កាលពីម្សិលមិញ សាលាឧទ្ធរណ៍បានតម្កល់សាលក្រមរបស់សាលាដំបូងខេត្តស្វាយរៀងដែលបានផ្តន្ទាទោសអ្នកចងការប្រាក់ជនជាតិវៀតណាមម្នាក់ដាក់ពន្ធនាគាររយៈពេលប្រាំឆ្នាំកាលពីខែធ្នូ ពីបទបង្ខាំង និងធ្វើទារុណកម្មក្មេងប្រុសអាយុ១៩ឆ្នាំម្នាក់ដោយខុសច្បាប់នៅកាស៊ីណូមួយកន្លែងក្នុងខេត្តនេះ។
អ្នកចងការប្រាក់ឈ្មោះ ថាយ វ៉ាន់ណេន អាយុ៤៤ឆ្នាំ បានសារភាព អំឡុងសវនាការនៅសាលាឧទ្ធរណ៍ថា ខ្លួនបានឲ្យឈ្មោះ ង្វៀន ហ៊ូទីន ខ្ចីប្រាក់២.០០០ដុល្លារ ដើម្បីបន្តលេងល្បែងនៅកាស៊ីណូ ឡាស់ វ៉េហ្គាស សាន់ (Las Vegas Sun) ក្នុងក្រុងបាវិត ប៉ុន្តែបាននិយាយថា ប្រាក់កម្ចីនេះគឺត្រូវបានចាត់ចែងដោយឈ្មួញកណ្តាលពីរនាក់ ឈ្មោះ សាវ និងឈ្មោះ យៀក ដែលមិនទាន់ចាប់ខ្លួនបាននៅឡើយ។
ជននេះក៏បានបដិសេធផងដែរថា ខ្លួនគ្មានអ្វីជាប់ពាក់ព័ន្ធនឹងការបង្ខាំងជនរងគ្រោះទេ ហើយអះអាងថា ជនរងគ្រោះឈ្មោះ ហ៊ូទីន គឺជាអ្នកកាត់ម្រាមដៃខ្លួនឯង រួចផ្ញើម្រាមដៃនេះរួមជាមួយនិងលិខិតទាមទារប្រាក់លោះចំនួន២.០០០ដុល្លារទៅឲ្យក្រុមគ្រួសាររបស់ខ្លួន ក្នុងបំណងបោកប្រាស់ពួកគេឲ្យសងប្រាក់ជំនួសខ្លួន។
ប៉ុន្តែកាលពីម្សិលមិញ លោក ប៉ុល សំអឿន ប្រធានក្រុមប្រឹក្សាជំនុំជម្រះ បានច្រានចោលចម្លើយការពារខ្លួនរបស់ វ៉ាន់ណេន ។ ចៅក្រមរូបនេះបានមានប្រសាសន៍ថា “ សាលាឧទ្ធរណ៍បានចេញសេចក្តីសន្និដ្ឋានថា សេចក្តីសម្រេចរបស់សាលាដំបូងខេត្តស្វាយរៀង គឺត្រឹមត្រូវហើយ ដូច្នេះគឺបានសម្រេចតម្កល់សាលក្រមដើម”។
លោក នាង ហៃ មេធាវីការពារចុងចោទ បានច្រានចោលសេចក្តីសម្រេចរបស់ចៅក្រមរូបនេះកាលពីម្សិលមិញ។ លោកបានមានប្រសាសន៍ថា “ វាមិនយុត្តិធម៌ទេ។យើងមិនអាចទទួលយកសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍បានទេ ដូច្នេះយើងនឹងប្តឹងសារទុក្ខទៅតុលាការកំពូលទៀត ព្រោះកូនក្តីរបស់ខ្ញុំមិនបានប្រព្រឹត្តបទល្មើសទាំងនេះទេ”។ លោកបានបន្ថែមថា ខាងលោកមិនទាន់បានកំណត់កាលបរិច្ឆេទសម្រាប់ការប្តឹងសារទុក្ខនៅឡើយទេ គឺរង់ចាំពិគ្រោះយោបល់ជាមួយលោក វ៉ាន់ថាយ និងគ្រួសាររបស់គាត់សិន។
កាលពីខែមុន លោក សួស សាខូ ប្រធានពន្ធនាគារខេត្តស្វាយរៀង បានឲ្យដឹងថា ជនជាតិវៀតណាមសរុបចំនួន២៥នាក់បានជាប់ពន្ធនាគារ អំឡុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះក្រោមបទចោទប្រកាន់ផ្សេងៗគ្នា ក្នុងនោះរួមមានទាំងការបង្ខាំងមនុស្សខុសច្បាប់ ការជួញដូរគ្រឿងញៀន និងការប្រើគ្រឿងញៀនផងដែរ។
សារព័ត៌មានវៀតណាមបានធ្វើសេចក្តីរាយការណ៍ព័ត៌មានជាទៀងទាត់អំពីអ្នកលេងល្បែងក្មេងៗ ដែលត្រូវបានល្បួងឲ្យឆ្លងដែនចូលមកលេងល្បែងនៅកាស៊ីណូក្នុងក្រុងបាវិត ដែលជាកន្លែងពួកគេរងគ្រោះដោយសារការជំរឹតទារប្រាក់ដោយហិង្សា និងការចាប់ជំរិតជារឿយៗ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី