អ្នកយកព័ត៌មានរាប់សិបនាក់នឹងជួបជុំគ្នានៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅថ្ងៃនេះ ដើម្បីធ្វើសេចក្តីរាយការណ៍ព័ត៌មានអំពីព្រឹត្តិការណ៍មួយក្នុងចំណោមព្រឹតិ្តការណ៍ធំបំផុតប្រចាំឆ្នាំ នោះគឺការវិលត្រឡប់របស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អាប៉េ និងទីភ្នាក់ងារព័ត៌មានផ្សេងៗទៀតនឹងបង្ហាញវត្តមាននៅទីនោះ ប៉ុន្តែ មន្ត្រីនៅទីភ្នាក់ងារព័ត៌មានរដ្ឋនិងមិត្តរួមអាជីពរបស់ខ្លួននៅ ទីភ្នាក់ងារព័ត៌មានឯកជន ដែលគាំទ្រគណបក្សកំពុងកាន់អំណាចបានឲ្យដឹងថា ខ្លួនមិនចាប់អារម្មណ៍ចំពោះព្រឹត្តិការណ៍នេះទេ។ស្ថានីយទូរទស្សន៍មួយចំនួនបានឲ្យដឹងថា ខ្លួននឹងបញ្ជូនអ្នកយកព័ត៌មានទៅទីនោះ ប៉ុន្តែ មិនប្រាកដថា តើព័ត៌មាននេះមានសារៈសំខាន់ល្មមនឹងចាក់ផ្សាយតាមទូរទស្សន៍ ឬវិទ្យុឬអត់ទេ ហើយចំណែកទូរទស្សន៍ជាតិកម្ពុជាវិញបានឲ្យដឹងថា ខ្លួនមិនចាប់អារម្មណ៍នឹងព្រឹត្តិការណ៍នេះឡើយ។
លោក កឹម គុណវឌ្ឍ អគ្គនាយកទូរទស្សន៍ជាតិកម្ពុជា បានមានប្រសាសន៍ដោយសំដៅលើក្រសួងព័ត៌មានថា “ យើងនឹងមិនធ្វើសេចក្តីរាយការណ៍ព័ត៌មានអំពីការវិលត្រឡប់របស់លោក សម រង្ស៊ី ឡើយ ពីព្រោះយើងមិនបានទទួលបញ្ជាពីថ្នាក់លើទេ”។
កាលពីថ្ងៃពុធ លោក កឹម គុណវឌ្ឍ បានឲ្យដឹងថា លោកមិនទាំងប្រាកដថា លោក សម រង្ស៊ី នឹងមកប្រទេសកម្ពុជាមែនឬអត់ផង ព្រោះក្រសួងព័ត៌មានមិនបានជូនដំណឹងទៅលោកទេ។ លោកបានមានប្រសាសន៍ថា “ ខ្ញុំទើបតែឮពាក្យចចាមអារ៉ាមថា គាត់នឹងវិលត្រឡប់មកវិញ ប៉ុន្តែ ខ្ញុំមិនបានឮអ្វីពីក្រសួងទេ។ ខ្ញុំមិនបានទទួលសេចក្តីប្រកាសផ្លូវការឡើយ”។
លោក យិន សូវី អ្នកគ្រប់គ្រងព័ត៌មាននៅទូរទស្សន៍ប៉ុស្តិ៍លេខ ៣ បានឲ្យដឹងថា បុគ្គលិករបស់លោកជាប់រវល់ធ្វើសេចក្តីរាយការណ៍ព័ត៌មានទាក់ទងនឹងការបោះឆ្នោត គ្មានពេលខ្វល់ពីលោក សម រង្ស៊ី ទេ។ លោកមានប្រសាសន៍ថា “ យើងនឹងមិនបញ្ជូននរណាម្នាក់ទៅយកព័ត៌មានអះពីការវិលត្រឡប់របស់លោក សម រង្ស៊ី នៅព្រឹកថ្ងៃសុក្រនេះទេ ពីព្រោះពេលនេះ យើងកំពុងតែយកព័ត៌មានអំពីយុទ្ធនាការឃោសនាបោះឆ្នោតនៅតាមបណ្តាខេត្ត”។
សា្ថនីយទូរទស្សន៍ធំៗចំនួនបីទៀត គឺទូរទស្សន៍ បាយ័ន ស៊ីធីអិន (CTN) និងទូរទស្សន៍អប្សរា បានបញ្ជាក់ថា ខ្លួននឹងបញ្ជូនក្រុមអ្នកយកព័ត៌មាន និងអ្នកថតរូបទៅអាកាសយានដ្ឋាន ប៉ុន្តែ នៅក្នុងចំណោមទូរទស្សន៍ទាំងបីនេះ គ្មានទូរទស្សន៍ណាមួយដែលប្រាកដថា ខ្លួននឹងចាក់ផ្សាយព័ត៌មានអំពីការវិលត្រឡប់របស់លោក សម រង្ស៊ី ឬការថ្លែងសុន្ទរកថារបស់លោកទៅកាន់អ្នកគាំទ្រជាង២០.០០០នាក់តាមការគ្រោងទុកនៅសួនសេរីភាពនោះឡើយ។
លោក ម៉ា យ៉ារិទ្ធ ប្រធានកម្មវិធីព័ត៌មាន អប្សរាណិតរបស់ទូរទស្សន៍អប្សរា បានមានប្រសាសន៍ដោយមិនបរិយាយលម្អិតអំពីលក្ខណៈនៃព័ត៌មានដែលស័ក្តិសមសម្រាប់ការចាក់ផ្សាយថា “ យើងនឹងបញ្ជូនអ្នកថតរូបម្នាក់និងអ្នកយកព័ត៌មានម្នាក់ទៅទីនោះ ប៉ុន្តែយើងមិនទាន់ច្បាស់ថា តើត្រូវចាក់ផ្សាយឬក៏អត់ទេ ព្រោះព័ត៌មានខ្លះមិនស័ក្តិសមសម្រាប់ការចាក់ផ្សាយឡើយ”។
គួរបញ្ជាក់ថា ទូរទស្សន៍អប្សរា ស្ថិតនៅក្រោមការគ្រប់គ្រងរបស់កូនប្រុសមន្ត្រីជាន់ខ្ពស់ក្នុងជួរគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ចំណែកទូរទស្សន៍ ស៊ីធីអ៊ិន របស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក្រោមការគ្រប់គ្រងរបស់លោក គិត ម៉េង ដែលត្រូវគេឃើញអមដំណើរជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជារឿយៗ និងទូរទស្សន៍បាយ័ន របស់លោកស្រី ហ៊ុន ម៉ាណា ដែលត្រូវជាកូនស្រីច្បងរបស់លោក ហ៊ុន សែន វិញឲ្យដឹងថា ខ្លួននឹងបញ្ជូនអ្នកយកព័ត៌មានទៅដែរ ប៉ុន្តែ មិនប្រាកដថា តើនឹងចាក់ផ្សាយព័ត៌មាននេះឬអត់ទេ។
លោក ប៊ុត បូវុត អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍នៅក្រសួងព័ត៌មានបានឲ្យដឹងថា ស្ថានីយទូរទស្សន៍ទាំងអស់ រាប់ទាំងទូរទស្សន៍ជាតិកម្ពុជាផង សុទ្ធតែធ្វើសេចក្តីសម្រេចដោយឯករាជ្យក្នុងការចាក់ផ្សាយព្រឹត្តិការណ៍នានា ហើយថា លោក គុណវឌ្ឍ មានសិទ្ធិសម្រេចថា តើទូរទស្សន៍ជាតិកម្ពុជានឹងធ្វើសេចក្តីរាយការណ៍ព័ត៌មានអំពីការវិលត្រឡប់របស់មេដឹកនាំគណបក្សប្រឆាំងរូបនេះឬអត់នោះ។
លោក បូវុត មានប្រសាសន៍ថា “ ក្រសួងបានចាត់តាំងលោក គុណវឌ្ឍ ឲ្យទទួលបន្ទុកលើការចាក់ផ្សាយ។ លោក គុណវឌ្ឍ ជាអ្នកទទួលខុសត្រូវក្នុងការបញ្ជូនអ្នកថតរូបនិងអ្នកយកព័ត៌មានទៅធ្វើសេចក្តីរាយការណ៍ព័ត៌មានអំពីព្រឹត្តិការណ៍ទាំងឡាយ”។
លោក ប៉ាង ងួនទៀង ប្រធានមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ បានធ្វើការរិះគន់សេចក្តីសម្រេចរបស់ទូរទស្សន៍ជាតិកម្ពុជាក្នុងការព្រងើយកន្តើយចំពោះព្រឹត្តិការណ៍នេះ។ លោក ងួនទៀង បានមានប្រសាសន៍ដោយសំដៅលើគណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន ថា “ សូម្បីតែទូរទស្សន៍ឯកជនក៏មិនចាក់ផ្សាយព្រឹតិ្តការណ៍នេះដែរ វាពិតជាមិនល្អសោះ។ ទូរទស្សន៍ជាតិកម្ពុជារឹតតែមិនល្អទៅទៀត ព្រោះវាដំណើរការដោយប្រើថវិការដ្ឋ ប៉ុន្តែបែរជាមិនចាក់ផ្សាយពីអ្វីដែលបានកើតឡើងក្នុងសង្គមទៅវិញ។ វាស្តែងឲ្យឃើញកាន់តែច្បាស់ថា ទូរទស្សន៍នេះមិនមែនជាទូរទស្សន៍រដ្ឋទេ វាជាទូរទស្សន៍របស់គណបក្ស”។
លោក ងួនទៀង បានលើកឡើងថា ការមិនចាក់ផ្សាយព្រឹត្តិការណ៍នេះ សបញ្ជាក់ឲ្យឃើញថា សាធារណជនកម្ពុជាមិនអាចពឹងផ្អែកលើស្ថានីយទូរទស្សន៍រដ្ឋ ឬឯកជនក្នុងការទស្សនាការវិលត្រឡប់របស់លោក សម រង្ស៊ី ដែលបានរស់នៅដោយការនិរទេសខ្លួនអស់រយៈពេលជាច្រើនឆ្នាំទេ។
លោក ងួនទៀង មានប្រសាសន៍ថា “ អ្នកគ្រប់គ្រងទូរទស្សន៍និងអ្នកគ្រប់គ្រងព័ត៌មានគឺមិនឯករាជ្យឡើយ។ ពួកគេលម្អៀងទៅខាងគណបក្សកាន់អំណាច ហើយពួកគេមិនចាក់ផ្សាយព្រឹត្តិការណ៍នេះ ដោយសារតែវាផ្តល់ប្រយោជន៍ដល់គណបក្សប្រឆាំង”។ លោកមានប្រសាសន៍បន្តថា ទូរទស្សន៍គឺជាប្រភពព័ត៌មានដ៏សំខាន់សម្រាប់ប្រជាជនជិតពាក់កណ្តាល។
លោកបានមានប្រសាសន៍ថា “ ពួកគេគ្មានឱកាសទស្សនាការវិលត្រឡប់របស់លោក សម រង្ស៊ី ទេ ហើយពួកគេនឹងមិនដឹងអំពីរឿងនេះឡើយ” ជាពិសេសគឺប្រជាជននៅតាមជនបទ ដែលប្រជាពលរដ្ឋពឹងផ្អែកលើប្រភពព័ត៌មានតែមួយ ដូចជាទូរទស្សន៍ និងវិទ្យុជាដើម គឺផ្ទុយពីតំបន់ក្រុង៕
ប្រែសម្រួលដោយ ចេវ ប៊ុននី