28.4 C
Phnom Penh

ការធ្វើ​ចំណាក​ស្រុក​របស់​ប្រ​ជា​​ពល​រដ្ឋ បង្ក​ឧបសគ្គបន្ថែមដល់​ការ​ចូលរួម​នៅក្នុង​ការ​បោះ​ឆ្នោត​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការ​ធ្វើចំណាក​ស្រុករបស់​ប្រជា​ពល​រដ្ឋ​កាន់​តែ​ច្រើន​ឡើង​មក​កាន់​តំបន់​ក្រុង ដោយ​​មិន​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោតនៅ​តាម​មណ្ឌល​​បោះ​​ឆ្នោត​ថ្មីៗរបស់​ខ្លួន​នោះ កំពុង​ធ្វើ​ឲ្យ​បណ្តា​​​​អ្នក​សង្កេតការណ៍​បោះ​ឆ្នោត​ព្រួយ​បារម្ភ​ថា អ្នក​បោះ​ឆ្នោត​ជា​ច្រើន​នឹង​មិន​វិល​ត្រឡប់​ទៅ​​ស្រុក​កំណើត​ដើម្បីចូល​រួម​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា ឡើយ។

អ្នក​ទៅ​បោះ​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​​ជ្រើស​តាំង​តំណាង​រាស្ត្រ​​​ក្នុង​ប្រទេស​កម្ពុជា មាន​ចំនួន​ច្រើន​បំផុតនៅ​ឆ្នាំ​១៩៩៣ ដែល​នៅ​ពេល​នោះ​៩៣​ភាគ​រយ​នៃ​អ្នក​បោះ​​ឆ្នោត​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ប្រមាណ​៥​លាននាក់ បាន​បង្ហាញ​វត្ត​មាននៅ​តាម​ការិ​យា​ល័យ​បោះ​ឆ្នោត។ទោះ​បីជាអ្នក​បោះ​ឆ្នោត​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០០៣ និងឆ្នាំ​២០០៨​មាន​ចំនួនច្រើន​ជាង​ក្តី​ ក៏​ចំនួន​អ្នក​ទៅ​បោះ​ឆ្នោត​បាន​ធ្លាក់​ចុះ​មក​នៅ​៨៣​ភាគ​រយ​​ក្នុង​ឆ្នាំ២០០៣ និង​៧៥,៧​ភាគ​រយ​ក្នុង​ឆ្នាំ​២០០៨។

លោក មឿន តុលា ប្រធាន​កម្មវិធី​ការងារ​នៃ​​​មជ្ឈ​មណ្ឌល​អប់រំច្បាប់​សម្រាប់​សហ​គមន៍​ថ្លែង​​​ថា ជា​ធម្មតា​​ប្រជា​ពល​រដ្ឋភាគ​ច្រើន​​​ដែល​បាន​ផ្លាស់ប្តូរ​ទីលំនៅ​ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​មិន​ចុះ​ឈ្មោះ​បោះ​ឆ្នោតនៅ​កន្លែង​ស្នាក់​នៅ​ថ្មី​របស់​ខ្លួន​ទេដោយ​​សារតែ​ដំណើរ​​​ការ​​​ចុះ​​​​​​ឈ្មោះ​​​ស្មុគ​ស្មាញ​​​ដែល​តម្រូវ​ឲ្យ​មាន​​​ឯក​​​សារ​​​​សម្គាល់​អត្ត​សញ្ញាណ​និង​ទីលំនៅ​​អចិន្ត្រៃយ៍​​​។

លោកថ្លែង​​​​ថា “ ច្បាប់​នេះ​បង្ក​ការ​លំបាក​ដល់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​កន្លែង​ថ្មី។​​​ដូច្នេះ​ប្រជាពលរដ្ឋ​នៅ​តែត្រូវ​ចុះ​ឈ្មោះ​នៅ​តាម​​ខេត្ត​ដែល​ជា​ស្រុក​កំណើត​របស់​ពួក​​​គាត់”។លោក​បាន​បន្ត​​​​ថា ទោះ​បីជា​បណ្តា​    និ​​​យោ​ជក​ទំនង​ជា​នឹង​អនុញ្ញាតឲ្យ​​បុគ្គលិក​របស់​ខ្លួន​ឈប់​សម្រាក​បី​ថ្ងៃ​​សម្រាប់​​​​​ការ​​ធ្វើ​ដំណើរ​ទៅ​ស្រុក​ ដើម្បី​បោះ​ឆ្នោត​ក្តី ក៏​មិន​ធានាថា ពួកគេ​ប្រាកដ​ជា​ទៅ​ដែរ។

លោក​ថ្លែង​​​ថា “ បញ្ហាចម្បង​​​​ត្រង់ថា នៅ​ថ្ងៃ​បោះ​ឆ្នោត​កម្មករនិយោ​ជិត​​ស្ថិតក្នុង​រាជ​ធានីភ្នំពេញ​នៅ​ឡើយ។​ប្រជា​​ពល​រដ្ឋ​ភាគ​​​​ច្រើនរកប្រាក់​ចំណូល​បាន​ទាប​ណាស់ ហើយ​ត្រូវ​ចំណាយ​ច្រើន​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅខេត្ត​របស់​ពួកគាត់​ដើម្បី​បោះ​ឆ្នោត”។

លោកស្រី ឡូរ៉ា ថនតុន (Laura Thornton) ប្រធាន​ប្រចាំ​ប្រទេស​កម្ពុជា  នៃ​វិទ្យាស្ថាន​ជាតិ​ប្រជា​ធិបតេយ្យ ដែល​មាន​មូលដ្ឋាន​នៅ​ក្នុងសហរដ្ឋអាមេរិក  បាន​មាន​​ប្រ​សាសន៍​ថា សវនកម្ម​លើ​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​នៅ​ឆ្នាំ​នេះបាន​រក​ឃើញ​ថា ១៧,១ភាគ​រយ​នៃ​អ្នក​បោះ​ឆ្នោត​ដែល​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​រួច​ មិន​​ប្រាកដ​ថា​កំពុង​រស់​នៅ​កន្លែង​ដែល​ពួក​គាត់​បានចុះ​ឈ្មោះ​បោះ​ឆ្នោត​នោះទេ។

ប្រសិន​បើលទ្ធ​ផល​នៃ​សវនកម្ម​នេះ​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស  ​មាន​ន័យ​ថា អ្នក​បោះ​​​ឆ្នោត​ដែល​បាន​ចុះ​ឈ្មោះ​រួច​ចំនួន​១,៦៥​លាន​​នាក់​ត្រូវ​ធ្វើ​ដំណើរ​ទៅ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា។

លោក គល់ បញ្ញា ប្រធាន​អង្គការ​គណៈ​កម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី​និងយុត្តិ​ធម៌​នៅ​កម្ពុជា   ហៅ​កាត់​ថា ខុម​ហ្វ្រែល ​ថ្លែង​​​ថា  លោក​គិត​ថា ប្រជា​ពល​​រដ្ឋ​នឹង​ខំ​​ប្រឹង​​​ប្រែង​​​​​វិល​ត្រឡប់​ទៅ​ខេត្ត​របស់​ពួកគាត់​វិញ ​ពីព្រោះ​ពួកគាត់ចាប់​អារម្មណ៍​ខ្លាំង​ណាស់​លើ​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​នេះ។លោកបន្តថា “ ខ្ញុំ​គិត​ថា នឹង​មាន​ប្រជា​ពល​រដ្ឋ​បោះ​ឆ្នោត​​​កាន់​​​តែ​ច្រើន ​ពីព្រោះ​សកម្ម​ភាព​ធ្វើ​យុទ្ធ​នាការ​ឃោស​នា​មាន​ភាព​​​ខ្លាំង​ក្លា​ណាស់”។

ក្រៅ​ពីក្តី​បារម្ភ​អំពី​ចំនួន​អ្នក​បោះ​ឆ្នោត​ដែល​នឹង​ទៅ​បោះ​ឆ្នោត​ក្នុង​ថ្ងៃ​បោះ​ឆ្នោត​ បណ្តា​អ្នក​សង្កេត​ការណ៍​បោះ​ឆ្នោត​លើក​ឡើង​​ថា រដ្ឋាភិបាល​មិន​បាន​ខំ​ប្រឹង​ប្រែង​គិត​គូរ​អំពី​ការ​ប្រែប្រួលទីតាំង​ភូមិ​សាស្ត្រ​​ក្នុង​ប្រទេស​ក្នុង​រយៈពេលប្រាំ​ឆ្នាំ​កន្លង​មក​នេះ​ទេ ​នៅពេល​បែង​ចែក​ចំនួនអាសនៈ​សភា​សម្រាប់​ប្រជែង​យក​ទូទាំង​ប្រទេស។

ទោះ​បីជា​សាលារាជធានីភ្នំពេញប៉ាន់​ប្រមាណ​ថា ​ពេលនេះមាន​ប្រជា​ពល​រដ្ឋ​ប្រមាណ​២លាននាក់​រស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ក្តី ក៏​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត ហៅ​កាត់​ថា គ.ជ.ប. លើក​ឡើង​ថា ប្រជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​រាជ​ធានីភ្នំ​ពេញ ​មាន​ត្រឹម​តែ​១,៣លាន​នាក់​ប៉ុណ្ណោះ។

យោងតាម​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​បាន​ឲ្យ​ដឹងថា ប្រ​ជា​ពល​រដ្ឋ​មិន​​ដល់​​១លាន​នាក់​ផងទេ​ដែល​បាន​ចុះ​ឈ្មោះ​​បោះ​ឆ្នោត​ពិត​ប្រាកដ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ​ដែលមាន១២អាសនៈ។ តួលេខនោះ​ប្រៀប​ធៀប​ជាមួយ​នឹង​តួ​​​លេខ​​​ខេត្ត​កំពង់​ចាម ជា​ខេត្ត​កំណើត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ដែល​ភាគ​ច្រើន​ជា​តំបន់​ជន​បទ​ដាច់​ស្រយាល និង​ដែល​​​លោក ហ៊ុន ណេង បង​ប្រុស​របស់​លោក​ធ្វើ​ជា​អភិបាល​ខេត្ត​នេះ​​រហូត​មក​ទល់​នឹង​ដើម​ឆ្នាំ​នេះ​ ដែល​មាន​អ្នក​​​ចុះ​ឈ្មោះ​បោះ​ឆ្នោត​១,២៨៥​លាន​នាក់​ និង​មាន​១៨​​​អាសនៈ​​​។

ហើយ​ថ្វី​បើ​មាន​កំណើន​សេដ្ឋកិច្ច​ និង​ការ​ផ្លាស់​​ប្តូរ​ទី​លំនៅ​​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​​​​ប្រទេស​ក្ដី​ ក៏ខេត្ត​នីមួយៗ​ក្នុង​ចំណោម​ខេត្ត​ចំនួន​ប្រាំបួន​នៅ​តែ​មាន​មួយ​អាសនៈ​ដដែល​។ ដោយ​ស្ទើរតែ​គ្មាន​សង្ឃឹម​ឈ្នះ​សោះ  គណបក្ស​ប្រឆាំង​​មិន​បាន​ប្រើ​ប្រាស់​ធនធាន​សំខាន់​ៗធ្វើ​យុទ្ធនា​ការ​​ឃោសនា​នៅ​ក្នុង​តំបន់​ទាំង​នេះ​ទេ​។

ជា​ឧទាហរណ៍​ ខេត្ត​ព្រះ​សីហនុ ដែល​មាន​​​​កំពង់​ផែ​និង​តំបន់​សេដ្ឋកិច្ច​ពិសេស​កើន​ឡើង​ មាន​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​១២៧.០០០​​​​នាក់​សម្រាប់​អាសនៈ​តែ​មួយ​របស់​ខ្លួន​ បើ​ប្រៀប​​​​ធៀប​ទៅ​នឹង​​មធ្យម​ភាគ​នៃ​អ្នក​ចុះ​ឈ្មោះ​បោះឆ្នោត​​៧៨.៦៦០​នាក់​ក្នុង​មួយ​​​អាសនៈៗនៅ​ទូទាំង​ប្រទេស​។

នៅ​​​ខេត្ត​រតនគិរី​​ កន្លែង​ដែល​ដី​សម្ប​​​ទាន​សេដ្ឋកិច្ច​កំពុង​ប្រែ​ក្លាយ​ខេត្ត​ខ្ពង់​រាប​មួយ​នេះ​ទៅ​ជា​មជ្ឈមណ្ឌល​កសិ​ឧស្សា​ហកម្ម​នោះ​​​​ អ្នក​បោះ​ឆ្នោត​៨៤.០០០​នាក់​​បាន​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ ប៉ុន្តែ​អាជ្ញាធរ​​ខេត្ត​​នេះ​ប៉ាន់​​​​ប្រមាណ​​​​ថា ប្រជា​ពល​រដ្ឋ​មាន​១៦០.០០០​​​​​​​​​​​​​នាក់​ ពោល​គឺ​​កើនឡើង​យ៉ាង​ឆាប់​​​​រហ័ស​។

នៅ​ក្នុង​រយៈ​ពេល​មួយ​ទសវត្សរ៍​កន្លង​  មក​នេះ​ ចំនួន​ប្រជាពល​រដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​​​បាន​កើន​ឡើង​ជាង​១៥​ភាគរយ​ ពី​១២,៩៣​លាន​នាក់​នៅ​​​ក្នុង​ឆ្នាំ​២០០៣​ ដល់​១៤,៨៦​លាន​នាក់​ក្នុង​ឆ្នាំ​២០១២ នេះ​បើ​យោង​តាម​តួលេខ​របស់​ធនាគារ​ពិភព​លោក​ ហើយ​អំឡុង​ពេល​​នោះ​ ប្រជាពល​រដ្ឋ​មួយ​ចំនួន​ធំ​បាន​ផ្លាស់​ប្ដូរ​ទីលំនៅ​​ទៅ​ចំណុច​កណ្ដាល​​​​ក្រុង​ ដើម្បី​ស្វែង​រក​ការងារ​ធ្វើ​។

កាល​ពី​ឆ្នាំ​មុន​ គណៈ​កម្មាធិការ​មួយ​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ច្រាន​ចោល​ការ​បន្ថែម​ ឬ​ការ​បែង​ចែក​ឡើង​វិញ​នូវ​ចំនួន​អាសនៈ​សភា​​១២៣​អាសនៈ​ ថ្វី​បើ​ច្បាប់​បោះឆ្នោត​​តម្រូវ​ឲ្យ​ធ្វើ​បែប​នេះ​ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា ការ​បោះឆ្នោត​ស្រប​តាម​សមាមាត្រក្តី​​​។

កាលពី​ម្សិលមិញ​ លោក​ សម រង្ស៊ី​ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​ដោយ​លើក​ឡើង​ថា​ ចាំបាច់​ត្រូវ​បង្កើន​ចំនួន​អាសនៈ​សភា។

លោក​ សម រង្ស៊ី លើក​ឡើង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍នោះថា “ បី​អាណត្តិ​ជាប់ៗ​​​​គ្នា​កន្លង​មក​ (១៩៩៨-២០០៣  ២០០៣-២០០៨ ​​​២០០៨-២០១៣) និង​សម្រាប់​អាណត្តិ​បន្ទាប់​ ​​​(២០១៣-២០១៨) គណបក្ស​ប្រជា​​​ជន​កម្ពុជា​ កាន់​អំណាច​តែង​តែ​បង្ខំ​ឲ្យ​អនុវត្ត​​​តាម​​​សេចក្ដី​សម្រេច​របស់​ខ្លួន​រក្សា​ទុក​ចំនួន​អាសនៈ​​​​​​​សភា​​ឲ្យ​នៅ​១២៣​អាសនៈ​ដដែល​”។ លោក​​​​​មាន​ប្រសាសន៍​​​បន្ត​​​​ថា “ មូល​​​ហេតុ​​​​គឺ​​​ដោយសារ​​​​​តែ​​​ពួក​គេ​ដឹង​ថា​​​ ប្រសិន​​​បើ​​​មាន​​​​​​​ប្រព័ន្ធ​បោះ​ឆ្នោត​សមា​មាត្រ​​និង​រូប​មន្ត​​បែង​ចែក​អាសនៈ​​​ដូច​​​​​​​ក្នុង​​​ពេល​បច្ចុប្បន្ន​នេះ ​​​ការ​បង្កើត​អាសនៈ​បន្ថែម​​ណាមួយ​​​ ភាគច្រើន​​​​​​​​​​គឺ​​​នឹង​បានមក​លើ​គណបក្ស​ប្រឆាំង​”៕​​​

(រាយការណ៍​បន្ថែម​ដោយ ផន​ បុប្ផា)
ប្រែ​សម្រួល​ដោយ​ តែម សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស