38 C
Phnom Penh

ទស្សនកិច្ច​ពាណិជ្ជកម្ម​​​បង្ហាញ​ពីទំនាក់​​ទំនង​​​​រវាង​កម្ពុជា​​និង​​​សហ​រដ្ឋ​អាមេរិក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​សមាជិក​សភា​សហ​រដ្ឋ​អាមេរិក​បាន​បើក​កិច្ច​ប្រជុំ​​ស្ដាប់​ការ​រាយការណ៍​អំពី​​រដ្ឋាភិបាល​កម្ពុជា​​ ទាក់​ទង​ទៅ​នឹង​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​នេះ​ ក្នុងពេលនោះដែរ​ដំណើរ​ទស្សន​​​កិច្ច​​ពាណិជ្ជកម្ម​មួយ​ដែល​ដឹក​នាំ​ដោយ​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​​ប្រចាំប្រទេសកម្ពុជា ក៏បាន​ជំរុញ​ឲ្យ​​​​មាន​របៀប​វារៈ​មួយ​ផ្សេង​ពី​ប្រធាន​បទ​សិទ្ធិមនុស្សនេះ​។

នៅ​ទីក្រុង​វ៉ាស៊ីនតោន​កាល​ពី​ថ្ងៃ​ទី​៩ អនុ​គណៈកម្មាធិការ​សភា​អាមេរិក​ បាន​លើក​ឡើង​ពី​លទ្ធភាព​កាត់​​ជំនួយ​ដល់​ប្រទេស​កម្ពុជា​ដែល​មាន​អង្គការ​សិទ្ធិ​មនុស្ស​និង​ក្រុម​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​​ ​បាន​បង្ហាញ​ពី​សកម្ម​ភាព​ដឹក​នាំ​រដ្ឋាភិបាល​​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ទាក់ទងនិង​ការ​ចោទ​ប្រកាន់​ជា​ច្រើន  រួមមាន​អំពើ​ពុក​រលួយ​ បក្ស​ពួក​និយម​ និង​បញ្ជី​ឈ្មោះ​​​​អ្នក​បោះ​ឆ្នោត​​​មិន​ត្រឹម​ត្រូវ​ មុន​ពេល​ការ​​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨ ​ខែ​កក្កដា​មក​ដល់​។

អំឡុង​កិច្ច​ប្រជុំ​នេះ​ សមាជិក​សភា​អាមេ​​​រិក​មក​ពី​គណបក្ស​សាធារណរដ្ឋ​​ គឺ​លោក​ ដាណា រ៉ូរ៉ាបាជ័រ (Dana Rohrabacher) បាន​ហៅ​លោក ហ៊ុន ​សែន ថា​  “ជា​ជន​ពុក​រលួយ​​ដែល​បាន​កាន់​អំណាច​នៅ​ក្នុង​ប្រទេស​នេះ​អស់​រយៈ​ពេល​ជា​ច្រើន​ទសវត្សរ៍​”។

នៅ​ថ្ងៃ​ដដែល​នោះ​ លោក វីលៀម ថត់ (William Todd) អគ្គរដ្ឋ​ទូត​សហ​រដ្ឋ​អាមេរិក​ប្រចាំ​កម្ពុជា​ បាន​ចូល​រួម​ក្នុង​ពិធី​ចុះ​ហត្ថ​​​លេខា​​​​លើ​កិច្ច​ព្រមព្រៀង​នាំ​ចូល​ស្រា​ផលិត​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា មក​ប្រទេស​កម្ពុជា​។ ថ្ងៃ​ចុះ​ហត្ថលេខា​នេះ​ គឺ​ជា​ថ្ងៃ​មួយ​​ក្នុង​ចំណោម​បួន​ថ្ងៃ​នៃ​ដំណើរ​ទស្សនកិច្ច​​​របស់​អ្នក​ដឹក​នាំ​ធុរ​​​កិច្ច​កម្ពុជា​ចំនួន​៥០​រូប​​​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក​ ក្នុង​គោល​បំណង​ទាក់​ទាញ​វិនិយោ​​​គិន​​អាមេរិក​ឲ្យ​មក​បោះ​ទុន​នៅ​កម្ពុជា​។

ស្ថាន​ទូត​អាមេរិក​បាន​ឲ្យ​ដឹង​តាម​រយៈ​សេចក្ដី​ប្រកាស​​ពី​ម្សិលមិញ​ថា ក្រុម​ហ៊ុន​ ហុង​​​ហៀប ដែល​បាន​ចែក​ចាយ​រថយន្ត​ម៉ាសេ​​​ដេស​បេន និង​ហ៊ីយុនដាយ​​​​នៅ​កម្ពុជា​ បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ​​នៅ​ថ្ងៃ​នោះ​ ដើម្បី​​ទទួល​សិទ្ធិ​ផ្ដាច់​មុខ​សម្រាប់​​​​ចែក​ចាយ​ស្រា​​ Ernest & Julio Gallo នៅ​កម្ពុជា​។ សេចក្ដី​ប្រកាស​នេះ​មាន​ខ្លឹម​សារ​ថា  “ដំណើរ​ទស្សនកិច្ច​ពាណិជ្ជកម្ម​​មក​កាន់​សហ​រដ្ឋ​អាមេរិក​នេះ​​បង្ហាញ​អំពី​ចំណាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​របស់​ពាណិជ្ជករ​អាមេ​​​រិក​ និង​កម្ពុជា​ ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​ពាណិជ្ជ​​​កម្ម​ ក៏​ដូច​ជា​បង្កើន​សកម្មភាព​ពាណិជ្ជកម្ម​ឆ្លង​ដែន​ និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​”។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ ក្រុម​វិនិយោ​​​គិន​​​​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​សហគមន៍​កម្ពុជា-​អាមេរិក​នៅ​ទីក្រុង​ឡងប៊ិច​ រដ្ឋ​កាលីហ្វ័រញ៉ា និង​ទៅ​កាន់​ទីក្រុង​វ៉ាស៊ីនតោន​ ដើម្បី​ជួប​ពិភា​​​ក្សា​ជាមួយ​ក្រុម​ប្រឹក្សា​ធុរកិច្ច​សហ​រដ្ឋ​អាមេរិក​​​-​​​អាស៊ាន​ ក្រសួង​ពាណិជ្ជកម្ម​សហ​រដ្ឋ​អាមេរិក​ និង​សាជីវកម្ម​វិនិយោគ​ឯកជន​ក្រៅ​ប្រទេស​។

ដំណើរ​ទស្សនកិច្ច​នេះ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ្ធ​ក្នុង​វិស័យ​សេដ្ឋកិច្ច​ ដែល​សហ​រដ្ឋ​អាមេរិក​​​​ចង់​ពង្រឹង​ ​​​ជាមួយ​សម​​​​ភាគី​កម្ពុជា​ តាំង​ពី​រដ្ឋាភិបាល​លោក​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​ បារ៉ាក់ អូបាម៉ា (Barack Obama) ​បាន​ប្រកាស​គោល​ដៅ​​ជា​យុទ្ធ​​​សាស្ត្រ​ ​​​ក្រោម​គោល​នយោបាយ​ការ​បរទេស​​​​សហ​រដ្ឋ​អាមេរិក​។ មជ្ឈដ្ឋាន​វិភាគ​បាន​សម្លឹង​ឃើញ​យ៉ាង​ទូលំទូលាយ​ថា នេះ​គឺ​ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ឥទ្ធិពល​កាន់​តែ​ខ្លាំង​ឡើង​ៗ​របស់​ប្រទេស​ចិន​ ទៅ​លើ​តំបន់​អាស៊ី​។ រដ្ឋាភិបាលរ​របស់​លោក អូបាម៉ា ពិត​ជា​លើកឡើងអំពីកង្វល់ស្ថាន​ភាព​សិទ្ធិ​មនុស្ស​  និង​​​ការ​បោះ​ឆ្នោត​ដោយ​សេរី​ និង​យុត្តិ​​​ធម៌​​​​នៅ​កម្ពុជា​ ក៏​ប៉ុន្តែ​លោក​ វីលៀម ថត់ បាន​​ប្រើ​​​​​​​តួនាទីរបស់​លោក​​​ ដើម្បី​ជំរុញ​​​​ឲ្យ​កម្ពុជា​ក្លាយ​ជា​គោល​ដៅ​ពាណិជ្ជ​​​កម្ម​​មួយ​។

ស្ថិត​ក្នុង​​ចំណោម​វិនិយោគិន​​ដែល​បាន​ធ្វើ​ទស្សនកិច្ច​នេះ​ លោក រ៉ាមី សារ៉ាហ្វ (Rami Sharaf) ប្រធាន​នាយក​ប្រតិ​​​បត្តិ​​​​ក្រុមហ៊ុន​ អាអឹម​ អេស៊ា ខេមបូឌា (RM Asia Cambodia) ដែល​ជា​ក្រុមហ៊ុន​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​​អាមេរិក​ជា​ច្រើន​នៅ​កម្ពុជា​​​​​​បាន​​​និយាយ​​​​ថា ដំណើរ​ទស្សន​​​កិច្ច​នេះ​​​ “ មាន​គោល​​​​បំណង​​ទាក់​ទាញ​វិនិ​​​យោ​​​គិន​​​​អាមេរិក​​ឲ្យ​បាន​ច្រើន​​​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​”។

លោក សារ៉ាហ្វ បាន​លើក​ឡើង​បន្ថែម​ថា “វា​ផ្ដល់​ឲ្យ​យើង​នូវ​វេទិកា​មួយ​សម្រាប់​​​​ពិភាក្សា​គ្នា​អំពី​ប្រទេស​កម្ពុជា​ ហើយ​បង្កើត​ភាព​ខុស​ប្លែក​​នៅ​ប្រទេស​នេះ​ ពី​ប្រទេស​ផ្សេងៗ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ាន​”។ លោក​បាន​ពន្យល់​ថា កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​អនុគ្រោះ អត្រា​ពន្ធ​ទាប​ និង​រំហូរ​មូលធន​ដោយ​​​​សេរី​ មាន​ន័យ​ថា ប្រទេស​កម្ពុជា​គឺ​ជា​ទីផ្សារ​គួរ​ឲ្យ​ទាក់​ទាញ​បំផុត​នៅ​ក្នុង​តំបន់​នេះ​។

លោក​បាន​បន្ថែម​ទៀត​ថា  “យើង​បាន​ជួប​​​​ពិភាក្សា​ជាមួយ​តំណាង​ក្រុមហ៊ុន​វិនិ​​​យោគ​​​​​​​ធំៗ ដូច​ជា​ក្រុមហ៊ុន​​​​ Merrill Lynch និង​ធនាគារ​ Bank of America ​ជាដើម​។ ខ្ញុំ​សូម​សម្ដែង​នូវ​ការ​គោរព​ចំពោះ​លោក​អគ្គ​រដ្ឋ​ទូត​ និង​គាំទ្រ​របៀប​ដែល​លោក​កំពុងតែ​​ជំរុញ​ប្រទេស​កម្ពុជា​ដោយ​​​ទស្សន​ទាន​បែប​នេះ​​”។ លោក​ សារ៉ាហ្វ បាន​លើក​ឡើង​ថា មតិ​រិះ​គន់​ដែល​បាន​លើក​ឡើង​ក្នុង​កិច្ច​ពិភាក្សា​សភា​អាមេ​​​រិក​មិន​បាន​រំខាន​ដំណើរ​ទស្សនកិច្ច​នេះ​ទេ​។

លោក​​បាន​មាន​ប្រសាសន៍​ថា​​ “រឿង​នេះ​តែង​តែ​កើត​ឡើង​។ យើង​ដឹង​ថា  នៅ​ទី​នេះ​​​មាន​មនុស្ស​​​​មួយ​ចំនួន​ប្រឆាំង​នឹង​ប្រទេស​កម្ពុជា​​​​​​​​។ ខ្ញុំ​កំពុង​សម្លឹង​ទៅ​រក​​ខាង​ណា​ដែល​មាន​គំនិត​វិជ្ជមាន​”។ លោក សារ៉ាហ្វ បាន​បន្ត​ទៀត​​​ថា លោក​ ដានីញ៉េល មីតឆេល​ (Daniel Mitchell) ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ SRP International Group ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​នៅ​សភា​អាមេរិក​ និង​បាន​បញ្ចេញ​​​​មតិ​ប្រឆាំង​នឹង​គំនិត​ដក​ជំនួយ​របស់​សហ​រដ្ឋ​អាមេរិក​ ក៏​បាន​ចូល​រួម​ក្នុង​ដំណើរ​ទស្សនកិច្ច​​ទៅ​កាន់​រដ្ឋ​កាលីហ្វ័រញ៉ា​នេះ​ផង​ដែរ​។

យោង​តាម​ស្ថាន​ទូត​អាមេរិក​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា ​លោក អ៊ិន ចាន់នី​ ប្រធាន​នាយក​ប្រតិ​​​បត្តិ​ធនាគារ​អេស៊ីលីដា លោក លឹម ហេង នាយក​ក្រុមហ៊ុន ហេង មាន វិនិយោគ​ លោក ​​​ប្រេត ស្គែរ៉ូនី (Brett Sciaroni)​​​​​​ ប្រធាន​សភា​ពាណិជ្ជ​កម្ម​អាមេរិក​ និង​លោក ស៊ឹង ប៊ុណ្ណា ប្រធាន​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ប៊ុណ្ណា រៀល​​​ធី ក៏​បាន​ចូល​រួម​ក្នុង​កិច្ច​ពិភាក្សា​នោះ​ដែរ​។

លោក​ សន​ ម៉ាកកិនថស​ (Sean McIntosh)  អ្នក​នាំ​​​​ពាក្យ​ស្ថាន​ទូត​អាមេរិក​ បាន​លើក​ឡើង​ថា លោក​មិន​អាច​ផ្ដល់​នូវ​បញ្ជី​ឈ្មោះ​គណៈ​ប្រតិ​​​ភូ​ភ្លាម​ៗ​បាន​ទេ​។ លោក​បាន​​លើក​​​​ឡើង​ក្នុង​អ៊ីម៉េល​ថា “​អំឡុង​កិច្ច​ពិភាក្សារបស់លោក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ វីលៀម ថុត អំពី​បរិយា​​​កាស​ពាណិជ្ជកម្ម​នៅ​ប្រទេស​កម្ពុជា​ លោក​ក៏​បាន​ទទួល​ស្គាល់​បញ្ហា​ប្រឈម​​​​មួយ​ចំនួន​ដែល​ប្រទេស​កម្ពុជា​ប្រឈម​មុខ​ផង​ដែរ​”។

លោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទី​ស្ដីការ​គណៈ​រដ្ឋ​មន្ត្រី​ បាន​ថ្លែង​ថា ទំនាក់​ទំនង​រវាង​សហ​រដ្ឋ​អាមេរិក​ និង​កម្ពុជា​កំពុង​មាន​ភាព​រីក​ចម្រើន​គ្រប់​វិស័យ​ ដូចគូសបញ្ជាក់ដោយដំណើរទស្សនកិច្ចរបស់លោក អូបាម៉ា និង​អតីត​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​​អាមេរិក​​ ហ៊ីឡារី​ គ្លីនតុន (Hilary Clinton) ​ កាល​ពី​ឆ្នាំ​មុនជាដើម​។ លោក​បាន​ថ្លែង​ថា “កាល​​ពី​សប្ដាហ៍​មុន​ [នៅ​សភា​អាមេរិក​] គ្រាន់​តែ​ជា​សំឡេង​អ្នក​នយោ​​​​​​បាយ​ប៉ុណ្ណោះ​។ យើង​ [កម្ពុជា និង​សហ​​រដ្ឋ​​អាមេរិក​] បាន​សហការ​គ្នា​ ធ្វើ​ការ​លើ​ផ្នែក​សិទ្ធិ​មនុស្ស​​ លទ្ធិប្រជា​ធិបតេយ្យ​ និង​សេដ្ឋកិច្ច​។ យើង​មាន​គោល​បំណង​ដូច​គ្នា​”៕

ប្រែសម្រួល​​​ដោយ​​​ កង​​​ សុធា

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស