គណបក្សសង្គ្រោះជាតិបានផ្អាកយុទ្ធនាការធំៗទាំងអស់របស់ខ្លួននៅទូទាំងរាជធានីភ្នំពេញ ខណៈខ្លួនត្រៀមរៀបចំការជួបជុំគ្នាដ៏ធំមួយដើម្បីស្វាគមន៍លោក សម រង្ស៊ី ប្រធានគណបក្សនេះនៅថ្ងៃសុក្រ ពេលលោកវិលត្រឡប់មកកាន់មាតុប្រទេសវិញ បន្ទាប់ពី បានរស់នៅដោយការនិរទេសខ្លួននៅក្រៅប្រទេសអស់រយៈពេលពេលជិតបួនឆ្នាំ។
ខណៈនៅសល់តែជិតពីរសប្តាហ៍ទៀតដល់ពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រថ្ងៃទី២៨ កក្កដានោះ គណបក្សប្រឆាំងកំពុងតែសង្ឃឹមថា នឹងមានអ្នកគាំទ្រយ៉ាងតិច៤០.០០០នាក់រង់ចាំស្វាគមន៍នៅក្នុងរាជធានី ពេលប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុនពេលធ្វើដំណើរទៅសួនសេរីភាព ដែលជាកន្លែងលោកត្រូវថ្លែងទៅកាន់អ្នកគាំទ្រគណបក្សនេះ។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា គណបក្សនេះបានផ្អាកការជួបជុំគ្នា និងការហែក្បួនរបស់ខ្លួននៅទូទាំងរាជធានីភ្នំពេញកាលពីម្សិលមិញ ហើយនឹងចាប់ផ្តើមឡើងវិញតែនៅថ្ងៃព្រហស្បតិ៍ប៉ុណ្ណោះ ដើម្បីរក្សាធនធាន និងត្រៀមរៀបចំខ្លួន។ លោកបានមានប្រសាសន៍បន្តទៀតថា “ យើងត្រូវសន្សំថាមពល និងធនធានរបស់យើង ដើម្បីត្រៀមស្វាគមន៍លោក សម រង្ស៊ី នៅថ្ងៃទី១៩ ខែកក្កដា។ហេតុដូច្នេះហើយទើបយើងផ្អាកតែការហែក្បួនធ្វើយុទ្ធនាការធំៗប៉ុណ្ណោះ ប៉ុន្តែយើងនៅតែធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្នាក់ឃុំ និងថ្នាក់ស្រុកដដែលទេ”។
លោកបានបន្តថា គណបក្សនេះកំពុងចំណាយពេលរៀបចំដំណើរទស្សនកិច្ចរបស់លោក សម រង្ស៊ី ទៅកាន់បណ្តាខេត្តនានាផងដែរ។ លោក សម រង្ស៊ី គ្រោងចំណាយពេលនៅតាមខេត្តរហូតដល់ថ្ងៃបោះឆ្នោត គឺលើកលែងតែមួយថ្ងៃ នៅចន្លោះថ្ងៃវិលត្រឡប់មកកាន់មាតុប្រទេសវិញ និងថ្ងៃបោះឆ្នោតប៉ុណ្ណោះ។ លោកបានឲ្យដឹងថា លោក សម រង្ស៊ី នឹងចុះទៅខេត្តនានាចំនួន១៥ អំឡុងពេលនោះ ដោយផ្តោតលើខេត្តជុំវិញរាជធានីភ្នំពេញ និងខេត្តផ្សេងៗទៀតនៅភាគខាងលិច និងភាគកណ្តាល ក្នុងនោះមានទាំងខេត្តបាត់ដំបង បន្ទាយមានជ័យ កំពង់ធំ និងខេត្តសៀមរាបផងដែរ។ លោក សុវណ្ណ បានមានប្រសាសន៍ថា “ ទាំងអស់មាន១៥ខេត្ត ដូច្នេះលោកត្រូវចុះទៅកាន់ខេត្តចំនួនពីរក្នុងមួយថ្ងៃ”។
កាលបរិច្ឆេទ និងដំណើរពិតប្រាកដរបស់លោក សម រង្ស៊ី នៅមិនទាន់ត្រូវបានកំណត់នៅឡើយទេ។ លោក ស្រី មូ សុខហួរ បេក្ខជនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលកំពុងឈរឈ្មោះបោះឆ្នោតនៅខេត្តបាត់ដំបង បានឲ្យដឹងថា លោកស្រីនឹងធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួមក្នុងកិច្ចប្រជុំបក្សនៅថ្ងៃពុធ ដើម្បីចាប់ផ្តើមសម្រេចផែនការធ្វើយុទ្ធនាការសម្រាប់លោក សម រង្ស៊ី។
ដោយសារលោក សម រង្ស៊ី មានប្រជាប្រិយភាពបំផុតតែនៅតាមតំបន់ក្រុងនោះ លោកស្រី មូ សុខហួរ បានឲ្យដឹងថា ការផ្តោតលើការចុះទៅតាមខេត្ត គឺមានកម្រិតមធ្យមតែប៉ុណ្ណោះ ដែលការធ្វើបែបនេះ គឺដើម្បីដណ្តើមយកប្រជាប្រិយភាពរបស់គណបក្សប្រជាជនកម្ពុជាក្នុងចំណោមអ្នកបោះឆ្នោតនៅតាមតំបន់ជនបទផង និងដើម្បីបង្កើនវត្តមានរបស់លោក សម រង្ស៊ី នៅតាមតំបន់ដែល គណបក្សប្រឆាំងមានឱកាសតិចបំផុតក្នុងការផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួនតាមប្រព័ន្ធផ្សព្វផ្សាយផង។ លោកស្រីបានមានប្រសាសន៍ថា “ ប្រជាពលរដ្ឋនៅតាមតំបន់ជនបទចង់ឃើញគាត់ បំផុត ព្រោះពួកគាត់មិនសូវបានទទួលព័ត៌មានតាមប្រព័ន្ធផ្សព្វផ្សាយទេ”។
គួររំឭកថា លោក សម រង្ស៊ី បាននិងកំពុងរស់នៅក្នុងប្រទេសបារាំងអស់រយៈពេលជិតបួនឆ្នាំមកហើយ ដើម្បីគេចពីទោសជាប់ពន្ធនាគាររយៈពេល១១ឆ្នាំ ក្រោមបទចោទប្រកាន់ដែលមជ្ឈដ្ឋានទូទៅចាត់ទុកថា ជារឿងនយោបាយ។ យោងតាមសំណើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រះមហាក្សត្រ នរោត្តម សីហមុនី បានព្រះរាជទានលើកលែងទោសដល់លោក សម រង្ស៊ី កាលពីថ្ងៃសុក្រ ដែលនេះជាការត្រួសត្រាយផ្លូវសម្រាប់ការវិលត្រឡប់របស់លោក៕
ប្រែសម្រួលដោយ ចេវ ប៊ុនី