេះគឺ​ជា​មនុស្ស​​តែ​មួយ។ យើង​មិន​អាច​និយាយ​​​ថា ឈ្មោះ​នេះ​បាត់ ហើយបុគ្គល​​នោះ​មិន​អាច​បោះ​ឆ្នោត​បានឡើយ”។

លោក អឹម សួរ​ស្ដី បាន​បន្ថែម​ថា “ ប្រសិន​បើ​យើង​រក​ឃើញ​ឈ្មោះ​របស់​ខ្លួន​ មិន​ឃើញ​ទេ សូម​កុំ​បោះ​បង់​ចោល​អី។ សូម​យក​ឈ្មោះ​​​នោះ​​ទៅបញ្ជាក់​ជា​មួយ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ដើម្បី​ឲ្យ​ដឹង​ថា តើ​ហេតុ​​​​អ្វី​បាន​ជា​រក​ឈ្មោះ​​​​របស់​ខ្លួន​មិន​ឃើញ ហើយ​​​​ថា តើ​ឈ្មោះ​​នោះបាត់​ដោយ​របៀប​ណា​”។

ទោះ​ជា​យ៉ាង​ណា លោក អឹម សួរស្ដី​ បាន​លើកឡើង​ថា ភាព​មិន​ប្រក្រតី​បែប​នេះ​មិន​អាច​ដោះ​ស្រាយ​បានទេសម្រាប់​​ការ​បោះ​ឆ្នោត​ឆ្នាំ​នេះ ជា​ការ​ទាម​ទារ​មួយ​​ដែល​គណ​​​បក្ស​សង្គ្រោះ​ជាតិ​បាន​លើក​ឡើង​ជា​ច្រើន​ដង​​​​មក​ហើយ​នៅ​ក្នុង​ពេល​ថ្មី​ៗ​នេះ​។​ លោក អឹម សួរស្ដី បាន​មាន​ប្រសាស​ន៍​ថា  “យើង​អាច​​​​ផ្លាស់​ប្ដូរ​​​​បាន​សម្រាប់​តែ​ការ​ចុះ​ឈ្មោះ​លើក​ក្រោយ [សម្រាប់​ការ​បោះ​ឆ្នោត​​​​ជាតិលើក​ក្រោយ​] ប៉ុណ្ណោះ​”។

លោក​បាន​បន្ថែម​ថា “ មាន​មួយ​លាន​​បញ្ហា​​​​​​កើត​ឡើង​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​មួយ​លើកៗ​ ហើយ​យើង​មិន​អាច​យក​បញ្ហាតូច​​មួយ​មក​គ្រប​ដណ្ដប់​លើ​បញ្ហា​ល្អៗ​រាប់​លាន​ដែល​យើង​បាន​ធ្វើនោះ​ទេ​”។ នៅ​ក្នុង​របាយការណ៍​នេះ គណៈកម្មា ធិការ​​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​ផ្ដល់​អនុសាសន៍​​ថា “ សវនកម្ម​ណាមួយលើ​បញ្ជី​អ្នក​បោះ​ឆ្នោត​ គួរ​តែធ្វើ​ឡើង​ដោយ​វិធីសាស្ត្រ​ស្រាវ​ជ្រាវ​ដ៏​ហ្មត់​ចត់ និង​ស៊ី​ជម្រៅ”។

លោក​ស្រី ឡូរ៉ា ថនតុន (Laura Thornton) នាយិកា​​វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យប្រ​ចាំ​ប្រទេស​កម្ពុជា​ ​​បានឆ្លើយ​តប​នឹង​អនុសាសន៍​នេះ​ថា “ ​ចំណុច​ចម្លែក​ទាក់​ទិន​នឹង​របាយ​ការណ៏​សវនកម្ម​របស់​គណៈកម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ គឺ​​​​អនុ​សាសន៏​​នេះ​”។

លោក​ស្រី​បាន​លើក​ឡើងនៅ​ក្នុង​អ៊ីម៉េល​មួយ​ថា “ វិទ្យាស្ថាន​ជាតិប្រជាធិប​តេយ្យ​ បាន​ស្នើ​សុំពិនិត្យ​មើល​ទិន្នន័យ​​​បញ្ជី​អ្នក​បោះ​ឆ្នោត​ទាំង​មូល​ជា​ច្រើន​លើក​ច្រើន​សា​មក​ហើយ​ ប៉ុន្តែ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​បាន​បដិសេធ​មិន​ចែក​រំលែកដល់​យើង​ឡើយ ឬ​អង្គការ​ឯករាជ្យ​ផ្សេង​ៗ​ឡើយ រួម​ទាំង​អង្គ​ការ​ខុមហ្វ្រែល​ផង​ ទោះ​បី​ជានេះ​ជា​ការ​អនុ​វត្តតាម​បទដ្ឋាន​​​អន្តរជាតិ​ក្ដី​។ហេតុ​ដូច្នេះ​ តើ​ឲ្យ​យើង​ធ្វើ​តាម​អនុសាសន៍​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​បាន​យ៉ាង​ម៉េច?”។

លោក គល់​ បញ្ញា នាយក​ប្រតិបត្តិអង្គ​ការ​ខុមហ្វ្រែល បាន​លើក​ឡើង​ថា គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ដែល​បាន​បាត់​ពី​បញ្ជី​ ពីព្រោះ​គណៈ​កម្មា​ធិការ​​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​អាច​បើក​មើល​​ទិន្ន​ន័យ​កុំព្យូទ័រ​បាន​ទាំង​មូល។

លោក​បាន​បន្ថែម​ថា “ យើងអាច​ត្រឹម​តែ​​ពិនិត្យ​ផ្ទៀង​ផ្ទាត់​ឡើង​វិញ​នៅ​ថ្នាក់​ឃុំ-សង្កាត់​និង​ខេត្ត​​ដោយ​ប្រើ​កម្មវិធី​ភីឌីអេហ្វ (PDF) ប៉ុណ្ណោះ​”។
លោក គល់ បញ្ញា ក៏​បាន​ចោទ​សួរ​ដែរ​ថា តើ​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​រក​ឃើញ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ដែល​មិន​មាន​​នៅ​ក្នុង​បញ្ជី​ដោយ​របៀបណា​ ហើយ​លោក​បានលើកឡើង​ថា ​វា​អាច​ទៅ​រួច​ដែល​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោតបានរក​ឃើញ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​នៅ​តាម​បណ្ដា​ខេត្ត​នានា​ដែល​គេ​មិន​បាន​រស់​នៅ​។ លោក​បាន​ថ្លែង​ថា “វា​ហាក់​ដូច​ជា​ឈ្មោះ​​ខ្មោច​អ៊ីចឹង”។

ទាក់​ទិន​នឹង​​​ឈ្មោះ​​​១៣​ភាគរយ​​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​​ក្នុង​បញ្ជី​អ្នក​បោះ​ឆ្នោត​ ​ដោយ​មិន​ត្រឹម​ត្រូវនោះ​វិញ ​លោក គល់ បញ្ញា បាន​លើក​ឡើង​ថា វា​តំណាង​ឲ្យចំនួន​​ប្រជា​ពល​រដ្ឋដែលទំនង​ជានឹង​ត្រូវ​​គេ​មិន​អនុញ្ញាត​ឲ្យ​បោះ​ឆ្នោត​នៅ​​ថ្ងៃ​បោះ​ឆ្នោត​។ ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​​របស់​លោក អឹម សួរស្្ដី ដែល​ថា អ្នក​បោះ​ឆ្នោត​ដែល​មាន​​​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ និង​អាសយ​ដ្ឋាន​​ជាន់​គ្នា​ នឹង​ទទួល​បាន​ការ​​អនុញ្ញាត​ឲ្យ​បោះ​ឆ្នោត​នោះ លោក គល់​ បញ្ញា បាន​មាន​ប្រសាសន៍​ថា “ វា​ជា​ការ​​បំពាន​ច្បាប់​ បោះ​ឆ្នោត​”៕

ប្រែ​សម្រួល​ដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស