ពេលក្រឡេកមើលរូបថតមួយ ដែលត្រូវបានចែករំលែកតៗគ្នាជាច្រើនរយដងនៅតាមគេហទំព័របណ្តាញទំនាក់ទំនងសង្គមអ្នកនឹងឃើញតារាភាពយន្តហូលីវូដ អ៊ែនជែលីណា ចូលី (Angelina Jolie) និងស្វាមី ប៊្រែត ភីត (Brat Pitt) និងតន្ត្រីករ វីក្លេហ្វ ជីន (Wyclef Jean) ក្លាយជាអ្នកគាំទ្រថ្មីបំផុតរបស់គណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំង។

នៅក្នុងរូបថតនោះបង្ហាញពីអ្នកស្រី អ៊ែនជែលីណា ចូលី ដែលបានអះអាងថា ខ្លួនមានទំនាក់ទំនងជិតស្និទ្ធនឹងប្រទេសកម្ពុជា ចាប់តាំងពីខ្លួនបានស្មូមក្មេងប្រុសកម្ពុជាម្នាក់យកទៅចិញ្ចឹមកាលពីឆ្នាំ២០០២ លោក ប៊្រែត ភីត និងលោក វីក្លេហ្វ ជីន លើកម្រាមដៃប្រាំពីរ ជាសញ្ញាប្រើដោយបណ្តាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលតំណាងឲ្យលេខរៀងទី៧របស់គណបក្សនេះនៅក្នុងសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតនាថ្ងៃទី២៨ខែកក្កដា។
រូបភាពនេះទទួលបានការចូលចិត្តយ៉ាងខ្លាំងនៅលើគេហទំព័របណ្តាញទំនាក់ទំនងសង្គមនានាដូចជាហ្វេសប៊ុកជាដើម ដែលទទួលបានការចូលចិត្តជាង៥០០ និងត្រូវបានចែករំលែកតៗគ្នាជិត៣៥០ដងគិតមកទល់នឹងល្ងាចម្សិលមិញ។
បណ្តាអ្នកនយោបាយគណបក្សសង្គ្រោះជាតិនិងអ្នកគាំទ្ររបស់ខ្លួន តែងតែធ្វើសញ្ញាម្រាមដៃប្រាំពីរអំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត និងស្រែកថា “ ដូរមិនដូរ”។
តែទោះជាយ៉ាងណា តាមពិតរូបថតនេះថតតាំងពីបីឆ្នាំមុនម៉្លេះនៅក្នុងប្រទេសហៃទី កន្លែងដែលតារាទាំងនេះធ្វើទស្សនកិច្ចបំពេញកិច្ចការមនុស្សធម៌ក្នុងសកម្មភាពឧបត្ថម្ភគាំទ្រដល់ជនរងគ្រោះនៃការរញ្ជួយដីដ៏កំណាច។ប្តីប្រពន្ធជាតារាហូលីវូដទាំងពីរនេះបានស្ថិតក្នុងដំណើរទស្សនកិច្ចមួយទៅកាន់ “Yele Haiti” ជាអង្គការក្រៅរដ្ឋាភិបាលមួយគ្រប់គ្រងដោយលោក វីក្លេហ្វ ជីន ដែលជាសមាជិកក្រុមតន្ត្រីហ៊ីបហប់ The Fugees និងជាជនជាតិដើមហៃទី ដែលបានជ្រើសរើសលេខ៧ជានិមិត្តសញ្ញាសម្រាប់អង្គការរបស់លោក។
កាលពីដើមឆ្នាំនេះ រូបថតកាត់តមួយនៃលោក បារ៉ាក់ អូបាម៉ា ប្រធានាធិបតីសហរដ្ឋអាមេេរិក កាន់ស្លាកសញ្ញាគណបក្សសង្គ្រោះជាតិ ក៏ត្រូវបានផ្សព្វផ្សាយតាមអីុនធើណិតយ៉ាងទូលំទូលាយដែរ។ គណបក្សសង្គ្រោះជាតិបានលើកឡើងថា រូបថតអ្នកស្រី អ៊ែនជែលីណា ចូលី ដែលមានស្លាកសញ្ញាគណបក្សរបស់ខ្លួននៅពីក្រោម មិនមែនខ្លួនជាអ្នកបង្កើតឡើងនិងចែកចាយនោះទេ។
តែទោះជាយ៉ាងណា បណ្តាអ្នកបញ្ចេញមតិតាមហ្វេសប៊ុក ហាក់ដូចជាយល់ថារូបថតនោះជារូបពិត និងជាការគាំទ្ររបស់តារាអាមេរិក ទាំងនេះចំពោះគណបក្សប្រឆាំង។ គេមិនដឹងថា តើអ្នកស្រី អ៊ែនជែលីណា ចូលី ដែលមានសញ្ជាតិកម្ពុជា និងដែលមានសិទ្ធិបោះឆ្នោតនោះ មានទំនាក់ទំនងផ្នែកនយោបាយណាមួយនៅក្នុងប្រទេសកម្ពុជា ឬយ៉ាងណានោះទេ ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់លិខិតឆ្លងដែនដល់គាត់ដោយផ្ទាល់ ដើម្បីទទួលស្គាល់កិច្ចការមនុស្សធម៌របស់គាត់នៅក្នុងប្រទេសកម្ពុជា ក៏ដោយ៕
ប្រែសម្រួលដោយ តែម សុខុម