31 C
Phnom Penh

បណ្ដា​ក្រុមហ៊ុន​វិនិយោគ​ធំៗមកពី​ប្រទេស​ជប៉ុន​ រៀប​ចំ​ពិធី​ពិព័រណ៍​ការងារ​នៅ​ក្នុង​រាជធានី​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

និស្សិត​កំពុង​បន្ត​ការ​សិក្សា​ និស្សិត​បញ្ចប់​ការ​សិក្សា​ និង​អ្នក​ស្វែង​រក​ការងារ​​កម្ពុជា ​បាន​នាំ​គ្នា​ចូល​ទស្សនា​ពេញ​នៅ​ក្នុង​សាល​ធំ​នៃ​មជ្ឈ​មណ្ឌល​កិច្ច​សហ​ប្រតិបត្តិ​ការកម្ពុជា-​ជប៉ុន​ កាលពី​ម្សិលមិញ ដើម្បី​ស្វែង​រក​ឱកាស​ការងារ​នៅ​ក្រុមហ៊ុន​ធំៗ​បំផុត​មួយ​ចំនួន​របស់​ប្រទេសជប៉ុន​។

អ្នក​រៀប​ចំ​ពិធី​ពិព័រណ៍នេះ​បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​​កាត់​បន្ថយ​គម្លាត​រវាង​អ្នក​ស្វែង​រក​ការងារ​កម្ពុជា​ ដែល​​មាន​ជំនាញ​ និង​ក្រុមហ៊ុន​នានាមក​ពី​ប្រទេ​​​សសេដ្ឋកិច្ចធំ​បំផុត​ទី​៣របស់​ពិភព​លោក​មួយ​នេះ​ ដែល​នៅ​​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗនេះ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​​​​មក​លើ​ទីផ្សារ​កម្ពុជា​។

ក្នុង​ចំណោម​ក្រុមហ៊ុន​ ដែល​មាន​វត្ត​មាន​នៅ​ក្នុង​ពិធី​ពិព័រណ៍​ការងារ​នេះ​មាន​ដូចជា​ ក្រុមហ៊ុន​អ៊ីអន (Aeon) ជា​ក្រុមហ៊ុន​លក់​រាយ​ដ៏​ធំ​ដែល​​កំពុង​សាង​សង់​ផ្សារ​ទំនើប​មួយ​តាម​បណ្ដោយ​មហា​វិថី​សុធារស ក្រុមហ៊ុន​ផលិត​រថយន្ត​តូយ៉ូតា ក្រុមហ៊ុន​ផលិត​ម៉ូតូ​យ៉ាម៉ាហា និង​ក្រុមហ៊ុន​ផ្គត់​ផ្គង់គ្រឿង​បន្លាស់​រថ​យន្ត​យ៉ាហ្សាគី (Yazaki)។

លោក​ស្រី​ ម៉ូម៉ូ អូឈីណុ (Momo Ochino) នាយិកា​ក្រុមហ៊ុន​ណូជីម៉ា ខបផូរ៉េសិន (Nojima Corporation) ជា​ក្រុមហ៊ុន​លក់​រាយ​ផ្គត់​ផ្គង់​បរិក្ខារប្រើប្រាស់​ក្នុង​ផ្ទះ​ និង​គ្រឿង​អេឡិច​ត្រូនិក​ ដែល​សង្ឃឹម​ថា នឹង​បើក​ហាង​មួយ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​​នោះ បាន​មាន​ប្រសាសន៍​ថា ព្រឹត្តិការណ៍​​ដូច​នេះ​មាន​សារៈ​សំខាន់​ណាស់​ នៅ​ពេលកំពុង​​​​ស្ទាប​ស្ទង់​ទីផ្សារ​ការងារ​ក្នុង​ប្រទេស​កម្ពុជា​។លោក​ស្រី​ថ្លែង​ថា “ យើង​មិន​ទាន់​មាន​ក្រុម​ហ៊ុន​មួយ​​នៅ​កម្ពុជា នៅ​ឡើយ​ទេ​ ដូច្នេះ​ហើយយើង​ពិបាក​នឹង​ស្វែង​រក​កម្មករ​កម្ពុជា​ មក​ពីប្រទេស​ជប៉ុន​ណាស់​។ នេះ​ជា​ឱកាស​ល្អ​ក្នុង​ការ​ទំនាក់​ទំនង​ជាមួយ​ប្រជា​ជន​កម្ពុជា​”។

បណ្តាក្រុមហ៊ុន​ជប៉ុន​​ ដែល​បាន​មក​បោះ​ទុន​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ រហូត​មក​ទល់​ពេល​នេះ​ ដូច​ជា​ ក្រុមហ៊ុន​​មីនីប៊ី (Minebea) ដែល​ផលិត​ម៉ាស៊ីន​រថយន្ត​ជា​ដើម​​នោះ បាន​ត្អូញត្អែរ​អំពី​កង្វះ​កម្មករ​ជំនាញ​​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

តែ​ទោះ​ជា​យ៉ាង​ណា​ លោក តូស៊ីអុ បាន ទីប្រឹក្សា​ជាន់​ខ្ពស់​នៅ​មជ្ឈ​មណ្ឌល​កិច្ច​សហ​ប្រតិបត្តិការ​កម្ពុ​ជា​-ជប៉ុន ដែល​បាន​ជួយ​រៀប​ចំពិធី​ពិព័រណ៍​ការ​ងារ​នេះ​ឡើង ​បាន​មាន​ប្រសា​សន៍ថា កម្មករ​កម្ពុជាចាប់​អារម្មណ៍​លើ​​ក្រុមហ៊ុន​ជប៉ុន​ ជាង​​ក្រុម​ហ៊ុន​មក​ពី​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត ពីព្រោះ​ជាញឹក​ញាប់ ក្រុម​ហ៊ុន​ទាំង​នេះ​​បោះ​ទុន​លើ​​ការ​បណ្តុះ​បណ្តាល​កម្ម​ករ​និយោជិត​របស់​ខ្លួន។

លោក​​មាន​ប្រសាសន៍ថា ក្រុម​ហ៊ុន​ជប៉ុន “ មិន​ត្រឹម​តែ​ទទួល​យក​កម្មករ​គ្មាន​ជំនាញ​ដែល​ទទួល​បាន​ប្រាក់​ឈ្នួល​ទាប​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ ថែម​ទាំង​ជួយ​បណ្តុះ​បណ្តាល​​​​ពួក​គេ និង​សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ទៀត​ផង។​ពួក​គេ​មានគំនិត​បែប​នេះ”។

វិនិយោគ​ទុន​របស់​ជប៉ុន​ នៅក្នុង​ប្រ​ទេស​កម្ពុជា​ កាល​ពី​ឆ្នាំ​មុន​មាន​​​​​ទំហំ​ទឹក​ប្រាក់​៧៥​លាន​ដុល្លារ ហើយ​តាម​​​​​​​ការ​​រំពឹង​ទុក​ថា​ វា​នឹង​កើន​ឡើង​ដល់​៣០០​លាន​ដុល្លារ​នៅឆ្នាំ​នេះ ដោយ​សារ​តែ​គម្រោង​វិនិយោគ​សាង​សង់​ផ្សារ​ទំនើបអីុអន​ម៉ល (Aeon Mall) ដែល​ចំណាយ​អស់​ទឹក​ប្រាក់​​​​២០៥​លាន​ដុល្លារ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ៕

ប្រែ​សម្រួល​ដោយ តែម សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស