26 C
Phnom Penh

ក្រោយ​ការ​វិល​ត្រឡប់​ តើ​លោក សម រង្ស៊ី និង​លោក កឹម សុខា អាច​​​​​​រួ​ម​រស់​ជាមួយ​គ្នា​បាន​ដែរ​ឬទេ? 

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​រួប​រួម​គ្នា​រវាង​លោក​ កឹម​ សុខា អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​ សម​ រង្ស៊ី ដែល​ជា​ប្រធាន​គណបក្ស​ នេះ​ដែល​​នឹង​វិល​ត្រឡប់​មក​វិញ​នាពេល​ឆាប់ៗ​នេះ​​​ត្រូវ​បាន​គេ​ស្គាល់​ច្រើន​ ដោយ​សារ​រូប​ថត​លោក​ទាំង​ពីរ​ឈរ​​ញញឹម​កាន់​ដៃ​គ្នា​លើក​ឡើង​លើ​នៅ​ក្នុង​បដា​ឃោសនា​បោះ​ឆ្នោត​របស់​​ពួក​គាត់​។

អ្នក​វិភាគ​និយាយ​ថា សារ​របស់​ពួក​គាត់​គឺ​​ការ​រួប​រួម​គ្នា​ជា​បក្ស​តែ​មួយ​។ ប៉ុន្តែ​លទ្ធភាព​នៃ​ការ​រួប​រួម​គ្នា​​ក្រោយ​ពី​ការ​បោះ​ឆ្នោត​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ នោះ ​នៅ​មិន​ទាន់​ដឹង​ថា យ៉ាង​ណា​ទេ​។ ​គួរ​រំឭកថា លោក​ សម រង្ស៊ី និង​លោក កឹម​ សុខា មាន​ប្រវត្តិ​ធ្លាប់​រិះគន់​គ្នា​នៅ​ក្នុង​រឿង​​នយោបាយ​ ដែល​អង្គភាព​ព័ត៌មាន​និង​ប្រតិ​កម្ម​​រហ័ស​នៃ​ទីស្ដីការ​គណៈ​​រដ្ឋ​មន្ត្រី​បាន​ផ្សព្វ​ផ្សាយ​កាលពី​ដើម​​ឆ្នាំ​នេះ​ នៅ​​ពេល​ដែល​គណបក្ស សម រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ ​បាន​រួម​បញ្ចូល​គ្នា​ ដើម្បី​ប្រកួត​ប្រជែង​នៅ​ក្នុង​​ការ​បោះ​ឆ្នោត​នេះ​ ជាមួយ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន​ សែន​ ដែល​កាន់​អំណាច​យូរ និង​គណបក្ស​ប្រជាជន​កម្ពុជា​​របស់​លោក​។

​គេ​នៅ​រង់​ចាំ​មើល​ថាតើ​អតីត​គូ​ប្រឆាំង​គ្នា​​ទាំងពីរ​អាច​រក្សា​ការ​រួប​រួម​គ្នា​ជា​យុទ្ធ​សាស្ត្រ​​​បាន​ឬ​យ៉ាង​ណា ជាពិសេស​នៅ​ពេល​ប្រកួត​ប្រជែង​ជាមួយ​លោក​ ហ៊ុន សែន​ ដែល​មាន​ល្បិច​ច្រើន​នោះ​​​ ហើយ​​ក៏​មិន​ដឹង​ថា តើ​នឹង​​​មាន​ផល​វិបាក​ធ្ងន់​ធ្ងរ​​​យ៉ាង​ណា​នោះ​ដែរ​ចំពោះ​ទិដ្ឋភាព​នយោបាយ​នៅ​ពេល​អនាគត​របស់​ប្រទេស​កម្ពុជា​។

លោក​​ស្រី​ ជា វណ្ណាត​ អ្នក​វិភាគ​នយោ​បាយ​​​ឯក​រាជ្យ​បាន​មាន​ប្រសាសន៍​ថា “មុន​ពេល​ពួក​គាត់​រួប​រួម​គ្នា​ដើម្បី​បង្កើត​គណបក្ស​សង្គ្រោះ​​ជាតិ​ ពួក​គាត់​​បាន​ឆ្លង​កាត់​ការ​ចរចា​និង​ការ​ពិភាក្សា​គ្នា​ជា​ច្រើន​ឆ្នាំ​​ ដើម្បី​វាយ​តម្លៃ​ពី​គុណ​សម្បត្តិ និង​​គុណ​វិបត្តិ​នៃ​ការ​រួម​បញ្ចូល​គ្នា​នេះហើយ​ពួក​គាត់​​ខកខាន​​មិន​បាន​រួប​រួម​គ្នា​​ជា​ច្រើន​ដង​មក​ហើយ​ ពីព្រោះ​ពួក​គាត់​មិន​ចុះ​សម្រុង​គ្នា​”។

“ដូច្នេះ​​ដោយ​សារ​​ឥឡូវ​នេះ​ពួក​គាត់​បាន​រួប​រួម​គ្នា​វិញ​នោះ ខ្ញុំ​គិត​ថា  ការ​ខ្វែង​គំនិត​គ្នា​ផ្សេង​ទៀត​ ​​ពួក​គាត់​បាន​​ដោះ​ស្រាយ​រួច​រាល់​ហើយ​។ ខ្ញុំ​គិត​ថា ​ការ​រួប​រួម​គ្នា​របស់​ពួក​គាត់​​មាន​ភាព​ចាស់​ទុំ​ជាង​មុន ហើយ​ខ្ញុំ​គិត​ថា ឥឡូវ​​នេះ​ពួក​គាត់​មាន​គោល​ដៅ​ និង​គោល​បំណង​​តែ​មួយ​។ វា​មិន​មែន​គ្រាន់​តែ​ដើម្បី​ផល​ប្រយោ​​ជន៍​ផ្ទាល់​ខ្លួន​ប៉ុណ្ណោះ​ទេ​”។ លោក​ស្រី ជា វណ្ណាត​ បាន​មាន​ប្រសាសន៍​​ថា អ្នក​ធ្វើ​ឲ្យ​ទំនាក់​ទំន​ង​នេះ​មាន​ស្ថិរភាព​ គឺ​គណៈកម្មាធិការ​មួយ​ ដែល​មាន​អតីត​សមាជិក​​មក​ពី​គណបក្ស​ទាំង​ពីរ​ និង​​ត្រូវ​បាន​បង្កើត​ឡើង​​ដើម្បី​ជួយ​ផ្សះផ្សាការ​ខ្វែង​គំនិត​គ្នា​ផ្ទាល់​ខ្លួន​របស់​មេដឹកនាំ​ទាំង​ពីរ​ “ដើម្បីការ​រស់​​រាន​របស់​គណបក្ស​នេះ​”។

លោក​ ឡៅ ម៉ុង​ហៃ​ អ្នក​វិភាគ​នយោ​បាយ​ឯក​រាជ្យ​​បាន​មាន​ប្រសាសន៍​ថា វា​មិន​មែន​ជា​ការ​ល្អទេ​​សម្រាប់​លោក​ សម រង្ស៊ី និង​លោក​ កឹម​ សុខា​ ក្នុង​ការ​ធ្វើ​ឲ្យ​ការ​ខ្វែង​គំនិត​យោបល់​​គ្នា​​បំផ្លាញ​រចនាសម្ព័ន្ធ​របស់​គណបក្ស​សង្គ្រោះ​​ជាតិ​។ ប៉ុន្តែ​ វា​ពិត​ជា​មាន​ហេតុផល​ដែល​អាច​ធ្វើ​ឲ្យ​ពួក​គាត់​​​បែក​បាក់​​គ្នា​ ដោយ​សារ​ការ​ផ្ដល់​តួនាទីនៅ​ក្នុង​រដ្ឋាភិបាល​ពី​សំណាក់​លោក​នាយក​រដ្ឋ​មន្ត្រី​​ជា​មធ្យោបាយ​​បំបែក​មេដឹក​នាំ​គណបក្ស​ប្រឆាំង​ទាំង​ពីរ​។

លោក ឡៅ ម៉ុងហៃ​ បាន​មាន​ប្រសាសន៍​ថា “ខ្ញុំ​គិត​ថា បើ​មាន​ការ​ផ្ដល់​តួនាទី​ពី​លោក​ ហ៊ុន​ សែន​ គំនិត​នេះ​​អាច​ត្រូវ​បាន​គេ​បំប៉ោង​​ថា លោក សម រង្ស៊ី អាច​​​ត្រូវ​បាន​បញ្ចុះ​បញ្ចូល​​ឲ្យ​​ចូល​រួម​ជាមួយ​គណបក្ស​កាន់​អំណាច​ ដើម្បី​​​បង្កើត​​រដ្ឋាភិ​បាល​ក្រោយ​នេះ​”។ “ដំបូង​ខ្ញុំ​គិត​ថា នេះ​គឺ​ជា​កល​ល្បិច​​ និង​មាន​យុទ្ធសាស្ត្រ​បំបែក​​ព្រម​ទាំង​បង្ហាញ​ពី​ការ​មិន​ទុក​ចិត្ត​គ្នា​ក្នុង​​ចំណោម​ថ្នាក់​ដឹក​នាំ​របស់​គណបក្ស​ប្រឆាំង​។ ខ្ញុំ​គិត​ថា ពួក​គេ​បាន​ប្រើ​យុទ្ធសាស្ត្រ​បែប​នេះ​​ជាយូរ​មក​ហើយ​ (ដូច​ជា​ការ​ផ្សព្វផ្សាយ​ខ្សែអាត់​សំឡេង​) ដើម្បី​បង្ហាញ​ថា នៅ​​មាន​ការ​សង្ស័យ​គ្នា​ ដែល​អាច​នាំ​ឲ្យ​មាន​ការ​បែក​បាក់​។ ខ្ញុំ​គិត​ថា ប្រហែល​ជា​​ដើម្បី​ផលល្អ​របស់​គណបក្ស​។ ខ្ញុំ​គិត​ថា មេដឹកនាំ​គណបក្ស​ប្រឆាំង​គួរ​តែ​​តស៊ូ​នឹង​បញ្ហា​នេះ​”។

នៅ​ពេល​​ស្នើ​សុំ​ឲ្យ​ធ្វើ​អត្ថាធិប្បាយ​អំពី​សេណារីយ៉ូបែប​នេះ​ លោក​ស្រី ជា វណ្ណាត​ បាន​មាន​ប្រសាសន៍​ថា “វា​អាច​មាន​លទ្ធភាព​តិច​តួច​ណាស់​”។
លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា “សម ​រង្ស៊ី​ ប្រហែល​ជា​ចាត់​ទុក​ខ្លួន​គាត់​ថា ជា​មេដឹក​នាំ​នៅ​ពេល​អនាគត​​ ដោយ​សារ​​គុណសម្បត្តិ​ផ្ទាល់​ខ្លួន​របស់​លោក​ ដោយ​មិន​ចូល​រួម​ធ្វើ​ការ​នៅ​ក្រោម​ ហ៊ុន សែន​ នោះ​ទេ​”។

លោក​ស្រី​ បាន​បន្ថែមដោយ​ប្រើ​​​ពាក្យ​ប្រៀប​ធៀប​​ប្រេង​ និង​ទឹក​ មិន​អាច​ចូលគ្នា​​បាន​​ថា “ប្រសិន​បើ​ សម រង្ស៊ី ​ត្រូវ​បាន​លោក​ ហ៊ុន​ សែន​ បញ្ចុះ​បញ្ចូល​បាន​នោះ​ វា​​ធ្វើ​ឲ្យ​មាន​ភាព​តាន​តឹង​ច្រើន​រវាង​គណបក្ស​កាន់​អំណាច​ ឬការ​ដក​ខ្លួន​របស់​ សម រង្ស៊ី ចេញ​ពីគណ​បក្ស​កាន់​អំណាច។ ហើយ​ប្រហែល​ជា ហ៊ុន​ សែន​  គឺ​ជា​មេដឹកនាំ​បច្ចុប្បន្ន ​ ហើយ​ សម​ រង្ស៊ី ចាត់​ទុក​ខ្លួន​ឯង​ថា ជា​មេដឹកនាំ​នៅ​ពេល​អនាគត​”។

លោក គល់ បញ្ញា នាយ​ក​ប្រតិបត្តិ​គណៈ​កម្មាធិការ​ ដើម្បី​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា​ (ខុម​ហ្វ្រែល) បាន​មាន​ប្រសាសន៍​ថា  លោក​​ទាំង​ពីរ​ត្រូវ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ទំនាក់​ទំនង​របស់​ខ្លួន​​ ប៉ុន្តែ​ឥឡូវ​នេះ​មិន​សូវ​ជា​​ផ្តោត​លើ​​​ការ​ដឹក​នាំ​ប៉ុន្មាន​​ទេ​ ព្រោះ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​​សន្ទុះ​របស់​ខ្លួន​​ខ្លាំង​នៅ​តាម​ផ្លូវ​។

លោក​បាន​មាន​ប្រសាសន៍​ថា  “ពួក​គាត់​គ្មានជម្រើស​ទេ​ ពីព្រោះ​សូម្បី​តែ​ពួក​គាត់​​មាន​ឥរិយាបថ​ និង​ទស្សន​ខុស​គ្នា​ក៏​ដោយ​ ក៏​ពួក​គាត់​​ត្រូវ​ធ្វើ​ឲ្យ​មាន​ទំនាក់​ទំនង​ល្អ​​​ដែរ​។ មាន​សម្ពាធ​​ពី​សាធារណ​ជន​ទៅលើ​ពួក​គាត់​ ប៉ុន្តែ​គណបក្ស​សង្គ្រោះ​ជាតិ​​មិន​ពឹង​ផ្អែក​លើ​​ការ​ដឹកនាំ​ដូច​ពីមុន​ទេ​។ ឥឡូវ​នេះ​​ផ្ដោត​លើ​ថ្នាក់​មូលដ្ឋាន​ច្រើន​ជាង”។

អាជីវករ​លក់​ដូរ​នៅ​តាម​ចិញ្ចើម​ផ្លូវ​​អាយុ​២៩​ឆ្នាំ​ម្នាក់​​ឈ្មោះ តាំង​ លឹម ដែល​ជា​សំឡេង​​គាំទ្រ​មួយក្នុង​ចំណោម​សំឡេង​គាំទ្រ​​នៅ​មូល​ដ្ឋាន​មួយ​ដែរ​​នោះ​បាន​និយាយ​​កាល​ពី​ម្សិល​មិញ​ថា ប្រជា​ប្រិយភាព​របស់​គណ​បក្ស​សង្គ្រោះ​​ជាតិ​​ ដោយ​សារ​ការ​​បញ្ចូល​គ្នា​ មិន​មែន​​ដោយ​សារ​ថ្នាក់​ដឹកនាំ​ណាមួយ​នោះ​ទេ​។

“គណបក្ស​នេះ​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ បន្ទាប់ពី​ការ​រួម​បញ្ចូល​គ្នា​ ដូច្នេះ​​វា​មាន​សារៈ​សំខាន់​សម្រាប់​ពួក​គាត់​ក្នុង​ពង្រឹង​​ការ​រួប​រួម​គ្នា​ជា​បក្ស​តែ​មួយ​”។
ដោយ​បង្ហាញ​ពី​​ទិដ្ឋភាព​​នៃ​ការ​ជល់​មាន់​​លោក​  ជាម  យៀប  អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ព្យាករ​ថា ការ​បាត់​បង់​ចុង​ក្រោយ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ គឺបន្ទាប់​ពី​ការ​វិល​ត្រឡប់​​របស់​លោក​ សម រង្ស៊ី។

លោក​បាន​មាន​ប្រសាសន៍​ថា “ទាំង​លោក​ សម រង្ស៊ី និង​លោក​ កឹម​ សុខា ចង់​ធ្វើ​មេដឹក​នាំ​។ ពួក​គាត់​ទាំង​ពីរ​​ធ្លាប់​មិន​ទុក​ចិត្ត​គ្នា​​ពី​ព្រោះ​ពួក​គាត់​មិន​​ស្មោះ​ត្រង់​​នឹង​គ្នា​​មួយ​រយ​​​ភាគ​រយ​ឡើយ​”។​​​​​​ “នៅ​ពេល​​ សម រង្ស៊ី ​នៅ​ជា​ទណ្ឌិត​ លោក​កឹម  សុខា  មាន​សក្ដានុពល​ពី​ការ​រួម​បញ្ចូល​គណបក្ស​នេះ ពីព្រោះ​លោក សម រង្ស៊ី មិន​អាច​ត្រឡប់​មក​កម្ពុជា​វិញ​បាន​។ ដូច្នេះ​ លោក កឹម សុខា គិត​ថា គាត់​គឺ​ជា​​មាន់​ជល់​​ដ៏​ខ្លាំង​ និង​​មាន​សារៈ​សំខាន់​”។

លោក​បាន​ពន្យល់​ថា ឥឡូវ​នេះ​អាច​មាន​អ្នក​​ឈ្នះ​តែ​មួយ​ប៉ុណ្ណោះ​​រវាង​មាន់​ជល់​ទាំង​ពីរ​។​​​ ទាំងលោក កឹម​ សុខា និង​លោក​ សម រង្ស៊ី មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​ ប៉ុន្តែ​លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​ថា ទឹក​មុខ​​ញញឹម​ និង​ការ​រួប​រួម​គ្នា​ ដែល​បង្ហាញ​នៅ​ក្នុង​បដា​ឃោ​ស​​​​​​នា​បោះឆ្នោត​​របស់​ពួក​គាត់​​គឺ​ជា​ការ​ពិត​។ លោក​បាន​មាន​ប្រសាសន៍​ថា “ ការឯក​ភាព​គ្នា​រវាង​លោក​ សម រង្ស៊ី និង​លោក កឹម​ សុខា គឺ​ជា​បញ្ហា​ស្លាប់​រស់​របស់​ប្រទេស​ជាតិ​។ យើង​ជា​អ្នក​នយោបាយ​ យើង​ត្រូវ​តែ​គោរព​ឆន្ទៈ​របស់​ប្រជាជន​ ហើយ​យើង​ត្រូវ​យក​ផល​ប្រយោជន៍​ជាតិ​ធំជាង​អ្វីៗ​ទាំង​អស់​”៕​

ប្រែ​សម្រួល​ដោយ មូល គឹម​ហឿន​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស