កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានតម្កល់សាលក្រមផ្តន្ទាទោសបុរសជនជាតិអូស្ត្រាលីម្នាក់ និងប្រពន្ធជនជាតិវៀតណាមរបស់គាត់ដែលត្រូវបានសាលាដំបូងខេត្តព្រះសីហនុ សម្រេចផ្ដន្ទាទោសពីបទរក្សាទុកគ្រឿងញៀនដោយមានបំណងជួញដូរ ព្រមទាំងអនុញ្ញាតឲ្យមានការប្រើប្រាស់គ្រឿងញៀនក្នុងក្លឹបរាត្រីរបស់ខ្លួនផងដែរ។
ជនសង្ស័យឈ្មោះ ចូ លូឌិនមាន់ (Joe Ludemann) និងប្រពន្ធរបស់គាត់ឈ្មោះតាំង ធីម៉ៃ (Tang Thi May)ជាអតីតម្ចាស់ក្លឹបរាត្រីសប្បាយៗ ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុ ត្រូវបានផ្ដន្ទាទោសដាក់ពន្ធនាគារក្នុងម្នាក់ៗរយៈពេល១២ឆ្នាំ និង១៥ឆ្នាំកាលពីខែឧសភាឆ្នាំ២០១២។
លោក យន់ ណារ៉ុង ចៅក្រមជំនុំជម្រះបានមានប្រសាសន៍ថា “ សាលាឧទ្ធរណ៍បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងខេត្តព្រះសីហនុ ឲ្យនៅដដែល ហើយបង្គាប់ឲ្យបន្តការឃុំខ្លួនជនជាប់ចោទបន្តទៀត”។ពេលបើកសវនាការនៅសាលាឧទ្ធរណ៍ លោក សួង ឃុនវីរបុត្រ មេធាវីជនជាប់ចោទបានស្នើឲ្យមានការកាត់បន្ថយបទចោទប្រកាន់និងដោះលែងអ្នកទាំងពីរ។
អំឡុងពេលបើកសវនាការរបស់ពួកគេជនសង្ស័យឈ្មោះ តាំង ធីម៉ៃ បានបដិសេធថា ខ្លួនមិនមែនជាប្រពន្ធរបស់លោក លូឌិនមាន់ ទេ ហើយបានសារភាពថា បានឃើញភ្ញៀវប្រុសៗប្រើប្រាស់ម្សៅពណ៌សនៅក្នុងក្លឹបរាត្រីនោះ ប៉ុន្តែ បានបដិសេធថា មិនបានដឹងថាវាជាអ្វីនោះឡើយ។
ជនសង្ស័យឈ្មោះ ចូ លូឌិនមិន បានអះអាងក្នុងតុលាការថា កញ្ឆាដែលបានរឹបអូសនៅអំឡុងការចាប់ខ្លួនអ្នកទាំងពីរនៅឆ្នាំ២០១១នោះ គឺទុកសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនតែប៉ុណ្ណោះ៕
ប្រែសម្រួលដោយ ឃិន ណៃ