32 C
Phnom Penh

លោក កឹ​​​ម​​​ សុខា ធ្វើដំណើ​រទៅ​ក្រុង​បាងកក​ដើម្បី​អមដំណើរ​​​លោក​​​ សម រង្ស៊ី​​​​​​ មក​​​ប្រទេស​​​កម្ពុជាវិញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​នាំ​ពាក្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ឲ្យដឹង​​​កាល​ពី​ម្សិលមិញ​ថា​​​ លោក  ​​​សម ​​​រង្ស៊ី ​​​មេ​​​​​​​ដឹក​នាំ​​​គណបក្ស​​​ប្រឆាំង​​​ នឹង​មក​ដល់​​​ប្រទេស​​​​​​កម្ពុជា​វិញ​​​នៅ​​​ថ្ងៃនេះ​​​ ដោយ​មាន​​​ការ​​​អម​​​ដំណើរ​​​​​​ពី​​​​​​លោក​​​ កឹម​​​ សុខា អនុប្រធាន​​​គណបក្ស​​​ ​​​និង​​​មន្ត្រី​គណ​​​បក្ស​​​សង្គ្រោះ​​​ជាតិ​​​ផ្សេងៗ​ទៀត​​​។​​​​​​ 

លោក យឹម សុវណ្ណ​​​ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​សង្គ្រោះ​ជាតិ​​​ បាន​​​ឲ្យ​​​ដឹង​​​ថា  លោក​​​ កឹម​​​ សុខា ​​​ដែលបាន​​​ក្លាយ​​​ជា​​​ប្រធាន​​​ស្តី​​​ទី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​ចាប់​តាំង​​​ពី​លោក​​​ និង​លោក​​​សម​​​ រង្ស៊ី បាន​​​រួម​ដៃ​​​គ្នា​​​បង្កើត​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​​​​កាល​​​ពី​ឆ្នាំ​មុន ​​​ដើម្បី​​​ប្រកួត​​​ប្រជែង​​ក្នុង​​​ការ​​​បោះ​​​ឆ្នោត​​​​​​នា​​​ពេល​​​ខាង​​​មុខ​​​នោះ​​​​​​​ បាន​​​ធ្វើ​​​ដំណើរ​​​ទៅ​ទីក្រុង​​​បាងកក​​​កាល​ពី​​​ព្រឹក​ម្សិល​មិញ ​​​ដើម្បី​​​ឲ្យ​​​អ្នក​​​ទាំង​​​ពីរ​​​បាន​​​វិល​​​ត្រឡប់​មក​​​​​ប្រទេស​កម្ពុជា​វិញ​​​ជាមួយ​​​គ្នា​​​​​​។

គណបក្ស​សង្គ្រោះ​ជាតិ​រំពឹង​ថា​​​ នឹង​​​មាន​អ្នក​គាំទ្រ​យ៉ាង​តិច​​២០.០០០នាក់​ទៅ​ជួប​ជុំ​គ្នា​នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ​​​នៅ​ព្រឹក​នេះ​​​ដើម្បី​​​​​ស្វាគមន៍​លោក  សម  រង្ស៊ី ដែល​​​​​​​​​ធ្វើ​​​មាតុភូមិ​​​និវត្តន៍​​​​​​ បន្ទាប់​ពី​បាន​និរ​ទេស​ខ្លួន​ទៅ​រស់​នៅ​ក្រៅ​ប្រទេស​អស់​រយៈពេល​ជិត​បួន​ឆ្នាំ​​​​ ដើម្បី​គេចវេះ​ពី​ទោស​​​ជាប់​​​ពន្ធនា​​​គារ​​​ក្រោម​​​បទ​​​ចោទប្រកាន់​​​​​​ដែល​មជ្ឈដ្ឋាន​ទូ​ទៅ​ចាត់​ទុក​ថា ជា​រឿង​​នយោបាយ និង​បន្ទាប់​ពី​មាន​ការ​ព្រះ​រាជទាន​លើក​លែង​ទោស​​​តាម​​​​​​​​​សំណើ​​​របស់​​​​​​​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​​​ ។

លោក យឹម សុវណ្ណ​ បាន​​​​​​មាន​​​ប្រសាសន៍​​​​ថា​​​ “ គាត់​​​  [លោក កឹម សុខា]​  នឹង​ត្រឡប់​មក​វិញ​តាម​​​ជើងយន្ត​​​​ហោះ​តែមួយ​ជាមួយ​លោក​ ​​​សម រង្ស៊ី”។ លោក​បានបញ្ជាក់​​​​ថា​ ការ​សម្រេច​ចិត្ត​របស់​​​​គណបក្ស​ក្នុង​​​ការ​​​​រៀប​ចំ​ឲ្យ​ប្រធាន​ និង​អនុ​ប្រធាន​​​​គណបក្ស​​​​វិល​​​មក​​​វិញ​​​ជាមួយ​គ្នា​នេះ​ គឺ​ជា​រឿង​ធម្មតា​ទេ​ មិន​​មែន​​​ជា​​​ចេតនា​​​​រំងាប់​មន្ទិល​​​​​​​​​​​​​សង្ស័យ​​​ដែល​​​​ ​ថា ​អតីត​គូបដិបក្ខ​​​ទាំង​ពីរ​​​រូប​​​នេះ​​​ប្រហែល​​​ជា​​​​​​​ពុំ​​​មាន​​​ការ​​​ប្តេជ្ញា​ចិត្ត​​​​ក្នុង​​​ការ​​​រឹ​ត​ចំណង​​​​នយោបាយ​​​​ជាមួយ​គ្នា​​ឡើយ​​​​។ លោក​​​ យឹម សុវណ្ណ បាន​មាន​​​ប្រសាសន៍​​​ថា “ យើង​បាន​បង្ហាញ​ឲ្យ​គេ​​​ឃើញ​​រួច​ហើយ​​​។​​​​ ខ្ញុំ​គិត​ថា យើង​មិន​ចាំ​បាច់​បង្ហាញ​ទៀត​​​ទេ”។

លោក យឹម បញ្ញរិទ្ធ​ អ្នក​នាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ​ បាន​ឲ្យ​​​ដឹង​​​​ថា មេដឹក​នាំ​គណ​​​បក្ស​​​​ទាំងពីរ​​​​ក៏​​​ចង់​​​​​​ពិភាក្សា​​​​គ្នា​​​​​ឲ្យ​​​ឆ្ងាយ​​​ពី​​​កន្លែង​​​ដែល​​​​​​អាច​​​មាន​​​ឧបករណ៍​​​ថត​​​សំឡេង​​​​​​​​​ផង​​​ដែរ​​​។ លោក​មាន​​​ប្រសាសន៍​​​​ថា “ នៅ​ទីនោះ​​​​​​មាន​​​​​​​​​​សុវត្ថិភាព​​​​​ណាស់។​​ នៅ​​​ទីនេះ​​​​​​ប្រាកដ​​​ជា​​​មាន​​​​អ្នក​​​​​​​ព្យាយាម​ថត​​​​​កិច្ច​សន្ទនា​រវាង​​​​​​អ្នក​​​ទាំង​​​ពីរ​​​”។​

នៅ​ពេល​​មក​ដល់​​​ប្រទេស​កម្ពុជា​​​​ភ្លាម​​​ ​​​លោក សម រង្ស៊ី នឹង​ចំណាយ​ពេល​ត្រឹម​តែ​មួយ​ថ្ងៃ​​​ប៉ុណ្ណោះ​​​ក្នុង​រាជ​ធានី​ភ្នំពេញ​មុន​ពេល​ធ្វើ​ដ​ំណើរ​​​ទៅ​កាន់​បណ្តា​ខេត្ត​នានា​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ​​​ដោយ​​​លោក​​​ត្រូវ​​​ចុះ​​​ទៅ​​​​ខេត្ត​ចំនួន​១៥​ក្នុង​រយៈ​ពេល​ត្រឹម​តែ​ប្រាំពីរ​ថ្ងៃ។

បណ្តា​​​ខេត្ត​​​​ដែល​​​លោក​​​នឹង​​ចុះ​​​​ទៅ ​​គឺ​​​​មាន​តាម​​​លំដាប់​​​ដូច​​​តទៅ​​​៖ ខេត្ត​កំពង់​ស្ពឺ តាកែវ កែប​​​  កំ​ពត ព្រះ​សីហនុ កំពង់​ឆ្នាំង​ ពោធិ៍សាត់ បាត់​ដំបង បន្ទាយ​មាន​ជ័យ​ សៀមរាប កំពង់​ធំ ស្វាយ​រៀង  ព្រៃវែង ​ កំពង់​ចាម  និង​ខេត្ត​កណ្តាល។

លោក សម រង្ស៊ី  នឹងវិល​​​​មក​កាន់​រាជ​ធានី​ភ្នំពេញ​​​វិញ​​​នៅ​ថ្ងៃទី​២៦ ខែកក្កដា គឺ​រយៈ​​​ពេល​​​ពី​រថ្ងៃ​មុន​ការ​បោះឆ្នោត។ តាម​​​ច្បាប់​ គណបក្ស​ទាំង​អស់​ត្រូវ​​បញ្ឈប់​យុទ្ធនាការ​ឃោសនា​របស់​ខ្លួន​រយៈពេល​​​មួយ​ថ្ងៃមុន​ការ​បោះ​ឆ្នោត​។

លោក យឹម សុវណ្ណ បាន​ឲ្យ​​​​​​ដឹង​​​​ថា កម្មវិធី​ធ្វើ​ដំណើរ​​​នេះ​​ឆ្លុះ​បញ្ចាំង​ពី​យុទ្ធសាស្ត្រ​របស់​​​គណបក្ស​ប្រឆាំង​​​​ក្នុង​​​ការ​​​​ផ្តោត​ធនធាន​ស្តួច​​​ស្តើង​​​​របស់​ខ្លួន​​​​លើ​​​ខេត្ត​ ដែល​​មាន​អាសនៈ​​​​​សភា​​​​យា៉ងតិច​​​ចំនួន​បី​។ សមាជិក​សភា​​​​​​មកពី​​​គណបក្ស​​​​ទាំងពីរ​​​ដែល​​​បាន​​​​​​រួម​​​​បញ្ចូល​គ្នា​​​​តែ​​​មួយ​​​នេះ​​​​​​​ សុទ្ធ​តែ​មាន​​អាសនៈ​សភា​​​នៅ​ក្នុង​ខេត្ត​​​​​​​ដូច​​​បាន​​​រៀបរាប់​​​ខាង​​​លើ​​​​​​លើក​​​លែង​​​​​​តែ​ខេត្ត​​​​ចំនួន​​​បី​​​ គឺ​​​ខេត្ត​​​ព្រះ​សីហនុ ពោធិ៍សាត់ និង​​​​ខេត្ត​ស្វាយ​រៀង​​​ប៉ុណ្ណោះ​​។ កម្មវិធី​​​​​​ចុះ​​​តាម​​​បណ្តា​​​ខេត្ត​​​នេះ​​​មិន​​​រាប់​​​បញ្ចូល​​​​តំបន់​ភាគ​ឦសាន​​​ ​ដែល​គណបក្ស​​​​​​​នេះ​​​ពុំ​​​មាន​​​អាសនៈ​​​​សោះ​​​ទេ​​​។

លោក នុត រំដួល បេក្ខជន​​​​តំណាង​រាស្ត្រ​​​​គណបក្ស​សង្គ្រោះ​ជាតិ​​​មណ្ឌល​​​​​​​កំពង់​ស្ពឺ​​​ ​​​បាន​​​​ឲ្យ​​​ដឹង​​​​ថា​​​ នៅ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ​​​ ដែលជា​​​ទី​​​សំចត​​​​​​ទី​​​១​​​របស់​​​​លោក សម រង្ស៊ី​នេះ​​​ ​ លោក​រំពឹង​ថា នឹងមាន​អ្នក​គាំទ្រ​ប្រមាណ​១០.០០០​​​នាក់​​​​រង់​​​ចាំ​​​ស្វាគមន៍​លោក សម រង្ស៊ី​ ​​​នៅ​​​ទី​រួម​ខេត្ត​​​នេះ​​​​។ លោក​បានថ្លែង​​​បន្ត​​​​​ថា “ ​​​ប្រជា​ពល​​​រដ្ឋ​នៅ​ក្នុង​​​ខេត្តកំពង់​ស្ពឺ​​​ កំពុង​តែ​រង់​ចាំ​​​គាត់​​​។​​​​ ពួក​​​គេ​រំភើប​ចិត្ត​ខ្លាំង​ណាស់​។​​​ខ្ញុំ​សង្ឃឹម​​​​ថា ប្រជា​​​ពលរដ្ឋ​នឹង​បោះ​ឆ្នោត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​​​​ព្រោះ​​​​​​​​​គាត់​​​​​​ស្ថិត​​​​នៅ​ទីនេះ​ហើយ”៕

ប្រែសម្រួលដោយ ស៊ា ស៊ុយឈាង​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស