មន្ត្រីគណបក្សសង្គ្រោះជាតិបាននិយាយថា ជនជាតិវៀតណាមពីរនាក់ត្រូវបានចាប់ខ្លួន ហើយបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យកាលពីម្សិលមិញ បន្ទាប់ពីបុរសទាំង ពីរនាក់នេះត្រូវបានចោទប្រកាន់ពីបទចូលក្នុងផ្ទះរបស់បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដោយខុសច្បាប់ ជាទង្វើដែលតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយរូបហៅថា ជាការបំភិតបំភ័យពាក់ព័ន្ធរឿងនយោបាយ។
លោក បាន ធឿន នាយនគរបាលអន្តោប្រវេសន៍ខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា នគរបាលបានចាប់ខ្លួន រុំ លី អាយុ៥៥ឆ្នាំ ជាជនជាតិវៀតណាមសញ្ជាតិខ្មែរ និងជនជាតិវៀតណាមម្នាក់ទៀតអាយុ៤៤ឆ្នាំកាលពីថ្ងៃពុធនៅក្នុងក្រុងសេរីសោភ័ណ បន្ទាប់ពីបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិម្នាក់បានដាក់ពាក្យបណ្តឹង។
លោកបានមានប្រសាសន៍ថា អំឡុងការសាកសួរ ពួកគេទាំងពីរនាក់បានអះអាងថា ពួកគេបានធ្វើដំណើរទៅខេត្តបន្ទាយមានជ័យពីរបីដងហើយដើម្បីរកកន្លែងបើកគ្លីនិក ហើយបានបញ្ជាក់ថា ពួកគេត្រូវបានអនុញ្ញាតឲ្យចូលទៅក្នុងផ្ទះនោះ។
ប៉ុន្តែ លោក ឡុង រី បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា ការបំពាននេះគឺជាសកម្មភាពបំភិតបំភ័យ។ លោកមានប្រសាសន៍ថា យើងបានលើកឡើងច្រើនលើកច្រើនសាមកហើយពីជនអន្តោប្រវេសន៍ខុសច្បាប់ហូរចូលមកក្នុងប្រទេសកម្ពុជា ដែលមូលហេតុនេះជាការគំរាមកំហែង នៅពេលដែលជនជាតិវៀតណាមទាំងពីរនាក់នេះបានចូលក្នុងផ្ទះរបស់តំណាងរាស្ត្រយើង។ លោកបានមានប្រសាសន៍បន្ថែមទៀតថា ផ្ទះនេះបានស្លាកសញ្ញាច្បាស់លាស់នៅខាងក្រៅថា ជាផ្ទះរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ហើយថា ជនសង្ស័យទាំងពីរនាក់នេះបានមានះចូលតែម្តង។
លោកបានមានប្រសាសន៍ថា សន្តិសុខយាមផ្ទះនោះបានព្យាយាមរារាំងបុរសទាំងពីរនាក់នេះមិនឲ្យចូលទៅក្នុងផ្ទះដែរ ប៉ុន្តែជនសង្ស័យនេះមិនព្រមឈប់ឡើយ ហើយបានចូលក្នុងផ្ទះនោះដើម្បីពិនិត្យមើលបន្ទប់មួយចំនួន។ និយាយតាមទូរស័ព្ទកាលពីម្សិលមិញ អ្នកស្រី ឡាយ សាវ៉ន ដែលជាម្ចាស់ផ្ទះ បានមានប្រសាសន៍ថា ថ្មីៗនេះអ្នកស្រីបានជួលផ្ទះរបស់គាត់ទៅឲ្យបេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ហើយថា ជនជាតិវៀតណាមទាំងពីរនាក់នេះបានមកទាក់ទងគាត់ដាច់ដោយឡែកពីគ្នាដើម្បី ជួលផ្ទះសំណាក់ដែលអ្នកស្រីបានកាន់កាប់នេះ។
អ្នកស្រីបាននិយាយថា បុរសទាំងពីរនាក់នេះមិនបានយល់ព្រមនឹងតម្លៃជួលគឺ៥.០០០ដុល្លារក្នុងមួយខែដើម្បីជួលអគារដែលមាន៣០បន្ទប់នេះធ្វើជាគ្លីនិកឡើយ។ អ្នកស្រីបាននិយាយថា “ បុរសម្នាក់ដែលនិយាយខ្មែរយ៉ាងច្បាស់បានសុំមើលផ្ទះរបស់ខ្ញុំមួយទៀត ប៉ុន្តែខ្ញុំមិនព្រមឲ្យពួកគេចូលទៅក្នុងទេ ពីព្រោះខ្ញុំបានជួលផ្ទះនេះទៅឲ្យមន្ត្រីជាន់ខ្ពស់ [គណបក្សសង្គ្រោះជាតិ]រួចហើយ”។
លោក ស៊ុម ចាន់គា អ្នកសម្របសម្រួលប្រចាំខេត្តនៅអង្គការសិទ្ធិមនុស្សអាដហុកបានមានប្រសាសន៍ថា ការមានះចូលក្នុងផ្ទះអ្នកដទៃមានទោសជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ តាមច្បាប់កម្ពុជា។ លោកបានមានប្រសាសន៍ថា “យើងកំពុងធ្វើការស៊ើបអង្កេតរកឲ្យឃើញថា តើបុរសជនជាតិវៀតណាមទាំងពីរនាក់នេះ…ពិតជាមានចេតនាអាក្រក់ ឬមានះចូលទៅក្នុងផ្ទះនេះក្នុងគោលបំណងគំរាមកំហែងឬយ៉ាងណា”៕
ប្រែសម្រួលដោយ សោម សារុន