ស្រុកអូរយ៉ាដាវ, ខេត្តរតនគិរី-ការសាងសង់តំបន់សេដ្ឋកិច្ចពិសេសនៅជិតព្រំដែនវៀតណាមស្ថិតក្នុងស្រុក អូរយ៉ាដាវ ភាគខាងកើតខេត្តរតនគិរីកំពុងតែដំណើរការ ប៉ុន្តែ អ្នកដែលទទួលបានផលប្រយោជន៍និងសេវាកម្មពិតប្រាកដពីតំបន់សេដ្ឋកិច្ចពិសេសនេះនៅតែមានអាថ៌កំបាំង សូម្បីតែក្រុមមន្ត្រីជាន់ខ្ពស់ក្នុងខេត្តនេះក៏មិនដឹងដែរ។
យោងតាមឯកសាររដ្ឋាភិបាលបានឲ្យដឹងថា ការរកស៊ីរួមគ្នាដែលបានប្រកាសថ្មីៗេនះ ដោយក្រុមហ៊ុន ទ្រី ភាព ជាក្រុមហ៊ុនដែលទទួលបានសម្បទានដីកសិឧស្សាហកម្មដ៏ធំនោះ តំបន់សេដ្ឋកិច្ចពិសេសស្ថិតនៅក្នុងឃុំ ប៉ក់ញ៉ៃនេះ ស្ថិតនៅក្បែរកាស៊ីណូថ្មី របស់លោក ទ្រី ភាព ដែលនៅជាប់ព្រំដែន ហើយនឹងមានផ្ទៃដី ទំហំ១៣៦ហិកតា នៅពេលសាងសង់រួចរាល់។
បើទោះជាទីកន្លែងសំខាន់ និងលក្ខណៈពិសេសរបស់តំបន់សេដ្ឋកិច្ចពិសេសនេះក៏ដោយ ក៏លោក ប៉ាវ ហមផាន អភិបាលខេត្តរតនគិរី បានមានប្រសាសន៍កាលពីម្សិលមិញថា លោកស្ទើរតែមិនដឹងអ្វីទាំងអស់អំពីគម្រោងនេះ ដែលមាននៅក្នុងអនុក្រឹត្យដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី៧ខែឧសភា ។
លោក ប៉ាវ ហមផាន បានមានប្រសាសន៍ថា “ ឥឡូវនេះគម្រោងនេះកំពុងតែដំណើរការសាងសង់”។ ដោយសំដៅដល់តំបន់ដែលទំនិញត្រូវបានស្តុកទុកមុនពេលដឹកជញ្ជូននោះ លោកបានមានប្រសាសន៍ថា “ ប្រហែលជាអាចសាងសង់ជាផែស្ងួត”។ ព័ត៌មានស្រដៀងគ្នាអំពីតំបន់សេដ្ឋកិច្ចពិសេសសនេះបានលេចឮដល់អ្នកភូមិដែលរស់នៅក្នុងភូមិ ប៉កញ៉ៃ អំឡុងពេលចុះទៅមើលតំបន់នោះ កាលពីថ្ងៃសុក្រ ខណៈដែលមន្ត្រីរដ្ឋាភិបាលក្នុងមូលដ្ឋានបាននិយាយថា ពួកគាត់មិនបានដឹងរឿងនេះឡើយ។
លោក ដក ស អភិបាលស្រុក អូរយ៉ាដាវ បានមានប្រសាសន៍ថា លោកមិនបានដឹងទេ ចំណែកឯលោក រចំ លិច មេឃុំប៉ក់ញ៉ៃ មានប្រសាសន៍ថា ពីដំបូងលោកបានទទួលព័ត៌មានស្តីពីគម្រោងសាងសង់តំបន់ឧស្សាហកម្ម នៅក្នុងតំបន់របស់លោកពីអ្នកយកព័ត៌មាន។
លោក រចំ លិច បានមានប្រសាសន៍បន្តថា “ គេមិនបានប្រាប់លោកអំពីតំបន់សេដ្ឋកិច្ចពិសេសនេះទេ។ ខ្ញុំមិនដឹងថា តើគេមានគម្រោងធ្វើអ្វីឡើយ”។ មន្ត្រីនៅក្រុមហ៊ុន ទ្រី ភាព មិនបានផ្តល់ព័ត៌មានលម្អិតទាក់ទងនឹងតំបន់សេដ្ឋកិច្ចពិសេសនេះទេ ជាពិសេសពីគោលបំណង និងអតិថិជននៅក្នុងតំបន់ជនបទ ដែលមានប្រជាជនរស់នៅមានចំនួនតិចតួច ជាកន្លែងដែលឧស្សាហកម្ម និងការវិនិយោគមាននៅលើដីសម្បទានសម្រាប់ដំាកៅស៊ូ និងដំឡូងមី ហើយនៅក្នុងនោះក្រុមហ៊ុន ទ្រី ភាព មានភាគហ៊ុនច្រើន។ លោក ប៊ី ជីវ័នតារា តំណាងប្រចាំខេត្តរបស់ក្រុមហ៊ុន ទ្រី ភាព អាហរ័ណ នីហរ័ណ នៅក្នុងរតនគីរី បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ហើយបានបង្វែរសំណួរទៅអ្នកគ្រប់គ្រងក្រុមហ៊ុន ដែលមិនបានផ្តល់ព័ត៌មានលម្អិតឡើយ។
អនុក្រឹត្យដែលបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះស្របច្បាប់ក៏បានផ្តល់ព័ត៌មានលម្អិតបន្តិចបន្តួចដែរ ប៉ុន្តែ បានណែនាំឲ្យក្រសួងពាក់ព័ន្ធទាំងអស់ និងអភិបាលខេត្តសម្របសម្រួលការសាងសង់នេះ។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឲ្យដឹងថា តំបន់សេដ្ឋកិច្ចពិសេសអាចរួមបញ្ចូលទាំងតំបន់ឧស្សាហកម្មទូទៅ តំបន់កែច្នៃផលិតផលនាំចេញ និង តំបន់ផលិតកម្មដែលអាចមានតំបន់ពាណិជ្ជកម្មសេរី តំបន់ សេវាកម្ម តំបន់លំនៅដ្ឋាន និងតំបន់ទេសចរណ៍ជាដើម។
លោក ទ្រី ភាព ដែលជាពាណិជ្ជករមានភាពមិនច្បាស់លាស់ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងការកាន់កាប់ភាគហ៊ុនដ៏ធំមួយដែលមានក្នុងកិច្ចសន្យាជួលកោះនៅក្នុងសមុទ្រ ផលប្រយោជន៍ពីការរុករករ៉ែ សម្បទានដីសេដ្ឋកិច្ចដ៏ធំ និងកាស៊ីណូថ្មីរបស់លោក។
លោក រចំ លិច មេឃុំនេះ មានប្រសាសន៍កាលពីម្សិលមិញថា “ ឥឡូវនេះកាស៊ីណូនេះមិនទាន់សាងសង់រួចរាល់នៅឡើយទេ ប៉ុន្តែ ជាធម្មតាពួកគេបានជល់មាន់បីដងក្នុងមួយសប្តាហ៍”។ លោកបានបន្ថែមថា អតិថិជន គឺជាជនជាតិវៀតណាម និងអ្នកលេងល្បែងជាជនជាតិខ្មែរ។
នៅក្នុងទីប្រជុំជនស្រុក អណ្តូងមាសឯណោះវិញ ព័ត៌មានពីភាពលេចធ្លោនៃការវិនិយោគរបស់ក្រុមហ៊ុន ទ្រី ភាព គឺច្បាស់លាស់នៅក្នុងការសាងសង់ស្ពានដែកប្រវែង២៥២ម៉ែត្រកាត់ទន្លេសេសាន ដែលលោកបានសាងសង់ និងសាងសង់ផ្លូវមួយខ្សែកាត់ចំកណ្តាលស្រុកនេះ ហើយអាចចេញចូលទៅកាន់ដី សម្បទានសេដ្ឋកិច្ចដែលរដ្ឋាភិបាលបានផ្តល់ឲ្យរួមទាំងដីដែលក្រុមហ៊ុន ទ្រី ភាព អាហរ័ណ នីហរ័ណកាន់កាប់ផង។
កាលពីខែកុម្ភៈ ក្រសួងកសិកម្មបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមហ៊ុន ទ្រី ភាព ដើម្បីអនុញ្ញាតឲ្យក្រុមហ៊ុនលោកទិញឈើដែលកាប់រួចហើយទាំងអស់នៅក្នុងតំបន់ដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តរតនគិរីទាំងមូល។
ដោយពន្យល់អំពីសេចក្តីសម្រេចនោះ លោក ប៉ាវ ហមផាន អភិបាលខេត្តបានមានប្រសាសន៍កាលពីខែឧសភាថា ការទទួលបានសិទ្ធិផ្តាច់មុននេះនឹងជួយកំណត់តម្លៃទីផ្សារសម្រាប់ឈើស្របច្បាប់នៅក្នុងខេត្តនេះ។
អង្គការសិទ្ធិមនុស្ស អាដហុក បានលើកឡើងថា កិច្ចព្រមព្រៀងនេះ អាចជំរុញឲ្យមានការកាប់ឈើខុសច្បាប់ និងធ្វើឲ្យមានការកាប់បំផ្លាញព្រៃឈើកាន់តែខ្លាំងនៅក្នុងខេត្តនេះ ដោយសារវាផ្តល់មធ្យោបាយសម្រាប់ឈើដែលកាប់ខុសច្បាប់ ហើយកែច្នៃឈើទាំងនោះដោយស្របច្បាប់។
កាលពីខែកុម្ភៈ ឆ្នាំ២០១១ ក្រុមហ៊ុន ទ្រី ភាព ទទួលបានកិច្ចសន្យាជួលដីពីរកន្លែងរយៈពេល៧០ឆ្នាំមានទំហំ១៨.៨៥៥ហិកតាជាដីសម្បទានស្ថិតនៅក្នុងឧទ្យានជាតិវីរជ័យ។
យោងតាមតួលេខរបស់អង្គការសិទ្ធិមនុស្សអាដហុកក្នុងស្រុងបានឲ្យដឹងថា រដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចក្នុងខេត្តរតនគិរីទៅឲ្យក្រុមហ៊ុនចំនួន២៧ដែលមានផ្ទៃដីសរុបចំនួន ២២២.៩៣៣ហិកតា។
យោងតាមអង្គការអាដហុក បានឲ្យដឹងថា ជិតពាក់កណ្តាលនៃដីសម្បទានទាំងនេះ ដីទំហំ១០៨.៥១៣ហិកតាស្ថិតនៅក្នុងឧទ្យានជាតិវីរជ័យ ដែលគេហៅថា “ កន្ទុយនាគ” និងមានទំហំ៣៣០.០០០ហិកតាស្ថិតក្នុងព្រៃរបស់ឧទ្យានដែលចុះបញ្ជីជាបេតិកភណ្ឌអាស៊ាន ដែលចាត់ទុកថា ជាតំបន់អភិរក្សដ៏សំខាន់ប្រចាំតំបន់។
ការបង្កើតឧទ្យានជាតិវីរជ័យជាតំបន់ការពារនៅក្នុងប្លុកអាស៊ានស្ថិតនៅក្នុងបញ្ជីបេតិកភណ្ឌដដែល បើទោះជាមានការធ្វើកសិឧស្សាហកម្មក៏ដោយ។ សន្និសីទស្តីពីឧទ្យានបេតិកភណ្ឌអាស៊ានលើកក្រោយនឹងធ្វើឡើងនៅប្រទេសហ្វីលីពីន ក្នុងខែតុលា៕
ប្រែសម្រួលដោយ សោម សារុន