32.9 C
Phnom Penh

ចោរ​បាញ់​ប្លន់​យក​ម៉ូតូ​ស្គូប​ពី បណ្ដាល​​​ឲ្យ​បុរស​ម្នាក់​រង​របួស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បុរស​ម្នាក់​ត្រូវ​ក្រុមចោរ​បាញ់​ឲ្យ​រង​របួស​នៅ​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ ​រាជ​ធានី​ភ្នំពេញ​នៅ​ពេល​ដែល​​បុរស​រូប​នេះ​បាន​ត​ដៃ​ជាមួយ​ក្រុម​ចោរ​ដែល​បាន​​ព្យាយាម​ប្លន់​ម៉ូតូ​របស់​គាត់​ម៉ាកស្គុប​ពី​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃពុធ។

យោង​តាម​លោក ម៉ៅ​ សារឿន នាយ​ប៉ុស្តិ៍​​សង្កាត់​បាន​មាន​ប្រសា​សន៍​ថា​ សុខ រដ្ឋា អាយុ​២០ឆ្នាំ​កំពុង​ជិះ​ម៉ូតូ​ឌុប​មិត្ត​ស្រី​របស់​ខ្លួន​មក​ផ្ទះ ស្រាប់​តែ​បុរស​បី​នាក់​​ជិះ​ម៉ូតូ​មួយ​គ្រឿង​បាន​ជិះ​តាម​អ្នក​ទាំង​ពីរ​។

បន្ទាប់ពី​ឈ្មោះ រដ្ឋា បាន​មកដល់​ខាង​ក្រៅ​​ផ្ទះ​របស់​មិត្ត​ស្រី​ខ្លួន ជន​សង្ស័យ​​ម្នាក់​បាន​ចុះ​ពី​លើ​ម៉ូតូ ហើយ​បាន​ដក​កាំភ្លើង​ភ្ជង់​ជន​រង​គ្រោះ ដោយ​គំរាម​ឲ្យ​ឈ្មោះ រដ្ឋា​ ​នេះ​ប្រគល់​ម៉ូតូ​ឲ្យ​ខ្លួន។ កញ្ញា មិន សុធារ៉ា អាយុ១៩ឆ្នាំ ត្រូវ​ជា​មិត្ត​​ស្រីរបស់​ រដ្ឋា ប្រាប់​នគរបាល​ថា ពេល​​ដែល​មិត្ត​ប្រុស​របស់​នាង​មិនព្រម​ប្រគល់​ម៉ូតូ​ឲ្យ​​​ ជន​​​នោះ​​​បាន​បាញ់​គាត់​ចំ​ជើង​​ខាងឆ្វេង ហើយ​ប្លន់​យក​ម៉ូ​តូ​បាន​ដោយ​សុវត្ថិភាព។

លោក សារឿន បាន​មាន​ប្រសា​សន៍​ថា “នគរបាល​កំពុង​ធ្វើការ​ស៊ើប​អង្កេត​នៅ​ឡើយ។ ជន​រងគ្រោះ​បាន​ប្រាប់​នគរ​បាល​ថា ខ្លួន​និង​មិត្ត​ស្រីរបស់​ខ្លួន​មើល​មុខ​ជន​សង្ស័យ​មិន​ច្បាស់​ទេ​មុន​ពេល​ពួកគេ​ជិះ​ម៉ូតូ​​របស់​ខ្លួន​ចេញ​ទៅ​បាត់​នោះ”។ នាយ​ប៉ុស្តិ៍​រូប​នេះ​បាន​មាន​ប្រសាស​ន៍​បន្ថែម​ទៀត​ថា ជន​រង​គ្រោះ​រង​របួស​ស្រាល​ទេ ហើយ​ត្រូ​វ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ៕

ប្រែ​សម្រួល​ដោយ សោម សារុន​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស