កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានផ្ដន្ទាទោសបុរសជនជាតិ នីហ្សេរីយ៉ា ចំនួនបួននាក់ និងជនជាតិខ្មែរម្នាក់ពីបទជួញដូរគ្រឿងញៀន ទម្ងន់សរុបចំនួន៨៧០ក្រាមរួមទាំងគ្រឿងញៀនប្រភេទមេតំហ្វេតាមីន និងកញ្ឆាផងដែរ។
លោក គឹម ដានី ចៅក្រមជំនុំជម្រះបានមានប្រសាសន៍ថា ជនសង្ស័យឈ្មោះ ស៊ូ ម៉េងកៅ អាយុ៦២ឆ្នាំ ឈ្មោះលីអូណឺដ អាម៉ាហ្សាដូ (Leonard Amazado)អាយុ៣៩ឆ្នាំ ឈ្មោះ ជូដេអូយ៉េ ប៊ូអ៊ីចខូវ (Judeoye Buichkhov) អាយុ២៩ឆ្នាំ ឈ្មោះ ខន់ថេស ចន ហ្វីលីប (Conteh Jhon Philip) អាយុ៣៣ឆ្នាំ និងឈ្មោះ អានីណា ប៊ូកេផូល(Aninna Buike Paul) អាយុ២៨ឆ្នាំ អ្នកទាំងអស់ត្រូវបានចាប់ខ្លួនកាលពីខែកញ្ញា នៅក្នុងរាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ ស៊ូ ម៉េងកៅ បានសារភាពកាលពីម្សិលមិញថា ខ្លួនមានតួនាទីជាអ្នកបើកបររថយន្តឲ្យឈ្មោះ ខន់ថេស ចន ហ្វីលីប នៅពេលនគរបាលបានបញ្ឈប់រថយន្តរបស់ខ្លួនកាលពីថ្ងៃទី២៥ ខែកញ្ញា ហើយនគរបាលបានរកឃើញគ្រឿងញៀនប្រភេទមេតំហ្វេតាមីន ចំនួន២៥០ក្រាមនៅលើខ្លួន ហ្វីលីប។
បន្ទាប់ពីការឆែកឆេរផ្ទះរបស់លោក ម៉េង កៅ នគរបាលបានរកឃើញសារធាតុគ្រឿងញៀនចំនួន២៧០ក្រាមថែមទៀត រួមទាំងកញ្ឆា និងគ្រឿងញៀនដែលគេមិនស្គាល់ផ្សេងទៀតផងដែរ។
បន្ទាប់ពីការសាកសួរ ឈ្មោះ ហ្វីលីប បានឆ្លើយដាក់ ជនជាតិនីហ្សេរីយ៉ាបីនាក់ផ្សេងទៀតដែលក្រោយមកត្រូវបានចាប់ខ្លួន ហើយអ្នកទាំងប្រាំនាក់នេះ ត្រូវបានតុលាការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន។
លោក ម៉េង កៅ បានបដិសេធថា ខ្លួនមិនបានដឹងថា ឈ្មោះហ្វីលីប ជួញដូរគ្រឿងញៀននោះទេ ហើយថា ខ្លួនបានរក្សាទុកគ្រឿងញៀនខ្លះនៅក្នុងផ្ទះនោះគឺសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ដើម្បីព្យាបាលជំងឺរបេងតែប៉ុណ្ណោះ។ តុលាការនឹងចេញសាលក្រមពាក់ព័ន្ធនឹងករណីនេះនៅថ្ងៃទី៥ ខែសីហា ខាងមុននេះ៕
ប្រែសម្រួលដោយ ឃិន ណៃ