28 C
Phnom Penh

អ្នក​អង្កេត​ការណ៍​បោះ​ឆ្នោត​ថា ការ​​ព្រះរាជ​ទាន​លើក​លែង​ទោស​លោក ​សម រង្ស៊ី បង្ហាញ​​ពីកង្វះ​ឯក​រាជ្យ​ភាព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​មាន​​ការ​រិះ​គន់​​កាន់​តែ​ខ្លាំង​ឡើង​​ដែល​ថា ការ​បោះ​ឆ្នោត​ជាតិ​នា​ថ្ងៃ​ទី​២៨​ ខែ​កក្កដា ​មិន​​ស្រប​តាម​បទ​ដ្ឋាន​មូល​ដ្ឋាន​សម្រាប់​​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​ប្រជា​ធិបតេយ្យ​នោះ​ លោក ហោ ណាំហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​បានលើកឡើង​​កាល​ពី​ថ្ងៃសៅរ៍​ថា ការ​សម្រេច​ចិត្ត​​របស់​លោក ហ៊ុន សែន ក្នុង​ការ​លើក​លែង​ទោស​លោក​ សម រង្ស៊ី មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំងធានា​​ថា ​មាន​ការ​បោះ​ឆ្នោត​ដោយ​យុត្តិ​ធម៌។

ប៉ុន្តែ​ដោយ​មាន​ប្រតិកម្ម​ចំពោះ​ការ​លើក​​លែង​ទោស​នេះ​ ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក​ និង​អ្នក​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ក្នុង​ស្រុក​​លើក​​ឡើង​ថា ការ​វិល​ត្រឡប់​របស់​លោក​ សម រង្ស៊ី ​តែ​មួយ​មិន​អាច​ធានា​ពី​ការ​បោះ​ឆ្នោត​ដោយ​យុត្តិធម៌​បាន​ឡើយ ដោយ​សារ​តែ​​ក្តី​ព្រួយ​បារម្ភ​ដែល​កំពុង​តែ​កើត​មាន​ដូច​ជា​ បញ្ហា​នៅ​ក្នុង​​បញ្ជី​​ឈ្មោះ​បោះ​ឆ្នោត​ និង​ការ​មិន​ទទួល​បាន​ភាព​ស្មើ​គ្នា​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។

អ្នក​វិភាគ​មួយ​ចំនួន​ក៏​បាន​លើក​ឡើង​ដែរ​ថា កា​រ​សម្រេច​ចិត្ត​របស់​លោក ហ៊ុន សែន ក្នុង​​ការ​ឲ្យ​​លោក សម រង្ស៊ី ​រួច​​ពី​បទ​ល្មើស​របស់​គាត់​បង្ហាញ​ឲ្យ​ឃើញ​ពី​សិទ្ធិ​អំណាច​យ៉ាង​​ខ្លាំង​របស់​លោក​ចំពោះ​ប្រព័ន្ធ​តុលាការ​ និង​បង្ហាញ​​ឲ្យ​ឃើញ​ពី​​ចរិត​​នយោ​បាយ​​​ក្នុង​ការ​​​ផ្តន្ទា​​​ទោស​​​មេដឹក​នាំ​គណ​បក្ស​ប្រឆាំងតាំង​ពី​ដំបូង​។

បន្ទាប់​ពី​កិច្ច​ប្រជុំ​នៅ​ក្រសួង​ការ​បរ​ទេស​ជាមួយ​ លោក​ ចេហ្វ ដាយហ្គល (Jeff Daigle) ភារធារី​ស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក លោក​ ហោ ​ណាំ​ហុង បាន​មាន​ប្រសាសន៍​ថា សំណើ​របស់​​លោក ហ៊ុន សែន សុំ​លើក​លែង​ទោស​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​មិន​មែន​ទទួល​រង​ឥទ្ធិពល​ពី​ការ​អំពាវ​នាវ​របស់​ម្ចាស់​ជំនួយ​បរទេស​ ដែល​ស្នើ​ឲ្យ​មាន​ការ​វិល​ត្រឡប់​​មក​វិញ​របស់​លោក សម រង្ស៊ី​ នោះ​ទេ។​​

លោក​ ហោ ណាំហុង បាន​ថ្លែងថា “  គោល​​នយោ​បាយ​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ ឬក៏​គោល​នយោ​បាយ​របស់​​នាយក​រដ្ឋ​មន្ត្រី គឺ​ព្យា​យាម​ដើម្បី​បង្កើត​​ឯក​ភាព​​ និង​ការ​ផ្សះ​ផ្សា​គ្នា​ ហេតុ​ដូច្នេះ​ហើយ ទើប​ឥឡូវ​នេះ​មាន​ការ​​លើក​លែង​ទោស​ចំពោះ​​ឯក​ឧត្តម សម រង្ស៊ី ដើម្បី​​ឲ្យ​មាន​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ និង​ដើម្បី​ [ពង្រឹង] ប្រជា​ធិប​តេយ្យ”​។ លោក​បាន​បន្ថែម​ថា “ នេះ​មិន​មែន​ជា​លើក​ទី​១​ទេ ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​បាន​ស្នើ​​ថ្វាយ​ព្រះ​មហាក្សត្រព្រះ​រាជ​ទាន​លើក​លែង​ទោស​លោក សម រង្ស៊ី​”។

លោក សម រង្ស៊ី បាន​​ទទួល​ព្រះ​រាជ​ទាន​លើក​លែង​ទោស​កាល​ពី​​លើក​​មុន​ ដោយ​សារ​​តែ​មាន​ការ​ស្នើ​ពី​លោក​ ហ៊ុន សែន​ កាល​ពី​ឆ្នាំ​២០០៦ បន្ទាប់​ពី​លោក​បាន​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​អស់​រយៈ​ជាង​មួយ​ឆ្នាំ ដើម្បី​គេច​វេះ​​ពី​ការ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១៨​ខែ​ ពី​បទ​បរិហាកេរ្តិ៍​ព្រះ​អង្គ​ម្ចាស់​ នរោត្តម ​រណឫទ្ធិ ដែល​លោក​ចោទ​ថា បាន​ទទួល​សំណូក​​ដើម្បី​ចូល​រួម​ក្នុង​រដ្ឋា​ភិបាល​ចម្រុះ​ជាមួយ​គណ​បក្ស​ប្រជា​ជន​កម្ពុជា។ លោក​ក៏​បាន​ចោទ​ប្រកាន់​លោក ហ៊ុន សែន ថា ស្ថិត​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ក្នុង​ឆ្នាំ​១៩៩៧ ដែល​សម្លាប់​មនុស្ស​​អស់​ជាង​១០​នាក់ នៅ​ក្នុង​បាតុកម្ម​មួយ​របស់​គណ​បក្ស​ប្រឆាំង​ផង​ដែរ។

លោក​ សម រង្ស៊ី បាន​សរ​សេរ​លិខិត​​សូម​អភ័យ​ទោស​ជា​សាធារណ​​ជូន​​លោក​ ហ៊ុន សែន​ មុន​ពេល​លោក​បាន​ទទួល​​ព្រះ​រាជ​​ទាន​​លើក​លែង​ទោស​កាល​ពី​លើក​មុន​ ​ប៉ុន្តែ​ពេល​នេះ មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​រូប​នេះ​មិន​បាន​ធ្វើ​ដូច្នោះ​ឡើយ​។

លោក ឡៅ ម៉ុងហៃ អ្នក​វិភាគ​នយោ​បាយ​​ឯក​រាជ្យ​បាន​លើក​ឡើង​ថា “ វា​ហាក់​បី​ដូច​ជា​គ្មាន​ការ​សរ​សេរ​លិខិត​សូម​អភ័យ​ទោស​ពី លោក សម រង្ស៊ី ឡើយ”។​ លោក​បាន​បន្ថែម​ថា “ ​ខ្ញុំ​គិត​ថា ចំពោះ​គណ​បក្ស​ប្រឆាំង​នឹង​ចំពោះ​លោក សម រង្ស៊ី ផ្ទាល់​ពួក​គេគួរ​តែ​​គិត​​ថា នេះ​គឺ​ជា​ជ័យ​ជម្នះដ៏​ធំ។ ហើយ​វា​​នឹង​ធ្វើ​ឲ្យ​លោក សម រង្ស៊ី មាន​សិទ្ធិ​ស្រប​ច្បាប់​ដើម្បី​លើក​ឡើង​អំពី​ជ័យ​ជម្នះ​របស់​ខ្លួន​ ហើយ​លើក​​ឡើង​ថា លោក​មិន​អាច​ចុះ​ចាញ់​បាន​ឡើយ”។

លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​គណៈ​កម្មការ​អព្យាក្រឹត និង​មិន​លម្អៀង​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​​នៅ​កម្ពុជា​​​មាន​ប្រសាសន៍ថា ការ​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៦ ខែកក្កដា របស់​លោក សម រង្ស៊ី ដែល​ត្រូវ​បាន​បង្ហោះ​ជា​ខ្សែ​វីដេអូ​តាម​ទំព័រ​ហ្វេស​ប៊ុក​របស់​លោកដែល​ថា លោក​នឹង​វិល​ត្រឡប់​​មក​​កាន់​ប្រទេស​កម្ពុជា​វិញមុន​ការ​បោះ​ឆ្នោត​ ​ដោយ​មិន​គិត​ពី​ទោស​របស់​លោក​នោះ​ បាន​បង្ខំ​ឲ្យ​លោក ហ៊ុន សែន ​សម្រេច​ចិត្ត​​រវាង​ការ​​លើក​លែង​ទោស​ឲ្យ​លោក សម រង្ស៊ី និង​ការ​​ចោទ​​​លោក សម រង្ស៊ី ក្នុង​រឿង​ក្តី​នេះ​។

លោក ហង្ស ពុទ្ធា បាន​ថ្លែង​ថា “ ប្រសិន​បើ​លោក សម រង្ស៊ី វិល​ត្រឡប់​មក​វិញ​ ហើយ​​ប្រសិន​បើ​រដ្ឋា​ភិបាល​​ចាប់​លោក​ដាក់​ពន្ធនាគារ​ ​ការ​ធ្វើ​បាតុកម្ម​មួយ​នឹង​ត្រូវ​បាន​ធ្វើ​ឡើងនៅ​ក្នុង​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​របស់​គណ​​បក្ស​សង្គ្រោះ​ជាតិ ដើម្បី​គាំ​ទ្រ​ឲ្យ​មាន​ការ​​លើក​លែង​ទោស​ចំពោះ​លោក សម រង្ស៊ី ហើយ​ចលនា​នេះ​នឹង​រីក​កាន់​តែ​ធំឡើងៗ​។ ហេតុ​ដូច្នេះ​ហើយ​ រដ្ឋា​ភិបា​ល​ត្រូវ​តែ​សម្រេច​​ចិត្ត​ថា​ ​​តើ​​ខ្លួន​គួរ​​ធ្វើ​ដូចម្តេច?”។ លោក​បាន​គូស​បញ្ជាក់​ថា ការ​ប្រកាស​របស់​​លោក សម រង្ស៊ី នៅ​ពេល​នេះគឺ​វា​បាន​ធ្វើ​ឲ្យ​លោក ហ៊ុន សែន រង​សម្ពាធ​យ៉ាង​ខ្លាំង។ លោក​បាន​បន្ថែម​ថា “ យើង​អាច​ឃើញ​លទ្ធ​ផល​ដែល​កើត​ចេញ​ពី​ការ​លេង​ល្បែង​នយោ​បាយ​។ ហើយ​ចុង​បញ្ចប់​នៃ​ល្បែង​នេះ​​គឺ​ថា លោក សម រង្ស៊ី អាច​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ពេល​នេះ”។

យោង​តាម​លោក ធន សារ៉ាយ ប្រធាន​ក្រុម​ប្រឹក្សា​​នាយក​នៃ​គណៈ​កម្មា​ធិការ​​ដើម្បី​ការ​​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិ​ធម៌​នៅ​កម្ពុជា​​ហៅ​កាត់​ថា ខុមហ្វ្រែលបាន​ឲ្យ​ដឹ​ងថា ដោយ​មិន​គិត​ពី​មូល​ហេតុ​ដែល​លោក ហ៊ុន សែន ស្នើ​ឲ្យ​ព្រះ​មហាក្សត្រ នរោត្តម សីហមុនី ​ព្រះ​រាជ​ទាន​លើក​លែង​ទោស​លោក សម រង្ស៊ី បាន​វិល​ត្រឡប់​មក​​កាន់​ប្រទេស​កម្ពុជា​វិញ​នោះ​ទេ ការ​សម្រេច​ចិត្ត​របស់​លោក ហ៊ុន សែន បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ប្រព័ន្ធ​តុលាការ​​កម្ពុជា​គឺ​ស្ថិត​ក្រោម​បង្គាប់​របស់​រដ្ឋា​ភិបាល​។

លោក​​មាន​ប្រសាសន៍​ថា “ យើង​ឃើញ​​ហើយ​ថា យើង​គ្មាន​តុលាការ​ឯក​រាជ្យ​ចាប់​តាំង​​ពី​​ការ​ចាប់​​ផ្តើម​ប្រជា​ធិប​តេយ្យ​ កាល​ពី​ឆ្នាំ​១៩៩៣​ រហូត​មក​ដល់​​ពេល​នេះ​ ហើយ​យើង​​បាន​ដោះ​ស្រាយ​ជម្លោះ​នយោ​បាយ​តាម​​វិធី​សាស្ត្រ​បែប​នេះ​កាល​ពី​អតីត​កាល”។​លោក​បាន​បន្តថា “ យើង​មិន​​អាច​ដោះ​ស្រាយ​​​បញ្ហា​​ជម្លោះ​​នយោ​បាយ​​តាម​រយៈ​ការ​​គោរព​​សេចក្តី​​សម្រេច​របស់​តុលា​ការ​ទេ ពីព្រោះ​តុលាការ​គ្មាន​ភាព​ឯក​រាជ​គ្រប់​គ្រាន់​ដើម្បីធ្វើ​ការ​សម្រេច​ចិត្ត​ប្រកប​ដោយ​យុត្តិធម៌​សម្រាប់​​ភាគី​ពាក់​ព័ន្ធ​ឡើយ”។

មុន​ពេល​ត្រូវ​បាន​ព្រះ​រាជ​ទាន​លើក​លែង​​ទោស​កាល​ពី​ថ្ងៃ​សុក្រ លោក សម រង្ស៊ី ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​យ៉ាង​តិច​១១​ឆ្នាំ ពីបទ​ចោទ​ប្រកាន់​មួយ​ចំនួន​រួម​មានការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធារណ​ៈ​ចំពោះ​ការ​ដក​​បង្គោល​តម្រុយ​ព្រំដែន​ តាម​បណ្តោយ​​ព្រំដែន​​​វៀត​ណាម​ ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ ដោយ​បាន​បង្ហោះ​ផែន​ទី​តាម​អ៊ីនធើ​ណិត​ ដើម្បី​គាំទ្រ​ការ​អះ​អាង​ដែល​ថា ប្រទេស​​​វៀត​ណាម​បាន​ឈ្លានពាន​ចូល​ទឹក​ដី​ប្រទេស​កម្ពុជា​ និង​ការ​បរិហាកេរ្តិ៍​លោក ហោ ណាំហុង ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា លោក​ធ្លាប់​គ្រប់​គ្រងកន្លែង​កែ​ប្រែ​របស់​​ខ្មែរ​ក្រហម។

លោក សុក សំអឿន នាយក​ប្រតិបត្តិ​​ក្រុម​អ្នក​ច្បាប់​ការ​ពារ​សិទ្ធិ​កម្ពុជា​ ជាអង្គការ​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ក៏​បាន​យល់​ស្រប​ដែរ​ថា ព្រះ​រាជ​ទាន​លើក​លែង​ទោស​នេះ គឺ​បង្ហាញ​ឲ្យ​ឃើញ​ពី​ដំណោះ​ស្រាយ​ដែល​អាច​ទៅ​រួច​តែ​មួយ​គត់​ សម្រាប់​ការ​សម្រេច​ចិត្ត​ពាក់​ព័ន្ធ​ទៅ​នឹង​នយោ​បាយ។ លោក​បាន​មាន​ប្រសាសន៍ថា “ បញ្ហា [ក្នុង​ការ​ស្វែង​រក​ដំណោះ​ស្រាយ​តាម​រយៈ​តុលា​ការ] ​គឺ​ថា រឿង​ក្តី​ដំបូង​ [ប្រឆាំង​នឹង​លោក​ សម រង្ស៊ី] គឺ​ជា​រឿង​នយោបាយ។ វាដោយ​សារ​តែ​ការ​ជាប់​ពាក់​ព័ន្ធនឹង​នយោ​បាយ​ ដែល​​ធ្វើ​ឲ្យ​សាធារណជន​សង្ស័យអំពី​ឯក​រាជ្យ​ភាព​របស់​តុលាការ​កម្ពុជា”។

លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និងយុត្តិធម៌​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា ការ​អនុញ្ញាត​ឲ្យ​មេ​ដឹក​នាំ​គណ​បក្ស​ប្រឆាំង​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ គឺ​ជា​​ជំហាន​ដំបូង​តែ​មួយ​គត់​ឆ្ពោះ​ទៅ​រក​ការ​សម្រេច​​ចិត្ត​ដ៏​មាន​សារៈសំខាន់​ ដើម្បី​អនុញ្ញាត​ឲ្យ​លោក​ចូល​រួម​ប្រកួត​ប្រ​ជែង​ជា​បេក្ខជន​​តំណាង​រាស្ត្រ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ។

លោក​បាន​មាន​ប្រសាសន៍ថា “  វាមាន​សារៈសំខាន់ណាស់​ដែល​អនុញ្ញាត​ឲ្យ​លោក [សម រង្ស៊ី] ចូល​រួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ជា​បេក្ខជន​តំណាង​រាស្ត្រ​ ដើម្បី​បង្កើន​ភាព​យុត្តិធម៌​ក្នុង​ការ​ប្រកួត​ប្រជែង​”។ លោក​បាន​បន្ថែម​ថា ​បើ​គ្មាន​ការ​ចូល​រួម​ពី​លោក សម រង្ស៊ី នោះទេ​​ ឧបសគ្គ​ដែល​មាន​ជាយូរ​មក​ហើយ​នៅ​តែ​បន្ត​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍​ឈ្មោះ​នៃ​ការ​បោះ​ឆ្នោត​នា​ថ្ងៃ​ទី​២៨​ ខែ​កក្កដា ដែល ​​ខុមហ្វ្រែល​បាន​លើក​ឡើង​ថា នឹង​ក្លាយ​ជា​ការ​​បោះ​ឆ្នោត​ដែល​គ្មាន​ភាព​យុត្តិធម៌​ខ្លាំង​ជាង​គេ​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​មក​នេះ។

លោក​បាន​ថ្លែង​ថា “ ​នៅ​មាន​បញ្ហា​ជា​ច្រើន​​ទៀត​​ដែល​ត្រូវ​​ធ្វើ​ឲ្យ​មាន​ភាព​ប្រ​សើរ​ឡើង រួម​មាន​ការ​ទទួល​បាន​ភាព​ស្មើ​គ្នា​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ការ​ប្រើ​ធន​ធាន​របស់​រដ្ឋ​ខុស​គោល​ដៅ​ សមាសភាព​ និង​ការ​អនុវត្ត​​របស់​គណៈ​កម្មាការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ​បញ្ជី​​ឈ្មោះ​បោះ​ឆ្នោត​ និង​អព្យា​ក្រឹត​ភាព​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​ នៅ​ក្នុង​យុទ្ធ​នាការ​ឃោសនា​បោះ​ឆ្នោត​”។

កាល​ពី​ថ្ងៃ​សុក្រ ក្រសួង​ការ​បទេស​សហ​រដ្ឋ​អាមេរិក​ ដែល​ខិត​ខំ​ព្យា​យាម​ ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន​ ឆ្ពោះ​ទៅ​រកកំណែ​ទម្រង់​ប្រជា​ធិប​តេយ្យ​ បាន​ធ្វើ​ឲ្យ​មា​ន​ការ​លើក​លែង​ទោស​​លោក សម រង្ស៊ីប៉ុន្តែ​នៅ​តែ​ជំរុញ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ចំពោះ​​ដំណើរ​ការ​​បោះ​ឆ្នោត។

លោកស្រី​ ចេន ផ្សាគី (Jen Psaki) អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​ថា “ នៅ​ពេល​ការ​វិល​ត្រឡប់​ដោយ​សុវត្ថិភាព​របស់​លោក [លោក សម រង្ស៊ី] គឺ​ជា​ការ​បោះ​ជំហាន​ដ៏​​​សំខាន់​ឆ្ពោះ​ទៅ​រក​​​​ទិស​ដៅ​ត្រឹម​ត្រូវ​នោះ​​ យើង​នៅ​តែ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បន្ត​ការ​អនុវត្តតាម​អនុ​សាសន៍​របស់​ប្រេសិត​ពិសេស​អង្គការ​សហ​ប្រជាជាតិទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​ប្រទេស​​កម្ពុជា​​ដែល​ផ្ដោត​លើ​ការ​បោះ​ឆ្នោត​​ដោយ​សេរី​ និង​យុត្តិធម៌​នោះ”៕

   ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស