27 C
Phnom Penh

សាច់ញាតិលោក សុខ អាន ក្លាយ​​ជា​ប្រធាន​អាជ្ញាធរ​ប្រេង​កាតជាតិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ដើម​ឆ្នាំ​នេះ​ រដ្ឋា​ភិបាល​បាន​តែង​តាំង​លោក សុខ ខាវ៉ាន់ ក្មួយ​ប្រុស​របស់​លោក​​ឧប​នាយក​រដ្ឋ​មន្ត្រី​ សុខ អាន​ ឲ្យ​កាន់​តួ​នាទី​ជា​អគ្គ​នាយក​អាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា ជា​ស្ថាន​ប័ន​កំពូល​គ្រប់គ្រង​ការ​រុក​រក និង​ការ​ទាញ​​យក​ប្រេង​និង​ឧស្ម័ន​នៅ​កម្ពុជា។

មន្ត្រី​រដ្ឋបាល​មួយ​រូប​នៅ​អាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា ដែល​បដិសេធ​មិន​ប្រាប់​ឈ្មោះ​​​បាន​និយាយថា លោក ខាវ៉ាន់ បាន​កាន់​​តំណែង​បន្ត​ពី​អតីត​អគ្គនាយក​គឺ លោក តែ ដួងតារា កាល​ពី​ខែ​មករា។ ឯកសារ​អាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា ដែល​គេ​បាន​​ឃើញ​នៅ​​ការិយាល័យ​អាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា​កាល​ពី​ម្សិល​មិញ​មាន​ហត្ថលេខា​ និង​តួនាទី​ថ្មី​របស់​លោក ខាវ៉ាន់។​

លោក ខាវ៉ាន់ ជា​កូន​ប្រុស​របស់​លោក សុខ ​ផេង ដែល​ជា​ប្អូន​ប្រុស​របស់​ លោក សុខ​ អាន ​និង​ជា​រដ្ឋ​លេខា​ធិការ​ក្រសួង​សុខាភិបាល​។ លោក ផេង ក៏​កំពុង​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​​តំណាង​រាស្ត្រ​គណ​បក្ស​ប្រជា​ជន​កម្ពុជា​​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នៅ​ខែ​នេះ រួម​ជាមួយ​លោក សុខ សុខន អាយុ​​៣០​ឆ្នាំ ដែល​ជា​កូន​ប្រុស​របស់​លោក សុខ អាន​ ផង​ដែរ។

ពេល​ទទួល​បាន​​តំណែង​ជាន់​ខ្ពស់​នៅ​អាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា​នេះ លោក ខាវ៉ាន់ ធ្វើ​ការ​ជាមួយ​លោក ឌៀប សិរីវិសិដ្ឋ ជាក្មួយ​ប្រុស​ម្នាក់​ទៀត​របស់​លោក សុខ អាន ដែល​ជា​អគ្គនាយក​រង​នៃ​អាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា។ មន្ត្រី​រដ្ឋ​បាល​ដែល​ធ្វើ​ការ​នៅ​អាជ្ញា​ធរ​ប្រេង​កាត​ជាតិ​​ដែល​ស្ថិត​នៅ​តាម​មហា​វិថី​សហ​ព័ន្ធ​រុស្ស៊ីរូប​នេះ​បាន​និយាយ​កាល​ពី​ម្សិល​​មិញ​ថា “ លោក សុខ ខាវ៉ាន់ ត្រូវ​​បាន​តែង​តាំង​​ជា​អគ្គនាយក​ស្តីទី​កាល​ពី​ឆ្នាំ​មុន និង​​ត្រូវ​បាន​តែង​តាំង​ជា​ផ្លូវ​ការ​កាល​ពី​ខែ​មករា​ ឆ្នាំ​នេះ”។

លោក ខាវ៉ាន់ ដែល​ទំនង​ជា​មាន​អាយុ​ជិត​​៣០​ឆ្នាំ ឬជាង​៣០​ឆ្នាំ​បន្តិច​បន្តួច​ និង​មាន​មុខ​មាត់​ដូច​ឪពុក​មា​របស់​គាត់​នោះ​ ក៏​ជា​​ភាគ​ហ៊ុន​ម្នាក់​នៅ​ការិយាល័យ​មេធាវី សុខ និង​ ហេង នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​ផង​ដែរ។ គាត់​ក៏​ជា​អគ្គ​លេខា​ធិការ​រង​គណៈ​មេធាវី​នៃ​ព្រះ​រាជា​ណា​​ចក្រ​កម្ពុជា​ និង​ជា​សមាជិក​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​ផង​ដែរ។

យោង​តាម​គេហ​ទំព័រ​របស់​ក្រុម​ហ៊ុន​នេះ​ លោក ខាវ៉ាន់ បាន​ទទួល​សញ្ញាបត្រ​ច្បាប់​ពី​សាកល​វិទ្យា​ល័យ សេន ល្វីស (Saint Louis) នៅ​សហ​រដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០០៦។ គេ​ហទំព័រ​របស់​ការិយាល័យ​មេធាវី​នេះ និយាយ​ពី​លោក ខាវ៉ាន់ ថា “ ដោយ​មាន​ឯក​ទេស​ផ្នែក​ពាណិជ្ជ​កម្ម​ និង​ប្រតិបត្តិ​ការសាជីវ​កម្ម​អន្តរជាតិ គាត់​បាន​ធ្វើ​ការ​ជា​មួយ​ស្ថាប័ន​ហិរញ្ញ​វត្ថុ​ធំៗ​ និង​ក្រុម​ហ៊ុន​សា​ជីវកម្ម​អន្តរ​ជាតិ​​នានា តាង​នាម​ឲ្យ​ស្ថាប័ន​រដ្ឋា​ភិបាល​ និង​ក្រៅ​រដ្ឋាភិបាល​ជា​ច្រើន​”។

លោក ខាវ៉ាន់ មិនអាច​ទាក់​ទង​សុំការ​អត្ថា​ធិប្បាយ​បាន​ទេ ហើយ​ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​ក្រិក។ លោក ដួងតារា ដែល​បាន​លា​ឈប់​ពី​តំណែង​​កាល​ពី​ឆ្នាំ​២០១១ ហើយ​ចាប់​តាំង​ពី​​ពេល​នោះ​មក បាន​បង្កើត​​ចម្កា​រស្ត្រប៊ឺរីមួយ​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី​​នោះ បាន​និយាយ​ថា ការ​តែង​តាំង​នេះ​គឺ​ជា​សេចក្តី​សម្រេច​របស់​លោក​នាយក​រដ្ឋ​មន្ត្រី  ហ៊ុន សែន និង​លោក សុខ អាន។

លោក ដួងតារា បាន​និយាយថា “ អ្នក​អាច​​សួរ​ សុខ ខាវ៉ាន់ ពីព្រោះ​គាត់​គឺ​ជា​សាច់​ញាតិ​របស់​ សុខ អាន។ អ្នក​គួរ​សួរ​គាត់​វិញ ប្រសើ​រ​ជាង​សួរ​ខ្ញុំ ពីព្រោះ​ខ្ញុំ​មិន​បាន​ធ្វើ​សេចក្តី​សម្រេច​​តែង​តាំង​​នេះ​ទេ​។ នេះ​គឺ​ជា​សេចក្តី​សម្រេច​របស់​​នាយក​រដ្ឋ​មន្ត្រី និង​ សុខ អាន”។

អាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា​ត្រូវ​បាន​រិះ​គន់​ជា​យូរ​មក​ហើយ​ចំពោះ​កង្វះ​តម្លា​ភាព​។ កាល​ពី​ឆ្នាំ​២០១១​ ធនាគារ​អភិ​វឌ្ឍន៍​អាស៊ី ​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​ថា អាជ្ញា​​ធរ​ប្រេង​កាត​ជាតិ​កម្ពុជាបាន​លាក់​បាំង​ព័ត៌មាន​​សំខាន់ៗ​ និង​មិន​សហ​ការ​ជាមួយ​អ្នក​ពិគ្រោះ​យោបល់​មក​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ដែល​ចូល​រួម​នៅក្នុង​គម្រោង​មួយ​មាន​ទឹក​ប្រាក់​ចំនួន​១​លាន​ដុល្លារ សម្រាប់​ពង្រឹង​អភិបាល​កិច្ច​នៅ​ស្ថាប័ន​នេះ។

របាយការណ៍​នោះ​បាន​លើក​ឡើង​ថា “ ការគ្រប់​គ្រង​របស់​ទី​ភ្នាក់​ងារ​ប្រតិបត្តិ​នេះ​បង្ហាញ​ពី​កង្វះ​កិច្ច​សហ​ប្រតិបត្តិការជា​មួយ​ក្រុម​ហ៊ុន​ពិគ្រោះ​យោបល់​ ដោយ​​រឹត​ត្បិត​ព័ត៌មាន​សំខាន់ៗ​ និង​មិន​ជំរុញ​ឲ្យ​បុគ្គលិក​នៅ​អាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា​បាន​ចូល​រួម​ច្រើន​នៅ​ក្នុង​កម្ម​វិធី​នេះ”។

កាល​ពី​ឆ្នាំ​២០០៩ អង្គការ​គ្លូបល វីត​ណេស ​(Global Witness) ជា​អង្គការ​ឃ្លាំ​មើល​បរិស្ថាន​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​បាន​លើក​​ឡើង​ថា លោក ដួងតារា បាន​រក្សា​ព័ត៌​មាន​​សម្ងាត់​នៅ​អាជ្ញា​ធរ​ប្រេង​កាត​ជាតិ​កម្ពុជា​ ​និង​បាន​តែង​តាំង​ “ ​បុគ្គលិក​ដែល​ជា​បក្ខពួក​របស់​គាត់​មក​ពី​ក្រសួង​ផ្សេងៗ​ទៀត​ ដោយ​មើល​រំលង​បុគ្គលិកដែល​មាន​ការ​បណ្តុះ​បណ្តាល​​ល្អ​នៅ​ក្នុង​អាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា​ និង​បាន​រក្សា​ឯក​សារ​ទុក​នៅក្នុង​ផ្ទះ​របស់​​គាត់​ជំនួស​ឲ្យ​ការិយាល័យ​។

ប្រភព​មួយ​ដែល​ដឹង​ពី​ប្រព័ន្ធ​ការ​ងារ​នៅ​អាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា​បាន​និយាយ​ថា ការ​តែង​តាំង​លោក ខាវ៉ាន់ នឹង​ធ្វើ​ឲ្យ​ស្ថាប័ន​របស់​រដ្ឋាភិបាល​នេះ​ល្អ​ប្រសើរ។ ប្រភព​នេះ​បាន​និយាយ​ពី​ក្មួយ​ប្រុស​របស់​លោក សុខ អាន រូប​នេះថា “ ​តាម​​យោបល់​ខ្ញុំ​ គាត់​គឺជា​មនុស្ស​ត្រឹម​ត្រូវ​សម្រាប់​ការ​ងារ​នេះ​ គាត់​ក្មេង​ មាន​ចិត្ត​មោះ​មុត​ ធ្វើ​ការ​ច្រើន​ និង​ស្មោះ​ត្រង់​ចំពោះ​ជាតិ​និង​នយោ​បាយ”។

អង្គការ​គាំទ្រ​តម្លា​ភាព​បាន​ស្នើ​ជា​យូរ​មក​ហើយ​ឲ្យ​មាន​ការ​បើក​ចំហ​ច្រើន​ទៀត​នៅ​ក្នុង​​ការ​ដែល​រដ្ឋា​ភិបាល​ធ្វើ​កិច្ច​ព្រម​ព្រៀង​ជាមួយ​​ក្រុម​ហ៊ុន​រុក​រក​ប្រេង​ និង​ឧស្ម័ន​ ​ហើយ​លោក​ ខាវ៉ាន់​ គ្រប់​គ្រង​អាជ្ញាធរ​ប្រេង​កាត​ជាតិ​កម្ពុជា​ ​នៅពេល​ដែល​គម្រោង​របស់​ក្រុម​ហ៊ុន​ប្រេង​ ឈេហ្វ រ៉ុន របស់​អាមេរិក​ប្រចាំ​កម្ពុជា​ ប្រឈម​​នឹង​ការ​បន្ត​ពន្យារពេល​ ដោយ​សារ​ជាប់​គាំង​លើ​ការ​ចរចា​អំពី​ការ​យក​ពន្ធ​លើ​ប្រាក់​ចំណូល​​ពី​ក្រុម​ហ៊ុន ឈេហ្វ រ៉ុន និង​ថា តើ​ក្រុម​ហ៊ុន​នេះ​ត្រូវ​បង់ពន្ធ​លើ​ប្រាក់​ចំណេញ​របស់​ភាគ​ហ៊ុន​នីមួយៗ​ដែរ​ ឬអត់​។

ក្រោយពី​​មាន​សម្ពាធ​កាន់​តែ​ខ្លាំង​ឡើង​ឲ្យ​រដ្ឋា​ភិបាល​បង្ហាញ​ព័ត៌មាន​ជា​សាធារណៈ​អំពី​ឧស្សាហកម្ម​និស្សារ​ណកម្ម​នោះ កាល​ពី​ឆ្នាំ​២០១០ លោក សុខ អាន បាន​ចេញ​សេចក្តី​​ថ្លែងការណ៍​លម្អិត​មួយ​ស្តី​ពីការ​ប្រើ​ប្រាស់​ប្រាក់​ចំណូល​ពី​​ប្រេង​ ឧស្ម័ន និង​រ៉ែ ដែល​ទទួល​​បាន​ពី​ក្រុម​ហ៊ុន​ឯក​ជន​នានា​ ពី​សំណាក់​រដ្ឋា​ភិបាល។

លោក សុខ អាន​ បាន​លើក​ឡើង​នៅ​ពេល​​នោះ​ថា រដ្ឋា​ភិបាល​បាន​ផ្តល់​អាជ្ញាប័ណ្ណ​រុក​រក​ប្រេង​ និង​ឧស្ម័ន​ទៅ​ឲ្យ​ក្រុម​​ហ៊ុន​ចំនួន​២៣​ក្រុម​ហ៊ុន។ ទោះ​ជា​យ៉ាងណា គណបក្ស​ប្រឆាំង​​បាន​លើក​ឡើង​ថា ចម្លើយ​ដែល​លោក ​សុខ អាន​ ផ្តល់​ឲ្យ​នោះ​មិន​គ្រប់​គ្រាន់​ទេ​ ហើយ​​លើក​ឡើង​ថា រដ្ឋា​ភិបាល​មិន​បាន​ប្រាប់​ពី​វិធី​ដែល​ខ្លួន​គ្រប់​គ្រង​ធន​ធាន​របស់​រដ្ឋ​ និង​មូល​និធិ​ដែល​ខ្លួន​បាន​ទទួល​ពី​ធន​ធាន​ទាំង​នោះ​ឡើយ​។

លោក សិរីវិសិដ្ឋ អគ្គនាយក​រង​អាជ្ញា​ធរ​ប្រេង​កាត​ជាតិ​កម្ពុជា បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​ពី​ការ​តែង​តាំង​បង​ប្អូន​ជីដូន​មួយ​របស់​គាត់​ជា​អគ្គនាយក​នោះ​ទេ​ ហើយ​បាន​បង្វែរ​សំណួរ​ទៅលោក ម៉ែន ដែន ជា​អ្នក​នាំ​ពាក្យ​អាជ្ញា​ធរ​ប្រេង​កាត​ជាតិ​កម្ពុជា។

នៅ​ពេល​ទាក់​ទង​កាល​ពីម្សិល​មិញ លោក ម៉ែន ដែន បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ឡើយ​។ ការ​ងារ​ថ្មី​របស់​លោក ខាវ៉ាន់ បង្ហាញ​ពី​ការ​បន្ត​និន្នាការ​របស់​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ក្នុង​ការ​តែង​តាំង​កូន​របស់​ខ្លួន​ និង​សាច់​ញាតិ​ផ្សេងៗ​​ទៀត​ឲ្យ​កាន់​មុខ​តំណែង​ជាន់​ខ្ពស់​ក្នុង​ជួរ​រដ្ឋា​ភិបាល​។

លោក ហោ ណាំបូរ៉ា កូន​ប្រុស​របស់​លោក ​ហោ ណាំ​ហុង រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​គឺ​ជាឯក​អគ្គ​រាជ​ទូត​កម្ពុជាប្រចាំ​ចក្រភព​អង់​គ្លេស ​និង​កូនប្រុស​របស់​គាត់​ម្នាក់​ទៀត​ឈ្មោះ ហោ មុនីរ័ត្ន​ ជា​ឯក​អគ្គ​រាជ​ទូត​ប្រចាំ​ប្រទេស​ជប៉ុន​។

សម្រាប់​ការ​បោះ​ឆ្នោត​ជាតិ​នៅ​ពេល​ខាង​​មុខ​នេះ កូនៗ​របស់​មេ​ដឹក​នាំ​ជាន់​ខ្ពស់​មួយ​ចំនួន​​នឹង​ឈរ​ឈ្មោះ​នៅ​ក្នុង​គណ​បក្ស​កាន់​អំណាច​ ដូចជា​លោក ហ៊ុន ម៉ានី ​កូន​ប្រុស​អាយុ៣១​ឆ្នាំ ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ដែល​កំពុង​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​តំណាង​រាស្ត្រ​ប្រចាំ​មណ្ឌលកំពង់​ស្ពឺ ចំណែក​ឯ​លោក ស សុខា អាយុ​៣២​ឆ្នាំ ​ជា​កូន​ប្រុស​របស់​លោក ស ខេង រដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ​​ឈរ​ឈ្មោះ​នៅក្នុង​ការ​បោះ​ឆ្នោត​នេះ​ប្រចាំ​មណ្ឌលព្រៃ​វែង​។

បេក្ខជន​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ផ្សេងៗ​ទៀត​ រួមមាន លោក សាយ សំអាល់​ អាយុ​៣៣​​ឆ្នាំ ជា​កូន​ប្រុស​របស់​លោក សាយ ឈុំ អនុ​ប្រធាន​ទី​១​ព្រឹទ្ធសភា​ មក​ពីគណបក្ស​ប្រជា​ជន​​កម្ពុជា និង​លោក ឌិត ទីណា អាយុ​៣៣​ឆ្នាំ កូន​ប្រុស​របស់​លោក ឌិត មន្ទីរ ប្រធាន​​តុលាការ​កំពូល​មក​ពី​គណ​បក្ស​ប្រជា​ជន​កម្ពុជា​។

លោក ឌី វិជ្ជា អាយុ​៣២​ឆ្នាំ កូន​​ប្រុស​របស់​សពលោក ហុក ឡងឌី អតីត​អគ្គ​ស្នង​ការ​នគរ​បាល​ជាតិមក​ពីគណ​បក្ស​ប្រជា​ជន​កម្ពុជា និង​ជា​ស្វាមីរបស់​លោកស្រី ហ៊ុន ម៉ាណា​ កូន​ស្រី​របស់​លោក ហ៊ុន សែន​ ក៏​ឈរ​ឈ្មោះ​ជា​បេក្ខ​ជន​បម្រុង​ប្រចាំ​ខេត្ត​ស្វាយ​រៀង​ផង​ដែរ៕

(រាយការណ៍បន្ថែមដោយ ផាន់ អាណា)
ប្រែ​សម្រួលដោយ មូល គឹមហឿន​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស