38 C
Phnom Penh

មន្ត្រី​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​បើកឱកាស​​​​​​ឲ្យ​​​លោក​​​ សម រង្ស៊ី ឈរ​​​ឈ្មោះបោះ​​​ឆ្នោត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​​​ម្សិល​​​មិញ មន្ត្រី​​​មួយ​​​រូប​​​នៅ​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​ (គ.ជ.ប.) បាន​​​ឲ្យ​​​ដឹង​​​ថា លោក​​​ សម រង្ស៊ី មេដឹក​​​នាំ​​​គណ​​​បក្ស​​​ប្រឆាំង​​​ នៅ​​​តែអាច​​​ទទួល​​​ការ​​​អនុញ្ញាត​​​ឲ្យ​​​ឈរ​​​ឈ្មោះ​​​ជាបេក្ខ​​​ជន​​​តំណាង​​​រាស្ត្រ​​​ និង​​​ចូលរួម​​​​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​នៅ​​​ថ្ងៃ​​​ទី​​​២៨​​​ ខែ​​​កក្កដា​​​ ខាង​​​មុខ​​​នេះ ប្រសិន​​​បើ​​​លោក​​​ សម រង្ស៊ី ​​​ធ្វើ​​​សំណើ​​​​​​ទៅ​​​​​​​​​គណៈ​​​កម្មាធិការ​​​ គ.ជ.ប. នេះ​​​​​​ជា​​​ផ្លូវ​​​ការ​​​។

លោក សម រង្ស៊ី បាន​​​ទទួល​​​ការ​​​ព្រះរាជ​​​ទាន​​​លើក​​​លែង​​​ទោស​​​ពី​​​ព្រះ​​​មហា​​​ក្សត្រ​​​តាម​​​សំណើ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន​​​ សែន កាលពី​​​ថ្ងៃ​​​សុក្រ​​​ ដែល​​​នេះ​​​ជា​​​ការ​​​បើក​​​ផ្លូវ​​​ឲ្យ​​​លោក​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ ដោយ​​​ពុំ​​​ចាំបា​​​ច់​​​មាន​​​ការ​​​ព្រួ​​​យ​​​បារម្ភ​​​អំពី​​​ការ​​​ចាប់​​​ខ្លួន​​​ពាក់ព័ន្ធ​​​នឹង​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​១១​​​ឆ្នាំ​​​ ក្រោម​​​បទ​​​ចោទ​​​ប្រកាន់​​​ដែល​​​មជ្ឈដ្ឋាន​​​ទូទៅបាន​​​​​​ចាត់​​​ទុក​​​ថា ជា​​​រឿង​​​នយោ​​​បាយ​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ គេ​​​នៅ​​​តែ​​​មាន​​​មន្ទិល​​​មិន​​​ដឹង​​​ថាតើលោក​​​ សម រង្ស៊ី ក្នុង​​​នាម​​​ជា​​​ប្រធាន​​​គណបក្ស​​​ សង្គ្រោះ​​​ជាតិ​​​ នឹង​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ឈរ​​​ឈ្មោះ​​​ជា​​​បេក្ខជន​​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​ឬអត់​​​​​​ឡើយ​​​​​​​​​ ព្រោះ​​​ឈ្មោះ​​​របស់​​​លោក​​​​​​​​​​​​ត្រូវបាន​​​ដក​​​ចេញ​​​​​​ពី​​​​​បញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​រួច​​​ទៅ​​​ហើយ​​​​​​ ហើយ​​​ពុំ​​​មាន​​​ឈ្មោះ​​​ជា​​​បេក្ខជន​​​តំណាង​​​រាស្ត្រ​​​ទេ​​​ ​​​ព្រោះ​​​លោក​​​ជាប់​​​ពិរុទ្ធភាព​​​​​​​​​ពាក់​​​ព័ន្ធ​​​នឹង​​​រឿងក្តី​​​​​​ព្រហ្មទណ្ឌ​​​។​​​​​​

លោក កែវ​​​ ផល្លា​​​ ប្រធាន​​​នាយក​​​ដ្ឋាន​​​សេវា​​​កម្ម​​​ច្បាប់​​​នៅ​​​ គ.ជ.ប. បាន​​​ថ្លែង​​​​​​ថា “​​​ក្នុង​​​ករណី​​​ [លោក សម រង្ស៊ី​​​] ដាក់​​​សំណើ​​​ជា​​​ផ្លូវ​​​ការ​​​ទៅ​​​គណៈកម្មាធិការ​​​​​​គ.ជ.ប.​​​ សមាជិក​​​ដែល​​​ត្រូវ​​​បាន​​​ជ្រើសតាំង​​​​​​ទាំង​​​ប្រាំ​​​បួន​​​របស់​​​ គ.ជ.ប. មាន​​​យុត្តាធិការ​​​និង​​​សិទ្ធិ​​​ពិចារណាថាតើ​​​គួរ​​​​​​ផ្តល់​​​ឋានៈ​​​ជា​​​បេក្ខ​​​ជន​​​តំណាង​​​រាស្ត្រ​​​​​​ និងសិទ្ធិ​​​បោះ​​​ឆ្នោត​​​ដល់​​​រូប​​​គាត់​​​ ឬ​​​ក៏​​​អត់”។ លោក​​​ ផល្លា ពន្យល់​​​ថា គ.ជ.ប. អាច​​​ចេញ​​​សេចក្តី​​​សម្រេច​​​​​​អនុញ្ញាត​​​ឲ្យ​​​លោក​​​ សម រង្ស៊ី ចូល​​​រួម​​​យ៉ាង​​​ពេញ​​​លេញ​​​ក្នុងការ​​​បោះ​​​ឆ្នោត​​​ ទោះបីជា​កាលកំណត់​​​សម្រាប់​​​ការ​​​ចុះ​​​ឈ្មោះ​​​​​​បោះ​​​ឆ្នោត​​​ និង​​​ឈរឈ្មោះ​​​​​​ជា​​​​​បេក្ខ​​​ជន​​​ បាន​​​កន្លង​​​ផុត​​​ទៅ​​​ហើយ​​​ក៏ដោយ​​​។

លោក ផល្លា​​​ ​​​មាន​​​ប្រសាសន៍​​​ថា “ឈ្មោះ​​​​​​របស់​​​លោក​​​ សម រង្ស៊ី ត្រូវបាន​​​លុប​​​​​​ចេញ​​​ពីបញ្ជី​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​ និងពី​​​បញ្ជី​​​ឈ្មោះ​​​បេក្ខជន​​​គណបក្ស​​​ហើយ​​​ ព្រោះ​​​គាត់​​​គឺ​​​ជា​​​ពិរុទ្ធ​​​ជន​​​។ ប៉ុន្តែ ឥឡូវ​​​នេះ​​​ គាត់​​​បាន​​​ទទួល​​​ការ​​​ព្រះរាជទាន​​​លើក​​​លែង​​​ទោស​​​ពី​​​ព្រះ​​​មហា​​​ក្សត្រ​​​រួច​​​ហើយ ដូច្នេះ​​​ គាត់​​​អាច​​​ដាក់​​​សំណើ​​​សុំឲ្យ​​​គណៈ​​​កម្មាធិការ​​​ជាតិ​​​រៀប​​​ចំការ​​​បោះ​​​ឆ្នោត​​​” ផ្តល់​​​សិទ្ធិ​​​ដល់​​​គាត់​​​វិញ​​​បាន​​​។

លោក ទេព នីថា អគ្គ​​​លេខា​​​ធិការ​​​ គ.ជ.ប. បាន​​​លើក​​​ឡើង​​​កាលពី​​​ម្សិលមិញថា លោក​​​ សម រង្ស៊ី បាន​​​ខក​​​ខាន​​​ក្នុង​​​ការ​​​ចុះ​​​ឈ្មោះ​​​​​​​​​បោះ​​​ឆ្នោត​​​ផង​​​ និង​​​ឈរ​​​ឈ្មោះ​​​ជា​​​បេក្ខជន​​​​​​តំណាង​​​រាស្ត្រ​​​​​​ផង​​​ តែ​​​លោកបាន​​​បង្វែរ​​​សំណួរ​​​ពាក់ព័ន្ធ​​​​​​នឹង​​​លទ្ធភាព​​​​​​នៃ​​​ការ​​​ឈរ​​​ឈ្មោះ​​​នេះ​​​ទៅ​​​សមា​​​ជិក​​​​​​ដែល​​​ត្រូវ​​​បាន​​​​​​ជ្រើស​​​តាំង​​​​​ទាំងប្រាំបួន​​​របស់​​​ គ.ជ.ប.​​​ វិញ​​​។

សមាជិក​​​ទាំងប្រាំបួន​​​រូប​​​នេះ​​​មិនអាច​​​ទាក់ទង​​​សុំការ​​​អត្ថាធិប្បាយ​​​បាន​​ឡើយ​​​​​​កាលពីថ្ងៃ​​​ច័ន្ទ។​​​ មុនពេល​​​ទទួល​​​បាន​​​ការ​​​ព្រះ​​​រាជទាន​​​លើក​​​លែង​​​ទោស​​​កាលពី​​​ថ្ងៃ​​​សុក្រ​​​ លោក សម រង្ស៊ី ប្រឈម​​​នឹង​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​យ៉ាង​​​តិច​​​១១​​​ឆ្នាំ​​​ ក្រោម​​​បទ​​​ចោទ​​​ប្រកាន់​​​ជាច្រើន​​​ ក្នុង​​​នោះ​​​រួម​​​មាន​​​ទាំង​​​បទ​​​បំផ្លិច​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​សាធារណៈ​​​​​​ជុំវិញ​​​ការ​​​ដក​​​បង្គោល​​​តម្រុយ​​​ព្រំដែន​​​នៅ​​​តាម​​​បណ្តោយ​​​ព្រំ​​​ដែន​​​វៀត​​​ណាម​​​ បទ​​​ផ្សព្វ​​​ផ្សាយ​​​ព័ត៌មាន​​​មិន​​​ពិត​​​ជុំវិញ​​​ការ​​​បង្ហោះ​​​ផែនទី​​​តាម​​​អីុនធើណិត​​​ដើម្បី​​​គាំទ្រ​​​អំណះ​​​អំណាង​​​របស់​​​ខ្លួនអំពី​​​ការ​​​ឈ្លាន​​​ពាន​​​របស់​​​វៀត​​​ណាម​​​លើ​​​ទឹក​​​ដី​​​កម្ពុជា​​​ និងបទ​​​បរិហារ​​​កេរ្តិ៌​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​ ហោ ណាំ​​​ហុង​​​ ជុំវិញ​​​ការ​​​ចោទ​​​ប្រកាន់​​​ដែលថា ​​​​​​លោក​​​ធ្លាប់​​​ជាប្រធាន​​​មន្ទីរ​​​ឃុំឃាំង​​​មួយ​​​​​​របស់​​​ខ្មែរ​​​ក្រហម​​​ផង​​​ដែរ​​​។

លោក សម រង្ស៊ី បាន​​​ប្រកាសថា លោក​​​នឹង​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​នៅ​​​ថ្ងៃ​​​សុក្រ​​​ ហើយ​​​បាន​​​និយាយ​​​កាលពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា លោក​​​កំពុង​​​​​​តែ​​​ពិចារណា​​​អំពី​​​លទ្ធភាព​​​នៃ​​​ការ​​​ស្នើ​​​ឲ្យ​​​ គ.ជ.ប. ផ្តល់​​​សិទ្ធិ​​​ឲ្យ​​​លោក​​​​ចុះ​​​ឈ្មោះ​​​បោះ​​​ឆ្នោត​​​ផង​​​ និង​​​ឈរ​​​ឈ្មោះ​​​ជា​​​​​​បេក្ខជន​​​តំណាង​​​រាស្ត្រ​​​ផង​​​។ លោក​​​ សម រង្ស៊ី បាន​​​លើក​​​ឡើង​​​​​​តាម​​​​​​រយៈ​​​អីុ​​​ម៉េល​​​ពីប្រទេស​​​បារាំង​​​​​​ថា “សហសេវិក​​​របស់​​​ខ្ញុំ​​​នៅ​​​ភ្នំ​​​ពេញ​​​កំពុង​​​ពិចារណា​​​អំពី​​​ការ​​​ធ្វើ​​​​​ដូច្នេះ​​​ជំនួស​​​ខ្ញុំ​​​”។

លោក យឹម​​​ សុវណ្ណ​​​ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា គណបក្ស​​​របស់​​​លោក​​​បាន​​​ពិភាក្សា​​​គ្នា​​​អំពី​​​រឿង​​​នេះរួច​​​ហើយ​​​ ប៉ុន្តែ បាន​​​បន្ថែម​​​ថា លោក សម​​​ រង្ស៊ី មិន​​​ទាន់​​​បាន​​​សម្រេច​​​ចិត្ត​​​​​​​​​ចុង​​​ក្រោយថា តើ​​​លោក​​​​​​នឹង​​​សរសេរ​​​សំណើ​​​ទៅ​​​ គ.ជ.ប. ឬ​​​អត់​​​ទេ​​​។ លោក សុវណ្ណ​​​ មាន​​​ប្រសាសន៍ថា “​​​យើង​​​បាន​​​ពិភាក្សា​​​គ្នា​​​អំពី​​​រឿង​​​នេះ​​​រួច​​​ហើយ​​​ ប៉ុន្តែ នៅ​​​មិនទាន់​​​មាន​​​សេចក្តី​​​សម្រេច​​​នៅ​​​ឡើយ​​​ទេ​​​ ព្រោះ​​​យើង​​​រវល់​​​ត្រៀម​​​រៀប​​​ចំ​​​សម្រាប់​​​ការ​​​វិល​​​ត្រឡប់​​​របស់​​​គាត់​​​”។

លោក សូរិយា​​​ ស៊ូបេឌី អ្នក​​​រាយការណ៍​​​ពិសេស​​​របស់​​​អង្គការ​​​សហប្រជាជាតិ​​​ទទួល​​​បន្ទុក​​​សិទ្ធិ​​​មនុស្ស​​​នៅប្រទេស​​​កម្ពុជា ដែល​​​បាន​​​អំពាវនាវ​​​ឲ្យ​​​ គ.ជ.ប. ធ្វើ​​​កំណែ​​​ទម្រង់​​​ជា​​​យូរ​​​មកហើយ​​​នោះ បាន​​​ស្វាគមន៍​​​ការ​​​ព្រះ​​​រាជ​​​ទាន​​​លើក​​​លែង​​​ទោស​​​នេះ​​​​​​កាលពីថ្ងៃ​​​ច័ន្ទ ហើយ​​​បាន​​​ជំរុញ​​​ឲ្យ​​​រដ្ឋាភិបាល​​​សម្រប​​​សម្រួល​​​ឲ្យ​​​លោក​​​ សម រង្ស៊ី បាន​​​ចូល​​​រួម​​​យា៉ង​​​ពេញ​​​លេញ​​​ក្នុងការ​​​បោះឆ្នោត”។​​​

លោក ស៊ូបេឌី បាន​​​លើក​​​ឡើង​​​ថា “​​​ឥឡូវ​​​នេះ​​​ខ្ញុំ​​​សង្ឃឹម​​​ថា តាម​​​រយៈ​​​ការ​​​ព្រះ​​​រាជទាន​​​លើក​​​លែង​​​ទោ​​​ស​​​នេះ រដ្ឋាភិបាល​​​នឹង​​​ចាត់​​​វិធាន​​​ការចាំបា​​​ច់​​​ក្នុង​​​ការ​​អនុញ្ញាត​​​ឲ្យ​​​លោក​​​ សម រង្ស៊ី ​ចូលប្រឡូក​​​យ៉ាង​​​ពេញ​​​ទំហឹង​​​​​​ក្នុង​​​ឆាក​​​នយោបាវិញ​​​​​​”។ លោក​ ស៊ូបេឌី បាន​​​បន្ថែម​​​​​​ថា “ក្នុង​​​របាយ​​​ការណ៍​​​​​​ចុង​​​ក្រោយ​​​របស់​​​ខ្ញុំ​​​ស្តីពី​​​ការ​​​ធ្វើ​​​កំណែ​​​ទម្រង់​​​កា​​​រ​​​បោះ​​​ឆ្នោត​​​ទៅ​​​ក្រុម​​​ប្រឹក្សា​​​សិទ្ធិ​​​មនុស្ស​​​អង្គការ​​​សហប្រជាជាតិ​​​​​​ រូបខ្ញុំ​​​បាន​​​គូ​​​ស​​​បញ្ជាក់​​​សាជាថ្មី​​​អំពី​​​សារៈ​​​សំខាន់​​​នៃ​​​ការ​​​ផ្តល់​​​ឱកាស​​​​​​ឲ្យ​​​មាន​​​ការ​​​ប្រកួត​​​ប្រជែង​​​ដោយ​​​ស្មើ​​​ភាព​​​គ្នា​​​​​​ សម្រាប់​​​គ្រប់​​​គណបក្ស​​​នយោបាយ​​​ទាំង​​​អស់​​​ ដើម្បី​​​ឲ្យ​​​មាន​​​ការប្រកួត​​​ប្រជែង​​​គ្នា​​​ដោយ​​​យុត្តិ​​​ធម៌​​​ ហើយ​​​បាន​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ដំណោះ​​​​​​ស្រាយ​​​នយោបាយ​​​ពាក់​​​ព័ន្ធ​​​នឹ​​​ង​​​ការ​​​ផ្តល់​​​លទ្ធ​​​ភាព​​​ឲ្យ​​​លោក​​​ សម រង្ស៊ី ចូល​​​ប្រឡូក​​​​​​យ៉ាង​​​ពេញ​​​ទំហឹង​​​ក្នុង​​​ឆាក​​​នយោ​​​បាយ​​​កម្ពុជា ក្នុង​​​នាម​​​ជា​​​មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​វិញ​​​​​​”។

លោកស្រី ជា វណ្ណាត​​​ អ្នក​​​វិភាគ​​​នយោ​​​បាយ​​​ឯករាជ្យ​​​ បាន​​​លើក​​​ឡើង​​​ថា សេចក្តី​​​សម្រេច​​​របស់​​​​​​​​​ គ.ជ.ប.​​​ គឺ​​​ទំនង​​​ជា​​​នឹង​​​អាស្រ័យ​​​លើ​​​ឆន្ទៈ​​​​​​រដ្ឋាភិបាល​​​ថា តើ​​​ខ្លួន​​​ចង់​​​ឲ្យ​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​​​​មាន​​​លក្ខណៈ​​​យុត្តិ​​​ធម៌​​​ត្រឹម​​​កម្រិត​​​ណា។​​​ លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “វា​​​ជា​​​សេចក្តី​​​សម្រេច​​​ផ្នែក​​​នយោបាយ​​​។​​​ វា​​​ជា​​​រឿង​​​ល្អ​​​សម្រាប់​​​ការ​​​បោះ​​​ឆ្នោត​​​ ប្រសិន​​​បើ​​​គាត់​​​បាន​​​ទទួល​​​សិទ្ធិ​​​របស់​​​ខ្លួន​​​មកវិញ។ វា​នឹង​ស្តែង​​​ឲ្យ​​​ឃើញ​​​ថា ប្រទេស​​​កម្ពុជា​​​មាន​​​លទ្ធិ​​​ប្រជាធិប​​​តេយ្យ​​​គ្រប់​​​លក្ខណៈ​​​ហើយ​​​”។

ប៉ុន្តែ លោក ផៃ ស៊ីផាន​​​ អ្នក​​​នាំពាក្យ​​​ទីស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ បាន​​​លើក​​​ឡើង​​​ថា សេចក្តី​​​សម្រេច​​​នេះ គឺ​​​មិន​​​អាស្រ័យ​​​លើ​​​រដ្ឋាភិបាល​​​ទេ ព្រោះ​​​ គ.ជ.ប. ជា​​​ស្ថាប័ន​​​​​​ឯករាជ្យ​​​ ដែល​​​ការ​​​អះអាង​​​បែប​​​នេះត្រូវ​បាន​​​ជំទាស់​​​ជា​​​យូរ​​​មក​​​ហើយ​​​ដោយ​​​​​​ក្រុម​​​អ្នក​​​សង្កេត​​​ការណ៍​​​ដែល​​​បាន​​​សង្កត់​​​ធ្ងន់​​​ថា សមាជិក​​​ភាគ​​​ច្រើន​​​របស់​​​ គ.ជ.ប. គឺ​​​ជា​​​អតីត​​​សមាជិក​​​របស់​​​គណ​​​បក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​។

លោក​ ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​​​ថា “វាអាស្រ័យ​​​លើ​​​ខ្លួន​​​គាត់និង​​​មេធាវី​​​របស់​​​ខ្លួន​​​ គាត់​​​ត្រូវ​​​ប្រឹង​​​ប្រែង​​​ដើម្បី​​​ទទួលបាន​​​សិទ្ធិ​​​មក​​​វិញ​​​ ប៉ុន្តែ គាត់​​​មាន​​​ឋានៈ​​​ជា​​​ពលរដ្ឋ​​​សាមញ្ញ​​​ ដែល​​​គួរ​​​តែ​​​មាន​​​សិទ្ធិ​​​បោះ​​​ឆ្នោត​​​វិញ​​​ហើយ​​​” ដូច្នេះ ក៏​​​គួរ​​​តែ​​​មាន​​​សិទ្ធិ​​​​​​ក្នុងការ​​​ឈរ​​​ឈ្មោះ​​​ជា​​​បេក្ខជន​​​​​​តំណាង​​​រាស្ត្រ​​​ដែរ៕

ប្រែ​​​សម្រួល​​​ដោយ ភួន ច័ន្ទសេរីវុធ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស