28.4 C
Phnom Penh

ក្រុម​ហ៊ុន​អាកាស​ចរណ៍​អ៊ែរអេស៊ា បើក​ជើង​ហោះ​ហើរ​ពី​ទីក្រុង​សៀមរាប​ទៅ​កាន់​ទីក្រុង​បាង​កក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​ហ៊ុន​អាកាស​ចរណ៍​អ៊ែរអេស៊ា (Air Asia) ជា​ក្រុម​​ហ៊ុន​ដឹក​អ្នក​ដំណើរ​ក្នុង​តម្លៃ​ទាប​​ ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី​​​ បាន​​​​ប្រកាស​ថា ខ្លួន​នឹង​ចាប់​ផ្ដើម​ជើង​ហោះ​ហើរ​ផ្ទាល់​ប្រចាំ​ថ្ងៃ​រវាង​ទីក្រុង​សៀមរាប​ និង​ទី​​​ក្រុង​​​​បាង​កក​ ចាប់​ពី​ខែ​តុលា​ ​ឆ្នាំ​នេះ​ទៅ។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​​​ចេញ​​កាលពី​ម្សិល​មិញ​ ក្រុម​ហ៊ុន​អាកាស​ចរណ៍​ថៃ អ៊ែរអេស៊ា(Thai Air Asia) ដែល​ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន​អ៊ែរអេស៊ា បាន​លើក​ឡើង​ថា ខ្លួន​ផ្ដល់​ការ​ហោះ​ហើរ​ក្នុង​តម្លៃ​មុន​បង់​ពន្ធ​ទាប​ត្រឹម​២​ដុល្លារ​ ​ប្រសិន​បើ​អ្នក​ធ្វើ​ដំណើរ​កក់​តាម​អ៊ីន​ធើ​ណិត​​។

នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​នេះ លោក តាសាពន់ ប៊ីជ្លេវ៉េល (Tassapon Bijleveld) អគ្គនាយក​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ថៃ​ អ៊ែរ​អេ​​ស៊ា បាន​លើក​ឡើង​ថា ជើង​ហោះ​ហើរ​ពី​ក្រុង​សៀមរាបទៅកាន់​អាកាសយាន​ដ្ឋាន​ ដន មឿង គឺ​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រពង្រីក​​ជើង​ហោះ​ហើរ​ផ្ទាល់​របស់​ខ្លួន។ លោក​​ត្រូវ​បាន​ដក​ស្រង់​សម្ដី​ថា “ យើង​រីករាយ​នៅ​ក្នុង​ការ​ពង្រីក​ប្រតិបត្តិការ​ជើង​ហោះ​ហើរ​របស់​យើង​ពី​ទីក្រុង​បាងកក​ទៅ​តំបន់​ផ្សេង​ៗ​ទៀត​ក្នុង​តំបន់ ហើយ​យើង​នឹង​ផ្ដោត​សំខាន់​លើ​តំបន់​ឥណ្ឌូចិន​ក្នុង​ឆ្នាំ​នេះ”។

សេចក្ដី​ថ្លែងការណ៍​នេះ​បាន​លើក​ឡើង​ថា ក្រុង​សៀមរាប​នឹង​ក្លាយ​ជា​គោល​ដៅ​ទី​៦​ក្នុង​តំបន់​របស់​អាកាសចរណ៍​ថៃ​អ៊ែរអេស៊ា ជាមួយ​ជើង​ហោះ​ហើរ​​ពី​ទីក្រុង​បាងកក​ទៅ​កាន់​ទីក្រុង​រ៉ង់ហ្គូន ​និង​ទីក្រុង​ម៉ានដាឡៃ​ ក្នុង​ប្រទេស​ភូមា ទីក្រុង​ហាណូយ និង​ទីក្រុង​ហូជីមិញ ក្នុង​ប្រទេស​វៀតណាម និង​រាជ​ធានី​​ភ្នំពេញ។

ចំនួនជើង​ហោះ​ហើរ​ដែល​ឆ្លង​កាត់​​​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​ មាន​ការ​​កើន​ឡើង​ដោយសារ​តែ​ចំនួន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ប្រាសាទ​អង្គរ​វត្ត​មាន​ការ​កើន​ឡើង​​នៅ​ក្នុងប៉ុន្មាន​​ឆ្នាំ​ថ្មីៗនេះ។

យោង​តាម​តួលេខ​ចុង​ក្រោយ​លើ​គេ​ហ​ទំព័រ​​ក្រុម​ហ៊ុន​អាកាស​ចរ​ណ៍​កម្ពុជា​បង្ហាញ​ថា មាន​អ្នក​ដំណើរ​ចំនួន​៩២២.១៩៤នាក់​បាន​​ធ្វើ​ដំណើរ​ឆ្លង​កាត់​អាកាសយាន​ដ្ឋាន​អន្តរ​ជាតិ​សៀមរាប នៅ​ក្នុង​ត្រីមាស​ដំបូង​ក្នុង​ឆ្នាំ​២០១៣ ​នេះ​ ដោយ​មាន​ការ​កើន​ឡើងជាង​១ភាគ៤ អំឡុង​ពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១២៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស