40.6 C
Phnom Penh

នគរ​​​បាលរាប់​រយនាក់​​​ត្រៀម​ការពារ​​​សន្តិសុខជូន​លោក សម រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​នគរ​​​បាល​​​បាន​​​ឲ្យ​ដឹង​​​​កាល​​​ពី​​​ម្សិល​​​​មិញ​​​ថា នគរ​​​បាល​​​រាប់រយ​​​នាក់​​​នឹង​​​ត្រូវ​​​ដាក់​​​ពង្រាយ​​​នៅ​​​ថ្ងៃ​​​សុក្រ ដើម្បីការពារ​សន្តិ​សុខ​លោក សម រង្ស៊ី ​​​មេ​​​ដឹក​​​នាំ​​​គណ​​​បក្ស​​​ប្រឆាំង​​​​​​​និងដើម្បី​​​គ្រប់​​​គ្រង​​​អ្នក​​​គាំ​​​ទ្រ​​​ដែល​​​គេ​​​រំពឹង​​​ថា នឹង​​​មាន​​​ចំនួន​​​ជាងបួនម៉ឺននាក់។

លោក សម រង្ស៊ី ដែល​​​នឹង​​​វិល​​​ត្រឡប់​​​មក​​​កាន់​​​ប្រទេស​​​កម្ពុជា​​​វិញ បន្ទាប់​​​ពី​​​បាន​​​និរទេស​​​ខ្លួន​​​ឯង​​​ទៅ​​​រស់​​​នៅ​​​ប្រទេស​​​បារាំង​​​អស់​​​រយៈ​​​ពេល​​​ជិត​​​បួន​​​ឆ្នាំ នឹង​​​មក​​​ដល់​​​អាកាស​​​យាន​ដ្ឋាន​​​​អន្តរ​​​ជាតិ​​​ភ្នំ​​​ពេញ​​​នៅ​​​ម៉ោង​​​ជាង៩ព្រឹក​ ថ្ងៃ​​​សុក្រ ហើយ​​​បន្ទាប់​​​មក​​​នឹង​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​សួន​​​សេរី​​​ភាព​​​ដើ​​​ម្បី​​​ថ្លែង​​​សុន្ទរកថា​​​ទៅ​​​កាន់​​​អ្នក​​​គាំ​​​ទ្រ។

លោក​​​ គៀត ច័ន្ទថារិទ្ធិ អ្នក​​​នាំ​​​ពាក្យ​​​នគរ​​​បាល​​​ជាតិ​​​បាន​​​លើក​​​ឡើង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា “ ​​​ខ្ញុំ​​​មិន​​​អាច​​​ប្រាប់​​​​​​ពី​​​ចំនួន​ជាក់​លាក់​បាន​​​ទេ គ្រាន់​​​តែ​​​ដឹង​​​ថា នឹង​​​មាន​​​មន្ត្រី​​​នគរ​​​បាល​ជា​ច្រើន​​​​រយ​​​នាក់​​​ប៉ុណ្ណោះ​​​។ ខ្ញុំ​​​ចង់​​​សង្កត់​​​ធ្ងន់​​​ថា នឹង​​​មាន​​​មន្ត្រី​​​នគរបាលជា​​​ច្រើន​​”។ លោក​​​បាន​​​បន្ថែម​​​​ថា នគរ​​​បាល​​​​​ធ្វើ​​​ដូច្នេះ​​​តាម​​​សំណើ​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​បាន​​​​ស្នើ​​​ទៅ​​​​​​ក្រសួង​​​មហា​​​ផ្ទៃ​​​ សុំឲ្យជួយ​​​ការ​​​ពារ​​​លោក​សម រង្ស៊ី ក៏ដូច​​​ជា​​​គ្រប់​​​គ្រ​​ង​​​អ្នក​​​គាំ​​​ទ្រ​​​ជា​​​ច្រើន​ផងដែរ។ នៅក្នុង​​​កិច្ច​​​ប្រជុំនៅ​​​សាលា​​​រាជ​​​ធានី​​​កាល​​​ពី​​​រសៀល​​​ម្សិល​​​មិញ ​​​​ដែល​​​មន្ត្រី​​​សាលា​​​រាជ​​​ធានី​​​ គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ និង​​​លោក ​ជួន ​សុវណ្ណ ស្នង​​​ការ​​​នគរ​​​បាល​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ​ពិភាក្សា​​​គ្នា​​​អំពី​​​បញ្ហា​​​សន្តិ​​​សុខ​​​ លោក ​ឡុង រី ​អ្នក​​​​ជំនាញ​​​ខាង​​​​សន្តិ​​​សុខ​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ បាន​​​ស្នើ​​​សំុ​​​ឲ្យ​​​មាន​​​ការ​​​ការ​​​ពារ​​​​​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​​​​លោក ​សម ​រង្ស៊ី។​

លោក ឡុង រី បាន​​​មាន​​​ប្រសាសន៍ថា “ ខ្ញុំ​​​សុំ​​​​ស្នើ​​​ឲ្យ​​​មាន​​​ការ​​​ការ​​​ពារ​​​សន្តិ​​​សុខ​​​ដល់​​​លោក ​សម ​រង្ស៊ី ​នៅ​​​ពេល​​​លោក​​​វិល​​​ត្រឡប់​​​មក​​​វិញ​​​រហូត​​​ដល់​​​ការ​​​បញ្ចប់​​​យុទ្ធនាការ​​​ឃោស​​​នា​​​បោះ​​​ឆ្នោត”។ លោក​​​បាន​​​បន្ថែម​​​ថា នៅ​​​ល្ងាច​​​ម្សិល​​​មិញ ​​​នគរ​​​បាល​​​នៅ​​​មិន​​​ទាន់​​​ធ្វើ​​​ការ​​​សម្រេច​​​​ចិត្ត​​​នៅ​​​ឡើយ​​​ទេ​​​ ហើយ​​​ការ​​​ពិភាក្សា​​​បន្ត​​​នឹង​​​ត្រូវ​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃ​​​នេះទៀត។

លោក យឹម សុវណ្ណ អ្នក​​​នាំ​​​ពាក្យ​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​មិន​​​បាន​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​កិច្ច​​​​ប្រជំុ​​​នេះ​​​បាន​​​លើក​​​ឡើង​​​ថា គណ​​​បក្ស​​​របស់​​​លោក​​​ព្យា​​​យាម​​បញ្ជាក់​​​ឲ្យ​​​បាន​​​ច្បាស់ថា ​នឹង​​​មាន​​​អ្នក​​​គាំ​​​ទ្រ​​​ប្រមាណ​​​បួនមឺុននាក​់ចេញ​​​​មក​​​​គាំ​​​ទ្រ​​​​​​​ពាស​​​ពេញ​​​ ផ្លូវចាប់​​​​​​ពី​​​អាកាស​​​យាន​​​​ដ្ឋាន​​​អន្តរជាតិ​​​ភ្នំ​​​ពេញ​​​ តាម​​​បណ្តោយ​​​មហា​​​វិថី​​​សហ​​​​ព័ន្ធរុស្ស៊ីរហូតដល់​​​សួន​​​សេរី​​​ភាព​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ យើង​​​ត្រូវ​​​​តែ​​​ជួយ​​​សម្រួល​​​ចរាចរណ៍​​​ ហេតុ​​​ដូច្នេះ​​​ហើយ​​​ទើប​​​យើង​​​​​​​ស្នើ​​​ឲ្យ​​​អ្នក​​​គាំ​​​ទ្រ​​​ឈរលើ​​​ចិញ្ចើម​​​ផ្លូវ។​​​ យើង​​​ព្យា​​​យាម​​​បញ្ចៀស​​​ការ​​​កក​​​ស្ទះ​​​ចរាចរណ៍​​​តាម​​​ដែល​​​អាច​​​ធ្វើ​​​ទៅ​​​បាន​​​”។ លោក យឹម សុវណ្ណ បាន​​​មាន​​​ប្រសាសន៍​​​បន្ត​​​ថា “ ​​​យើង​​​គ្រោង​​​​ដាក់​ពង្រាយអ្នក​​​គាំ​​​ទ្រ​​​ប្រមាណ​​​ពីរម៉ឺននាក់ ចាប់​​​​​ពី​​​ស្ពាន​​​អាកាស​​​រហូត​​​ដល់​​​​អាកាស​​​យាន​​​ដ្ឋាន។​​​ អ្នក​​​គាំ​​​ទ្រ​​​ នឹង​​​ឈរ​​​នៅ​​​តាម​​​​ផ្លូវ ​​​ពី​​​ព្រោះ​​​គ្មាន​​​កន្លែង​​​ទំនេរ​​​ច្រើន​​​ទេ​​​នៅ​​​ឯ​​​អាកាស​​​យាន​​​ដ្ឋាន​​​ គឺ​​​មាន​​​តែ​​​មេ​​​ដឹក​​​នាំ​​​កំពូលៗ​​​របស់​​​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ប៉ុណ្ណោះ នឹងទៅ​​​ស្វាគមន៍​​​លោក​​​នៅ​​​ឯ​​​អាកាស​​​យាន​​​ដ្ឋាន”។

លោក​​​បាន​​​ថ្លែង​​​ថា មេ​​​ដឹកនាំ​​​រូប​​​ណា​​​ដែល​​​​នឹង​​​ត្រូវ​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​ទៅ​​​ក្នុង​​​អាកាស​​​យាន​​​ដ្ឋាន​​​នោះ​​​គឺ​​​នៅ​​​មិន​​​ទាន់​​​ច្បាស់​​​នៅ​​​ឡើយ​​​ទេ។ លោក ខែក នរិនដា អ្នក​​​នាំ​​​ពាក្យ​​​អាកាស​​​​យាន​​​ដ្ឋាន​​​កម្ពុជា ជា​​​ក្រុម​​​ហ៊ុន​​​ដែល​​​គ្រប់​​​គ្រង​​​អាកាស​​​យាន​​​ដ្ឋាន​​​អន្តរ​​​ជាតិ​​​ភ្នំ​​​ពេញ ​​​បាន​​​មាន​​​ប្រសាសន៍ថា មាន​​​តែ​​​អ្នក​​​ដំណើរ​​​ ឬក៏​​​អ្នក​​​អម​​​អ្នកដំណើរ​​​តែ​​​ប៉ុណ្ណោះ​​​នឹង​​​ត្រូវ​​​អនុញ្ញាត​​​ឲ្យ​​​ចូល​​​ទៅ​​​ក្នុង​​​បរិវេណ​​​អាកាស​​​យាន​​​ដ្ឋាន។

​លោក​​​​បាន​​​មាន​​​ប្រសាសន៍ថា ជា​​​មធ្យម​​​នៅ​​​ក្នុង​​​មួយថ្ងៃ​​​គេ​​​ឃើញ​​​មាន​​​អ្នក​​​ដំណើរ​​​ប្រមាណ​​​​ប្រាំមួយពាន់​​​នាក់​​​ ដោយ​​​មាន​​​តែ​​​អ្នក​​​ដំណើរតែប៉ុន្មានរយ​​​នាក់​​​ប៉ុណ្ណោះ​​​មក​​​ដល់​​​ ឬក៏​​​ចាក​​​ចេញ​​​នៅ​​​ក្នុង​​​មួយ​លើកៗ។

ថ្វីបើ​​​​​​​អាច​​​មាន​​​អ្នកគាំ​​​ទ្រ​​​រាប់​​​ពាន់​​​នាក់​​​ព្យា​​​យាម​​​ចូល​​​ទៅ​​​ក្នុង​​​អាកាស​​​យាន​​​ដ្ឋាន​​​ក៏​​​ដោយ​​​​​​ ក៏​​​លោក​​​ ខែក នរិនដា បាន​​​លើក​​​ឡើង​ថា ​ការ​​​​ផ្តល់​​​សន្តិ​​​សុខ​​​បន្ថែម​​​គឺ​​​អាស្រ័យ​​​លើ​​​រដ្ឋា​​​ភិបាល។ លោក​​​បាន​​​មាន​​​ប្រសាសន៍ថា “ ​​​​​​ចំណែកឯ​​​​អាកាស​យាន​​​ដ្ឋាន​​​ដ៏ទៃ​​​ទៀត​​​នៅ​​​ទូទាំង​​​ពិភព​​​លោក​​​វិញ សន្តិសុខ​​​ទាំង​​​មូល​​​គឺ​​​ស្ថិត​លើកង​​​កម្លាំង​​​រដ្ឋា​​​ភិបាល។ ហើយ​ក្នុង​នាម​ជាក្រុមហ៊ុន​​​គ្រប់​​​​គ្រង​​​អាកាស​​​យាន​​​ដ្ឋាន​​​យើង​​​នឹង​​​ធានា​​​ឲ្យ​​​បាន​​​ថា ការ​​​ធ្វើ​​​ដំណើរ​​​របស់​​​អ្នក​​​ធ្វើ​​​ដំណើរ​​​និង​​​ប្រតិបត្តិការនានាគ្មានការ​​​​រំខាន​​​​”។

កាល​​​ពីម្សិល​​​មិញសណ្ឋាគារ​​​នានា​​​ទូទាំង ​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ ​​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​ក៏​​​បាន​​​​ចាត់​​​វិធានការ​​​​ដែរ​​​ ដោយ​​​បាន​​​ផ្តល់​​​ដំណឹ​​​ង​​ដល់​ភ្ញៀវ​​​របស់​​​ខ្លួន​​​អំពី​​​ការ​​​ជួប​​​ជំុ​​​គ្នា​​​ដែល​​​មាន​​​​​អ្នក​​​គាំ​​​​​​ទ្រ​​​ប្រមាណបួនម៉ឺន​​​នាក់​​នេះ​​​​ ហើយ​​​បាន​​​​ណែ​​​នាំ​​​ឲ្យ​​​ពួក​​​គេ​​​ត្រៀម​​​ពេល​​​វេលា​​​ឲ្យ​​​បាន​​​ច្រើន​​​សម្រាប់​​​ការ​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កាន់​​​អាកាស​​​យាន​​​ដ្ឋាន។

លោកស្រី ណាតាលី ម៉ូសឺ (Natalie Moser) នាយិកាប្រតិបត្តិ​​​ទីផ្សារ​​​នៅ​​​សណ្ឋា​​​គា​​រ​​​សូហ្វី​តែល​​​ភ្នំពេញ ភូគីត្រា​​​ លើក​​​ឡើង​​​ថា ​រថ​យន្ត​​​​របស់​​​សណ្ឋាគារនេះ​​​​នឹង​​​មិន​​​ធ្វើ​​​ដំណើរ​​​តាម​​​មហា​​​វិថី​​​សហ​​​ព័ន្ធ​​​រុស្ស៊ី​​​ទៅ​​​កាន់​​​អាកាស​​​យាន​​​ដ្ឋាន​​​ដូច​​​ទម្លាប់​​​ធម្មតា​​​ឡើយ។ លោកស្រី ​ណា​តាលី ​ម៉ូសឺ បាន​​​មាន​​​ប្រសាសន៍ថា “ ​​​យើង​​​មាន​​​ផ្លូវ​​​ផ្សេង​​​នៅ​​​តាម​​​ជាយ​​​ក្រុង​​​នៅ​​​ថ្ងៃ​​​សុក្រ ដែល​​​អាច​​​ធ្វើ​​​ដំណើរ​​​បាន​​​លឿនជាង”។

លោក ជ័យ រតនា អ្ន​​ក​​​សម្រប​​​សម្រួល​​​ផ្នែក​​​​កក់​​​បន្ទប់​​​នៅ​​​ឯ​​​សណ្ឋាគារ​​​សាន់វ៉េ បាន​​​លើក​​​​ឡើង​​​ថា ទោះ​​​បី​​​ជា​​​សណ្ឋាគារ​​​នេះបាន​​​ណែ​​​នាំ​​​​ឲ្យ​​​ភ្ញៀវ​​​ចាក​​​ចេញ​​​បីម៉ោងមុន​​​​​​ជើង​​​ហោះ​​​ហើរ​​​របស់​​​ខ្លួន​​​នៅ​​​ថ្ងៃ​​​សុក្រក្តី ក៏​​​អ្នក​​​ធ្វើ​​​ដំណើរ​​​​នឹង​​​មិន​​​ជួប​​​ប្រទះ​​​ការ​​​ពន្យារ​​​ពេល​​​យូរ​​​ពេក​​​ឡើយ។

លោក រតនា​​​ បាន​​​ព្យាករ​​​ថា “ ​​​ជាការ​​​ពិត​​​ណាស់​​​​នឹង​​​មាន​​​អ្នក​​​គាំ​​​ទ្រ​​​​ជាច្រើន​ពាន់នាក់​នៅ​តាម​​​ផ្លូវ​​​ ប៉ុន្តែ​​​ពួក​​​គេ​​​មិន​​​មែនចូល​​​ទៅឲ្យ​គេ​​ត្រួត​​​ពិនិត្យ​​​អីវ៉ាន់​ដើម្បី​​​ធ្វើ​​​ដំណើរ​​​ទៅ​​​កន្លែង​​​ណា​​​មួយ​​​​​នោះ​​​ឡើយ​​​ គឺ​​​ពួក​​​​គេ​​​គ្រាន់​​​តែ​​​ទៅ​​​អម​​​ដំណើរ​​​លោក​​​ សម រង្ស៊ី ​ប៉ុណ្ណោះ។​ ​វា​​​នឹង​​​គ្មាន​​​បញ្ហា​​​ទេ​​​​​​​ពី​​​ព្រោះ​​​នឹង​​​មាន​​​នគរ​​​បាល​​​​ចរាចរណ៍​​​ជួយ​​​សម្រួល​​​​​”៕

(រាយការណ៍​​​បន្ថែម​​​ដោយ គុច ណារ៉េន និង​​​ កាំង ម៉េងហ៊ុន)
ប្រែ​​​សម្រួលដោយ ស៊ា ស៊ុយឈាង​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស