34 C
Phnom Penh

គ.ជ.ប.លើក​ឡើង​ថាលោក សម រង្ស៊ី មិន​អាច​ឈរ​ឈ្មោះ​បោះ​ឆ្នោត​បាន​ទេ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​​ហៅ​កាត់​ថា គ.ជ.ប. បាន​លើក​ឡើង​នៅ​ក្នុង​សេចក្ដី​​ប្រកាស​មួយ​ចេញ​ផ្សាយ​កាល​ពី​ម្សិល​មិញ​ថា​ គណបក្ស​នយោបាយ​មិន​អាច​ធ្វើ​ការ​ផ្លាស់​ប្តូរ​​ឬ​បន្ថែម​បេក្ខ​ជន​តំណាង​រាស្រ្ត​​​ក្នុង​បញ្ជី​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ពេល​ខាង​មុខ​នេះ​បាន​ទេ​ដោយ​សារ​បញ្ជី​ឈ្មោះ​នោះ​​​ត្រូវ​បាន គ.ជ.ប. ទទួល​ស្គាល់​ជា​ផ្លូវ​ការ​រួច​ហើយ​ ដែល​ផ្ទុយ​គ្នា​នឹង​ព័ត៌មាន​ផ្ដល់​ឲ្យ​ដោយ​អ្នក​ជំនាញ​ផ្នែក​ច្បាប់​ម្នាក់​មក​ពី​​គណៈកម្មាធិការ​នេះ​ កាលពី​លើក​មុន​។

​សេចក្ដី​​ប្រកាស​នេះ មិន​បាន​​លើក​ឡើង​ពី​​មេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​​លោក សម រង្ស៊ី ដែល​ទទួល​បាន​​​ព្រះ​រាជ​ទាន​លើក​លែង​ទោស​ពី​ព្រះ​មហាក្សត្រ​ កាលពី​សប្ដាហ៍​មុន​ ដែល​អនុញ្ញាត​ឲ្យ​លោក​វិល​ត្រឡប់​មក​ប្រទេស​​កម្ពុជា​វិញ ដើម្បី​ចូល​រួម​ធ្វើ​យុទ្ធនាការ​ឃោស​នា​រក​សំឡេង​ឆ្នោត​ដោយ​មិន​មាន​ការ​ភ័យ​ខ្លាច​ ក្នុង​ការ​ចាប់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ទោស​ជាប់​ពន្ធនាគារ​រយៈពេល​១១ឆ្នាំ​នោះ​ទេ​ ហើយ​ សេចក្ដី​​ប្រកាស​​នេះ​ឆ្លើយ​តប​ទៅ​នឹង​ចម្ងល់​​​ដែល​ថា តើ​លោក​ សម រង្ស៊ី អាច​មាន​លទ្ធ​ភាព​​ឈរ​ឈ្មោះ​ ឬ​បោះ​ឆ្នោត​បាន​ ឬ​អត់​នោះ​​។

សេចក្ដី​​ប្រកាស​ដដែល​​​បាន​ឲ្យ​ដឹង​ថា  កាល​បរិច្ឆេទ​​​​​នៃ​ការ​ចុះ​​បញ្ជី​ឈ្មោះ​បេក្ខ​ជន​សម្រាប់​ការ​បោះ​ឆ្នោត​បាន​បញ្ចប់​ កាលពី​ថ្ងៃ​ទី​១២ ខែ​មិថុនា​ គឺ​ដូច​គ្នា​នឹង​​​កាល​កំណត់​សម្រាប់​ការ​ចុះ​ឈ្មោះ​អ្នក​បោះ​ឆ្នោត​ផង​ដែរ។ សេចក្ដី​​ប្រកាស​​ដដែល​បាន​បន្ត​ថា “ ទោះ​​ជា​យ៉ាង​ណា​បញ្ជី​ឈ្មោះ​គណបក្ស​នយោ​បាយ និង​បញ្ជី​ឈ្មោះ​បេក្ខ​ជន​​តំណាង​រាស្រ្ត​របស់​ខ្លួន​ដែល​ត្រូវ​បាន​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ទទួល​​យក​ជា​ផ្លូវការ​រួច​ហើយ​​នោះ​មិន​អាច​​​​​ធ្វើការ​ផ្លាស់​ប្តូរ​បាន​ទេ​”​។

លោក សម រង្ស៊ី ត្រូវ​បាន​ គ.ជ.ប. លប់​ឈ្មោះ​​ចេញ​ពី​បញ្ជីឈ្មោះ​បោះ​ឆ្នោត ឬ​មិន​ឲ្យ​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​តំណែង​នាយក​រដ្ឋ​មន្ត្រី​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោកបាន​ទេ ដោយ​សារ​លោក​មាន​ទោស​ព្រហ្មទណ្ឌ។

លោក សម រង្ស៊ី ត្រូវ​បាន​ព្រះ​មហាក្សត្រ​ ព្រះ​រាជទាន​លើក​លែង​ទោស​អនុញ្ញាត​ឲ្យ​លោក​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ​​ក្នុង​នាម​ជា​មនុស្ស​មាន​សេរី​ភាព ហើយ​បាន​អំពាវ​នាវ​​ទៅ​សហគមន៍​ជាតិ​ និង​អន្តរជាតិ​​ឲ្យ​គេ​អនុញ្ញាត​ឲ្យ​​​លោក​បាន​ឈរ​ឈ្មោះ​​ក្នុង​​ការ​បោះ​ឆ្នោត​​នេះ​។

កាលពី​ថ្ងៃច័ន្ទ មន្ត្រី​ផ្នែក​ច្បាប់​​​​​សំខាន់​មួយ​រូប​ប្រចាំ​ គ.ជ.ប. គឺ​លោក កែវ ផល្លា បាន​មាន​ប្រសាសន៍​ថា គ.ជ.ប.​អាច​អនុញ្ញាត​ឲ្យ​ចុះ​ឈ្មោះ​លោក សម រង្ស៊ី ជា​អ្នក​បោះ​ឆ្នោត​ និង​ជា​បេក្ខ​ជន​សម្រាប់​ការ​បោះ​ឆ្នោត​បាន​​ ប្រសិន​​បើ​លោក​​ធ្វើ​សំណើ​​មក​គ.ជ.ប.។

លោក ទេព នីថា អគ្គលេខា​ធិការ​​គណៈ​កម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​មាន​ប្រសាសន៍​​កាល​ពី​ម្សិល​មិញ​ថា ​​​សេចក្ដី​​ប្រកាស​​នេះ​​ មាន​គោល​បំណង​​​បញ្ជាក់​អំពី​បញ្ហា​នេះ​ និង​ច្រាន​ចោល​យ៉ាង​ដាច់​អហង្ការ​នូវ​លទ្ធភាព​​ណាមួយ​ដែល​ថា លោក សម រង្ស៊ី ដែល​នឹង​ត្រូវ​ត្រឡប់​មកដល់​​ប្រទេស​កម្ពុជា​នៅ​ព្រឹក​ថ្ងៃសុក្រ​នោះ អាច​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​ ឬ​​​បោះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា​បាន​នោះ​។

លោក​មាន​ប្រសាសន៍​បន្ត​ថា “ តាម​ពិត​ គ.ជ.ប. ចង់​បញ្ជាក់​ជូន​សាធារណជន​កុំ​ឲ្យ​យល់​ច្រឡំ​ថា​ គ.ជ.ប. មាន​សិទ្ធិ​បញ្ចូល​ឈ្មោះ​របស់​គាត់​សម្រាប់​បេក្ខ​ជន​នាយក​រដ្ឋមន្ត្រី និង​មាន​សិទ្ធិ​បោះ​ឆ្នោត​ឡើង​វិញ​បាន​​ ប្រសិន​បើ​គណបក្ស​សង្គ្រោះ​ជាតិ​ដាក់​សំណើ​នោះ។

លោក នីថា​ មាន​ប្រ​សាសន៍​បន្ត​”ថា  គ.ជ.ប.​ មិន​មាន​សិទ្ធិ​ដូច្នេះ​បាន​ទេ ហើយ​មិន​មាន​ច្បាប់​ដែល​អាច​ដោះ​ស្រាយ​បញ្ហា​បែប​នេះ​​ដែរ” គឺ​​ផ្ទុយ​គ្នា​នឹង​ទស្សនៈ​របស់​លោក ផល្លា លើ​ចំណុច​នេះ​ដែល​​ថា ​លោក សម រង្ស៊ី ​អាច​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​បាន​។ លោក​ថ្លែង​បន្ត​ទៀត​ថា “ គាត់​គ្មាន​សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត​ឬ​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​បាន​ទេ​”។

លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​មាន​ប្រសាសន៍​ថា គណ​បក្ស​​របស់​លោក​អាច​ពិភាក្សា​ពី​បញ្ហា​នេះ​​​នៅ​ពេល​លោក សម រង្ស៊ី ត្រឡប់​មក​កម្ពុជា​វិញ​។

លោក ជាម យៀប សមាជិក​សភា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា​លោក​ សម រង្ស៊ី នឹង​មិន​អាច​ចុះ​​ឈ្មោះជា​បេក្ខ​ជន​សម្រាប់​ការ​បោះ​ឆ្នោត​នេះ​​បាន​ឡើយ​។ លោក​ ជាម យៀប មាន​ប្រសាសន៍​បន្ត​ថា  “ ទោះ​បី​ជា​លោក​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ ព្រះ​រាជ​​ទាន​លើក​លែង​ទោស​ក៏​ដោយ​ គាត់​គឺ​ជា​មនុស្ស​ធម្មតា​ម្នាក់​មិន​មែន​ជា​បេក្ខជន​គណបក្ស​នយោបាយ​សម្រាប់​ការ​បោះ​ឆ្នោត​នោះ​ទេ​”៕

ប្រែសម្រួល​ដោយ ឃិន ណៃ​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស