27 C
Phnom Penh

កឹម សុខា ជួប​​បេក្ខជន​បក្ស​ប្រជា​ជន​អំឡុង​ការ​ជជែក​​ដេញ​ដោល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បេក្ខ​ជន​តំណាង​រាស្ត្រ​មក​ពី​គណ​បក្ស​នយោ​បាយ​ធំៗចំនួន​ពីរ​របស់​ប្រទេស​កម្ពុជា​បាន​ប្រឈម​មុខ​ដាក់​គ្នា​កាល​ពី​ម្សិល​មិញ​ នៅ​ក្នុង​កិច្ច​ពិភាក្សា​ដេញ​ដោល​តាម​កញ្ចក់​​ទូរទស្សន៍​ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​​ជា​លើក​ដំបូង អំឡុង​យុទ្ធនាការ​ឃោស​នា​បោះ​ឆ្នោត​នៅ​មុន​ការ​បោះ​ឆ្នោត​ជាតិ​នា​ថ្ងៃ​ទី​២៨ ខែ​កក្កដា។

កិច្ច​ពិភាក្សា​ដេញ​ដោល​នេះ​​ដែល​លោក កឹម សុខា អនុ​ប្រធាន​គណ​បក្ស​សង្គ្រោះ​ជាតិ និង​លោក សុខ ឥសាន សមា​ជិក​សភា​មកពី​​គណ​បក្ស​ប្រជា​ជន​កម្ពុជាបាន​​ឆ្លើយ​សំណួរ​របស់​អ្នក​ចូល​រួម​ ដែល​ជា​អ្នក​បោះ​ឆ្នោត​ប្រមាណ​២០០​នាក់ ត្រូវ​បានថត​ទុក​កាល​ពី​ព្រឹក​ម្សិល​មិញ ហើយ​គ្រោង​នឹង​ចាក់​​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​នៅ​ចុង​សប្តាហ៍​នេះ។

លោក ហួត រីកចំរើន ​ប្រធាន​គណ​បក្ស​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ ក៏​បាន​ចូល​រួម​ជាមួយ ​លោក​ កឹម សុខា និង​ លោក ឥសាន ដែរ នៅ​ក្នុងកិច្ច​ពិភាក្សា​​ដេញ​ដោល​នេះ។  កិច្ច​ពិភាក្សា​ដេញ​ដោល​​​​មួយ​ផ្សេង​ទៀត​ត្រូវ​បាន​ធ្វើ​ឡើង​កាល​​ពី​រសៀល​ម្សិល​មិញ​ ជាមួយ​នឹង​តំណាង​របស់​គណ​បក្ស​ហ្វ៊ិនស៊ិន​ប៉ិច តំណាង​របស់​គណ​បក្ស​សាធារណរដ្ឋ​ប្រជា​ធិប​តេយ្យ​ និង​តំណាង​របស់​គណបក្ស​ខ្មែរ​ឈប់​​ក្រ។

អំឡុង​កិច្ច​ពិភាក្សា​ដេញ​ដោល​នោះ លោក​ កឹម​ សុខា និង​លោក ឥសាន ដែល​ស្ថិត​ក្នុង​ឯក​សណ្ឋាន​ពណ៌​ខៀវ​ចាស់​មាន​ពាក់​ក្រវាត់​ក​ និង​​ពាក់​វ៉ែន​តា​​ពណ៌​មាស ​សម្រាប់​ព្រឹត្តិការណ៍​នេះបាន​ឆ្លើយ​នឹង​សំណួរ​​ថា តើ​គណ​បក្ស​ដែល​​ឈ្នះ​ឆ្នោតនឹង​ដោះ​ស្រាយ​បញ្ហា​អំពើ​ពុក​រលួយ​ អន្តោប្រវេសន៍​ខុស​ច្បាប់ យុវ​ជន​គ្មាន​ការ​ងារ​ធ្វើ ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស បំណុល​ជាតិ​ដែល​កាន់​តែ​កើន​ឡើង និង​វិសមភាពផ្នែក​សេដ្ឋ​កិច្ច​យ៉ាង​ដូច​​ម្តេច។

នៅ​ពេល​សួរ​​​ថា តើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នៅ​ក្នុង​អាណត្តិ​ទី​៥​របស់​ខ្លួន​នឹង​ដោះ​ស្រាយ​អំពើ​ពុក​រលួយ​យ៉ាង​ដូច​ម្តេច លោក ឥសាន បាន​ថ្លែងថា បញ្ហា​អំពើ​ពុក​រលួយ​​ត្រូវ​បាន​អ្នក​នយោ​បាយ​គណបក្ស​ប្រឆាំង​បំផ្លើស ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា ​គណ​បក្ស​ប្រជា​​ជន​កម្ពុជាបាន​ដាក់​ចេញ​នូវ​យុទ្ធសាស្ត្រ​ចំនួន​បី ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ជា​ច្រើន​ដែល​រដ្ឋា​ភិបាល​កំពុង​ជួប​ប្រទះ​។

លោក​បាន​មាន​ប្រសាសន៍ថា “ គណ​បក្ស​ប្រជា​ជន​កម្ពុជា​បាន​បន្ត​អនុវត្ត​គោល​នយោ​បាយ​​ដើម្បី​ទប់​ស្កាត់​ និង​កាត់​បន្ថយ​អំពើ​ពុក​រលួយ ដោយ​ពឹង​ផ្អែក​ទៅ​លើ​វិ​ធានការ​ស្នូល​ចំនួន​បី​មាន​ដូច​ជា ទី១គឺ​ការ​អប់រំ និង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​។ ទី២ គឺ​ការ​ទប់​ស្កាត់​អំពើ​ពុក​រលួយ និង​ទី៣គឺ​ចាប់​បុគ្គល​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​បញ្ជូន​ទៅ​តុលាការ​ដើម្បី​​ផ្តន្ទា​ទោស”។

លោក ឥសាន បេក្ខ​ជន​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​នៅ​ខេត្ត​ព្រៃ​វែង​បាន​បន្ថែម​ថា ជំនួយ​អន្តរ​ជាតិ និង​កម្ចី​ដែល​មាន​ចំនួន​ច្រើន​គឺ​ជា​ភ័ស្តុ​តាង​បង្ហាញ​ថា សហ​គមន៍​អន្តរជាតិ​មាន​ការ​ជឿ​ជាក់​លើ​គណ​បក្ស​ប្រជា​ជន​កម្ពុជា ​​​ក្នុង​ការគ្រប់​គ្រង​ហិរញ្ញ​វត្ថុរបស់ខ្លួន​។ លោក​បាន​មាន​ប្រសាសន៍ថា “ប្រសិន​បើ​ប្រទេស​កម្ពុជា​មាន​បញ្ហា​ធ្ងន់​​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ដូច​ដែល​អ្នក​នយោ​បាយ​មួយ​ចំនួន​បាន​និយាយ​នោះ​ សមិទ្ធផល​ដែល​មាន​ពីមុនៗមក​នឹង​មិន​កើត​ឡើង​ឡើយ”។ លោក​បាន​គូស​បញ្ជាក់​ថា នៅ​ពេល​ប្រទេស​ជា​ច្រើន​​លើ​ពិភព​លោក​ជួប​បញ្ហា​សេដ្ឋ​កិច្ច​ អំឡុង​វិបត្តិ​​សេដ្ឋ​កិច្ច​ពិភព​លោក​ ប្រទេស​កម្ពុជា​នៅ​តែ​អាច​រក្សា​កំណើន​សេដ្ឋ​កិច្ច​របស់​ខ្លួនបាន​។

លោក​​ថ្លែង​ថា “ នៅ​ពេល​​សេដ្ឋ​កិច្ច​ពិភព​លោក​ធ្លាក់​ចុះ សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​នៅ​តែ​មាន​កំណើន​០.០១​ភាគ​រយ​ ខណៈ​​ប្រទេស​ផ្សេងៗ​ទៀត​បាន​ធ្លាក់​ក្រោម​សូន្យ​​​”។ លោក​បាន​បន្ថែម​ថា កំណើន​សេដ្ឋ​កិច្ច​​នៅ​ក្នុង​ឆ្នាំ​២០១២​ គឺ​ខ្ពស់​ជាង​៧​ភាគ​រយ​។

ជា​ការ​ឆ្លើយ​តប​ លោក កឹម សុខា បាន​គូស​​បញ្ជាក់​ថា វា​មិន​មែន​គ្រាន់​តែ​អ្នក​នយោ​បាយ​​មក​គណ​បក្ស​ប្រឆាំង​នោះ​ទេ ប៉ុន្តែ ម្ចាស់​ជំនួយ​​អន្តរ​ជាតិ​ អង្គការ​ក្រៅ​រដ្ឋាភិបាល និង​សាធា​រណជន​ទូ​ទៅ ក៏សុទ្ធ​តែ​បាន​លើកឡើង​ពី​បញ្ហា​​អំពើ​ពុក​រលួយ​ថា ជា​ឧបសគ្គ​ដ៏​ចម្បង​ចំពោះ​ការ​អភិវឌ្ឍ​ប្រទេស​កម្ពុជាដែរ​​។

លោក​មាន​ប្រសាសន៍ថា “ យើង​ទាម​ទារ​ឲ្យ​​មន្ត្រី​រដ្ឋា​ភិបាល​ថ្នាក់​កំពូលៗ​ប្រ​កាស​ទ្រព្យ​សម្បត្តិ​របស់​​ខ្លួន​ដោយ​បើក​ចំហ គឺ​មិន​មែន​គ្រាន់​តែដាក់ក្នុង​ស្រោម​សំបុត្រ​នោះ​ទេ​”។​លោក​​បន្ត​ថា កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ប្រយុទ្ធ​​ប្រឆាំង​នឹង​ អំពើ​ពុក​រលួយ​សព្វ​ថ្ងៃ​ គឺ​គ្មាន​​ប្រយោ​ជន៍​​អ្វី​ឡើយ​ ប្រសិន​បើ​គ្មាន​ការ​កាត់​ផ្តាច់​ទំនាក់​​ទំនង​អ្នក​មាន​អំណាច​ក្នុង​​ជួរ​រដ្ឋា​ភិបាល​ឲ្យ​ដាច់​ចេញ​ពី​គ្នា​ទេនោះ​។

លោក​បាន​បន្ថែម​ថា “ យើង​ត្រូវ​តែ​មាន​អង្គភាព​ឯក​រាជ្យ​មួយ ដែល​អនុវត្ត​ច្បាប់​ប្រឆាំង​​អំពើ​ពុក​រលួយ ហើយ​អង្គ​ភាព​នេះ​ត្រូវ​តែ​ធ្វើ​ការ​ឲ្យ​ស្រប​ជា​មួយ​នឹង​តុលាការ​ឯក​រាជ្យ។​​ប្រសិន​បើ​តុលារ​ការ​មិន​ឯក​រាជ្យ អ៊ីចឹង​បន្ទាប់​ពី​យើងបង្ហាញ​មុខអ្នកប្រព្រឹត្ត​អំពើ​ពុក​រលួយ​តុលាការ​នឹង​មាន​ការ​ភ័យ​ខ្លាច​ចំពោះ​នាយក​រដ្ឋ​មន្ត្រី និង​មេដឹក​នាំ​ផ្សេងៗ​ទៀត”។

​ពាក់​ព័ន្ធនឹង​អន្តោ​ប្រវេ​សន៍ខុស​ច្បាប់​ ជា​ពិសេស​ជន​អន្តោ​ប្រវេសន៍មក​ពី​ប្រទេស​វៀត​ណាម លោក កឹម សុខា បាន​លើ​ក​ឡើង​​ថា ​ដោយ​អនុវត្ត​ច្បាប់​សញ្ជាតិ​ និង​អន្តោ​ប្រវេសន៍​​​ដែល​មាន​ស្រាប់ គណ​បក្ស​សង្គ្រោះ​​ជាតិ​នឹង​អាច​សង្គ្រោះ​ជាតិពី “ ​ការ​ឈ្លាន​ពាន​របស់​បរទេស”។

លោក កឹម សុខា បាន​ថ្លែង​ថា “ ការ​ឈ្លាន​ពាន​របស់​ប​រទេស ឥឡូវនេះ​​បាន​ផ្លាស់​ប្តូរ​​​វិធី​សាស្រ្ត​ថ្មី​​របស់​ខ្លួនហើយ ដោយ​​ផ្លាស់​ប្តូរ​​ពី​ការ​​​បញ្ជូន​កងទ័ព​ទៅជាបញ្ជូន​មនុស្ស​តាម​អំពើ​​ចិត្ត​វិញ​ ហើយដណ្តើមយកដីធ្លីពី​យើង​​”។ លោក​បានប​ន្ត​ថា “ ​រយៈ​ពេល​​២០ ទៅ​៣០​​ឆ្នាំ​នេះ​ គេ​ឃើញ​មាន​ជន​អន្តោ​ប្រវេសន៍​វៀត​ណាម​ជា​ច្រើន​នាំ​គ្នា​ចូល​មក​ប្រទេស​កម្ពុជា​​ ហើយ​យើង​មិន​ដែល​ឃើញ​រដ្ឋា​ភិបាល​អនុវត្ត​ច្បាប់​អន្តោ​ប្រវេសន៍​ដោយ​​បញ្ជូន​ជន​ជាតិ​វៀត​ណាម​ណា​មួយ​ត្រឡប់​ទៅ​​កាន់​ប្រទេស​វៀត​ណាម​វិញ ឬក៏​បញ្ជូន​ពួក​គេ​ទៅ​តុលាកា​រ​ដើម្បី​ផ្តន្ទា​ទោស​ឡើយ”។

ជា​ការ​ឆ្លើយ​តប​ លោក ឥសាន បាន​លើក​ឡើង​ថា រដា្ឋ​ភិបាល​ដែល​ដឹក​នាំ​ដោយ​លោក ​ហ៊ុន ​សែន បាន​អនុវត្ត​គោល​នយោ​បាយ​នៃ​ការ​​ចេញ​អត្តសញ្ញាណប័ណ្ណ​ត្រឹម​ត្រូវ​ និង​ឯកសារ​ស្រប​ច្បាប់​ផ្សេងៗ​ទៀត​ឲ្យ​ជន​បរទេស​ ​ដែល​ធ្វើ​អន្តោ​ប្រវេសន៍​មក​កាន់​ ឬក៏​មក​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក ឥសាន បាន​ចង្អុល​បង្ហាញ​ពី​បញ្ហា​ព្រំ​ដែន​ដ៏​សំខាន់​របស់​​ប្រទេស​កម្ពុជា​ ជាមួយ​នឹង​ប្រទេស​ថៃ ដែល​បាន​លើក​ឡើង​ពី​សមិទ្ធ​ផល​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​សមិទ្ធផល​ផ្សេងៗ​ទៀត​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ថា បាន​ទប់​ស្កាត់​សង្គ្រាម​មិន​ឲ្យ​ផ្ទុះ​ឡើង​នៅ​តាម​ព្រំ​ដែន​ថៃ កាល​ពី​ឆ្នាំ​២០០៨ ហើយ​បាន​​ធ្វើ​ឲ្យ​មាន​សមាហរណកម្ម​ទឹក​ដី​នៅ​ជំុ​វិញ​បរិវេណ​ប្រាសាទ​ព្រះវិហារដែល​បាន​ចុះ​ក្នុងបញ្ជី​របស់​អង្គការ​យូណេស្កូជា​តំបន់​បេតិក​ភណ្ឌ​​ពិភព​លោក​ ​។

លោក​បាន​កោត​សរសើរ​ចំពោះ​ការ​ឆ្លើយ​​​តប​យ៉ាង​ឆាប់​រហ័ស​របស់​រដ្ឋា​ភិបាល​ចំពោះ​គ្រោះ​ធម្ម​ជាតិ អំឡុង​អាណត្តិ​ចុង​ក្រោយ​របស់​​ខ្លួន​ផង​ដែរ។ លោក​​ថ្លែង​ថា “ ​រដ្ឋា​ភិបាល​​របស់​យើង​មា​ន​ភាព​សកម្ម​ខ្លាំង​ណាស់​ក្នុង​ការ​ឆ្លើយ​​​តប​ចំពោះ​គ្រោះ​ធម្ម​ជាតិមាន ​ទឹក​ជំនន់ ​គ្រោះ​​រាំង​ស្ងួត បាន​យ៉ាង​ទាន់​ពេល​វេលា​បំផុត”។

នៅ​ពេល​ត្រូវ​បាន​សួរ​ដោយ​និស្សិត​សកល​​វិទ្យា​ល័យ​ម្នាក់​ថា តើ​បេក្ខ​ជន​ឈរ​ជា​តំណាង​រាស្ត្រ​មាន​គម្រោង​ដោះ​ស្រាយ​បញ្ហា​រំលោភ​​បំពាន​សិទ្ធិ​មនុស្ស​ដែល​កំពុង​តែ​កើត​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​យ៉ាង​ដូច​ម្តេច នៅ​ពេល​នោះ​លោក ឥសាន បាន​បដិសេធ​ថា មិន​មាន​អំ​ពើ​បែប​នេះ​កើត​ឡើង​​ទេ​។ លោក​​ថ្លែងថា “ ​ចូរ​​យល់​ថា នេះ​គ្រាន់​​​តែ​​​ជា​គំនិត​របស់​គេប៉ុណ្ណោះ​ ​ហើយ​វា​មិន​អាច​ចាត់​ទុក​ថា ជា​ការ​ពិតទាំង​ស្រុង​ទេ​។ សម្រាប់​​គណ​បក្ស​ប្រជា​ជន​ គឺ​បាន​ប្រកាន់​ខ្ជាប់នូវ​​លទ្ធិ​ប្រជា​ធិប​តេយ្យ​សេរី​​​ពហុបក្ស ​និង​​ថែម​ទាំង​គោរព​សិទ្ធិ​មនុស្ស​​​ ដែល​បាន​ចាក់​ឫស​យ៉ាង​ជ្រៅ​​​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​សង្គម និង​ការ​កាត់​បន្ថយ​ភាព​ក្រី​ក្រ​របស់​យើង​ទៀត​ផង​”។

លោក ឥសាន បាន​ថ្លែង​ថា អត្រា​ភាព​ក្រី​ក្រ​ដែល​មាន​​១០០​ភាគ​រយ​ នៅ​ពេល​សមា​ជិក​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជាបាន​គ្រប់​គ្រង​ប្រទេស​ បន្ទាប់​ពី​ការ​ដួល​រលំ​នៃ​របប​ខ្មែរ​ក្រហម​ កាល​ពី​ឆ្នាំ​១៩៧៩ គឺ​មាន​ត្រឹម​តែ​​ប្រហែល​២០​ភាគ​រយ​ប៉ុណ្ណោះ​នៅ​ក្នុង​ឆ្នាំ​២០១២ ហើយ​បាន​សន្យា​ថា នឹង​បន្ត​កាត់​បន្ថយ​ក្នុង​មួយ​ឆ្នាំ​១ភាគរយ ប្រសិន​បើ​គណ​បក្ស​ប្រជា​ជន​កម្ពុជាជាប់​ឆ្នោតដឹក​នាំ​ប្រទេស​ម្តង​ទៀត​នោះ។

ការ​រិះ​គន់​ដ៏​ខ្លាំង​ក្លា​បំផុត​របស់​លោក កឹម សុខា លើគណ​បក្ស​កាន់​អំណាច​បាន​កើត​ឡើង​ បន្ទាប់​ពី​អ្នក​ចូល​រួម​ ដែល​ត្រូវ​បាន​ជ្រើស​រើស​​ ​ដោយ​គណ​បក្ស​​នីមួយៗ​បាន​សួរ​ថា តើ​បេក្ខ​ជន​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​បាន​ទទួល​ស្គាល់​អំពើ​យង់​ឃ្នង​ ព្រៃ​ផ្សៃ​ដែល​ខ្មែរ​ក្រហម​​​បាន​ប្រព្រឹត្តឡើង​ដែរ​ឬទេ។

លោក សុខា ​ថ្លែង​​ថា “ គណ​​បក្ស​​​ខ្ញុំ​​​នឹង​តស៊ូ​​បញ្ចប់​អំណាច​​​ផ្តាច់​ការ​ អំណាច​ប៉ុល ពត និង​អំណាច​​ជន​ផ្តាច់​ការ​ផ្សេង​ទៀត​ដែល​មាន​ឫស​​គល់​​​ពី​ ប៉ុល ពត​និង​ខ្មែរ​ក្រហម​ ​ពោល​គឺ​ជន​កុម្មុយ​នីស្ត​ដែល​បន្ត​អនុវត្ត​គោល​នយោ​បាយ​ចាស់​របស់​​ខ្មែរ​ក្រហម​តាមរយៈ​​សកម្ម​ភាព​ថ្មី”។

លោក​ថ្លែងថា “ នៅ​របប​ខ្មែរ​​ក្រហម​ ពួក​គេ​បាន​ជម្លៀស​ប្រជា​ពល​រដ្ឋ​ចេញ [ពីទីក្រុង] ហើយ​ឥឡូវ​នេះ​ពួក​គេ​បាន​ជម្លៀស​ប្រជា​ពល​រដ្ឋ​ ចេញពីសហគមន៍​បឹង​កក់​ បន្ទាប់​មក​ពី​សហគមន៍​បុរីកីឡា និង​នៅ​ខេត្ត​ផ្សេងៗ​ទៀត​ដោយ​បាន​ប្រើ​គោល​នយោ​បាយ​ចាស់”។

លោក​ស្រី​ ឡូរ៉ា ថនតុន (Laura Thornton) នាយិកា​វិទ្យា​ស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ​​ប្រចាំ​ប្រទេស​កម្ពុជា​ ​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក ដែល​បាន​រៀប​ចំ​កិច្ច​ពិភាក្សា​ដេញ​ដោល​នេះ​ជាមួយ​​​ជំនួយ​អភិវឌ្ឍន៍​របស់​សហ​រដ្ឋ​អាមេរិក​ (USAID) បាន​លើក​ឡើង​ថា ទោះ​​បី​ជា​មាន​បណ្ដឹង​ចំពោះ​ការ​រំលោភ​បំពាន​លើ​​ក្រម​សីលធម៌​នៃ​កិច្ច​ពិភាក្សា​ក៏​ដោយ​ ក៏​កិច្ច​ពិភាក្សា​ដេញ​ដោល​នេះ នឹង​ត្រូវ​ផ្សព្វផ្សាយ​ដោយ​មិន​មានការ​កែសម្រួល​ឡើយ​តាម​កញ្ចក់​ទូរទស្សន៍​ជាតិកម្ពុជា​ ស្ថានីយ​វិទ្យុ​មួយ​ចំនួន​ រួម​មាន​វិទ្យុជាតិ​នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត។ កិច្ច​ពិភាក្សា​ដេញ​ដោល​នេះ​គ្រោង​​​ផ្សាយ​តាម​ទូរទស្សន៍​ជាតិ​​នៅ​ម៉ោង​៩​ព្រឹក​​នៅ​ថ្ងៃ​សៅរ៍​​និង​ថ្ងៃអាទិត្យ​ និង​​ចាក់​ផ្សាយ​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​២៤ និង​ថ្ងៃ​ទី​២៥ ខែ​កក្កដា​នេះ។

លោកស្រី ថនតុន ​ថ្លែង​ថា វេទិកា​​​នេះ​គឺ​មាន​សារៈសំខាន់​ណាស់ ដើម្បី​បង្ហាញ​ប្រជា​ពលរដ្ឋ​ថា ការ​ប្រឈម​មុខ​គ្នា​ដោយ​សន្តិវិធី និង​ការ​ផ្លាស់​ប្ដូរ​គំនិត​ដោយ​សេរី​​គឺ​ជា​រឿង​ចាំបាច់​សម្រាប់​ប្រទេស​ប្រជា​ធិបតេយ្យ។ លោកស្រី​​ថ្លែង​ថា “ វា​មាន​សារៈ​សំខាន់​​ណាស់​សម្រាប់​​ពលរដ្ឋ​ដែល​អាច​មើល​ឃើញ​​ថា គណបក្ស​កាន់​អំណាច​​និង​គណបក្ស​​ប្រឆាំង​អាច​ជំទាស់​នឹង​រិះ​គន់​គ្នា​ទៅវិញ​ទៅ​មក​​បាន​ដោយ​សន្តិវិធីនិង​រិះ​គន់​ក្នុង​ន័យ​ស្ថាបនា ដោយ​គ្មាន​បញ្ហា​អ្វី​កើតឡើង”។ លោក​ស្រី​​បន្ថែម​ថា “ គោល​បំណង​តែ​មួយ​​គត់​របស់​ខ្ញុំ​គឺ​​ថា យើង​គួរតែ​មាន​កិច្ច​ពិភាក្សា​​បែប​នេះ​ច្រើន​ថែមទៀត​ ហើយ​លើស​ពី​នេះ​ទៅ​ទៀត​​ទូរទស្សន៍​ជាតិ​កម្ពុជា​ គួរតែ​មាន​ម៉ោង​ច្រើន​សម្រាប់​ផ្សព្វ​ផ្សាយ​ពី​កិច្ច​ពិភាក្សា​ដេញដោល​​នេះ​ឲ្យ​បាន​កាន់កាន់​តែ​ច្រើន​”៕

ប្រែស​​ម្រួល​ដោយ ស៊ា ស៊ុយ​ឈាង​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស