29 C
Phnom Penh

ព័ត៌មាន​ប្រកប​ដោយ​តម្លាភាព​ត្រូវ​បាន​រំខាន​ដោយ​និពន្ធ​នាយក​មាន​និន្នាការ​លម្អៀង​មួយ​ចំនួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បណ្ដា​អ្នក​សារព័ត៌មាន​មក​ពី​ស្ថាប័ន​ព័ត៌​មាន​មួយ​ចំនួន​​រួម​មាន​កោះ​សន្ដិភាព​ កម្ពុជា​ថ្មី​ ស៊ិន​ចូវ​ ដេលី និង​សំឡេង​ប្រជា​ធិបតេយ្យ​​បាន​ជួប​ជុំ​ផ្លាស់​ប្ដូរ​បទ​ពិសោធ​ន៍​គ្នា​​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ និង​ថ្ងៃ​សុក្រ​ នៅ​ក្នុង​ការ​ព្យាយាម​អនុវត្ត​ការ​រាយការណ៍​ព័ត៌មាន​ប្រកប​ដោយ​ឯករាជ្យ​ ប៉ុន្តែ​ពួក​គេ​និយាយ​ថា ភាគ​ច្រើន​មាន​ការ​លំបាក​នៅ​ក្នុង​ការ​ធ្វើបែប​នេះ​ណាស់​​ដោយ​សារ​តែ​មាន​គោល​នយោបាយ​​​តឹង​រ៉ឹង​លើ​ការ​និពន្ធ​ដែល​គាំ​ទ្រ​គណប​ក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​។

អ្នក​សារ​ព័ត៌មាន​ជាង​១២​នាក់​មក​ពី​ស្ថាប័ន​ផ្សេង​ៗ​គ្នា​​បាន​ទទួល​ការ​បណ្ដុ​ះ​បណ្ដាល​​ ដែល​រៀប​ចំ​ដោយ​​​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យ​ ដែល​​មាន​គោល​ដៅ​បណ្ដុះ​បណ្ដាល​​អ្នក​យក​ព័ត៌មាន​អំពី​ការ​​រាយ​ការណ៍​ព័ត៌មាន​បែប​ស៊ើប​អង្កេត​​មុន​ថ្ងៃ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ខាង​មុខ​។

លោក ឆាយ សុផល ជា​សាស្ត្រា​ចារ្យ​មក​ពី​​ដេប៉ាតឺម៉ង់​ទំនាក់​ទំនង​ និង​ព័ត៌មាន​​នៃ​សា​កល​វិទ្យាល័យ​ភូ​មិន្ទ​ភ្នំពេញ​ ដែល​នឹង​បណ្ដុះ​បណ្ដាល​អ្នក​សារព័ត៌មាន​ជា​ច្រើន​នាក​់​ទៀត​​នៅ​ខេត្ត​មណ្ឌល​គិរី​​​នា​សប្ដាហ៍​ក្រោយ​នេះ​ បាន​និយាយ​ថា “ វា​អាស្រ័យ​លើ​ស្ថាប័ន​ និង​និពន្ធ​នាយក​ ឬអគ្គ​និពន្ធ​នាយក​។ អ្នក​យ​ក​ព័ត៌មាន​មួយ​ចំនួន​ប្រមូល​បាន​ព័ត៌មាន​ប្រកប​ដោយ​តម្លាភាព​ ប៉ុន្តែ​នៅ​ពេល​ពួក​គេ​បញ្ជូន​ព័ត៌មាន​នេះ​ទៅ​បន្ទប់​ព័ត៌មាន​ និពន្ធ​នាយក​ ឬ​អគ្គ​​​​និពន្ធ​នាយក​បែរ​ជា​កាត់​វា​ចោល​ទៅ​វិញ​”។

លោក​ ឆាយ សុផល បាន​និយាយ​ក្នុង​ពេល​បណ្ដុះ​បណ្ដាល​នោះ​ថា និពន្ធ​នាយក​ភាគ​ច្រើន​បំពេញ​តាម​បំណង​គណបក្ស​ប្រជា​ជន​កម្ពុជា​កំពុង​កាន់​អំណាច​ ព្រោះ​ពួក​គេ​រំពឹង​ថា អ្នក​គាំ​ទ្រ​គណបក្ស​នេះ​នឹង​អាន​កាសែត​របស់​ខ្លួន​។ លោក​បាន​ថ្លែង​ថា “​ បើ​ទោះ​បី​ជា​និពន្ធ​នាយក​មាន​និន្នាការ​ផ្ទាល់​ខ្លួន​ក៏ដោយ​​ ខ្ញុំ​សូម​លើក​ឡើង​ថា ពួក​គេ​មិន​អាច​យក​ទស្សនៈ​​ផ្ទាល់​ខ្លួន​​ទៅ​បញ្ចូល​ក្នុង​រឿង​មួយ​បាន​ទេ ព្រោះ​ព័ត៌មាន​ត្រូវ​តែ​មាន​តម្លាភាព​ ដើម្បី​ជា​
ប្រយោជន៍​របស់​សាធារណជន​”។

ការរិះគន់​​មួយ​ក្នុង​ចំណោមការ​រិះគន់​​ចម្បង​ៗ​របស់​ក្រុម​អ្នក​អង្កេត​ការណ៍​បោះ​ឆ្នោត​ ដែល​មាន​​មុន​ពេល​បោះ​ឆ្នោត​ក្នុង​ខែ​នេះ​ គឺ​ថា រដ្ឋាភិបាល​ស្ទើរ​តែ​គ្រប​់​គ្រង​ប្រព័ន្ធ​​ផ្សព្វ​ផ្សាយ​ទាំង​អស់​មិន​ថា តែ​កាសែត ស្ថានីយ​​​ទូរទស្សន៍​ ឬ​វិទ្យុ​នោះ​ទេ​។

កាល​ពី​ខែ​មុន​​ រដ្ឋាភិបាល​បាន​ព្យាយាម​បញ្ឈប់​ស្ថានីយ​វិទ្យុ​ក្នុង​ស្រុក​មួយ​ចំនួន​​មិន​ឲ្យ​ផ្សាយ​បន្ត​នូវ​កម្មវិធី​បរទេស​​ផ្សាយ​ជា​ភាសា​ខ្មែរ​ ប៉ុន្តែ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​ផ្សាយ​ឡើង​វិញ​​ក្នុង​ពេល​មាន​ការ​រិះ​គន់​យ៉ាង​ចាស់​ដៃ​ពី​អន្តរជាតិ​។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​មាន​ប្រសាសន៍​ថា អ្នក​សារ​​ព័ត៌មាន​បាន​ទទួល​ប្រយោជន៍​ពី​ទំនោរ​ទៅ​រក​គណបក្ស​កាន់​អំណាច​។
លោក​បាន​ថ្លែង​ថា “​ ពួក​គេ​ត្រូវ​តែ​ជា​ផ្នែក​មួយ​នៃ​​​និន្នាការទូទៅ​ ដេើម្បី​ផល​ប្រយោជន៍​សេដ្ឋកិច្ច​ ហើយ​​បច្ចុប្បន្ន​គណបក្ស​ប្រជា​ជន​កម្ពុជា​​ទទួល​បាន​អាសនៈ​៨០​ភាគរយ​នៃ​សភា​​។ ប៉ុន្តែ​​ មិន​មាន​ន័យ​ថា វា​អាក្រក់​ទេ​​ប្រសិន​បើ​​និន្នាការ​នោះ​​តំណាង​ឲ្យ​សំឡេង​របស់​​ប្រជា​ជន​”។

លោក ហង្ស ចក្រា និពន្ធ​នាយក​កាសែត​​​ប្រឆាំង​ “ ខ្មែរ​ម្ចាស់​ស្រុក”​ បាន​មាន​ប្រសាសន៍​​ថា លោក​ក៏​លម្អៀង​ដែរ​ ប៉ុន្តែ​លោក​ព្យាយាម​មិន​បណ្ដោយ​ឲ្យ​ទស្សននយោបាយ​ផ្ទាល់​ខ្លួន​​មាន​ឥទ្ធិពល​លើ​ការ​ងារ​របស់​លោក​ឡើយ​​។ លោក​បាន​ថ្លែង​ថា “ ប្រសិន​បើ​គេ​និយាយ​ថា ខ្ញុំ​លម្អៀង​ ខ្ញុំ​ទទួល​ស្គាល់​។ ប៉ុន្តែ អ្វី​ដែល​គេ​​និយាយ​នោះ​​គ្មាន​ឥទ្ធិពល​លើ​សេចក្ដី​រាយ​ការណ៍ព័ត៌មាន​របស់​ខ្ញុំ​ទេ​”៕

ប្រែសម្រួលដោយ ឌឿង សាវតា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស