មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា កាលពីថ្ងៃសុក្រ ព្រះមហាក្សត្រ នរោត្តម សីហមុនី បានព្រះរាជទានលើកលែងទោសដល់លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដោយអនុញ្ញាតឲ្យរូបលោកវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយពុំចាំបាច់មានការព្រួយបារម្ភពីការចាប់ខ្លួន ដើម្បីចូលរួមនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតមុនការបោះឆ្នោតជាតិដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ។

សេចក្ដីសម្រេចនេះ ជាការបញ្ចប់ការរស់នៅដោយនិរទេសខ្លួនរយៈពេលជាងបីឆ្នាំរបស់លោក សម រង្ស៊ី ក្នុងបំណងគេចវេះពីទោសជាប់ពន្ធនាគាររយៈពេល១១ឆ្នាំ តាមការចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត និងបំផ្លាញទ្រព្យសម្បត្តិសាធារណៈ ដែលអង្គការសិទ្ធិមនុស្សនានាអះអាងថា ជារឿងនយោបាយ។
ទោះបីជាការព្រះរាជទានលើកលែងទោសនេះធ្វើឲ្យលោក សម រង្ស៊ី រួចផុតពីទោសជាប់ពន្ធនាគាររបស់ខ្លួន និងផ្លល់លទ្ធភាពឲ្យលោកវិលត្រឡប់មកប្រទេសកម្ពុជាវិញដោយពុំ ចាំបាច់បារម្ភពីចាប់ខ្លួនក៏ដោយ ក៏រូបលោកនៅតែមិនអាចឈរឈ្មោះបោះឆ្នោតបានដដែល ពីព្រោះឈ្មោះរបស់លោកត្រូវបានលុបចេញពីបញ្ជីឈ្មោះបោះឆ្នោតកាលពីខែតុលាបាត់ទៅហើយ ដោយសារតែគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានលើកឡើងថា ទោសឧក្រិដ្ឋរបស់លោកបានធ្វើឲ្យរូបលោកបាត់បង់សិទ្ធិបោះឆ្នោត។
ច្បាប់ចម្លងមួយនៃព្រះរាជក្រឹត្យលើកលែងទោសដែលត្រូវបានឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ នរោត្ដម សីហមុនី មានខ្លឹមសារថា “ ព្រះរាជក្រឹត្យនេះចូលជាធរមានចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ”។ មន្ត្រីរដ្ឋាភិបាល និងក្រសួងយុត្តិធម៌ក៏បានបញ្ជាក់អំពីព្រះរាជក្រឹត្យលើកលែងទោសនេះដែរ។
លោក សំ ប្រជាមានិត ប្រធានខុទ្ទកាល័យរបស់លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា “ យើងទទួលបានព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ដែលបានព្រះរាជទានលើកលែងទោសដល់គាត់ [ សម រង្ស៊ី ] ហើយ”។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី បានមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះហត្ថលេខាលើលិខិតថ្វាយព្រះមហាក្សត្រភ្លាមៗ បន្ទាប់ពីឪពុករបស់លោក គឺព្រឹទ្ធាចារ្យ ហ៊ុន នាង បានទទួលមរណភាពក្នុងជន្មាយុ៩០ឆ្នាំ កាលពីពេលរំលងអធ្រាត្រឈានចូលព្រឹកថ្ងៃសុក្រ។
លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដំបូងឡើយត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេលពីរឆ្នាំ កាលពីខែមករា ឆ្នាំ២០១០ ពីបទដកបង្គោលតម្រុយព្រំដែនតាមបណ្ដោយព្រំដែនកម្ពុជា-វៀតណាម។ កាលពីខែកញ្ញា ឆ្នាំ២០១០ លោកត្រូវបានតុលាការផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល១០ឆ្នាំបន្ថែមទៀត ពីបទក្លែងបន្លំឯកសារសាធារណៈ និងផ្សព្វផ្សាយព័ត៌មានមិនពិត ពាក់ព័ន្ធនឹងផែនទីដែលលោកបានបង្ហោះតាមអ៊ីនធើណិត ដើម្បីគាំទ្រការអះអាងរបស់លោកដែលថា ប្រទេសវៀតណាមបាននិងកំពុងទន្ទ្រានចូលទឹកដីកម្ពុជា។ ក្រោយមក សាលាឧទ្ធរណ៍បានស្រូបទោសនេះមកនៅត្រឹមរយៈពេល១១ឆ្នាំវិញ។
បន្ទាប់ពីទទួលបានដំណឹងអំពីការព្រះរាជទានការលើកលែងទោសនេះ លោក សម រង្ស៊ី ដែលបច្ចុប្បន្នកំពុងស្ថិតនៅក្នុងប្រទេសបារាំង បានមានប្រសាសន៍ថា ថ្វីត្បិតតែរូបលោកពេញចិត្តនឹងសេចក្ដីសម្រេចនេះក៏ពិតមែន ប៉ុន្តែវាពុំមានន័យថា ការបោះឆ្នោតនឹងមានភាពយុត្តិធម៌ជាងមុនឡើយ។
លោកបានលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា “ ការវិលត្រឡប់របស់ខ្ញុំគ្មានអ្វីលើសពីការបោះជំហានមួយក្នុងដំណើរដ៏វែងឆ្ងាយឆ្ពោះទៅការប្ដេជ្ញាចិត្តបូជាជិវិតដើម្បីប្រទេសជាតិឡើយ។
ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ គឺជាផ្នែកដ៏សំខាន់មួយនៃលទ្ធិប្រជាធិបតេយ្យ ដើម្បីឲ្យស័ក្ដិសមទៅនឹងឈ្មោះ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច ត្រូវបានលោក សុរិយា ស៊ូបេឌី អ្នកធ្វើរបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ចាត់ទុកថា ជាស្ថាប័នដែលត្រូវធ្វើកំណែទម្រង់ជាចាំបាច់មុនពេលនិយាយថា ប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ។ ការវិលត្រឡប់របស់ខ្ញុំមិនអាចធ្វើឲ្យការបោះឆ្នោតមានលក្ខណៈសេរី និងយុត្តិធម៌សម្រាប់កម្ពុជាដូចកិច្ចសន្យាដែលមានចែងក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសទេ ហើយមិនអាចធ្វើកំណែទម្រង់គ.ជ.ប. បានដែរ”។
លោក សម រង្ស៊ី ទើបតែបានប្រកាសកាលពីសប្ដាហ៍មុននេះថា លោកនឹងវិលត្រឡប់មកប្រទេសកម្ពុជាវិញ ក្នុងនាមជាទណ្ឌិតនៅមុនការបោះឆ្នោត ហើយលោកត្រៀមបូជាជីវិតលោកដើម្បីប្រទេសជាតិ។ ពេលថ្លែងតាមទូរស័ព្ទពីប្រទេសបារាំង លោក សម រង្ស៊ី មិនបានបញ្ជាក់ពីកាលបរិច្ឆេទសម្រាប់ការវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញទេ ប៉ុន្តែបានមានប្រសាសន៍ថា លោកកំពុងទន្ទឹងរង់ចាំចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅទូទាំងប្រទេស។លោក សម រង្ស៊ី បានមានប្រសាសន៍ថា “ ខ្ញុំចង់ជួបជាមួយប្រជាពលរដ្ឋទូទាំងប្រទេស និងប្រជាជនគ្រប់ស្រទាប់វណ្ណៈ ដើម្បីបង្ហាញពីក្ដីស្រឡាញ់របស់ខ្ញុំ និងដើម្បីនាំមកនូវក្ដីសង្ឃឹមដល់ពួកគាត់”។
លោក ទេព នីថា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានមានប្រសាសន៍ថា ថ្វីបើមានការព្រះរាជទានលើកលែងទោសក្ដី ក៏លោក សម រង្ស៊ី មិនត្រូវបានអនុញ្ញាតឲ្យឈរឈ្មោះជាបេក្ខជនក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រទេ។ លោកបានមានប្រសាសន៍ថា “ រហូតមកទល់នឹងបច្ចុប្បន្ននេះ លោក សម រង្ស៊ី មានសិទ្ធិចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ ប៉ុន្តែ លោកគ្មានសិទ្ធិបោះឆ្នោតទេ ពីព្រោះឈ្មោះរបស់លោកត្រូវបានលុបចេញពីបញ្ជីឈ្មោះបោះឆ្នោតហើយ ដោយសារតែលោកជាទណ្ឌិត។ លោកក៏គ្មានសិទ្ធិឈរឈ្មោះជាបេក្ខជនដែរ ពីព្រោះឱសានវាទសម្រាប់បញ្ជីឈ្មោះបេក្ខជនបក្សដែលបានបញ្ជូនមកយើង បានកន្លងផុតទៅហើយ”។
ការព្រះរាជទានលើកលែងទោសនេះ ធ្វើឡើងបន្ទាប់ពីមានការរិះគន់កាន់តែខ្លាំងឡើងពីសហគមន៍អន្តរជាតិ បណ្ដាម្ចាស់ជំនួយ និងអង្គការក្រៅរដ្ឋាភិបាល ដែលបានសម្ដែងមន្ទិលចំពោះភាពយុត្តិធម៌ក្នុងការបោះឆ្នោតនេះ ក្នុងករណីមេដឹកនាំគណ បក្សប្រឆាំងមិនត្រូវអនុញ្ញាតឲ្យមកប្រទេសកម្ពុជាវិញនោះ។
គ្រាន់តែក្នុងរយៈពេលពីរបីខែកន្លងមកនេះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានថ្កោលទោសរដ្ឋាភិបាលលោក ហ៊ុន សែន ចំពោះអវត្តមានរបស់លោក សម រង្ស៊ី នៅក្នុងប្រទេសកម្ពុជា ព្រមទាំងការបណ្ដេញសមាជិកគណបក្សប្រឆាំងទាំងអស់ចេញពីរដ្ឋសភា។ អាមេរិកក៏បានថ្កោលទោសបម្រាមមិនឲ្យស្ថានិយវិទ្យុក្នុងស្រុកចាក់ផ្សាយកម្មវិធីវិទ្យុបរទេសទាំងអស់រយៈពេលមួយខែពេញអំឡុងពេលបោះឆ្នោតផងដែរ។ បម្រាមនេះត្រូវបានដកចេញវិញក្រោយពីមានការរិះគន់យ៉ាងខ្លាំង។
នៅក្នុងសេចក្ដីសម្រេចមួយចុះថ្ងៃទី៧ ខែមិថុនា សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក ពីររូបគឺលោក លីនស៊ី ហ្គ្រាហែម (Lindsey Graham) និងលោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បានអំពាវនាវឲ្យកាត់ផ្ដាច់ជំនួយផ្ទាល់ទាំងអស់សម្រាប់កម្ពុជា និងកាត់បន្ថយជាលំដាប់នូវជំនួយអភិវឌ្ឍន៍ផ្សេងៗទៀត ប្រសិនបើក្រសួងការបរទេសសហរដ្ឋអាមេរិកយល់ថា ការបោះឆ្នោតនៅកម្ពុជា ដែលនឹងមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ “ មិនអាចជឿទុកចិត្តបាន និងគ្មានការប្រកួតប្រជែង” ។ កាលពីថ្ងៃអង្គារ សមាជិកសភាអាមេរិក ក៏បានជំរុញឲ្យសហរដ្ឋអាមេរិកកាត់ផ្ដាច់ជំនួយដល់កម្ពុជាផងដែរ។
លោក ផៃ ស៊ីផាន បានលើកឡើងថា ការព្រះរាជទានលើកលែងទោសនេះ មិនមែនជាការឆ្លើយតបទៅនឹងសម្ពាធពីបរទេសទេ។ លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “ វាមិនពាក់ព័ន្ធនឹងរឿងនេះសោះឡើយ”។ លោកបានសង្កត់ធ្ងន់ថា គឺលិខិតមួយដែលលោក សម រង្ស៊ី សរសេរថ្វាយព្រះមហាក្សត្រ នរោត្ដម សីហមុនី កាលពីថ្ងៃទី១៣ ខែមិថុនា ដែលក្នុងនោះ មេដឹកនាំគណបក្សប្រឆាំងរូបនេះបានលើកសរសើរពីសមិទ្ធផលនានា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ទៅវិញទេ ដែលបានធ្វើឲ្យលោកនាយករដ្ឋមន្ត្រីផ្លាស់ប្ដូរចិត្តនោះ។ លោកបានមានប្រសាសន៍ថា “ ទស្សនរបស់សម្ដេចនាយករដ្ឋមន្ត្រី គឺត្រូវរក្សាសន្ដិភាព និងការផ្សះផ្សា និងដើម្បីធ្វើឲ្យលទ្ធិប្រជាធិបតេយ្យប្រសើរឡើង នោះហើយគឺជាគោលការណ៍ដែលបានធ្វើឲ្យសម្ដេចឈានដល់ការសម្រេចចិត្តនេះ”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានសម្ដែងការដឹងគុណចំពោះសហគមន៍អន្តរជាតិ ដោយលោកបានអះអាងថា គឺសម្ពាធពីសហគមន៍អន្តរជាតិមកលើរដ្ឋាភិបាលនេះហើយដែល បាននាំឲ្យមានការព្រះរាជទានលើកលែងទោសនោះ។ លោកបានមានប្រសាសន៍ថា “ ខ្ញុំគិតថា នឹងមានប្រជាពលរដ្ឋកាន់តែច្រើនបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ ពីព្រោះពីមុនយើងមានតែឯកឧត្ដម គឹម សុខា ម្នាក់ឯងប៉ុណ្ណោះ ហើយពេលនេះយើងមានទាំងពីរ។ យើងរំពឹងយ៉ាងមុតមាំថា នឹងឈ្នះការបោះឆ្នោតនេះ ពីព្រោះគ្រប់គ្នាកំពុងរង់ចាំគាត់ ដូច្នេះប្រសិនបើគាត់វិលត្រឡប់មកវិញ យើងនឹងទទួលជ័យជម្នះ”៕
ប្រែសម្រួលដោយ តែម សុខុម