38 C
Phnom Penh

សំរាម​នៅ​សួន​សេរីភាព​កើនឡើង​​ខ្លាំង​នៅ​មុន​ការ​វិល​ត្រឡប់​របស់លោក សម រង្ស៊ី ​ប្រធាន​​​បក្ស​​​ប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណបក្ស​សង្គ្រោះ​ជាតិ​មាន​គម្រោង​​រៀប​​​​ចំ​ពិធីទទួល​​ស្វាគមន៍​វីរបុរស​សម្រាប់​លោក សម រង្ស៊ី​​​ មេដឹកនាំ​គណបក្ស​ប្រឆាំង  ​នៅ​ពេល​​​​លោក​វិល​ត្រឡប់​មក​កាន់​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃ​សុក្រ បន្ទាប់​ពី​រស់​នៅ​ដោយ​និរទេស​ខ្លួន​ឯងអស់​រយៈ​ពេល​ជិត​បួន​ឆ្នាំ​។

ប៉ុន្តែ​ ប្រសិន​បើ​គ្មាន​​​​​ការ​ចាត់​វិធាន​ការ​ឲ្យ​បាន​ឆាប់​រហ័ស​ទេ​នោះ លោក​​​​ សម  រង្ស៊ី ​​​នឹង​ត្រូវ​បង្ខំ​ចិត្ត​ថ្លែង​សុន្ទរកថាជា​លើក​ដំបូង​របស់លោក​នៅ​លើទឹកដី​កម្ពុជា សម្រាប់​ការ​បោះ​ឆ្នោត​នៅ​ខែ​នេះ​​នៅ​សួន​សេរី​ភាព​​​​ ដែល​​​​​​​មាន​សុទ្ធតែ​គំនរសំរាម​​​ក្នុង​រាជធានី​ភ្នំពេញ​ ចាប់​តាំង​ពី​រដូវ​ធ្វើ​យុទ្ធនា​ការ​ឃោសនា​​​​បោះ​​​ឆ្នោត​បាន​ចាប់​ផ្ដើម​​ កាលពី​ចុង​ខែ​មុន​មក​។

លោក​ យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​អះអាង​កាល​ពី​ម្សិលមិញ​ថា សួន​នេះ​ត្រូវ​សាលា​រាជ​ធានី និង​ក្រុមហ៊ុន​ប្រមូល​សំរាម​ស៊ិនទ្រី​  មាន​ចេតនាមិន​អើពើ​​នឹ​​​ង​​​ការ​​​បោស​សំអាត។​ លោក​បាន​មាន​ប្រសាសន៍​ថា “ វា​ជា​ភារ​​​កិច្ច​របស់​សាលា​រាជធានី និង​ក្រុមហ៊ុន​បោស​សំអាត​ [សិុនទ្រី] ក្នុង​ការ​សំអាត​ទីតាំង​នេះ​ ប៉ុន្តែ​ពួក​គេ​មិន​បោស​សំអាតទេ​ ដូច្នេះ [គណ​​​បក្ស​សង្គ្រោះ​ជាតិ]  ក៏​បង់​ប្រាក់​ឲ្យ​ក្រុមហ៊ុន​នេះ​១០​ដុល្លារ ​​ដើម្បី​បោះ​សំអាត​ រាល់​លើក​ដែល​យើង​ជួប​ជុំ​គ្នា​។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី ​​​នៅ​តែ​មាន​សំរាម​ច្រើន​ដដែល​ ហើយ​ផ្លូវ​មាន​​​​ស្ថានភាព​កខ្វក់”។

លោក​ យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា “ ខ្ញុំ​មិន​អាច​ជួយ​​អ្វី​បាន​ទេ ប៉ុន្តែ ​ខ្ញុំ​គិត​ថា វា​ជា​ការ​រើស​អើង​ផ្នែក​នយោបាយ​។ យើង​ត្រូវ​ចេញ​លុយ​ឲ្យ​ក្រុមហ៊ុន​បោស​​​សំអាត ទោះ​បី​ជា​​នោះ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​សាលា​​​​រាជធានី​​ក៏​ដោយ​  ខណៈ​ដែល​សួន​ផ្សេងៗ​​​​ទៀត​នៅ​ក្នុង​រាជ​ធានី​គ្មាន​សំរាម”។

នៅ​ឯ​សួន​សេរីភាព​កាល​ពី​​​ថ្ងៃ​​​អង្គារ ខ្យល់​បក់ប៉ើងថង់​ប្លាស្ទិក​​ទៅ​មកៗ ហើយ​កំណាត់​ផ្លូវ​លេខ​១០៦​ ដែល​​គ្មាន​ក្រាល​​កៅ​​​ស៊ូ បាន​ក្លាយ​ជា​កន្លែង​ចាក់​សំរាម​​បណ្ដោះ​អាសន្ន ដែល​ស្ថិត​នៅ​ចម្ងាយ​តែ​ប៉ុន្មាន​ម៉ែត្រ​ប៉ុណ្ណោះ​​​​ពី​កន្លែង​ដែល​គេ​រំពឹង​ថា លោក​ សម រង្ស៊ី  ប្រធាន​​​គណបក្ស​​​ប្រឆាំង​​​នឹង​ថ្លែង​សុន្ទរកថា​អំពី​ការ​វិល​ត្រឡប់​​របស់​លោក​។

ទិដ្ឋភាព​នៅ​សួន​សេរីភាព​​ខុសគ្នា​ស្រឡះ​កាលពី​ខែ​មុន​ ដែល​នៅ​ពេលនោះ​លោក​    ជុំ មីុ​​​  អ្នក​រស់រាន​ពី​មន្ទីរ​ឃុំ​ឃាំង​ទួល​ស្លែង​ បាន​ដឹកនាំ​ក្រុម​​​បាតុករ​​​២.០០០​នាក់​ប្រឆាំង​នឹង​លោក កឹម​ សុខា ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ បន្ទាប់​ពី​រង​ការ​ចោទ​ប្រកាន់​ថា ​​​លោក​បាន​អះអាង​ថា  ប្រទេស​​​វៀត​​​ណាម​​​​​​​​​​ ជា​អ្នក​ប្រឌិត​ឧក្រិដ្ឋ​កម្ម ដែល​បាន​កើត​ឡើង​នៅ​មន្ទីរ​ឃុំឃាំង​នេះ។

អំឡុង​ការ​​​​តវ៉ា​នោះ​​ ផ្លូវ​​ទាំង​នេះ​​ស្អាត​ល្អ​​​​​​​ណាស់ និង​ថែម​ទាំង​មាន​បង្គន់​ចល័ត​សម្រាប់​​​​បាតុករ​ទៀត​ផង​។លោក សេង​ ចំរើន នាយក​រង​ក្រុម​ហ៊ុន​សិុន​​​ទ្រី​ បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​​​អង្គារ​​​ថា លោក​មិនបាន​ដឹង​ថា បុគ្គលិក​របស់​លោក​យក​ប្រាក់​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ទេ ហើយ​​​​បាន​បង្វែរការ​ទទួល​ខុស​ត្រូវ​ចំពោះ​សួន​​រដ្ឋ​នេះ​ទៅ​សាលា​រាជ​ធានី។

លោក​បាន​មាន​ប្រសាសន៍​ថា “ គណ​បក្ស​សង្គ្រោះ​ជាតិ​បាន​បរិច្ចាគ​ប្រាក់​ដល់​បុគ្គលិក​របស់​យើង ហើយ​យើង​សូម​អរគុណ​ពួក​គាត់​ចំពោះ​រឿង​នេះ​ ប៉ុន្តែ​សាលា​រាជធានី​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​សួន​សេរី​ភាព​និង​សួន​ទាំង​អស់​​ រី​ឯ​ក្រុម​ហ៊ុនសិុនទ្រី​ ទទួល​ខុសត្រូវ​តែលើ​ការ​បោស​សំអាត​ផ្លូវ​ថ្នល់​ប៉ុណ្ណោះ”។

លោក​ សេង ចំរើន បាន​មាន​ប្រសាសន៍​ទៀត​ថា  ការ​បោះ​ឆ្នោត​បាន​​ធ្វើ​ឲ្យចំនួន​​​កម្មករ​​​​​​របស់​លោក​​ធ្លាក់​ចុះ​ ដោយ​បុគ្គ​​​លិក​ខ្លះ​ផ្អាក​ការងារ​ ដើម្បី​ចូល​រួម​ធ្វើ​យុទ្ធការ​ឃោសនា​បោះ​ឆ្នោត​​ ទើប​ធ្វើ​ឲ្យ​សំរាម​កើន​ឡើង​នៅ​ជុំ​វិញ​សួន​នេះ​។

លោក ឡុង​​​ ឌីម៉ង់​​​ អ្នក​នាំពាក្យ​សាលា​រាជ​​​ធានី​បាន​មាន​ប្រសាសន៍​ថា សាលា​រាជ​ធានី​ទទួល​ខុស​ត្រូវ​តែ​លើ​សួន​នេះ​​​​ប៉ុណ្ណោះ​ ហើយ​​​​ថា ក្រុមហ៊ុន​សិុនទ្រី​ អាច​ផ្ដោត​ការ​ចាប់​អារម្មណ៍​ជា​ពិសេស​លើ​សួន​សេរី​ភាព និង​ចំណុច​ជួប​ជុំ​របស់អ្នក​គាំទ្រ​​គណបក្ស​ប្រជា​ជន​កម្ពុជា​ នៅ​សួន​វត្ត​បទុម​ ពីព្រោះ​​​នៅ​ទី​នោះ​​មាន​មនុស្ស​​ច្រើន​ណាស់​​នៅ​មុន​ការ​បោះ​ឆ្នោត​។ លោក​បាន​មាន​ប្រសាសន៍​ថា “ សាលា​រាជ​​​​​​ធានី​ប្រមូល​សំរាម​ពី​សួន​នេះ​ ហើយដាក់​ចូល​ក្នុង​ធុង​សំរាម​សម្រាប់​ឲ្យ​ក្រុមហ៊ុន​ស៊ិនទ្រី​មក​ប្រមូល​។ យើង​ទាម​ទារ​ឲ្យ​ប្រជាពលរដ្ឋ​ និង​គណបក្ស​នយោបាយ​ [ដែល​ប្រើប្រាស់​សួន​សេរីភាព​] ជួយ​សំអាត​ផង​​​”៕

(រាយ​ការណ៍​បន្ថែម​ដោយ ម៉ិច ដារ៉ា)
ប្រែ​សម្រួល​ដោយ តែម សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស