33 C
Phnom Penh

លោក កឹម សុខា ទទួល​ដីកា​កោះពី​តុលាការ​ចំនួន​បី​ក្នុង​រយៈ​ពេល​មួយ​ខែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រប​ពេល​ដែល​ឱកាស​​នយោ​បាយ​របស់​​លោក សម រង្ស៊ី ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ​ប្រសើរឡើង​ បន្ទាប់​ពី​ទទួល​បាន​ការ​ព្រះ​​រាជ​ទាន​លើក​លែង​ទោស​នោះ ឱ​កាស​នយោ​​បាយ​របស់​លោក កឹម សុខា អនុ​ប្រធាន​របស់​លោក​ចេះ​តែ​បន្ត​ជួប​នឹង​បញ្ហា​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា។

ដោយ​ប្រឈម​នឹង​ពាក្យ​បណ្តឹង​និង​ការ​គំរាម​ប្តឹង​ជា​ច្រើន​ លោក កឹម សុខា បាន​ទទួល​​ដីកាជា​លើក​ទី​៣​ពី​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ ​​ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​នៅ​សប្តាហ៍​នេះ ហើយ​លើក​នេះ​គឺ​ដីកាកោះ​ហៅ​ឲ្យ​ចូល​ខ្លួន​ដោះ​ស្រាយ​​ពាក់​ព័ន្ធ​នឹង​ការ​មិនផ្តល់​ប្រាក់​ឲ្យស្រី​កំណាន់​ម្នាក់​។

លោក កឹម សុខា ដែល​បាន​បដិសេធ​ថា គ្មាន​ទំនាក់​ទំនង​ណា​មួយ​ជាមួយ​ស្ត្រី​ឈ្មោះ កែវ សុផាណ្ណារី អាយុ​៤១​ឆ្នាំ មិន​អាច​ទាក់​ទង​​សំុ​ការ​បំភ្លឺ​បាន​ ទេ​។ លោក ចាន់ ចិន មេធាវី​របស់លោក​បាន​មាន​ប្រសាសន៍​ថា លោក​ទទួល​បាន​ដីកា​កោះ​ហៅ​លោក កឹម សុខា ឲ្យ​ចូល​ខ្លួន​ឆ្លើយ​បំភ្លឺ​​ក្នុង​តុលាការ​នៅ​ថ្ងៃ​សុក្រ ជា​​ថ្ងៃ​តែ​មួយ​ដែល​គណ​បក្ស​សង្គ្រោះ​ជាតិ​គ្រោង​នឹង​ប្រមូល​ផ្តុំ​អ្នក​គាំ​ទ្រ​យ៉ាង​ច្រើន​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ ដើម្បី​ស្វាគមន៍​ការ​វិល​ត្រឡប់​​របស់​លោក​ សម រង្ស៊ី ពីការ​រស់​នៅ​ដោយ​និរទេស​ខ្លួន​អស់​រយៈ​ពេល​ជិត​បួន​ឆ្នាំ។

ហើយ​ដូច​ដីកា​កោះ​ហៅ​មុនៗទាំង​អស់​ដែរ លោក ចាន់ ចិន ថ្លែងថា កូនក្តី​របស់​លោក​​មិន​អាច​ចូល​រួម​សវនាការ​ឆ្លើយ​បំភ្លឺ​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ទេ។ លោក​បន្ថែមថា “ ​ពេល​នេះ​​លោក​រវល់ធ្វើ​យុទ្ធនា​ការ​​ឃោសនា​បោះ​ឆ្នោត​ ​ហើយ​លោក​ត្រូវ​ទៅ​ទទួល​ស្វាគមន៍​ឯក​ឧត្ដម​ សម រង្ស៊ី ទៀត​ផង​។ ខ្ញុំ​នឹង​ដាក់​សំណើ​សុំ​ពន្យារ​ពេល​ [ថ្ងៃ​នេះ] ឬ​ថ្ងៃ​ស្អែក”។ លោក​មាន​ប្រសាសន៍​ថា លោក កឹម សុខា ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ និង​មាន​ឆន្ទៈ​ក្នុង​ការ​ចូល​ខ្លួន​ទៅ​តុលាការ​ នៅ​ពេល​ការ​បោះ​ឆ្នោត​​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដាចប់ភ្លាម។ លោក​ថ្លែងថា “ កូន​ក្ដី​របស់​​ខ្ញុំ​​មិន​ព្យាយាម​គេច​វេះ​ពី​តុលាការ​ទេ​។ គាត់​រវល់​​ណាស់​។ បន្ទាប់ពី​ការ​បោះ​ឆ្នោត ​គាត់​នឹង​​ចូល​ខ្លួន​ទៅ​តុលាការ ​នៅ​ពេល​តុលាការ​កោះ​​ហៅ​គាត់​”។

គណបក្ស​សង្គ្រោះ​ជាតិ​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាលថាជា​អ្នក​ជំរុញឲ្យ​មាន​ការ​ដាក់​​ពាក្យ​​បណ្តឹង​ជា​ច្រើន​ប្ដឹង​លោក​ កឹម សុខា និង​ជា​អ្នក​កំណត់​ពេល​វេលា​សម្រាប់​សវនាការ​ ដើម្បី​​រារាំង​ដល់​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​លោក​។ លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែងអំពី​ដីកា​ចុង​​ក្រោយ​នេះ​ថា “ វា​មាន​គោល​បំណង​​រំខាន​ដល់​ការ​ឃោស​នា​”។

ចៅ​ក្រម​ស៊ើបសួរ​ ពេជ្រ ម៉ារ៉េន នៅ​សា​លា​​ដំបូង​រាជធានី​ភ្នំពេញ ដែល​ទទួល​បន្ទុក​​កាន់​សំណុំ​រឿង​នេះបាន​អះអាង​ថា លោក​ជា​អ្នក​ចេញដីកា​នេះ​ ប៉ុន្តែ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​បន្ថែម​ទៀត​ទេ​។

អ្នក​ស្រី​ កែវ​ សុផាណ្ណារី បាន​ដាក់​ពាក្យ​ប្ដឹង​លោក​ កឹម​ សុខា កាលពី​ខែ​កុម្ភៈ ទាម​ទារ​ប្រាក់​សំណង​១០.០០០​ដុល្លារ​ ដោយ​ចោទ​ប្រកាន់​ថា លោក​ កឹម សុខា នៅ​ពេល​ថ្មីៗ​នេះ​បាន​ឈប់​ឧបត្ថម្ភ​គាត់​ និង​កូន​ចិញ្ចឹម​ពីរ​នាក់​ បន្ទាប់​ពី​ទំនាក់​ទំនង​របស់​ពួក​គាត់​បាន​បញ្ចប់​កាល​ពី​ប្រហែល​ប្រាំ​ឆ្នាំ​មុន​។

កាលពី​ម្សិលមិញ​ អ្នក​ស្រី​ កែវ សុផាណ្ណារី ដែល​បង្ហាញ​មុខ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ បាន​​ជំរុញ​​ឲ្យ​លោក​ កឹម សុខា ចូលខ្លួន​ដោះ​ស្រាយ​​រឿង​ក្ដី​នេះ​​ឲ្យ​បាន​ឆាប់​តាម​ដែល​​អាច​ធ្វើ​ទៅ​បាន​។ អ្នក​ស្រីបន្ត​ថា “ ខ្ញុំ​ចង់​ឲ្យ​ចប់​ឆាប់​ៗ​ ព្រោះ​​ខ្ញុំ​ចង់​បាន​សំណង​មកចិញ្ចឹម​​គ្រួសារ​​ខ្ញុំ​”។ នេះគ្រាន់​តែជាបណ្ដឹង​​មួយប៉ុណ្ណោះក្នុង​​​ចំណោម​​​​​​​បណ្ដឹង​​បីប្ដឹង​​លោក​ កឹម សុខា ​​ ។

អ្នក​នៅ​រស់​ពី​មន្ទីរ​ឃុំឃាំង​ទួល​ស្លែង​របស់​ខ្មែរ​ក្រហម​ បាន​ប្ដឹង​លោក កឹម សុខា ​​កាលពី​ខែ​មិថុនា ពី​បទ​បរិហារកេរ្តិ៍ ជុំវិញ​ខ្សែ​អាត់​សំឡេង​​ដែល​ក្នុង​នោះ​លោក​បាន​អះអាង​ថា វៀតណាម​បាន​ប្រឌិត​ឧក្រិដ្ឋ​កម្ម​នៅ​មន្ទីរ​ឃុំ​ឃាំងនេះ​ កន្លែង​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ជា​ច្រើន​ពាន់​នាក់​ ត្រូវ​បាន​ឃុំ​ឃាំង​ និង​ធ្វើ​ទារុណ​កម្ម មុន​ពេល​ត្រូវគេយក​ទៅ​ប្រហារ​ជីវិត​។

សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​កោះ​ហៅ​​លោក កឹម​ សុខា​ ទៅ​ឆ្លើយ​បំភ្លឺ​ពីរ​លើក​រួច​មក​ហើយ​នៅ​ក្នុង​រឿង​ក្ដី​នេះ​។ សាលា​ដំបូង​​ខេត្ត​ព្រៃវែង​ ក៏​កំពុង​ស៊ើប​អង្កេត​លោក​ កឹម​ សុខា ផង​ដែរទាក់ទិន​នឹង​អង្គរក្ស​ម្នាក់​របស់​លោក​បាន​​ប្រើ​អំពើ​ហិង្សា​លើ​អ្នក​ស្រី​ សំ​ ផល្លា ដែល​ត្រូវ​ជា​ម្ដាយ​របស់​អ្នក​ស្រី​ កែវ​ សុផាណ្ណារី​ នៅឯយុទ្ធនាការ​ឃោនា​បោះ​ឆ្នោត​មួយ​ កាលពី​ខែ​មុន​។

គណបក្ស​សង្គ្រោះ​ជាតិ​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទាំង​ពីរ​នោះ​។ លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ ត្រូវ​តុលាការ​ផ្ដន្ទាទោស​ពី​បទ​បំផ្លាញ​ទ្រព្យសម្បត្តិ​សាធារ​ណៈ​ ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​​មិន​ពិត និង​ញុះញង់​ ដែល​ត្រូវ​បាន​លុប​ចោល​ទាំង​អស់​ដោយ​ការ​ព្រះ​រាជ​ទាន​លើក​លែង​ទោស​កាល​ពី​ថ្ងៃ​សុក្រ  ដោយ​​ត្រួសត្រាយ​ផ្លូវ​សម្រាប់​ការ​វិល​ត្រឡប់​​របស់​លោក​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​សុក្រ​ នេះ​។

លោក​ សម រង្ស៊ី​ មេដឹក​នាំ​គណបក្ស​ប្រឆាំង​ បាន​រស់នៅ​ដោយ​និរទេស​ខ្លួន​ឯង​អស់​រយៈ​ពេល​ជិត​៤​ឆ្នាំ​ ដើម្បី​គេច​ពី​ទោស​ជាប់​ពន្ធ​នាគារ​១១​ឆ្នាំ​ តាម​ការ​ចោទ​ប្រកាន់​ ដែល​ជា​ទូទៅ​គេ​ជឿ​ថា ជា​រឿង​នយោបាយ​៕

ប្រែសម្រួលដោយ តែម សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស