28 C
Phnom Penh

គណបក្ស​ប្រជាជន​កម្ពុជា​​​គឺ​ជា​​ជម្រើស​របស់​អ្នក​បោះ​ឆ្នោត​​​ជន​ជាតិ​វៀត​ណាម​នៅ​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យុទ្ធនាការ​ឃោសនាបោះ​ឆ្នោត​ដែល​កំពុង​ធ្វើ​នៅ​ទូទាំង​ប្រទេស​នោះ​មិន​បាន​ទៅ​ដល់​ផ្ទះ​របស់​​អ្នក​ស្រី​ នាង សន និង​ផ្ទះ​អ្នក​ជិត​ខាង​របស់​គាត់​ ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​លិច​ទឹក​​ នៅ​ជាប់​មាត់​ទន្លេសាប​នៅ​ជាយ​រាជ​ធានី​ភ្នំពេញ​​​នេះ​ទេ​។

អ្នក​ស្រី​បាននិយាយថា “គណបក្ស​ប្រជា​ជន​កម្ពុជា​​មិន​ដែល​ឲ្យ​អង្ករ​ឬ​ក្រមា​ឬ​អ្វី​​មួយ​ដល់​យើង​ទេ​។​​គ្មាន​ក្រុម​ការងារ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​មក​និយាយ​ជា​មួយ​យើង​ទេ​ ហើយ​ក៏គ្មាន​នរណា​ម្នាក់​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មក​ជួយ​យើង​ដែរ”។

ប៉ុន្តែ​សម្រាប់​អ្នក​ស្រី​ សន និង​សមាជិក​សហគមន៍​ជន​ជាតិ​​ភាគតិច​វៀត​ណាម​ជា​ច្រើន​ទៀតនៅ​ក្នុង​ប្រទេស​កម្ពុជា​​ ជម្រើស​ក្នុង​ការ​​ជ្រើស​រើស​​អ្នក​​ដែល​ពួក​គេ​​បោះ​ឆ្នោត​ឲ្យ​នៅ​ថ្ងៃ​ទី​២៨​ខែកក្កដា​នោះ​គឺ​ជា​ការ​ងាយ​ស្រួល។​

អ្នកស្រីបា​ននិយាយថា “​ជន​ជាតិ​វៀត​ណាម​​ភាគ​ច្រើន​គាំទ្រ​​គណបក្ស​ប្រជាជន​កម្ពុជា​ ពី​ព្រោះ​យើង​មើលឃើញ​ថា  ពួក​គេ​ធ្វើ​ឲ្យ​យើង​​រស់​នៅ​ទីនេះ​​បាន​​ស្រួល​​”។​​​ ខណៈ​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​មាន​ទំនាក់​ទំនង​ជា​ប្រវត្តិសាស្ត្រ​​ជាមួយ​ប្រទេស​វៀត​ណាម​ចំពោះ​ការ​ផ្ដល​់​កង​ទ័ព​​ឲ្យ​មក​ផ្ដួល​រំលំ​ខ្មែរ​ក្រហម​នៅ​ឆ្នាំ​១៩៧៩​នោះ​ អ្នក​នយោ​​បាយ​គណបក្ស​ប្រឆាំង​បាន​​ប្រើប្រាស់​គំនិត​​ប្រឆាំង​វៀតណាម​ដើម្បី​​ប្រមូល​ការ​​គាំទ្រ​​ពី​​គណបក្ស​កាន់​អំណាច​។

គណបក្ស​ប្រឆាំង​ក៏​បាន​ចោទ​រដ្ឋាភិបាល​ជា​យូរ​មក​ហើយ​ថា  មាន​គោល​នយោបាយ​អន្តោប្រវេសន៍​ធូររលុង​ ដែល​បាន​​ជំរុញ​​ឲ្យ​​ជន​អន្តោ​ប្រវេសន៍​ជា​ច្រើន​មក​ពី​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ចូល​ក្នុង​ប្រទេស​កម្ពុជា​​។ ការ​ប៉ាន់​ប្រមាណ​អំពី​ចំនួន​ពិត​ប្រាកដ​នៃ​ប្រជាជន​វៀត​ណាម​​មាន​ភាព​ខុស​គ្នា​ច្រើន​។ យោង​តាម​ការ​ស្ទង់​មតិ​​របស់​ក្រសួង​ផែនការ​បង្ហាញ​ថា  ជន​ជាតិ​ភាគ​តិច​វៀតណាម​មាន​ចំនួន​​ប្រហែល​៩០.០០០​នាក់ រីឯ​របាយ​ការណ៍​ឈ្មោះ​សៀវភៅ​ស្វែង​រក​ការពិត​លើ​ពិភព​លោក​​របស់​ទីភ្នាក់ងារ​សើុប​ការណ៍​សម្ងាត់​​អាមេរិក​ ដែល​មិន​មែន​ជា​ប្រភព​​សម្ងាត់​​បង្ហាញ​​ថា ជនជាតិ​វៀតណាម​​​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា មាន​ចំនួន​ប្រហែល​៥ភាគ​រយ​នៃ​ប្រជា​ពលរដ្ឋ​​ខ្មែរ​​ចំនួន​១៥,២​លាន​នាក់​ ឬ​​មាន​ចំនួន​ជាង​៧០.០០០​នាក់​ ដោយ​ធ្វើ​ឲ្យ​ជនជាតិ​ភាគ​តិច​វៀតណាម​ជា​ជនជាតិ​ភាគតិច​មួយ​ក្រុម​ ដែល​មាន​ចំនួន​ច្រើន​ជាង​​គេ​។

ដោយ​សារ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​សន្យា​កាត់​បន្ថយ​ការ​ប្រើប្រាស់​ពាក្យ​សម្ដី​ក្នុង​ពេល​ឃោសនា​ប្រឆាំង​នឹង​វត្តមាន​របស់​ជន​ជាតិ​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​​ពាក្យ​សម្ដី​ប្រឆាំង​វៀតណាម​ខ្លាំងៗ ដែល​លោក​ សម រង្ស៊ី និង​លោក កឹម សុខា បាន​ប្រើ​កាលពី​មុន​នោះ ​​បាន​ធ្វើ​ឲ្យ​ជន​ជាតិ​ភាគ​តិច​វៀតណាម​នៅ​ក្នុង​ប្រទេស​កម្ពុជា​គាំទ្រ​គណ​បក្ស​កាន់​អំណាច​វិញ​​។

សំ សុផាត អាយុ​៥៨​ឆ្នាំ​ ដែល​មាន​ឈ្មោះ​​វៀតណាម​ ង្វៀន វ៉ាន់​ហុង​ បាន​កើត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​បាន​រត់​គេច​ខ្លួន​អំឡុង​​សម័យ​លន់នល់​ ​ប៉ុន្តែ​បាន​វិល​ត្រឡប់​មក​វិញ​នៅ​ក្នុង​ឆ្នាំ​១៩៨៨​។ គាត់​បាន​និយាយ​ថា គាត់​​បាន​ទទួល​សញ្ជាតិ​ខ្មែរ​ជា​ផ្លូវ​ការ​នៅ​ឆ្នាំ​១៩៩៣ គឺ​នៅ​ពេល​បោះ​ឆ្នោត​​​​ប្រជាធិបតេយ្យ​​លើក​ដំបូង​ក្នុង​ប្រទេស​កម្ពុជា​។ ក្នុង​នាម​ជា​ម្ចាស់​ហាង​ជួសជុល​ម៉ាស៊ីន​ត្រជាក់​នៅ​ជិត​ស្ពាន​មុនី​វង្ស គាត់​គឺ​ជា​អ្នក​គាំទ្រ​ដ៏​ស្មោះត្រង់​ម្នាក់​ចំពោះ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ហើយ​គាត់​ហៅ​​លោក​ ហ៊ុន​ សែន ថា “សម្ដេច​” និង​ជា​សមាជិក​គណ​បក្ស​ប្រជាជន​កម្ពុជា​ជា​យូរ​មក​ហើយ​។

គាត់​បាន​និយាយ​ថា “សម្ដេច​អនុញ្ញាត​ឲ្យ​ប្រជាជន​វៀតណាម​រស់​នៅ​បាន​ស្រួល​។ សម្ដេច​មាន​គោល​នយោបាយ​ល្អ​ ពីព្រោះ​​សម្ដេច​មិន​បង្ខំ​ឲ្យ​មាន​ការ​និរទេស​ជន​ជាតិ​វៀត​ណាម​ទេ​”។ គាត់​បាន​បន្ថែម​​ថា នេះ​គឺ​ជា​​ការផ្ទុយ​គ្នា​ទាំង​ស្រុង​ពី​អ្វី​ដែល​គាត់​គិត​ថា ជា​គោល​នយោបាយ​របស់​គណ​បក្ស​ប្រឆាំង​។

ពេល​អង្គុយ​នៅ​​ក្នុង​ផ្ទះ​ធ្វើ​ពី​បេតុង​តូច​មួយ​របស់​គាត់​ ដែល​មាន​ហាង​កាហ្វេ កន្លែង​ជួសជុល​ម៉ូតូ និង​ដេប៉ូលក់​ឈើ​នៅ​ជុំ​វិញ​ ដែល​​សុទ្ធ​តែ​មាន​ស្លាក​សញ្ញា​សរសេរ​​ទាំង​ភាសា​ខ្មែរ​ និង​ភាសា​វៀត​ណាម​នោះ​ គាត់​បាន​និយាយ​ទៀត​ថា “គណបក្ស​សង្គ្រោះ​ជាតិ​មិន​ខ្វល់​អំពី​ជនជាតិ​វៀត​ណាម​ទេ​ ពីព្រោះ​ប្រសិន​បើ​ពួក​គេ​ឈ្នះ​ឆ្នោត ​ពួកគេ​នឹង​បញ្ជូន​​ជនជាតិ​វៀតណាម​​ទៅ​ស្រុក​​វិញ អ៊ីចឹ​ង​ហើយ​វា​​នឹង​ធ្វើ​​ឲ្យ​ការ​រស់​នៅ​របស់​យើង​មាន​ការ​លំបាក”​​។

លោក​ សុន ឆ័យ បេក្ខជន​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​រាជ​ធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ​នេះ​ គណបក្ស​ប្រឆាំង​បាន​​ខិត​ខំ​ប្រឹង​ប្រែង​​​យ៉ាង​​ខ្លាំង​​ ដើម្បី​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​ ដែល​មាន​ស្រាប់ ដោយ​មិន​​​បាន​​​ផ្តោត​លើ​ជន​អន្តោប្រវេសន៍​វៀតណាម​ ដែល​ខុស​ច្បាប់​  ឬ​ស្រប​ច្បាប់​នោះ​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ថា “ក្នុង​នាម​ជា​គណបក្ស​ប្រឆាំង​ យើង​មាន​ការប្រុង​ប្រយ័ត្ន​ ដោយ​សារ​ថា  នៅ​ពេល​យើង​និយាយ​​អំពី​​ជន​អន្តោ​ប្រវេសន៍​ខុស​ច្បាប់​ យើង​ប្រើ​ភាសា​​របស់​យើង​​ឲ្យ​បាន​សមស្រប​ច្រើន​ជា​ងមុន​”។ លោក​បាន​បន្ថែម​ថា “ខ្ញុំ​គិត​ថា  សូម្បី​តែ​ពី​មុន ​​មាន​ការ​​យល់​ខុស​​អំពី​គោល​នយោបាយ​របស់​​យើង​​​ឲ្យ​មាន​ការ​គោរព​ច្បាប់​របស់​ប្រទេស​កម្ពុជា​ ​មិន​មែន​ជា​​គោល​ជំហរ​​ជាតិ​​​សាសន៍​​និយម​ឡើយ​”។

ទោះ​ជា​យ៉ាង​ណា​ អ្នក​បោះឆ្នោត​​ជន​ជាតិ​​វៀតណាម​នៅ​កម្ពុជា​​មាន​ការ​ ប្រុង​ប្រយ័ត្ន​​​​អំពី​​គោល​បំណង​​របស់​គណបក្ស​ប្រឆាំង​​ប្រសិន​​បើ​ពួក​គេ​បាន​ជាប់​ឆ្នោត​ឡើង​កាន់​អំណាច​។ នៅ​ក្នុង​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​លើក​មុន​ លោក​ សម រង្ស៊ី និង​លោក កឹម​ សុខា បាន​សន្យា​លុប​បំបាត់​​ឥទ្ធិពល​អាក្រក់​​​របស់​​យួន​ឲ្យ​អស់​ពី​ក្នុង​ប្រទេស​នេះ​​នៅ​គ្រប់​​ស្រទាប់​វណ្ណៈ​ទាំង​អស់​។

លោក​ សម រង្ស៊ី បាន​ប្រាប់​​អ្នក​ចូល​រួម​​នៅ​វត្តភ្នំ​ពេល​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​​នៅ​ឆ្នាំ​១៩៩៨​ថា “ប្រសិន​បើ​ខ្ញុំ​ឈ្នះ​ឆ្នោត​ ខ្ញុំ​នឹង​បញ្ជូន​ជន​អន្តោប្រវេសន៍​យួន​ទៅ​វិញ​ទាំង​អស់​។ រដ្ឋាភិបាល​ធ្វើ​ការ​បម្រើ​យួន​។ ប្រសិន​​បើ​គណបក្ស​សមរង្ស៊ី ឈ្នះ នឹង​គ្មាន​អាយ៉ង​យួន​ទៀត​ទេ​”។

អំឡុង​ពេល​ធ្វើ​យុទ្ធនាការ​នោះ​ដែរ​ លោក​ ​កឹម​ សុខា ដែល​នៅ​ពេល​នោះ​​ជា​អគ្គលេខា​ធិ​ការ​គណបក្ស​​សឺនសាន ដែល​ពេល​នេះ​លែង​​​មាន​ទៅ​ហើយ​នោះ​​បាន​និយាយ​ស្រដៀង​​គ្នា​នេះ​។ លោក​បាន​ប្រាប់​មនុស្ស​រាប់​រយ​នាក់​នៅ​ក្នុង​ខេត្ត​តាកែវ​ថា  “ប្រសិន​បើ​យើង​ឈ្នះ​ យើង​នឹង​បញ្ជូន​​យួន​ទាំង​អស់​ទៅ​ប្រទេស​វៀតណាម​វិញ​”។

និន្នាការ​​​របស់​គណបក្ស​ប្រឆាំង​ក្នុង​ការ​ធ្វើ​ឲ្យ​មាន​ការ​ភ័យ​ខ្លាច​​ដោយ​សារ​​កម្ពុជា​ធ្លាប់​មាន​ជម្លោះ​​ជាមួយ​ប្រទេស​វៀតណាម​នោះ​ មាន​វិធី​ជា​ច្រើន​​​បាន​ធ្វើ​ឲ្យខូច​​ការ​ខំ​ប្រឹង​ប្រែង​​របស់​ខ្លួន​​​ ដើម្បី​ដឹកនាំ​ចលនា​ប្រជាធិបតេយ្យ​​ពិត​ប្រាកដ​នៅ​ក្នុង​ប្រទេស​នេះ​ នេះ​បើ​​តាម​ការ​លើក​ឡើង​របស់​បុគ្គលិក​​អង្គការ​​ក្រៅ​រដ្ឋាភិបាល​ម្នាក់​ ដែល​បាន​ធ្វើ​ការ​ជាមួយ​សហ​គមន៍​វៀតណាម​ និង​សហគមន៍​ខ្មែរ​នៅ​តាម​បណ្ដោយ​ព្រំដែន​​អស់​រយៈ​ពេល​​មួយ​ទសវត្សរ៍​ ហើយ​បាន​​ស្នើ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ ដើម្បី​​កុំ​ឲ្យ​គេ​​ចាត់​ទុក​អង្គការ​របស់​គាត់​ថា  គាំទ្រ​បញ្ហា​រសើប​បែប​នេះ​។

លោក​បាន​មាន​ប្រសាសន៍​ថា “វា​ជា​ការ​អៀន​ខ្មាស ដែល​​ សម រង្ស៊ី និង​ កឹម សុខា បាន​ប្រើ​​អារម្មណ៍​ប្រឆាំង​វៀត​ណាម​ ដើម្បី​​ផល​ប្រយោជន៍​នយោបាយ​របស់​ខ្លួន​ ពីព្រោះ​ពួក​គាត់​ក៏​និយាយ​ថា ពួក​គាត់​ចង់​បាន​លទ្ធិ​ប្រជា​ធិបតេយ្យដែរ” លោក​ សុន ឆ័យ ខ្លួន​លោក​ផ្ទាល់​​បាន​​និយាយ​ឥត​សំចៃ​អំពី​ការ​គំរាម​កំហែង​​ពី​ជន​អន្តោប្រវេសន៍​វៀតណាម​ជា​ច្រើន​​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ នៅ​ក្នុង​បទ​សម្ភាស​មួយ​កាលពី​ឆ្នាំ​២០០២​  លោក​បាន​មាន​ប្រសាសន៍​ថា “ប្រសិន​បើ​រដ្ឋាភិបាល​មិន​ចាត់​វិធាន​ការ​​ធ្ងន់​ធ្ងរ​ទេ​ កម្ពុជា​នឹង​​មាន​បញ្ហា​កាន់​តែ​ធ្ងន់​ធ្ងរ​​នៅ​ពេល​ឆាប់ៗ​នេះ​ គឺ​យើង​ [ប្រជាជន​ខ្មែរ​] នឹង​ក្លាយ​ជា​ជន​ជាតិ​ភាគ​តិច​នៅ​ក្នុង​ទឹក​ដី​របស់​យើង” ជា​ពាក្យ​សម្ដី​មួយ​ដែល​លោក​នៅ​តែ​និយាយ​រហូត​មក​ទល់​​​ពេល​នេះ​។

លោក​បាន​មាន​ប្រសាសន៍​កាលពី​ម្សិល​មិញ​ ​សំដៅ​ដល់​​សាធារណ​រដ្ឋប្រជា​មានិត​កម្ពុជា​ ដែល​គាំទ្រ​ដោយ​វៀតណាម​ និង​ដែល​​បាន​​លើក​បន្តុប​លោក​ ហ៊ុន​ សែន​ ជា​លើក​ដំបូង​ឲ្យ​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី​​ក្នុង​ឆ្នាំ​១៩៨៥​ថា “ខ្ញុំ​គិត​ថា នេះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ការពារ​ព្រំដែន​​មិន​ឲ្យ​ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​ចូល​។ ជន​ជាតិ​វៀត​ណាម​​ហាក់​ដូច​ជា​បាន​ទទួល​គោល​នយោ​បាយ​អន្តោ​ប្រវេសន៍​ពិសេស​មួយ​​ពី​រដ្ឋាភិ​បាល​វៀតណាម​​នៅ​ក្នុង​ឆ្នាំ​១៩៨០ រហូត​មក​ទល់​ពេល​នេះ​”។

ប៉ុន្តែ​នៅ​ពេល​ដែល​គណបក្ស​ប្រឆាំង​អះអាង​ថា ជនជាតិ​ភាគ​តិច​វៀត​ណាម​ ដែល​បាន​ទទួល​​សញ្ជាតិ​ខ្មែរ​រួច​ហើយ​នោះ​​មិន​មាន​ការ​​ព្រួយ​បារម្ភ​​ចំពោះ​រដ្ឋាភិបាល​ ដែល​ដឹកនាំ​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​នោះ​ ឈ្មោះ​ កុក ថៃ​ អាយុ​៣១​ឆ្នាំ ដែល​បាន​រស់​នៅ​​ក្នុង​ប្រទេស​កម្ពុជា​អស់​រយៈ​ពេល​១០​ឆ្នាំ​មក​ហើយ​ បាន​និយាយ​ថា គាត់​ដឹង​ពី​​អារម្មណ៍​​ពិត​​ប្រាកដ​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំង​ចំពោះ​​​ប្រជា​ពល​រដ្ឋ​វៀតណាម​ដូច​ជា​រូប​គាត់​។

គាត់​បាន​និយាយ​នៅ​ឯ​ហាង​កាហ្វេ​មួយ​នៅ​ទល់​មុខ​ចំណត​រថយន្ត​ក្រុង​​មួយ​កន្លែង​ ដែល​គាត់​ជា​អ្នក​លក់​សំបុត្រ​រថយន្តក្រុង​នោះថា “សម រង្ស៊ី​ បាន​ប្រកាស​យ៉ាង​ច្បាស់​ថា គាត់​ស្អប់​វៀតណាម​​ ដូច្នេះ​តើ​យើង​​បោះ​ឆ្នោត​ឲ្យ​គណបក្ស​ប្រឆាំង​យ៉ាង​​ម៉េច​​កើត”។

គាត់​បាន​និយាយ​ថា “យើង​គាំទ្រ​គណ​បក្ស​ប្រជាជន​កម្ពុជា​ ពីព្រោះ​ប្រសិន​បើ​​គណបក្ស​ប្រជាជន​កម្ពុជា​ជាប់​ឆ្នោត​ យើង​អាច​បន្ត​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៀត”។ គាត់​បាន​បន្ថែម​​ថា ពេល​ដែល​គ្រួសារ​របស់​គាត់​ចូល​មក​ក្នុង​​ប្រទេស​កម្ពុជា​ ម្ដាយ​របស់​គាត់​គឺ​ជា​អ្នក​លក់​អង្ករ​បោះ​ដុំ​នៅ​ផ្សារ​អូរប្ញស្សី​ ហើយ​សង្គម​​​កម្ពុជា​​នៅ​ពេល​នោះ​​មាន​ភាព​​រលូន​​នៅ​ក្រោម​​​ការ​គ្រប់គ្រង​របស់​លោក​ ហ៊ុន​ សែន​។

ហើយ​​ដោយ​សារ​នៅ​​តែ​បន្ត​មាន​​ការ​មិន​ពេញ​ចិត្ត​កាន់​តែខ្លាំង​ឡើង​​ចំពោះ​ជន​ជាតិ​វៀតណាម​នៅ​កម្ពុជា​​នា​ពេល​ស​ព្វថ្ងៃ​នេះ​ ការ​បង្ហាញ​ពី​អារម្មណ៍​ហិង្សា​បែប​នេះ​មាន​ភាព​ល្អ​ប្រសើរ​ច្រើន​​ចាប់​តាំង​ពី​ទសវត្សរ៍​ឆ្នាំ​១៩៩០​មក​ ដែល​នៅ​ពេល​នោះ​វៀតណាម​ គឺ​ជា​គោល​ដៅ​​នៃ​ការ​វាយ​ប្រហារ​​ និង​​ការ​វាយ​សម្លាប់​​ពី​ក្រុម​មនុស្ស​​មាន​កំហឹង​​​អំឡុង​ពេល​មាន​ភាព​តាន​តឹង​ផ្នែក​នយោបាយ​។

នៅដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០ របប​លន់​ នល់ ដែល​គាំទ្រ​ដោយ​អាមេរិក​បាន​អនុវត្ត​ផែនការ​សម្លាប់​សំដៅ​ធ្វើឲ្យ​ក្រុងភ្នំពេញ​រួច​ផុត​ពី​ឥទ្ធិពល​របស់​វៀត​ណាម ដោយ​បាន​សម្លាប់​ជន​ជាតិ​វៀត​ណាម​រាប់​រយ​នាក់ និង​បាន​បង្ខំ​ឲ្យ​ជន​ជាតិ​វៀត​ណាម​រាប់​ពាន់​នាក់​ទៀត​រត់​ទៅ​ប្រទេស​វៀត​ណាម​វិញ។

ជន​ជាតិ​វៀត​ណាម​ទាំង​នោះ​ ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា ជា​គោល​ដៅ​នៃ​ការ​សម្លាប់​រង្គាល​នៅ​ពេល​ខ្មែរ​ក្រហម​គ្រប់​គ្រង​ប្រទេស​ពេញលេញ​ ហើយការ​ចោ​ទ​ដែល​​ថា ខ្មែរ​ក្រហម​បាន​អនុវត្ត​​អំពើ​ប្រល័យ​ពូជ​សាសន៍​​លើ​​ជន​ជាតិ​វៀត​ណាម​នោះ​ស្ថិត​ក្នុង​ចំណោម​ការ​ចោទ​ប្រកាន់​ដែល​មិន​ទាន់​បើក​សវនាការ​ជំនុំជម្រះ​នៅឡើយ​ទេ​នៅ​ក្នុង​សំណុំរឿង​០០២ នៅ​សាលា​ក្តី​ខ្មែរ​ក្រហម។

ខ្មែ​រ​ក្រហម​បាន​បន្ត​ដណ្តើម​កាន់​កាប់​នូវ​អ្វី​ដែល​ខ្លួន​​និយាយ​ថា ជា​ភូមិ​យួន​រហូត​ដល់​ដើម​ទស​វត្សរ៍​ឆ្នាំ​១៩៩០។ នៅ​ក្នុង​ឧបទ្ទវហេតុ​ដាច់​ដោយ​ឡែក​ពី​គ្នា​ក្នុង​ខែ​កញ្ញា​ឆ្នាំ​១៩៩៨ មនុស្ស​មួយ​ក្រុម​បាន​សម្លាប់​ជន​ជាតិ​វៀត​ណាម​បួន​នាក់​ពាក់ព័ន្ធ​នឹង​អ្វី​ដែល​គេ​ជឿ​ថា ជា​ការ​សម្លាប់​ប្រកាន់​​ជាតិ​សាសន៍​។

ក្រុម​មន្ត្រី​អង្គការ​សហប្រជាជាតិ​និង​ស្ថានទូត​វៀត​ណាម​បាន​លើក​ឡើង​ថា អំពើ​ហិង្សា​​នេះ​ទាក់​ទង​នឹង​ការ​ប្រើ​វោហារសាស្ត្រ​ប្រឆាំ​ង​​វៀត​ណាម​ពី​សំណាក់​អ្នក​នយោបាយ​ប្រឆាំង​​​អំឡុង​ការ​តវ៉ា​​នឹង​លទ្ធផល​បោះ​ឆ្នោត​កាល​ពី​មួយ​ខែ​មុននោះ​។

ប៉ុន្តែ​ខណៈ​ដែល​​អំពើ​ហិង្សា​ប្រឆាំង​ជន​ជាតិ​វៀតណាម​បច្ចុប្បន្ន​នេះ​មិន​មែន​ជា​កង្វល់​​ដ៏​ធំ​នោះ​ ឥឡូវ​នេះ​ គណបក្ស​ប្រឆាំង​​មិន​សូវ​ប្រើ​វោហារ​សាស្ត្រ​ប្រឆាំង​​វៀតណាម​នោះ​ ការ​គំរាម​កំហែង​​មិន​​ច្បាស់​លាស់​ពី​ឥទ្ធិពល​បរទេស​មក​លើ​សង្គម​​នៅ​តែ​ជា​ផ្នែក​មួយ​នៃ​​សុន្ទរ​កថា​ឃោស​នា​របស់​លោក​​  កឹម​  សុខា នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​នៅ​ឆ្នាំ​នេះ​។

លោក​ កឹម សុផល​ អាយុ​៦២​ឆ្នាំ​ ដែល​បាន​​អង្គុយ​នៅ​លើ​បង់​យ៉ាង​ស្ងៀម​ស្ងាត់​ស្ដាប់​វិទ្យុ​នៅ​​តាម​ផ្លូវ​បេតុង​ដ៏​តូច​មួយ​​នៅ​ក្នុង​ភូមិ​កណ្ដាល​ សង្កាត់​ព្រែក​ព្នៅ​ ជា​ភូមិ​បណ្ដែត​ទឹក មាន​ចម្ងាយ​​តែ​ពីរ​បី​រយ​ម៉ែត្រ​ប៉ុណ្ណោះ​ បាន​និយាយ​ថា លោក​​ព្រួយ​បារម្ភ​ជា​ខ្លាំង​អំពី​ការ​ហូរ​ចូល​​ជន​ជាតិ​វៀតណាម​មក​ក្នុង​ប្រទេស​កម្ពុជា​។

លោក​ សុផល​ បាន​និយាយ​ថា “ខ្ញុំ​ព្រួយ​បារម្ភ​អំពី​ការ​មក​ដល់​របស់​ជន​ជាតិ​វៀត​ណាម​​កាន់​តែ​ច្រើន​ឡើង​ ពី​ព្រោះ​វា​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​។ មិន​មាន​ការងារ​ធ្វើ​សម្រាប់​ជន​ជាតិ​ខ្មែរ​។ ដូចគ្នា​នេះ​ដែរ​ នៅ​ពេល​ពួក​គេ​កាន់​តែ​ច្រើន​ឡើង​ទទួល​បាន​សញ្ជាតិ​នោះ​ ពួក​គេ​អាច​គ្រប់គ្រង​អំណាច ហើយ​បោះ​ឆ្នោត​ឲ្យ​អ្នក​ណា​ ដែល​គិត​ដល់​ផល​ប្រយោ​ជន៍​ពួក​ខ្លួន​តែ​ប៉ុណ្ណោះ”។

លោក ឈឹម ផលី្ល ជា​មេភូមិ​បាន​មាន​ប្រសា​សន៍​ថា មាន​ជនជាតិ​វៀត​ណាម​៥៧​គ្រួសារ​​រស់​នៅ​ក្នុង​ភូមិ​របស់​លោក​​ទទួល​បាន​សញ្ជាតិ​ ហើយ​ជន​ជាតិ​វៀតណាម​រាប់​សិប​នាក់​ទៀត​ ដែល​ទទួល​បាន​ការ​អនុញ្ញាត​ឲ្យ​រស់​នៅ​បណ្ដោះ​​អាសន្ន​” នៅ​តាម​មាត់​ទន្លេ​​ខាង​ក្រោម​ផ្ទះ​របស់​​​លោក​ ដែល​ធ្វើ​ពី​ឈើ​ផុត​ពី​ដី។

លោក​បាន​មាន​ប្រសាសន៍​ថា “វា​មិន​មែន​ជា​បញ្ហា​នោះ​ទេ​ ពីព្រោះ​ពួក​គេ​មក​ទីនេះ​ដោយ​​ស្ងប់ស្ងាត់​ ហើយ​លោក​​កត់​សម្គាល់​ថា មុខ​របរ​សំខាន់​របស់​អ្នក​ភូមិ​ជន​ជាតិ​វៀត​ណាម​​ទាំង​នេះ​បាន​ផ្លាស់​ប្ដូរ​ពី​ការ​នេសាទ​ត្រី ទៅ​ធ្វើ​​ការ​សំណង់​វិញ​ ដោយ​សារ​បរិមាណ​ត្រី​នៅ​បឹង​ទន្លេ​សាប​កាន់​តែ​ហិនហោច​ទៅ​ៗ​”។ លោក​បាន​មាន​ប្រសាសន៍​ថា “ចំពោះ​ការ​រស់​នៅ​វិញ [វត្តមាន​របស់​ជន​អន្តោ​ប្រវេសន៍​​វៀតណាម​] មិន​លំបាក​នោះ​ទេ។ ប៉ុន្តែ​សម្រាប់​​ការ​រក​ស៊ី​វិញ​​វា​ជា​បញ្ហា​”៕

ប្រែ​សម្រួល​ដោយ​ មូល គឹមហឿន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស