28 C
Phnom Penh

មន្ត្រី​រាជការ​ប្រើប្រាស់​ធន​ធាន​​រដ្ឋ​ធ្វើ​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហៅ​កាត់​ថា (ខុម​ហ្វ្រែល) បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​សុក្រ​ថា ខ្លួន​បាន​កត់ត្រា​ថា មាន​១២០​ករណី​ដែល​មន្ត្រី​រាជ​ការ​ និង​មន្ត្រី​គណ​បក្ស​រំលោភ​ច្បាប់​បោះ​ឆ្នោត​ចាប់​តាំងពី​រដូវ​ធ្វើ​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មិថុនា​មក។

ថ្លែង​នៅ​កិច្ច​ប្រជុំ​ដែល​បាន​ធ្វើឡើង​នៅ​ទី​ស្នាក់​ការ​ក​ណ្តាល​គណៈ​កម្មា​​ធិ​ការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​នៅ​ក្នុង​​រាជ​ធានី​ភ្នំពេញ​ លោកស្រី គង់ រ៉ាវីន អ្នក​សម្រប​សម្រួល​ផ្នែក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​បាន​មាន​ប្រសា​ស​ន៍​ថា មន្ត្រី​រាជ​ការ​ រួម​មាន​​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ និង​មន្ត្រី​តុលាការ​ផង​ បាន​ធ្វើ​យុទ្ធនាការ​តាងនាម​គណបក្ស​ប្រជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច​ ហើយ​ថា​ មាន​ករណី​មួយ​ចំនួន​ទៀត​ដែល​មន្ត្រី​គណបក្ស​ប្រជា​ជន​កម្ពុជា​ចែក​អំណោយ​ដល់​អ្នកភូមិ​ដើម្បី​ទទួល​បាន​សំឡេង​ឆ្នោត។

ក្នុង​ចំណោម​១២០ករណីដែល​គណៈ​កម្មា​ធិការ​ខុម​ហ្វ្រែល​បាន​កត់​ត្រាទុកនោះ មានការ​បំផ្លាញ​ស្លាក​សញ្ញា​គណបក្ស​​​ ​ចំនួន​​​២៩ករណី​ ការ​គំរាម​កំហែង ការ​បំភិតបំភ័យ ឬ​ការ​ប្រើ​អំពើ​ហិង្សា​១៨ករណី ការ​រំខាន​ដល់​សកម្ម​ភាព​គណបក្ស​ដោយ​មិន​ត្រឹមត្រូវ​៧ករណី និង​អាជ្ញាធរ​មូលដ្ឋាន​ធ្វើ​យុទ្ធនាការ​ឃោសនា​តាង​នាម​គណ​បក្ស​ប្រជា​ជន​កម្ពុជា​៣៨ករណី​។នៅ​ក្នុង​ខេត្ត​រតនគិរី ខេត្ត​កំពង់ធំ និង​ខេត្ត​កំពង់​ចាម​ឯណោះ​វិញ គេ​ឃើញ​មន្ត្រី​មួយ​ចំនួន​បាន​ចែក​អំណោយ​ដល់​អ្នក​បោះ​ឆ្នោត​នៅ​តាម​កន្លែង​ប្រាំ​ផ្សេងៗ​គ្នា។

លោកស្រី រ៉ាវីន បាន​មាន​ប្រសា​ស​សន៍​ថា​ “ ជាពិសេស​ មាន​ករណី​ជាច្រើន​ទាក់​ទង​នឹង​មន្ត្រី​រាជ​ការ​ កង​យោធ​ពល​ខេមរភូមិន្ទ និង​មន្ត្រី​តុលា​ការ​ចូល​រួម​ក្នុង​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​ ហើយ​ពួកគេ​បាន​ប្រើ​​​ប្រាស់​ធន​ធាន​របស់​រដ្ឋ​ទៀត​ផង”។

យោង​តាម​ច្បាប់​បោះ​ឆ្នោត​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​មាន​តួនាទី​បែប​នេះ​ត្រូវ​បាន​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ​យុទ្ធនា​ការ​ឃោសនា​ឲ្យ​គណ​បក្ស​ណាមួយ​ឡើយ​ ហើយ​ក៏​ត្រូវ​បាន​ហាម​ឃាត់​ផង​ដែរ​​​​​មិន​ឲ្យ​ប្រើប្រាស់​អគារ​ យាន​យន្ត​ ​ឬ​ធនធាន​ដទៃ​ទៀត​របស់​រដ្ឋ​ធ្វើ​យុទ្ធ​នា​ការ​ឡើយ។យោង​តាម​គណៈកម្មាធិការ​ខុម​ហ្វ្រែល​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ដូច​នេះ​ចំនួន​២៣​ករណី​ក្នុង​រយៈពេល​ពីរ​សប្តាហ៍​​ចុង​ក្រោយ​នេះ​។

លោកស្រី រ៉ាវីន បាន​មាន​ប្រសា​សន៍​ថា ឧបទ្ទវហេតុ​ហិង្សា​បាន​ថយ​ចុះ​ បើ​ប្រៀប​ធៀប​ទៅ​នឹង​អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​ឃោស​​នា​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ ២០០៨ ហើយ​មិន​មាន​របាយ​ការ​ណ៍​ពី​ករណី ឃាត​កម្ម​ទាក់​ទង​នឹង​ការ​បោះ​ឆ្នោត​ទេ​រហូត​មក​ទល់​ពេល​នេះ។​ លោកស្រី បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា “ ទោះ​ជា​យ៉ាងណា ចំនួន​មន្ត្រី​ដែល​ចូលរួម​ធ្វើ​យុទ្ធនាការ​ឃោស​នាបោះឆ្នោត​បាន​កើន​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​២០០៨​មក”។

លោកស្រី រ៉ាវីន បាន​មាន​ប្រសា​សន៍​ថា គណៈកម្មាធិការ​ខុម​ហ្វ្រែល​បាន​កត់​សម្គាល់​ឃើញ​ថា មាន​ពាក្យ​បណ្តឹង​មួយ​ចំនួន​ដែល​អាជ្ញាធរ​បាន​ប្តឹង​​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​ស្រី​បាន​លើក​យក​ឧទា​ហរ​ណ៍​មួ​យ​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ដែល​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ម្នាក់​​​បាន​ដាក់​ពាក្យ​បណ្តឹង​​ប្តឹង​គណបក្ស​នេះ​ថា បាន​លើក​ស្លាក​សញ្ញា​គណ​បក្ស​នៅ​លើ​​ដី​របស់​រដ្ឋ​។

លោក ទេព នីថា អគ្គ​លេខា​ធិ​ការ​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ ហៅ​កាត់​ថា (គ.ជ.ប.) ទំនង​ជា​មានការ​​​គាំទ្រ​​​​ក្នុង​ការ​ចែក​អំណោយ និងគាំទ្រ​​​​ចំពោះ​មន្ត្រី​រាជការ​ដែល​ប្រើ​ប្រាស់​តួនាទី​របស់​ខ្លួន​និង​ធនធាន​របស់​រដ្ឋ​ដើម្បី​ធ្វើ​យុទ្ធនាការ​ឃោសនា​ឲ្យ​គណបក្ស​កំពុង​កាន់​អំណាច ដោយ​អះ​អាង​ថា  គណៈកម្មាធិការ​ខុម​ហ្វ្រែល​​​​​​​​​​ត្រូវ​​តែ​ពិនិត្យ​ពិច័យ​​​មើល​​​“ ចំណុច​​​ផ្សេងៗ” របស់ គ.ជ.ប.ផង​​​”។

លោក​បាន​មាន​ប្រសាសន៍​ថា “ វា​មិន​ផ្ទុយ​នឹង​ច្បាប់​របស់​ គ.ជ.ប. ទេ ប្រសិន​បើ​ពួកគេ​ចូលរួម​នៅ​ក្នុង​យុទ្ធ​នាការឃោសនា​ក្រៅ​ម៉ោង​ធ្វើការ​​ ឬ​ប្រសិន​បើ​ពួកគេ​ទទួល​បាន​ការ​អនុ​ញ្ញាត​ពី​កន្លែង​ធ្វើ​ការ​របស់​ខ្លួន​នោះ។ ប៉ុន្តែ ប្រសិន​បើ​ពួក​គេ​ធ្វើ​យុទ្ធនាការ​ដោយ​ស្លៀក​ពាក់​ឯក​សណ្ឋាន​របស់​ខ្លួន​នោះ ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ក្នុង​យុទ្ធនាការ​ឡើយ”។

ចំណែក​ឯ​ការ​ចែក​អំណោយ​​ដល់​អ្នក​បោះ​ឆ្នោត​វិញ លោក​បាន​មាន​ប្រសាសន៍​ថា  គ.ជ.ប. បាន​ទទួល​ពាក្យ​បណ្តឹង​តែ​មួយ​ករណី​ប៉ុណ្ណោះ​នៅ​ក្នុង​ខេត្ត​រតនគិរី ហើយ​កំពុង​តែ​ធ្វើ​ការ​ស៊ើប​អង្កេត​ករណី​នេះ។ កាលពី​ថ្ងៃ​សុក្រ គណៈកម្មាធិការ​ខុម​ហ្វ្រែល​ក៏បាន​ប្រកាស​ពី​ការ​ចាប់​ផ្តើម​កម្មវិធី​តាម​ប្រព័ន្ធ​អុីន​ធើ​ណិត​ដែល​ហៅ​ថា “ សួរ​បេក្ខ​ជន​តំណាង​រាស្ត្រ” ដែល​ក្នុង​នោះ​យុវ​ជន​អាច​សួរ​សំណួរ​តាម​រយៈ​ការ​ផ្ញើ​សារ​ជា​អក្ស​រ​ទៅ​កាន់​បេក្ខ​ជន​តំណាង​រាស្ត្រ​បាន៕

   ប្រែ​សម្រួល​ដោយ សោម សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស