32 C
Phnom Penh

ការ​រឹត​បន្តឹង​ព័ត៌មាន​របស់​រដ្ឋាភិបាល​ធ្វើ​ឲ្យប្រជាពលរដ្ឋ​អ្នក​បោះ​ឆ្នោត​ស្ថិត​ក្នុង​ភាព​មិន​ច្បាស់​លាស់​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​យក​ព័ត៌មាន​​ ដែល​ស្វែង​រក​ស្ថិតិ​ពី​​ក្រសួង​និង​ស្ថាប័ន​​នានា​របស់​រដ្ឋាភិបាល​​​កម្ពុជា​​​​​​ ជា​រឿយៗ​ត្រូវ​បាន​គេ​បដិសេធ​​​ម្តង​ហើយ​ម្តង​ទៀត ប៉ុន្តែ​នៅ​ខណៈ​ដែល​ការ​បោះ​ឆ្នោត​ជាតិ​​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​កាន់​តែ​ខិត​ជិត​មក​ដល់​នោះ បញ្ហា​នេះ​ទំនង​​កាន់​តែ​ពិបាក​ឡើង​ថែម​ទៀត​។ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ផ្តល់​តួលេខ​នៃ​​​ទិន្នន័យ​លើ​គម្រោង​វិនិយោគ​​ដែល​បាន​អនុម័ត​រួច​ហើយ​ជា​រៀង​រាល់​ខែ​ដល់​​អ្នក​យក​ព័ត៌មាន ជា​ច្រើន​ឆ្នាំ​មក​ហើយ ដែល​​ទិន្នន័យ​ទាំង​នោះ​បាន​គូស​បញ្ជាក់​ពី​គម្រោង​ទាំង​អស់​ដែល​បាន​​ចុះ​ហត្ថ​លេខា​ ​ហើយ​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ជាង​២​លាន​​ដុល្លារ​​។

ប៉ុន្តែ​​ នៅ​ខែ​​ឧ​សភា ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ មិន​បាន​ផ្តល់​តួលេខ​​សម្រាប់​​ខែ​ណា​មួយ​​ ចាប់​ពី​ខែ​វិច្ឆកា​មក​ ដោយ​លើក​ឡើង​ថា តាម​​ច្បាប់​ថ្មី​​គឺ​តម្រូវ​ឲ្យ​មាន​​​ការ​អនុ​ញ្ញាត​ពី​​លោក សុខ ចិន្តា រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​​ក្រុម​​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ជា​មុន​សិន។ លោក សុខ ចិន្តា បានធ្វើ​ព្រងើយ​កន្តើយ​ចំ​ពោះ​សំណើ​សុំ​ការ​អនុញ្ញាត​របស់​អ្នក​​យក​ព័ត៌មាន​ ហើយ កាល​ពី​ម្សិល​មិញ លោក​បាន​បដិសេធ​​មិន​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​ហេតុ​អ្វី​បាន​ជា​មិន​បាន​ផ្តល់​​តួលេខ​​​នោះ​ឡើយ​។

ប្រ​ភព​ទិន្នន័យ​​សំខាន់​មួយ​​ផ្សេង​ទៀត​ស្តី​អំពី​សកម្ម​ភាព​​​​របស់​រដ្ឋាភិបាល​នោះ​គឺ​តា​រាង​​ប្រតិបត្តិ​ការ​ហិរញ្ញវត្ថុ​របស់​ក្រសួង​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ​ដែល​តម្រូវ​ឲ្យ​ផ្សព្វ​ផ្សាយ​ជា​រៀង​​រាល់​ខែ​ ហើយ​​តារាង​ទិន្នន័យ​នេះ​ជា​ព័ត៌មាន​លម្អិតស្តីពី​​ប្រាក់​ចំណូល​​​និង​ការ​ចំណាយ​របស់​រដ្ឋាភិបាល​​ជា​ទៀង​ទាត់។

​កំណែ​ទម្រង់​ថ្មី​នៃ​តារាង​ទិន្នន័យ​នេះ​​មិន​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​ទេ​ចាប់​ពី​ខែ​​មករា​មក​ ហើយ​តារាង​ទិន្នន័យ​​សម្រាប់​​ខែ​និមួយៗ​រហូត​ដល់​ខែ​វិច្ឆិកា​ក្នុង​ឆ្នាំ​២០១២​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាម​គេហទំព័រ​របស់​ក្រសួង​​នេះ​។​​​​​​​​​​​ ទោះបី​ជា​ស្ថិតិ​មួយ​ដ៏​សាមញ្ញ​បំផុត ដូច​ជា​​គម្រោង​សាង​សង់​មួយ​ចំនួន​ដែល​ក្រសួង​រៀប​ចំ​ដែនដី​នគរូប​នីយកម្ម​ និង​សំណង់​បាន​អនុម័ត​រួច​ហើយ​ក៏​ដោយ គឺ​មាន​ការ​លំបាក​នឹង​ទទួល​បាន​ណាស់​។

សម្រាប់​ទិន្នន័យ​​ដ៏​សាមញ្ញ​បែប​នេះ និង តួលេខ​សាមញ្ញ​ដទៃ​ទៀត​ អ្នក​យក​ព័ត៌មាន​​ត្រូវ​បាន​គេ​ប្រាប់​​ថា  ពួក​គេ​ត្រូវ​តែ​ដាក់​សំណើ​​​​ជា​លាយ​លាក់​អក្សរ​​ និង​ឆ្លង​កាត់​ដំណាក់​កាល​ដ៏​យូរ​​ទៅ​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​តាម​​សំណើ​​ជាក់​លាក់​នីមួយៗ ហើយ​ត្រូវ​ផ្តល់​ហេតុ​ផល​ថា​ហេតុ​អ្វី​បាន​ជា​ពួក​គេ​ត្រូវ​ការ​ព័ត៌មាន​បែបនោះ​។

លោក បេងហួត សុជាតិ​ខេមរ៉ូ អ្នក​នាំ​ពាក្យ ក្រសួង​រៀប​ចំ​ដែនដី​ នគរូបនីយកម្ម និង សំណង់ បាន​មាន​ប្រ​សាសន៍​ថា​ លិខិត​ស្នើ​សុំ​​បែប​នេះ​ត្រូវការ​ជា​ចាំ​បាច់​ ដើម្បី​ការ​ពារ​ទិន្នន័យ​​ពី​ការ​ប្រើ​ប្រាស់​ក្នុង​គោល​ដៅ​មិន​ល្អ​។ លោកបាន​មាន​ប្រសាសន៍​បន្ត​ថា​​ “​ក្រសួង​​​​ត្រូវ​ការ​លិខិត​ស្នើ​សុំ​ការ​អនុញ្ញាត​​មួយ​ច្បាប់​។​​​ប្រសិន​បើ​អ្នក​គ្រប់​គ្នា អាច​ទទួល​បាន​ព័ត៌មាន​ដោយ​ងាយ​នោះ ព័ត៌មាន​ទាំង​នោះ​អាច​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​វិទ្ធង្សនា​ជា​មិន​ខាន​។

លោកបន្ថែម​ថា “ដូច​អ្នក​បាន​ដឹង​រួច​ហើយ​ សហ​រដ្ឋ​អាមេរិក​កំពុង​មាន​បញ្ហា​ និង​ការ​​​​លួច​ទិន្នន័យ​ពាក់​ព័ន្ធ​នឹង​លោក អេតវើដ ស្នូដែន (Edward Snowden) លោក​ថ្លែង​ដូច្នេះ​សំដៅ​លើ​អ្នក​ផ្សព្វផ្សាយ​ ព័ត៌មាន​​សម្ងាត់​របស់​ភ្នាក់​ងារ​សន្តិសុខ​ជាតិ​​​​ ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ត្រួត​ពិនិត្យ​លើ​ប្រព័ន្ធ​​អុីន​ធើណិត​”។

លោក គង់ ពុទ្ធារ៉ា ប្រធាន​នាយក​រដ្ឋាន​ស្ថិតិ​នៃ​ក្រសួង​ពាណិជ្ជកម្ម​មាន​ប្រសាសន៍​ថា លោក​បាន​ផ្ដល់​ទិន្នន័យ​ឲ្យ​អ្នក​យក​ព័ត៌មាន​នៅ​ពេល​ណា​ដែល​លោក​មាន​ ប៉ុន្តែ ពេល​ខ្លះ​​​​លោក​មិន​អាច​ទទួល​បាន​តួលេខ​នោះ​ទេ។ លោក​មាន​​​ប្រសាសន៍បន្ត​ថា “ ប្រសិន​បើ​ខ្ញុំ​និយាយ​ថា ខ្ញុំ​មាន​ទិន្នន័យ​នោះ​អ្នក​នឹង​ទទួល​បាន​ភ្លាម​។ ប៉ុន្តែ ប្រសិន​បើ​ពួកគេ​ [ថ្នាក់​លើ​របស់​ខ្ញុំ​] មិន​ផ្ដល់​ទិន្ន​ន័យ​នោះ​មក​ខ្ញុំ​ទេ តើ​ខ្ញុំ​អាច​ធ្វើ​អ្វី​បាន”​។

លោក ឡៅ ម៉ុងហៃ  អ្នក​វិភាគ​នយោ​​​បាយ​​​​ឯករាជ្យ​បាន​គូស​បញ្ជាក់​ថា គណបក្ស​ប្រជា​​​ជន​​​​កម្ពុជា​កំពុង​កាន់​អំណាច​បាន​ច្រាន​ចោល​​ម្តង​ហើយ​ម្តង​ទៀត​នូវ​កិច្ច​ប្រឹង​​ប្រែង​របស់​អង្គការ​សង្គម​ស៊ីវិល​ និង​គណបក្ស​ប្រឆាំង​​ដើម្បី​​​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ សិទ្ធិ​ទទួល​បាន​ព័ត៌មាន​។ លោក​ថ្លែង​បន្ត​ថា “រដ្ឋាភិបាលមិន​មាន​ការ​ផ្លាស់​ប្តូរ​​ណាមួយ​​ឡើយ​។ វា​អាស្រ័យ​លើ​ពួកគេ​ [មន្ត្រី​រដ្ឋាភិបាល] ប្រ​សិន​ជា​ពួក​គេ​ចង់ ឬមិន​ចង់​​ផ្សាយ​ព័ត៌មាន​​​នោះ​។ ដូច្នេះ​ប្រសិន​បើ​​ព័ត៌មាន​ណា​បម្រើ​ផល​ប្រយោជន៍​ឲ្យ​ពួកគេនោះ​ ពួកគេ​នឹង​យល់​ព្រម​ភ្លាម​ ប៉ុន្តែ​​​ផ្ទុយ​ទៅ​វិញ វា​អាស្រ័យ​លើ​ពួកគេ​តែ​ប៉ុណ្ណោះ”។

លោក មឿន ឈាន​ណារិទ្ធ នាយក​វិទ្យា​​​ស្ថាន​សិក្សា​ព័ត៌មាន​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា វា​មាន​សារៈសំខាន់​ណាស់​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​អំឡុង​ការ​បោះ​ឆ្នោត​ ដូច្នេះ​ប្រជាពលរដ្ឋ​អាច​វិន្និច្ឆ័យ​លើ​របាយ​ការណ៍​ក្នុង​ការ​​ជ្រើស​រើស​អ្នក​នយោបាយ​និង​គណ​​​បក្ស​បាន​ត្រឹម​ត្រូវ​។ លោក​បាន​​​ថ្លែង​បន្ត​ថា “នៅ​ក្នុង​សង្គម​លទ្ធិប្រជាធិបតេយ្យ​ មិន​មាន​​ផ្នែក​ណា​មួយ​លាក់​បាំង​ព័ត៌មាន​ឡើយ​​ជា​ពិសេស​ប្រ​ជា​ពលរដ្ឋ​​ត្រូវ​ការ​ព័ត៌មាន​ជា​ចាំបាច់​ថែម​ទៀត ក្នុង​អំឡុង​ពេល​​បោះ​ឆ្នោត”៕

ប្រែសម្រួលដោយ ឃិន ណៃ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស