ក្រុមហ៊ុនប្រមូលសំរាមក្នុងរាជធានី គឺក្រុមហ៊ុន ស៊ិនទ្រី បានឲ្យដឹងថា ខ្លួននឹងបំពេញការងារត្រឹមតែ១ភាគ៥នៃសមត្ថភាពរបស់ខ្លួនប៉ុណ្ណោះចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ខែកក្កដា ព្រោះនិយោជិតភាគច្រើនរបស់ខ្លួននឹងត្រឡប់ទៅស្រុកកំណើតដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិនៅថ្ងៃទី២៨ខែកក្កដា។
លោក សាង ចំរើន អនុប្រធានក្រុមហ៊ុនស៊ិនទ្រី បានឲ្យដឹងថា ដោយសារភាគច្រើននៃបុគ្គលិកក្រុមហ៊ុនទាំង១.១០០នាក់ត្រូវឈប់សម្រាករយៈពេលបីថ្ងៃនោះ ខ្លួននឹងផ្តោតលើការប្រមូលសំរាមនៅខណ្ឌកណ្តាលរាជធានី ចំនួនបួន គឺខណ្ឌដូនពេញ ៧មករា ចំការមន និងខណ្ឌទួលគោក និងនៅតាមផ្លូវធំៗប៉ុណ្ណោះ។
លោក ចំរើនបានអំពាវនាវដល់ពលរដ្ឋក្នុងខណ្ឌផ្សេងទៀតឲ្យយល់ដឹងពីការកាត់បន្ថយសេវាកម្មនេះរហូតដល់ថ្ងៃទី៣០ ខែកក្កដា។ លោកបាននិយាយថា “ យើងមិនអាចធ្វើការដូចធម្មតាឡើយ ដូច្នេះសូមមេត្តាចាក់សំរាមរបស់បងប្អូននៅក្នុងធុងឲ្យបានត្រឹមត្រូវ និងកុំចាក់សំរាមនៅកន្លែងដែលអាចធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ អនាម័យ ឬបរិស្ថានក្នុងរាជធានី”។
អំឡុងពេលបោះឆ្នោត កម្មករនៅតាមរោងចក្រ និងក្រុមហ៊ុនផ្សេងៗទៀតនឹងត្រូវបានអនុញ្ញាតឲ្យឈប់សម្រាករយៈពេលបីថ្ងៃដើម្បីចូលរួមក្នុងការបោះឆ្នោតនេះ៕
ប្រែសម្រួលដោយ ចេវ ប៊ុននី