កាលពីម្សិលមិញ សហជីពចំនួនពីរបានប្រកាសការគាំទ្ររបស់ខ្លួនចំពោះគណបក្សធំៗពីរក្នុងការបោះឆ្នោតនៅខែនេះ ដោយគណបក្សទាំងពីរនោះបានអះអាងថា ខ្លួនមានការគាំទ្រពីកម្មករជាច្រើនក្នុងវិស័យកាត់ដេរនៅក្នុងប្រទេសកម្ពុជា។

ខណៈសហជីពសេរីកម្មករ ដែលជាសហជីពចំណាស់ជាងគេនៅក្នុងប្រទេសនេះ បានប្រកាសគាំទ្រគណបក្សសង្គ្រោះជាតិជាផ្លូវការនោះ សហជីពមួយទៀតបានដឹកនាំកម្មករដង្ហែរក្បួនដ៏ធំមួយតាមរថយន្តប្រហែល៥០០គ្រឿងនិងម៉ូតូចំនួន២.០០០គ្រឿងតាមផ្លូវនានាក្នុងរាជធានីភ្នំពេញ ដើម្បីសម្តែងការគាំទ្រចំពោះគណបក្សប្រជាជនកម្ពុជា។
លោក សំ អូន ប្រធានសហព័ន្ធសហជីពការងារកម្ពុជាបានមានប្រសាសន៍ថា កម្មករជាង១៥.០០០នាក់ដែលបានចូលរួមក្នុងការដង្ហែក្បួននេះគឺគ្រាន់តែជាការគាំទ្រមួយភាគប៉ុណ្ណោះរបស់សហជីពលោកចំពោះគណបក្សកាន់អំណាចនៅក្នុងការបោះឆ្នោតនេះ។ លោក សំ អូន បន្តថា “ គណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសបានល្អ ធ្វើឲ្យស្ថិរភាព និងការអភិវឌ្ឍដោយសន្តិវិធី។
កម្មករមានការងារធ្វើនៅតាមរោងចក្រ ដែលជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា”។ លោកអះអាងថា សហជីពចម្រុះចំនួន៦៤របស់លោកមានដល់ទៅ៨៣ភាគរយនៃកម្មករចំនួន៦៤០.០០០នាក់ដែលត្រូវបានប៉ាន់ប្រមាណថា កំពុងធ្វើការក្នុងឧស្សាហកម្មកាត់ដេរ ស្បែកជើង សម្លៀកបំពាក់កីឡា និងឧស្សាហកម្មផ្សេងៗទៀតនៅក្នុងប្រទេសកម្ពុជា។
អំឡុងការជួបជុំហែក្បួនចេញពីកោះពេជ្រក្នុងរាជធានីភ្នំពេញ ទៅកាន់សង្កាត់ចោមចៅក្នុងខណ្ឌពោធិ៍សែនជ័យ កម្មករជាច្រើននាក់បាននិយាយថា ពួកគេត្រូវបានគេឲ្យលុយចំនួន២០.០០០រៀល ដើម្បីចូលរួមហែក្បួននេះ ជាការអះអាងមួយលោក សំ អូន បានបដិសេធ។
លោកបានមានប្រសាសន៍ថា “ គ្មានការផ្តល់លុយ២០.០០០រៀលឲ្យកម្មករម្នាក់ៗទេ។ ក៏ប៉ុន្តែយើងផ្តល់អាហារ និងប្រាក់ចំនួន១៥.០០០រៀល [៣,៧៥ដុល្លារ] ដើម្បីចាក់សាំង សម្រាប់អ្នកទាំងឡាយណាដែលជិះម៉ូតូខ្លួនឯង។ អ្នកជិះរថយន្តមិនបានទទួលលុយទេ”។ លោកពន្យល់ថា សហជីពចេញថ្លៃអាហារ ហើយគណបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញចេញថ្លៃដឹកជញ្ជូន។
គណបក្សសង្គ្រោះជាតិបានសន្យាថានឹងដំឡើងប្រាក់ខែអប្បបរមា១៥០ដុល្លារក្នុងមួយខែ ប្រសិនបើបក្សនេះជាប់ឆ្នោត ដោយលើកឡើងថា ការលុបបំបាត់អំពើពុករលួយ និងការកាត់បន្ថយពន្ធសាំង នឹងធ្វើឲ្យប្រទេសកម្ពុជាជាគោលដៅប្រកួតប្រជែងសម្រាប់រោងចក្រកាត់ដេរ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា ការគាំទ្រគណបក្សប្រជាជនកម្ពុជាដ៏ធំកាលពីម្សិលមិញនេះ មិនមែនជាការពិតទេ ជាពិសេសដោយសារតែអ្នកដែលចូលរួមហែក្បួននោះសុទ្ធតែបានទទួលលុយឲ្យទៅហែក្បួន។ លោកបានមានប្រសាសន៍ថា “ ចំពោះអ្នកដែលទៅចូលរួមហែក្បួនរបស់គណបក្សប្រជាជនកម្ពុជា ពួកគេទទួលបានប្រាក់ មួកនិងបាយមួយប្រអប់ បន្ទាប់មកពួកគេត្រឡប់ទៅរកគណបក្សសង្គ្រោះជាតិវិញដើម្បីយកប្រាក់នោះមកឲ្យយើង។ ពេលខ្លះយើងឃើញមុខពួកគេមែន ក៏ប៉ុន្តែមិនមានន័យថាក្នុងបេះដូងរបស់ពួកគេ ពួកគេគាំទ្រគណបក្សប្រជាជនកម្ពុជានោះទេ”។
លោក ជា មុនី ប្រធានសហជីពសេរី កម្មករបានមានប្រសាសន៍ថា “ យើងមើលឃើញថា ភាគច្រើនក្នុងចំណោមពួកគេគាំទ្រគណបក្សសង្គ្រោះជាតិ ដូច្នេះសហជីពរបស់យើងបានសម្រេចបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ ពីព្រោះគណបក្សសង្គ្រោះជាតិបានសន្យាដំឡើងប្រាក់ខែរបស់យើងឲ្យដល់១៥០ដុល្លារ ប្រសិនបើពួកគេឈ្នះឆ្នោត។ កម្មករចង់ឡើងប្រាក់ខែ ពីព្រោះពួកគេធ្វើការយ៉ាប់ណាស់ ហើយពួកគេទទួលបានប្រាក់ខែតិចពេក។ កម្មករចំនួន៥០០.០០០នាក់នឹងបោះឆ្នោតគាំទ្រគណបក្សសង្គ្រោះជាតិ ពីព្រោះបក្សនេះសន្យាដំឡើងប្រាក់ខែឲ្យពួកគេ”។
លោក ដេវីត វែល (David Welsh) នាយកប្រចាំប្រទេសកម្ពុជានៃមជ្ឈមណ្ឌលសាមគ្គីភាពដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក មានប្រសាសន៍ថា ទោះបីជាសហជីពដែលមានសម្ពន្ធភាពជាមួយគណបក្សប្រជាជនមានកម្មករច្រើនក៏ដោយ ក៏ពួកគេប្រហែលជាមិនបោះឆ្នោតទៅតាមអ្វីដែលសហជីពរបស់ពួកគេនិយាយប្រាប់ពួកគេដែរ។
លោក វែល បានមានប្រសាសន៍ថា “ វាជាកំហុសពិតប្រាកដមួយសម្រាប់គណបក្សប្រជាជនកម្ពុជាក្នុងការសន្មតថា មេដឹកនាំ[សហជីព]ដែលមានសម្ពន្ធភាពជាមួយខ្លួនតំណាងឲ្យផលប្រយោជន៍សមាជិករបស់ខ្លួន។ សហជីពឯករាជ្យ ប្រជាធិបតេយ្យ ពិតជាមានការគាំទ្រដោយទឹកចិត្តបំផុត”៕
(រាយការណ៍បន្ថែមដោយ ម៉ិច ដារ៉ា និង Simon Lewis)
ប្រែសម្រួលដោយ ចេវ ប៊ុននី