28 C
Phnom Penh

គណបក្ស​កាន់​អំណាច​នៅ​តែទទួល​បាន​សំឡេង​គាំទ្រ​ច្រើន​ពី​សហ​គមន៍​បង​ប្អូន​ខ្មែរ​អ៊ីស្លាម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដំបូល​ក្បឿង​ចម្រុះ​ពណ៌​នៃ​ព្រះ​វិហារ​អ៊ីស្លាម​នៅ​គីឡូម៉ែត្រ​លេខ​៨​ក្នុង​ខណ្ឌ​ឫស្សី​​កែវ រាជធានី​ភ្នំពេញ​ ដែល​​ចាំង​ពន្លឺផ្លេកៗ​ ពេល​ព្រះ​អាទិត្យ​ជិត​លិច​ ខណៈ​ពេល​ដែល​សហគមន៍​ខ្មែរ​អីុស្លាម​ធំៗ​​បំផុត​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជួប​ជុំ​គ្នា​កាលពីថ្ងៃ​ពុធដើម្បី​ប្រារព្ធ​ពិធី​ចាប់​ផ្តើម​ថ្ងៃ​ដំបូង​នៃបុណ្យ​តម​អាហាររា៉ម៉ាដន ដ៏តឹង​រឹង​រយៈពេល​មួយ​ខែ។

ឆ្នាំ​នេះ​ ការតម​អាហារ​តាំង​ពីពេល​​​ព្រះ​អាទិត្យ​រះ​​ទល់​នឹង​ពេល​ព្រះ​អាទិត្យ​លិច​របស់​បង​ប្អូន​ខ្មែរ​អ៊ីស្លាម​ប្រមាណ​៣៥០.០០០​នាក់ក្នុង​ប្រទេស​កម្ពុជា​​ចាប់​ផ្តើម​ដំណាល​គ្នា​​នឹងការ​យុទ្ធនា​ការឃោសនា​​បោះ​ឆ្នោត​ជាតិ​​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ជា​ព្រឹត្តិការណ៍​សំខាន់​សម្រាប់​​​ជន​ជាតិ​ភាគ​តិច​ ដែល​ភាគ​ច្រើន​តែង​តែគាំទ្រ​គណបក្ស​កាន់​អំណាច។

ប៉ុន្តែ នៅ​ឯ​ព្រះ​វិហារ​អ៊ីស្លាម​នៅ​គីឡូ​ម៉ែត្រ​​លេខ​៨ លោក អីុម៉ាន់ សាឡេស​ ដែល​ឈ្នួត​ក្បាល​របស់​គាត់​សមនឹង​ពុក​ចង្កា​ដ៏​ល្អ​របស់​គាត់​នោះ​ បាននិយាយថា គាត់​បែង​ចែក​យ៉ាង​​ច្បាស់​រវាង​នយោបាយ និង​សាសនា ទោះបី​ជា​សហ​គមន៍​របស់​គាត់​ដែល​មាន​ប្រជា​ពល​រដ្ឋ​​ជាង​​​​១.៤០០​គ្រួសារ​ ចូល​រួម​​ពាក់​ព័ន្ធ​យ៉ាង​សកម្ម​នៅ​មុន​ការ​​បោះ​ឆ្នោត​នា​ខែ​នេះ​ក្តី។

អង្គុយ​នៅ​ខាង​ក្រៅ​ព្រះ​វិហារ ខណៈ​ពេល​គេ​កំពុង​ត្រៀមរៀប​ចំ​ពិធី​បុណ្យ​តម​អាហារ​រ៉ាម៉ាដនថ្ងៃ​ដំបូង លោក​បាន​និយាយ​ថា “ អំឡុង​ពេល​តម​អាហារ​ យើង​មិន​ត្រូវ​បាន​​អនុញ្ញាត​ឲ្យ​និយាយ​កុហកឬធ្វើ​អំពើ​អាក្រក់ឡើយ​”។ លោក សាឡេស ​មាន​ប្រសាសន៍​ថា “  យើង​​​​​​មិន​និយាយ​អំពី​នយោបាយ​ទេ​​នៅ​ទីនេះ យើង​និយាយ​អំពី​រ៉ាម៉ាដន”។លោក​បាន​ពន្យល់ថា មូស្លីម (អ្នក​កាន់​សាសនា​អីុស្លាម) ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ទទួល​ទានវត្ថុរាវៗ ឬ​រួម​ភេទឡើយ​ អំឡុង​ពិធី​សក្ការបូជា​រយៈ​ពេល​មួយ​ខែ​ដ៏​ពិសិដ្ឋ​​របស់​មូស្លីម​។

ទោះ​បី​ជាពេល​នេះ​ចំ​ពិធី​បុណ្យ​សាសនា​នេះ​ក្តី​ ក៏​សហ​គមន៍​បង​ប្អូន​ខ្មែរ​អ៊ីស្លាម​នៅ​តែ​ជា​មូលដ្ឋាន​គាំទ្រ​ដ៏​សំខាន់​​សម្រាប់គណ​បក្ស​​ប្រជា​ជន​កម្ពុជាកាន់​អំណាច។ កាល​ពី​ខែ​មិថុនា គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាស​អំពី​ការ​ផ្ដាច់​ខ្លួន​របស់​សមាជិក​គណបក្ស​ប្រឆាំង​រាប់រយ​នាក់ ​រួម​ទាំង​​បង​ប្អូន​ខ្មែរ​អ៊ីស្លាមមួយ​ក្រុម​មាន​គ្នា​ប្រមាណ​២៥​នាក់ផង។ ក្នុង​ចំណោម​អ្នក​ដែល​បាន​ផ្ដាច់​ខ្លួន​ទាំង​នោះ មាន​ទាំង​លោក សិទ្ធ អ៊ីប្រាហ៊ីម ដែល​មាន​តំណែង​ជា​អគ្គ​លេខា​ធិការ​រង​គណបក្ស​សិទ្ធិមនុស្ស​រហូត​មក​ទល់​នឹង​ខែ​មេសាផង។ ហើយ​ដូច​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​​លើក​មុន​ៗ​ដែរ ​មាន​ការ​រំពឹង​ទុកថា បង​ប្អូន​​ខ្មែរអីុស្លាម​ភាគច្រើន​នៅ​កម្ពុជា​​​នឹងបោះ​ឆ្នោត​​​​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។

លោក ស្មាន់ សាគីម អាយុ​៣៤​ឆ្នាំ​​ជា​បង​ប្អូន​ខ្មែរ​អីុស្លាម​ មក​ពី​ខេត្ត​កណ្ដាល​ ដែល​មក​កាន់​ព្រះ​វិហារ​អីុស្លាម​នេះ​ ដើម្បី​បួង​សួង និង​តម​អាហារ​ជាមួយ​បង​ប្អូន​ខ្មែរ​អ៊ីស្លាម​ប្រហែល​១០០​នាក់​ បាន​​និយាយ​ថា​​ “ប្រជា​ពល​រដ្ឋ​ជា​ច្រើន​នៅ​ទីនេះ​បោះ​ឆ្នោត​គាំទ្រ​​គណបក្ស​ប្រជាជន​កម្ពុជា​ ព្រោះ​ពួកគេ​​ដឹង​ថា គណបក្ស​ប្រជាជន​កម្ពុជា​ បាន​សង្គ្រោះ​ប្រទេសនេះពី​របប​ខ្មែរ​ក្រហម” ដែល​បាន​​​សំដៅ​ធ្វើ​បាប​បង​ប្អូនជន​ជាតិ​ភាគ​តិច​ចាម​ជា​ពិសេស។​

លោក​បាន​បន្ថែម​ថា “យើង​ឃើញ​មាន​ការ​អភិវឌ្ឍ​ជាច្រើន​នៅ​ក្នុង​សហគមន៍​​របស់​យើង​ ដូចជា [សំណង់​] ព្រះ​វិហារ​អីុស្លាម​ សាលា​រៀន​ និង​មន្ទីរពេទ្យ​ជាដើម ហើយ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​នាំ​មក​នូវ​ភាព​រុង​រឿង​សម្រាប់​សហគមន៍​របស់​យើង​”។ អាហារ​ដែល​រួម​មាន​ផ្លែល្មើ សាវម៉ាវនិង​បបរសធម្មតា​ជាមួយព្រោន ត្រូវ​បាន​បរិច្ចាគ​​ដោយអង្គ​ការ​កែ​ទម្រង់​សង្គម​គុយ​វែ៉ត​ (Kuwait Social Reform Society)​ ជាសម្ពន្ធ​​​អង្គការ​​​​អីុស្លាម​មួយ​តំណាង​ឲ្យ​អង្គការអីុស្លាម​នានា​ទូទាំង​ពិភពលោក។

លោក ម៉ូហាមេដ ហ្វូអាដ (Mohamed Fouad) ជា​​​​ជន​ជាតិ​ដើម​អេហ្ស៊ីប និង​ជា​នាយក​អង្គការ​នេះ​ ដែល​បាន​ធ្វើការ​ជាមួយ​សហគមន៍​ខ្មែរ​អុីស្លាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​​ជាង​ប្រាំ​ឆ្នាំ​នោះ បាន​មាន​ប្រសាសន៍​ថា ការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជារឹង​មាំ​ណាស់​ក្នុង​ចំណោម​បង​ប្អូន​ខ្មែរ​អ៊ីស្លាម​ដោយ​សារ​តែ​គោល​នយោបាយ​គាំទ្រ​​​​ខ្មែរ​អីុស្លាម​របស់​គណបក្ស​នេះ។

លោក ហ្វូអាដ​​​ ​មាន​ប្រសាសន៍​ថា  “ ប្រជា​​​ពលរដ្ឋ [ខ្មែរ​អ៊ីស្លាម] នៅ​ទីនេះ​ ៩០​ភាគ​រយ​គិតថា លោក ហ៊ុន សែន ជា​​មេដឹក​នាំ​​ល្អ។ ពួកគេ​មាន​អារម្មណ៍​កក់​ក្តៅ​ដូច​គ្រួសារ​តែ​​​មួយ ព្រោះ​ឯក​ឧត្តម​ [​ឧបនា​យក​រដ្ឋមន្ត្រី]​ សុខ អាន ​​​និង​សម្តេច​ ហ៊ុន សែន​ តែង​តែ​​មាន​​​​​​ប្រ​សាសន៍​​ថា បង​ប្អូន​ខ្មែរ​អ៊ីស្លាមជា​បង​ប្អូន​របស់​យើង​”។

ដោយ​មាន​បងប្អូន​ខ្មែរ​អ៊ីស្លាម​ចំនួន​៣៥០.០០០​នាក់ត្រូវ​​បោះ​ឆ្នោត​​ គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ខិត​ខំ​ធ្វើ​កិច្ច​ការ​ដើម្បី​​ប្រមូល​សន្លឹក​ឆ្នោត​របស់​ពួកគេ​តាម​រយៈ​ការ​អនុញ្ញាត​ឲ្យ​ពួកគេ​ គោរព​សាសនា​ដោយ​សេរី​​និង​ថែម​ទាំងតែង​តាំង​​បេក្ខ​ជន​ខ្មែរ​អ៊ីស្លាម​សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ខាង​មុខ​ទៀត​ផង ដូចជា​ លោក អូស្មាន់ ហាសាន់ រដ្ឋ​លេខា​ធិការ​​ក្រសួង​ការងារ​ដែល​កំពុង​​ឈរ​ឈ្មោះ​សម្រាប់​​មណ្ឌល​ភ្នំពេញ ជាដើម។

លោក​ សាគីម បាន​និយាយ​ថា បេក្ខ​ជន​ដូចជាលោក ហាសាន់ ជា​ដើម បាន​ជួយ​បញ្ចុះ​​បញ្ចូល​សហគមន៍​ខ្មែរ​អ៊ីស្លាម របស់​លោក​នៅ​ក្នុង​ស្រុក​មុខ​កំពូល​ ខេត្ត​កណ្ដាល​ ឲ្យ​បោះ​ឆ្នោតគាំ​ទ្រ​គណបក្ស​ប្រជាជន​ដោយ​ចំហ។

លោក សាគីម បាន​​និយាយថា “ អ្នក​ភូមិ​នៅ​ក្នុង​ស្រុក​របស់​ខ្ញុំ​នឹង​បោះ​ឆ្នោត​គាំ​ទ្រ​​គណបក្ស​ប្រជាជន​កម្ពុជា  ព្រោះ​ពួកគេ​យល់​ថា បេក្ខ​ជន​របស់​ពួកគេ​ [លោក ហាសាន់] បាន​ជួយ​អភិវឌ្ឍស្រុក​នេះ​តាម​រយៈ​ការ​​ផ្តល់​ការ​អប់​រំ​ និង​អភិរក្ស​​វប្បធម៌​របស់​យើង​ ដូច្នេះ​ពួកគេ​ស្រឡាញ់​លោក ហាសាន់ ខ្លាំង​ណាស់​”។ លោក​បានព្យា​ករ​ថា ជាង៨០​ភាគ​រយ​នៃអ្នកបោះ​ឆ្នោត​នៅ​ក្នុង​ស្រុក​មុខ​កំពូល​ នឹង​គាំ​ទ្រគណបក្ស​ប្រជាជន​កម្ពុជា​។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រីបាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា អ្នកបោះ​ឆ្នោត​ខ្មែរ​អីុស្លាមមាន​សារៈ​សំខាន់​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ថា គណបក្ស​​​​របស់​លោក​បាន​​​អនុញ្ញាត​ឲ្យ​ពួកគេ​​ការ​ពារ​ផល​ប្រយោជន៍​របស់​ខ្លួន​តាម​រយៈរចនា​សម្ព័ន្ធ​បក្ស​នេះ។

លោក ផៃ ស៊ីផាន បាន​មាន​ប្រសា​សន៍​ថា ​​​​ “ យើង​មាន​ខ្មែរអីុស្លាមជាមន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​ សម្រាប់​រក្សា​និង​ការពារ​ផល​ប្រយោជន៍​របស់​ពួកគេ​​ ហើយ​ពួកគេ និង​ទទួល​បាន​សំឡេង​តាមរយៈ​គណបក្ស​ប្រជា​ជន​កម្ពុជា​”។

ផ្ទុយ​ទៅ​វិញ លោក អែល រ៉ាហ្វឺត​ តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​សម្រាប់​សហគមន៍​ខ្មែរ​អីុស្លាម​ បាន​មាន​ប្រសាសន៍​ថា នឹងគ្មាន​បេក្ខ​ជន​ខ្មែរ​អីុស្លាមឈរ​ឈ្មោះសម្រាប់​គណ​បក្ស​ប្រឆាំង​ទេក្នុង​ការ​បោះ​ឆ្នោត​​នេះ​។

លោក អេង កុកថៃ អ្នកស្រាវជ្រាវ​អំពី​ខ្មែរ​អ៊ីស្លាម ​និង​ជា​អនុប្រធាន​មជ្ឈមណ្ឌល​ឯកសារ​​កម្ពុជា​មាន​ប្រសាសន៍​ថា សហគមន៍​​ខ្មែរ​អ៊ីស្លាម បាន​ចងសម្ព័ន្ធ​ជាមួយ​គណបក្ស​កាន់​អំណាច​ជា​ប្រវត្តិសាស្រ្ត​ ព្រោះ​ពួកគេ​តែង​តែ​​បាន​លើក​ស្ទួយ​សេរី​ភាព​សហគមន៍​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ជា​ឧទាហរណ៍​ការ​សុំ​អនុញ្ញាត​សាង​សង់​ព្រះវិហារ​នានា គឺ​ងាយ​ស្រួយ​ទទួល​បាន​ណាស់​ ចំណែក​ឯ​ស្ដ្រី​វិញអាច​ស្លៀក​សំលៀក​​បំពាក់​សាសនា​អីុស្លាមទៅ​ណា​ក៏​បាន ​ហើយ​និស្សិតខ្មែរ​អីុស្លាម​ជាច្រើន​នៅ​កម្ពុជា​ថែម​ទាំង​មាន​ឱ​កាស​ទៅ​សិក្សា​នៅ​តំបន់​​មជ្ឈឹម​បូព៌ា​ទៀត​ផង។

លោក កុកថៃ បាន​មានប្រសាសន៍​សំដៅ​ដល់​គណបក្ស​ប្រឆាំង​ថា “ ពួកគេ​[គណបក្ស​សង្គ្រោះ​ជាតិ] ដឹង​ថា [ខ្មែរ​អ៊ីស្លាម] គឺ​ជា​អ្នក​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​។ ពួក​គេ​មិន​អាច​​បញ្ចុះ​បញ្ចូល​ខ្មែរ​អ៊ីស្លាម​បាន​ឡើយ។​លោក​នាយក​រដ្ឋមន្ត្រី​តែង​តែ​ការពារ​ពួកគេ​… ពួកគេ​រស់​នៅ​ក្នុង​ស្ថាន​ភាព​អនុគ្រោះ​បំផុត​ ពួកគេ​អាច​ប្រតិបត្តិ​ដោយ​សេរី​”។ លោក​ក៏​បាន​មាន​ប្រសាសន៍ដែរ​ថា សូម្បី​តែ​ខ្លួន​បាន​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជា​ច្រើន​​ជំនាន់​ក៏ដោយ ក៏​ខ្មែរ​អ៊ីស្លាម​ជា​ច្រើន​នៅ​​តែ​យល់​ថា ខ្លួនឯង​គឺ​ជា​ភ្ញៀវ។

លោក កុកថៃ មាន​ប្រសាសន៍​ថា “ ពុទ្ធ​សាសនិក​​នៅ​តែ​យល់​ថា ពួកគេ​មក​ពី​ចំប៉ា [វៀតណាម​កណ្ដាល]។ ដូច្នេះ​នៅ​តែ​មាន​ការ​យល់​ឃើញ​ថា ពួកគេ​គឺ​ជា​ជន​ភៀសខ្លួន​ដែល​កំពុង​ជ្រក​​ក្រោម​ដំបូល​អ្នក​ដទៃ​ ហើយ​ពួកគេ​មិន​ចង់ធ្វើ​ឲ្យ​ [ម្ចាស់​ផ្ទះ​] ខឹង​ឡើយ។ខ្ញុំ​គិត​ថា ពួកគេ​ទាំង​អស់​នឹង​ទៅ​បោះ​ឆ្នោត​ ហើយ​ពួកគេ​នឹង​បោះ​ឆ្នោត​គាំ​ទ្រ​​គណបក្ស​ប្រជាជន​កម្ពុជា​”៕

ប្រែសម្រួលដោយ ហម សុផាណ្ណា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស