29 C
Phnom Penh

គណបក្ស​សង្គ្រោះ​ជាតិ​រៀបចំ​​​ដង្ហែ​ក្បួន​យ៉ាង​ធំ​ដើម្បី​ស្វាគមន៍​ការ​វិល​ត្រ​ឡប់​​របស់​​លោក សម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​សង្គ្រោះ​ជាតិ​ នឹង​រំពឹង​ថា យ៉ាង​ហោច​ណាស់​មាន​អ្នក​គាំទ្រ​ចំនួន​​៤០.០០០​នាក់​ ដើម្បី​​ទទួល​ស្វាគមន៍​ការ​វិល​ត្រឡប់​មក​​មាតុ​ប្រ​ទេស​វិញ​របស់​លោក​ សម រង្ស៊ី នៅ​ព្រឹក​ថ្ងៃសុក្រ បន្ទាប់​ពី​លោក​បាន​រស់​នៅ​និរទេស​​ខ្លួន​នៅ​ក្រៅ​ប្រទេស​អស់​រយៈពេល​បួន​ឆ្នាំ ដើម្បី​គេច​ចេញ​ពី​ទោស​ជាប់​ពន្ធនាគារ​​ពី​បទ​ចោទ​ប្រកាន់​ជា​ច្រើន​ ដែល​គេ​ដឹង​ជា​ទូទៅ​ថា ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ។

បន្ទាប់​ពី​ទទួល​បាន​ការ​​​​ព្រះ​រាជទាន​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ​តាម​សំណើ​របស់​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃសុក្រ លោក​ សម រង្ស៊ី បាន​ប្រកាស​ពី​គម្រោង​វិល​ត្រឡប់​មក​កាន់​មាតុ​ប្រទេស​វិញ​នៅ​លើ​គេហទំព័រ​ទំនាក់​ទំនង​សង្គម​ហ្វេស​ប៊ុក​របស់​លោក​នៅ​ថ្ងៃ​បន្ទាប់​ ហើយ​លោក​នឹង​មក​ដល់​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ នៅ​ម៉ោង​៩និង​៥នាទី​។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជា​បេក្ខ​ជន​តំណាង​រាស្ត្រ​គណបក្ស​នេះ​បាន​ថ្លែង​ថា “ យើង​មាន​គម្រោង​ជួប​ជុំ​គ្នា​យ៉ាង​ហោច​ណាស់​មាន​​ប្រជា​ពលរដ្ឋ​ចំនួន​៤០.០០០​នាក់​ ប៉ុន្តែ យើង​គិត​ថា នឹង​មាន​​ប្រជាពលរដ្ឋ​​ច្រើន​ថែម​ទៀត​មក​ចូល​រួម​”។ លោក មាន​ប្រសាសន៍​បន្ត​ថា ដោយ​មាន​ចំនួន​ប្រជាពលរដ្ឋ​ដ៏​ច្រើន​បែប​នេះ​ពួកគាត់​​មាន​គម្រោង​បំបែក​គ្នា​ជា​ពីរ​ក្រុម​គឺ​ចំនួន​ពាក់​កណ្ដាល​ទៅ​ទទួល​ស្វាគមន៍​​លោក សម រង្ស៊ី នៅ​​ឯ​អាកាស​យាន​ដ្ឋាន​ រីឯ​ចំនួន​ពាក់​កណ្ដាល​​ទៀត​រង់​​​ចាំ​​​លោក ​នៅ​ឯ​សួន​សេរីភាព​​ស្ថិត​នៅ​​ចំកណ្ដាល​រាជធានី​ភ្នំពេញ សម្រាប់​ចូល​រួម​ដង្ហែ​ក្បួន​ដ៏​ធំ​មួយ​។

លោក សុវណ្ណ​ បានថ្លែង​​ថា ទោះ​​បី​លោក សម រង្ស៊ី ​មិន​អាច​​មាន​លទ្ធភាព​​ឈរ​ឈ្មោះ​ក្នុង​ការ​បោះ​​ឆ្នោត​ឬ​​ក៏​បោះ​ឆ្នោត​ ដោយសារ​លោក​មាន​ទោស​ពី​បទ​ឧក្រិដ្ឋ​នោះ​​​ក៏​ដោយ ក៏​គណបក្ស​ប្រឆាំង​នៅ​តែ​រំពឹង​ថា នឹង​ទទួល​បាន​សំឡេង​ឆ្នោត​យ៉ាង​ច្រើន​នៅ​ពេល​លោក​​ត្រឡប់​មក​មាតុ​ប្រទេស​​វិញ។ ហើយ​នៅ​​មិន​ដល់​​ពីរ​សប្ដាហ៍​​ទៀត​ទេ​​​ដល់​ថ្ងៃ​បោះ​ឆ្នោត នៅ​​​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ខាង​មុខ​​នេះ​ លោក សម រង្ស៊ី អាច​នឹង​ចំណាយ​ពេល​តែមួយ​ថ្ងៃ​ប៉ុណ្ណោះ​នៅ​ក្នុង​រាជធានី​ភ្នំពេញ មុន​ពេល​លោក​ធ្វើ​ដំណើរ​ទៅកាន់​បណ្ដា​ខេត្ត​នានា​​ចំនួន​១៥នៅ​ក្នុង​ពេល​ប្រាំបួន​ថ្ងៃ​បន្ទាប់​ទៀត​។

នៅ​តាម​បណ្ដា​ខេត្ត​នានា​ ដែល​គណ​​​​​បក្ស​ប្រឆាំង​មិន​សូវ​ទទួល​​បាន​​ការ​គាំទ្រ​​ច្រើន​ បើ​ប្រៀប​ជា​មួយ​​​គណបក្ស​ប្រជាជន​កម្ពុជា​កំពុង​កាន់​អំណាច​​របស់​លោក ហ៊ុន សែន​។ នៅ​​រាជធានី​ភ្នំពេញ​កាលពី​​ចុង​សប្ដាហ៍​កន្លង​មក​​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទំនង​ជា​មាន​ទឹក​ចិត្ត​ឡើង​វិញ​ ដោយ​សារ​មេ​ដឹក​នាំ​របស់​ពួកគេ​បាន​ជិត​ត្រឡប់​មក​​មាតុ​ប្រទេស​វិញ។ ទោះ​បី​ជា​ការ​ព្រះ​រាជ​ទាន​​លើក​​លែង​ទោស​នេះ ធ្វើ​ឡើង​​តាម​សំណើ​របស់​លោក​​​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ក៏​ដោយ​ ពួកគេ​រំពឹង​ថា នឹង​​ទទួល​បាន​​ការ​គាំទ្រ​ច្រើន​ជាង​មុនៗ​ដែរ​​ ហើយ​មិន​បាន​បង្ហាញ​ពី​ភាព​ជូរចត់​ចំពោះ​លោក សម រង្ស៊ី ក្នុង​ការ​ប្រថុយ​នឹង​ភាព​គ្រោះ​ថ្នាក់​ក្នុង​ការ​វិល​ត្រឡប់​មក​វិញ​ដោយ​មិន​មាន​ការ​ចាប់​ខ្លួន​នោះ​ឡើយ។

លោក ប៉ូ គឿន ជា​អ្នក​រត់​ម៉ូតូ​ឌុប​ ដែល​បាន​ចំណាយ​ពេល​ដ៏​មាន​តម្លៃ​របស់​ខ្លួន​ចូល​រួម​ក្នុង​ការ​ដង្ហែក្បួន​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​នៅ​ជុំ​វិញ​រាជធានី​ភ្នំពេញ ហើយ​បាន​ចំណាយ​ពេល​ជិត​ប្រាំ​ម៉ោង​ នៅ​តាម​ដង​​ផ្លូវ​ ខណៈ​ពេល​ចរាចរណ៍​នៅ​មុខ​រដ្ឋសភា​ត្រូវ​បាន​គេ​បិទ​កាល​ពី​ថ្ងៃត្រង់​ កាលពី​ម្សិល​មិញ​។

ដោយ​​​ពាក់​អាវយឺត និង​​ពាក់​មួក​របស់​គណ​បក្ស​សង្គ្រោះ​ជាតិ លោក​ជឿ​ជាក់​ថា ការ​វិល​ត្រឡប់​មក​មាតុ​ប្រទេស​វិញ​របស់​ លោក សម រង្ស៊ី អាច​ធ្វើ​ឲ្យ​គណបក្ស​ប្រឆាំង​ទទួល​បាន​​ការ​គាំ​ទ្រ​​ថែម​ទៀត។ លោកបន្ត​ថា “ ការ​វិល​ត្រឡប់​មក​​វិញ​​របស់​លោក បាន​ធ្វើ​ឲ្យ​ប្រជា​ពល​រដ្ឋ​មាន​ទំនុក​ចិត្ត​​ថែម​ទៀត​ ហើយ​​​ពួកគាត់​នឹង​មាន​ជំនឿ​ថែម​ទៀត​​មក​លើ​គណបក្ស​សង្គ្រោះ​ជាតិ​។ វត្ត​មាន​​របស់​លោក​នឹង​ជួយ​​ធ្វើ​ឲ្យ​ប្រជា​​ពលរដ្ឋ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​កាន់​តែ​ច្រើន​ឡើង​ៗ ព្រោះ​​លោក​ជា​​បេក្ខ​ជន​នាយក​រដ្ឋមន្ត្រី​”។

លោក កែន សំរិត ជានិស្សិត​ឆ្នាំ​ទី២ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​នីតិ​សាស្រ្ត​​ និង​សេដ្ឋ​កិច្ច​ ដែល​បាន​ចូល​រួម​ក្នុង​ការ​ដង្ហែ​ក្បួន​នៅ​ខាង​​​ក្រៅ​​រដ្ឋ​សភា​បាន​និយាយ​ថា ការ​វិល​ត្រឡប់​របស់​​លោក សម រង្ស៊ី មិន​ទំនង​ជា​ទទួល​បាន​ការ​គាំ​ទ្រ​​ច្រើន​ជាង​គណបក្ស​ប្រជាជន​នោះ​ទេ ប៉ុន្តែ​អាច​ទាក់​ទាញ​អ្នក​បោះ​ឆ្នោត​ផ្សេង​ទៀត​ ដែល​មិន​ទាន់​សម្រេច​ចិត្ត ឲ្យ​សម្រេច​ចិត្ត​របស់​ខ្លួន​​បោះ​ឆ្នោត​​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​និយាយ​បន្ត​ថា “ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល​និង​សប្បាយ​​​ចិត្ត​ណាស់​ ដោយសារ​មេ​ដឹក​នាំ​របស់​យើង​បាន​វិល​​ត្រឡប់​មក​វិញ។ វត្តមាន​របស់​លោក​និង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មិន​ទាន់​​បាន​សម្រេច​ចិត្ត​​​ជ្រើស​រើស​គណបក្ស​សង្គ្រោះ​ជាតិ​”។

​កាល​ពីម្សិលមិញ មាន​ការ​ព្រួយ​បារម្ភ​តិច​​តួច​ក្នុង​ចំណោម​អ្នក​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​និយាយ​ថា ​កាល​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី មក​មាតុ​ប្រទេស​វិញ អាច​ធ្វើ​ឲ្យ​យុទ្ធ​នា​ការ​ឃោស​នា​រក​សំឡេង​ឆ្នោត​របស់​លោក កឹម សុខា ជា​ប្រធាន​ស្តី​ទី​​របស់​គណបក្ស​សង្គ្រោះ​​​​ជាតិ​ធ្លាក់​ចុះ​។

លោក កែវ ណារ៉ុន​​ ដែល​បាន​ចូល​រួម​ជា​មួយ​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រហែល​៣០០នាក់​នៅ​ឯ​សួន​សេរី​ភាព​បាន​និយាយ​ថា​ លោក សម រង្ស៊ី និង​លោក កឹម សុខា គឺ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក។ លោក​បាន​និយាយ​បន្ត​ថា “ ពួកគេ​ជា​ដៃ​គូ​​នឹង​គ្នា​។ ប្រជាពលរដ្ឋ​នៅ​រាជធានី​ចូល​ចិត្ត​លោក សម រង្ស៊ី ហើយ​ប្រជាពលរដ្ឋ​តាម​ទី​ជន​បទ​ចូល​ចិត្ត​លោក កឹម សុខា បើ​មាន​អ្នក​ទាំង​ពី​នៅ​ជាមួយ​គ្នា​គឺ​ល្អ​ណាស់​​”​។

លោក សៀត សុវ៉ាត អ្នក​ឃោសនា​ម្នាក់​ទៀត​បាន​​ឯកភាព​ថា ​​មាន​ទាំង​លោក សម រង្ស៊ី និង​មាន​ទាំង​រូប​លោក កឹម សុខា នៅ​ក្នុង​ប្រទេស​សម្រាប់​ធ្វើ​យុទ្ធនាការ​រក​សំឡេង​ឆ្នោត​នៅ​ថ្ងៃ​ចុងក្រោយ​អាច​ជួយ​គណបក្ស​ប្រឆាំង​ ដែល​គណបក្ស​នេះ​តែ​ង​តែ​​បំបែក​​សំឡេង​ឆ្នោត​​នៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​កាល​ពី​កន្លង​មក​​។ លោក​និយាយ​បន្ត​ថា “ ខ្ញុំ​គិត​ថា យើង​នឹង​ទទួល​បាន​អាសនៈ​ច្រើន​នៅ​ក្នុង​រដ្ឋ​សភា​នៅ​ពេល​នេះ​។​​ប្រជា​ប្រិយភាព​​​របស់​លោក កឹម សុខា និង​លោក សម រង្ស៊ី នឹង​កើន​ឡើង​ ពី​ព្រោះ​ពួកគេ​នៅ​​ក្នុង​បក្ស​តែមួយ​ នៅ​លើ​ម៌ាគា​​តែមួយ​៕

ប្រែសម្រួល​ដោយ ឃិន ណៃ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស