កុមារពីរនាក់ បានលង់ទឹកស្លាប់កាលពីម្សិលមិញ នៅក្នុងស្រះមួយដែលមានទឹកពេញ នៅក្បែរឡឥដ្ឋនៅសង្កាត់ខ្សាមក្នុងក្រុងកំពង់ឆ្នាំង។
មន្ត្រីបានឲ្យដឹងថា កុមារឈ្មោះ បាត នេនអាយុ១០ឆ្នាំ និង បាត និន អាយុ៦ឆ្នាំ ជាកូនប្រុសរបស់កម្មករឡឥដ្ឋ បានទៅហែលទឹកក្នុងស្រះជីកមួយ អំឡុង ពេលឪពុកម្ដាយរបស់ពួកគេជាប់រវល់ធ្វើការងារ។
លោក អ៊ំុ ស្រុន នាយប៉ុស្ដិ៍នគរបាលសង្កាត់ខ្សាម បានមានប្រសាសន៍ថា ក្មេងប្រុសទាំងពីរនាក់នេះ បានដើរតែឯងនៅពេលថ្ងៃត្រង់
ហើយឪពុកម្ដាយរបស់កុមារទាំងពីរនាក់នេះមិនបានឃើញកូនប្រុសរបស់គាត់ បន្ទាប់ពីពួកគាត់ បានត្រឡប់មកផ្ទះវិញនៅម៉ោង
៤ល្ងាច។
លោកមានប្រសាសន៍ថា “ បន្ទាប់មកឪពុកម្ដាយរបស់កុមារទាំងពីរនាក់នេះ បានប្រទះឃើញសម្លៀកបំពាក់របស់កូនប្រុសគាត់ទាំងពីរនាក់នៅមាត់ស្រះ” ។ លោក អ៊ំុ ស្រុន បានមានប្រសាសន៍បន្ថែមទៀតថា សាកសពរបស់កុមារទាំងពីរនាក់នេះ បន្ទាប់មកត្រូវបានស្រង់ចេញពីស្រះជម្រៅ២ម៉ែត្រ។
លោក ហុង ហឿន ថៅកែឡឥដ្ឋ បានបញ្ជាក់ថា ឪពុកម្ដាយរបស់កុមាររងគ្រោះទាំងពីរនាក់នេះ គឺជាកម្មករនៅឡឥដ្ឋរបស់គាត់ និងបាននិយាយថា គាត់បានផ្ដល់ប្រាក់មួយលានរៀលជួយឧបត្ថម្ភដល់បុណ្យសពរបស់កុមារទាំងពីរនាក់នេះ ។
ជារៀងរាល់ឆ្នាំអំឡុងពេលរដូវភ្លៀងមានមនុស្សលង់ទឹកស្រះ និងទន្លេនៅប្រទេសកម្ពុជា ហើយកាលពីឆ្នាំមុន អង្គការយូនីសេហ្វ បានចេញរបាយការណ៍មួយ ដែលលើកឡើងថា ការលង់ទឹកបានក្លាយជាដើមហេតុនៃការស្លាប់របស់កុមារ ដែលមានអាយុចន្លោះពី១ឆ្នាំ និង៤ឆ្នាំ ៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ